ជារឿយៗ​យើង​តែង​ឃើញ​ករណី​លែងលះ​ប្ដី​ប្រពន្ធ​ខ្លះ​បានធ្វើ​ឡើង​ដោយ​គ្រាន់តែ​ដាក់ពាក្យ​បណ្ដឹង​ ឬ​លិខិត​ទៅ​អាជ្ញាធរ​ដែនដី​ ដើម្បី​សុំ​ការដឹងឮ​រួច​ក៏​​បែកផ្លូវ​គ្នា​ទាំង​មិន​បានដឹង​ពី​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែនដី​លើ​រឿង​ពួកគេ​ផង​ទេ​។ ចង់ដឹងថា តើ​អាជ្ញាធរ​ដែនដី​មាន​សិទ្ធិ​សម្រេច​លើ​រឿងនេះ​ដែរឬទេ​? ជុំវិញ​ចម្ងល់​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី ផុន ធារិន បម្រើការ​នៅ​ការិយាល័យ​មេធាវី ផុន ធារិន ដែលមាន​ការិយាល័យ​នៅ​បុរី​ឌឺមេគង្គ​រ៉ូយ៉ាល់ ផ្ទះ​លេខ​ ៧១ ​ផ្លូវ​ M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​មាន​ខ្លឹមសារ​ដូចតទៅ​៖

លោក​ (​ក​) ​មានបំណង​លែងលះ​ប្រពន្ធ​ហើយ​គាត់​ប្តឹង​ត្រឹម​អាជ្ញាធរ​ឃុំ​-​សង្កាត់​-​ស្រុក​-​ខណ្ឌ​។ តើ​អាជ្ញាធរ​ដូច​បាន​រៀបរាប់​មកនេះ​មានអំណាច​ក្នុងការ​សម្រេចសេចក្តី​លើ​បណ្តឹង​នេះ​បានទេ​? ​បើ​មិនបាន​មូលហេតុ​អ្វី​?


ប្រសិនបើ​លោក ​(​ក​) មានបំណង​លែងលះ​ជាមួយ​ប្រពន្ធ​របស់គាត់ ហើយ​គាត់​បាន​ប្ដឹង​ត្រឹម​អាជ្ញាធរ​ឃុំ​-​សង្កាត់​-​ខណ្ឌ នោះ អាជ្ញាធរ​ទាំងនេះ​មិនមាន​សមត្ថកិច្ច​លើ​ការសម្រេច​តាម​ពាក្យបណ្ដឹង​របស់លោក​ (​ក​) ​បាន​នោះទេ​។


ករណីនេះ​អាជ្ញាធរ​ឃុំ​សង្កាត់​អាច​ធ្វើការ​បញ្ចុះបញ្ចូល​ឱ្យ​សះជា​គ្នា​អំឡុងពេល ​១៥ ​ថ្ងៃ បន្ទាប់ពី​បានទទួល​ពាក្យសុំ​នោះ​។ បើ​មិនអាច​បញ្ចុះបញ្ចូល​ឱ្យ​សះជា​បានទេ ត្រូវ​ចាត់ទុកថា មាន​ពាក្យបណ្ដឹង​លែងលះគ្នា ហើយ​ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវបញ្ជូន​ពាក្យបណ្ដឹង​នោះ​ទៅ​តុលាការ​ជាបន្ទាន់ ​(​យោងតាម​មាត្រា​ ៩៨២ នៃ​ក្រមរដ្ឋប្បវេណី​)​។


ហេតុអ្វី​បានជា​តុលាការ​មាន​សិទ្ធិ​អំណាច​សម្រេច​លើ​បណ្តឹង​នេះ​បាន​?


ផ្អែក​តាម​មាត្រា​ ១០ កថាខណ្ឌ​ទី​ ១ នៃ​ក្រមនីតិវិធី​រដ្ឋប្បវេណី បណ្តឹង​លែងលះ​គ្នា ត្រូវ​ស្ថិតនៅក្រោម​សមត្ថកិច្ច​ផ្តាច់​របស់​សាលាដំបូង​ដែលមាន​សមត្ថកិច្ច​នៅ​លំនៅឋាន​របស់​ភាគី​នៃ​ទំនាក់ទំនង​ឋានៈ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​បណ្តឹង​លែងលះ​នោះ​។


ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​បុរស​ជា​ប្តី​ត្រូវ​ចេញ​អាហារកិច្ច​ ដើម្បី​ចិញ្ចឹម​កូន​។ ​តើ​ត្រូវ​កំណត់​ចាប់ពី​អាយុ​ប៉ុន្មាន​ដល់​អាយុ​ប៉ុន្មាន ទើប​បុរស​ជា​ឪពុក​ឈប់​ផ្តល់​អាហារកិច្ច​ចិញ្ចឹម​កូន​?

ហើយ​ហេតុអ្វី​បានជា​ច្បាប់​តម្រូវឱ្យ​ឈប់​ផ្តល់​អាហារកិច្ច​ត្រឹម​អាយុ​ដែល​ច្បាប់​កំណត់​?

ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​បុរស​ជា​ប្តី​ត្រូវ​ចេញ​អាហារ​កាតព្វកិច្ច​ចិញ្ចឹម​កូន​នោះ ការអនុវត្ត​កាតព្វកិច្ច​ត្រូវ​បង់​អាហារ​កាតព្វកិច្ច កំណត់​ចាប់ពី​ពេលដែល​តុលាការ​បានចេញ​សាលក្រម​សម្រេច​លែងលះ​ស្ថាពរ​រហូតដល់​កូន​នោះ​មាន​នីតិភាព (​អាយុ​ ១៨​ ឆ្នាំ​)​ ទើប​ឪពុក​មាន​សិទ្ធិ​បញ្ឈប់​កាតព្វកិច្ច​របស់ខ្លួន​ក្នុងការ​ផ្តល់​អាហារកិច្ច​ចិញ្ចឹម​កូន​។

ច្បាប់​តម្រូវឱ្យ​ឈប់​ផ្ដល់​អាហារ​កាតព្វកិច្ច​នៅពេលដែល​បុគ្គល​នោះ​មាន​នីតិភាព​(​អាយុ​ ១៨ ​ឆ្នាំ​) ​ដោយហេតុថា បុគ្គល​មាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង មាន​សិទ្ធិ​ពេញលេញ​តាមផ្លូវ​ច្បាប់ និង​មានការ​យល់ដឹង​អាច​ទទួល​ខុសត្រូវ​លើ​សកម្មភាព​របស់ខ្លួន​ឯង​បាន​។

ចុះបើ​តុលាការ​បង្គាប់​ឱ្យ​បុរស​ជា​ប្តី​ចេញ​របប​អាហារកិច្ច​ចិញ្ចឹម​កូន​តែ​បុរស​នោះ​មិនបាន​អនុវត្តតាម តើ​ភាគី​ស្ត្រី​អាច​ប្តឹង​បុរស​នោះ​ទៅ​តុលាការ​ស្តីពី​ការមិន​ផ្តល់​អាហារកិច្ច​បានដែរ​ឬទេ​?

បើ​តុលាការ​ចេញ​សាលក្រម​សម្រេច​ឱ្យ​បុរស​ជា​ប្តី​បង់​អាហារ​កាតព្វកិច្ច​ចិញ្ចឹម​កូន​តែ​បុរស​ជា​ប្តី​មិនបាន​អនុវត្តតាម​ការសម្រេច​របស់​តុលាការ ស្ត្រី​ជា​ម្ដាយ​ ឬ​អាណាព្យាបាល​អាច​ប្តឹង​បុរស​នោះ​ទៅ​តុលាការ​បាន ដោយ​ផ្អែក​តាម​មាត្រា ៣២៤ នៃ​ក្រមព្រហ្មទណ្ឌ ការមិន​គោរព​តាម​សេចក្ដី​សម្រេច​ស្ថាពរ​របស់​តុលាការ ដោយ​មិន​ព្រម​បង់​ក្នុង​រយៈពេល​ ២ ​ខែ យ៉ាងតិច​នូវ​អាហារ​កាតព្វកិច្ច​ដល់​សហព័ទ្ធ ឬ​អតីត​សហព័ទ្ធ​របស់ខ្លួន​ដល់​កូន​ជា​អនីតិជន​ដល់​បច្ចាញាតិ ឬ​បុព្វញាតិ ឬ​ដល់​ញាតិ​ផ្សេងទៀត​របស់ខ្លួន​នោះ​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ (​មួយ​) ​ខែ​ទៅ​ ១ (​មួយ​) ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០ (​មួយ​សែន​)​ រៀល ទៅ​ ២ ០០០ ០០០ (​ពីរលាន​) ​រៀល​៕