បើ​មាន​ឃាតកម្ម​ក្នុង​បរិវេណ​ផ្ទះ​ តើ​ម្ចាស់​ជាប់​ពាក់ព័ន្ធ​បែបណា?

Content image - Phnom Penh Post
លោកមេធាវី ផុន ធារិន កាលពីពេល​កន្លងមក​។ រូបថត សហការី

ធម្មតា​គ្រប់​បទល្មើស​តែងតែ​មាន​អង្គហេតុ​ និង​អ្នកពាក់ព័ន្ធ​ ឬ​អ្នកប្រព្រឹត្ត​ផ្ទាល់​។ ​ចុះ​ក្នុងករណី​ដែលមាន​ឃាតកម្ម​ណាមួយ​នៅក្នុង​បរិវេណ​លំនៅឋាន​អ្នកណា​ម្នាក់ តើ​ម្ចាស់ផ្ទះ​នោះ​ជាប់​ពាក់ព័ន្ធ​បែបណា​? ​ជុំវិញ​ចម្ងល់​នេះ ​ភ្នំពេញ ​ប៉ុស្ដិ៍​ បាន​សុំ​ពន្យល់​ពី​លោក​មេធាវី ផុន ធារិន ដែល​បម្រើការ​នៅ​ការិយាល័យ​មេធាវី ផុន ធារិន នៅ​បុរី​ដឹមេគង្គរ៉ូយ៉ាល់ ផ្ទះ​លេខ​ ៧១ ផ្លូវ M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​បាន​ទូរស័ព្ទ​ហៅ​លោក​ (​ខ​) ​ឱ្យ​ទៅ​លេង​ផ្ទះ​ឝាត់​។ ​ពេលនោះ​លោក​ (​ខ​) ​ត្រូវគេ​កាប់​ស្លាប់​ក្នុង​បរិវេណ​ផ្ទះ​លោក​ (​ក​)​។ ​ករណី​នេះ​តើ​លោក​ (​ក​) ​ពាក់ព័ន្ធ​ទេ ព្រោះ​គាត់​ជា​អ្នក​ហៅ​លោក​ (​ខ​) ​ទៅផ្ទះ​គាត់​?

ការសន្មត​ជាបឋម​លោក​ (​ក​) ​ត្រូវបាន​ចាត់ទុក​ជា​សាក្សី​យ៉ាងសំខាន់​នៅក្នុង​អង្គហេតុនេះ​ដោយហេតុថា លោក​ (​ក​) ​ជា​មនុស្ស​ដែលមាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ជនរងគ្រោះ​ទាំង​មុន​អំឡុងពេល និង​ក្រោយពេល​កើតហេតុ​។ ​សមត្ថកិច្ច​នឹង​ស្នើសុំ​ឱ្យ​លោក​ (​ក​) ​ចូលរួម​សហការ​ ដើម្បី​ផ្ដល់ព័ត៌មាន​ព្រមទាំង​កំណត់​អត្តសញ្ញាណ​ជនដៃដល់​។ ​ផ្ទុយទៅវិញ​ក្នុង​ករណី​សមត្ថកិច្ច​ឃើញ​តម្រុយ​សង្ស័យថា លោក​ (​ក​) ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក​ (​ខ​) ​នោះ​លោក​ (​ក​) ​ត្រូវ​ស្ថិតនៅ​ជា​ជនសង្ស័យ​​ ដូច្នេះ​មន្ត្រី​នគរបាល​យុត្តិធម៌​ស្នើសុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​លោក​ (​ក​) និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ច្បាប់​។

ក្រោយពេល​សម្លាប់​លោក​ (​ខ​) ​ជនដៃដល់​បានគេច​ខ្លួន តែ​បន្សល់ទុក​វត្ថុតាង​នៅផ្ទះ​លោក​ (​ក​)​។ ​បើ​នគរបាល​រកឃើញ​វត្ថុតាង​ក្នុងផ្ទះ​បែបនេះ តើ​លោក ​(​ក​) ​ជា​អ្នកទទួលខុសត្រូវ​ក្នុង​បទល្មើស​នេះ​ឬ​យ៉ាងណា​?

ជាធម្មតា​មន្ត្រី​នគរបាល​យុត្តិធម៌​មាន​ជំនាញ​ក្នុង​ការពិនិត្យ​វត្ថុតាង​ក៏ដូចជា​ការធ្វើ​កោសល្យវិច័យ​នៅ​ទីតាំង​កើតហេតុ​។ ក្នុងន័យនេះ មន្ត្រីនគរបាល​យុត្តិធម៌​នឹង​អាច​កំណត់​បាន​ជា​បឋម​ចំពោះ​វត្ថុតាង​ដែល​បន្សល់ទុក​នៅ​ទីតាំង​កើតហេតុ​នឹង​អាចឈាន​ធ្វើការ​កំណត់​ជា​មូលដ្ឋាន​អំពី​អត្តសញ្ញាណ​ជនដៃដល់ ថា​តើ​ជា​លោក​ (​ក​) ​ឬ​ក៏​បុគ្គល​ផ្សេងទៀត​។

បើ​ករណីនេះ​សាច់ញាតិ​លោក​ (​ខ​) ​ប្តឹង​លោក​ (​ក​) ​បាន​ឬ​យ៉ាងណា​?

ក្នុងករណី​មាន​តម្រុយ​មួយចំនួន​ពាក់ព័ន្ធ​ជាមួយនឹង​លោក​ (​ក​) ​ដែល​អាចជា​មូលដ្ឋាន​នាំឱ្យ​សាច់ញាតិ​របស់​លោក​ (​ខ​) ​ប្ដឹង​លោក​ (​ក​) ​អំពី​បទ​ឃាតកម្ម ឬ​បទ​មនុស្សឃាត​ដោយ​អចេតនា ជាដើម​។ ភាគី​តំណាង​ជនរងគ្រោះ​មាន​សិទ្ធិ​ក្នុង​ការដាក់ពាក្យ​បណ្ដឹង​ប្តឹង​លើ​លោក​ (​ក​) ទៅ​សមត្ថកិច្ច ឬ​តុលាការ ហើយ​បណ្ដឹង​របស់​តំណាង​ជនរងគ្រោះ​នេះ​នាំ​ឱ្យ​កើតមាន​បណ្ដឹង​ ២ ​ផ្សេងគ្នា គឺ​បណ្ដឹង​ទាមទារ​សំណង​រដ្ឋប្បវេណី និង​បណ្ដឹងអាជ្ញា​។ ក្នុងករណី​សមត្ថកិច្ច​ក៏ដូចជា​តុលាការ​បាន​រកឃើញថា លោក​ (​ក​) ​គឺជា​ជនដៃដល់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ឬ​មនុស្សឃាត​ដោយ​អចេតនា​ណាមួយ​នោះ លោក​ក៏ត្រូវ​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ ដោយ​មាន​ព្រះរាជអាជ្ញា​ជាដើម​បណ្ដឹងអាជ្ញា និង​សំណង​ដល់​ជនរងគ្រោះ​ដោយមាន​អ្នកតំណាង​ជនរងគ្រោះ​គឺជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​)

ព័ត៌មានថ្មីៗ