តើ​ការថតរូប​អ្នកដទៃ​មក​ផ្សព្វផ្សាយ​ អាចធ្វើ​បាន​ដោយ​របៀប​ណា?

Content image - Phnom Penh Post
លោក មេធាវី លី កុសល ពេល​កំពុង​បំពេញ​ការងារ​កន្លងមក​។ រូបថត សហការី

កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ភ្នំពេញ ប៉ុស្ដិ៍ បាន​ផ្សព្វផ្សាយ​មួយ​វគ្គ​រួច​ហើយពី​ការប្រឈមមុខ​នឹង​ផ្លូវច្បាប់ ចំពោះ​​ករណី​លួច​ថតរូប​អ្នកដទៃ​យក​មក​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការអនុញ្ញាត តាមរយៈ​ការពន្យល់​ពី​លោក មេធាវី លី កុសល ដែល​មាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ​លេខ​ ៩ ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ​។ ​ដោយឡែក​សម្រាប់​វគ្គ​នេះ លោក​បាន​ពន្យល់​អំពី​ថា តើ​ការថតរូប​អ្នកដទៃ​បាន​ ឬ​មិនបាន​ត្រូវ​ផ្អែកលើ​កត្តា​អ្វីខ្លះ តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

តើ​ក្នុង​លក្ខខណ្ឌ​បែបណា​ដែល​តម្រូវ​​ឱ្យ​ថតរូប​អ្នកដទៃ​បាន និង​លក្ខខណ្ឌ​​បែប​ណា​ដែល​មិនត្រូវ​ថត​?

ការថតរូប ឬ​ចុះផ្សាយ​រូបថត​ក្រុម​មនុស្ស មិនចាំបាច់​មាន​ការព្រមព្រៀង​ពី​ម្ចាស់​រូបនោះ​ទេ ប្រសិន​បើ​ក្នុង​រូបថត​នោះ គេ​មិនអាច​មើល​ដឹងថា ជា​រូប​របស់​អ្នកណា​ច្បាស់លាស់​។

តាមការពិត ទោះបី​ថតរូប​មនុស្ស​ច្រើន​គ្នា​ជា​ក្រុម​ក៏ដោយ ឬ​ថត​មនុស្ស​ម្នាក់ឯង​ក៏ដោយ ឱ្យ​តែ​មនុស្ស​ក្នុង​រូបថត គេ​មិន​អាច​មើល​ស្គាល់​ទេ គឺ​មិនមាន​ការប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​ទេ​។ ដូច្នេះ គេ​មិនចាំបាច់​សុំ​ការព្រមព្រៀង​ពី​ម្ចាស់​រូប​ទេ​ ក្រៅពី​លក្ខខណ្ឌ​ទាំងនេះ​គ្រប់​ការថតរូប​អ្នកដទៃ​ត្រូវតែ​មាន​ការអនុញ្ញាត​ ឬ​ការព្រមព្រៀង​ជាមុនសិន​។

ករណី​ស្រដៀង​គ្នា​នេះដែរ​ឧទាហរណ៍​ថា នគរបាល​ចាប់​ជនណាម្នាក់​ បន្ទាប់ពី​សួរចម្លើយ ជន​នោះបាន​សារភាព​ពី​ការប្រព្រឹត្ត​របស់​ខ្លួន​។ ​បន្ទាប់មក​នគរបាល​តម្រូវ​ឱ្យ​បង្ហាញមុខ ហើយ​គេ​ថតរូប​ជន​ម្នាក់​នោះ​មិន​បាន​បិទបាំង​មុខ​ (​ការ៉ូព្រាល​លើ​ផ្ទៃមុខ​) ​ទេ តែ​វត្ថុតាង​ត្រូវគេ​ថត​ព្រាលៗ​មិន​ឱ្យ​ឃើញ​​ច្បាស់​វិញ​។ ​តើ​ការថត​មិន​ឱ្យគេ​មើល​ស្គាល់​វត្ថុតាង​បែបនេះ​ជា​ការខុសឆ្គង​​ ឬ​យ៉ាងម៉េច​ដែរ​?

ជា​គោលការណ៍ គ្មាន​ជនណាម្នាក់​ត្រូវ​បាន​សន្មត​ជាមុន​ថា មាន​ទោស​​នោះទេ បើទោះបី​ជា​ជន​នោះ​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​នគរបាល​ក៏ដោយ ដរាប​ណា​មិនទាន់​មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ពី​តុលាការ ដូច្នេះ​បើ​ពួកគាត់​មិនទាន់​មាន​ទោស ពុំគួរ​គប្បី​បង្ហាញមុខ​គាត់ ដោយ​ចំហ ដោយ​មិន​មាន​ការបិទបាំង​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ក្រៅ​បេតិកភណ្ឌ​របស់​ពួកគាត់​។

ពាក់ព័ន្ធ​នឹង​ការបិទបាំង​មុខ ឬ​មិនបាន​បិទបាំង​មុខ​ចំពោះ​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ ច្បាប់​មិនបាន​កំណត់ឱ្យ​ជាក់លាក់​នោះទេ តែ​វា​ជា​បញ្ហា​ក្រមសីលធម៌​វិជ្ជាជីវៈ ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ ដែល​គប្បី​គួរតែ​គោរព ប៉ុន្តែ​ប្រសិន​បើជា​ជនសង្ស័យ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​ជា​អនីតិជន យោងតាម​មាត្រា​ ២៣ ​នៃ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​បាន​ការពារ​ពួកគាត់ ដោយ​មិនឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ដាក់​បង្ហាញ​មុខជា​ជួរ​ឡើយ ក្នុង​ករណី​ដែល​គ្មាន​ការយល់ព្រម ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​មេធាវី​អ្នក​តំណាង​ដែល​ច្បាប់​បានកំណត់​។

ដោយឡែក ចំពោះ​វត្ថុតាង​ត្រូវគេ​ថត​ព្រាលៗ​មិន​ឱ្យ​ឃើញច្បាស់​គឺ​មិនមាន​កំហុស​នោះទេ ព្រោះ​ការបង្ហាញ​វត្ថុតាង​ច្បាស់​អាច​ប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការស៊ើបអង្កេត​ដូចដែល​មានចែង​ក្នុង​មាត្រា​ ៨៣ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​៕

ព័ត៌មានថ្មីៗ