ជាទូទៅ​មុននឹង​បាន​គ្នា​ជា​ស្វាមីភរិយា​ស្របច្បាប់ ដៃគូ​ស្នេហ៍ ហាក់​មិនបាន​ដើរ​លើផ្លូវ [​នីតិវិធី​] ​ដូចៗ​គ្នា​នោះទេ​ ពោលគឺ​វា​ជា​អាស្រ័យ​លើ​ជម្រើស​ឬ លទ្ធភាព​ដែល​អាច​ធ្វើទៅ​​បាន​។​ ចង់ដឹងថា តើ​មាន​នីតិវិធី​អ្វីខ្លះ ទើប​អាច​ក្លាយខ្លួនជា​គូ​ស្វាមី​ស្របច្បាប់​ទៅបាន​?​ ជុំវិញ​ចម្ងល់​នេះ ភ្នំពេញ​ ប៉ុស្ដិ៍ ​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​មាន​ការិយាល័យ​នៅ​អគារ​លេខ​ ៣៦ ជាន់​ទី​១០ បន្ទប់​លេខ P១០-P១១ ផ្លូវ​លេខ ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ ​៧ ​មករា រាជធានី​ភ្នំពេញ​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ឧបមា​ថា លោក ​(​ក​) ​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍ តើ​គាត់​ត្រូវ​ទៅសុំ​ច្បាប់​នៅ​អាជ្ញាធរ​ដែនដី​ឬ​សមត្ថកិច្ច​ណា​?​ហេតុអ្វី​បានជា​ត្រូវតែ​សុំច្បាប់​?


​ជាទូទៅ​តាម​ការអនុវត្ត​ឃើញ​​ថា ប្រជាពលរដ្ឋ​តែងតែ​ធ្វើ​ពិធី​រៀបការ​តាម​ប្រពៃណី និង​ចុះ​​សំបុត្រអាពាហ៍ពិពាហ៍ ឬ​ខ្លះទៀត​ធ្វើ​តែ​ពិធី​តាម​ប្រពៃណី​ប៉ុណ្ណោះ​ឬ​ខ្លះទៀត​ចុះ​តែ​សំបុត្រអាពាហ៍ពិពាហ៍​តាមច្បាប់ តែ​ពុំ​ធ្វើ​ពិធី​តាម​ប្រពៃណី​។ ​ចំពោះ​ការធ្វើ​ពិធី​តាម​ប្រពៃណី ប្រជា​​ពលរដ្ឋតែងតែ​ទៅសុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ជាមុន ដើម្បី​ទទួល​ការអនុញ្ញាត​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​។ ​មុននឹង​បកស្រាយ​សំណួរ​ខាងលើ​ខ្ញុំ​សូម​ពន្យល់​អំពី​ភាពខុសគ្នា​រវាង​លិខិត​សុំច្បាប់​រៀប​អា​​ពា​ហ៍​ពិពាហ៍ និង​លិខិត​ចុះបញ្ជី​អាពាហ៍ពិពាហ៍ ឬយើង​តែងតែ​ហៅ ការចុះ​អេ​តា​ស៊ីវិល (État civil)​។


លិខិត​សុំច្បាប់​អាពាហ៍ពិពាហ៍ គឺជា​ប្រភេទ​លិខិត​ដែល​យើង​ស្នើសុំ​អាជ្ញា​ធរ ​ដើម្បី​ទទួលបាន​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​។ រីឯ​លិខិត​ចុះ​​បញ្ជី​អាពាហ៍ពិពាហ៍ ឬ​អេ​តា​​ស៊ីវិល​គឺ​លិខិត​ដែល​គូភាគី​​ស្នើសុំ​អាជ្ញាធរ​ឃុំ ឬ​សង្កាត់​ដើម្បី​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ និង​ត្រូវបំពេញ​លក្ខខណ្ឌ​ដែល​តម្រូវ​ដើម្បី​ក្លាយជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់​។​ហេតុដូច្នេះ​ចំពោះ​ការស្នើសុំ​ច្បាប់​រៀប​អា​ពា​ហ៍​ពិ​ពា​ហ៍​ពី​អាជ្ញាធរ​នោះ អាជ្ញាធរ​នឹងធ្វើ​ការជូនដំណឹង​ជា​សា​ធា​រណៈ​អំពី​ការរៀប​អា​ពា​ហ៍​​ពិពាហ៍​នេះ​ ដើម្បី​ទុក​រយៈពេល​ឱ្យមាន​ការតវ៉ា​។​ប្រសិនបើ​ផុត​រយៈពេល​តវ៉ា នោះ​មានន័យថា​អ្នក​នោះបាន​បោះបង់​សិទ្ធិ​របស់ខ្លួន​ក្នុង​ការតវ៉ា​។ ​ដូច្នេះ​ប្រសិន​​បើ​អ្នកនោះ​ទៅ​អុក​ទ្បុ​ក​ពិធី រៀប​អាពាហ៍ពិពាហ៍ គេ​អាច​នឹង​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។​


​ស្របពេល​សុំច្បាប់​រៀប​​អាពាហ៍ពិពាហ៍​នោះ តើ​លោក​ (​ក​) ​អាច​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ដំណាលគ្នា​តែម្តង​បានដែរ​ទេ​?


​ការរៀប​អាពាហ៍ពិពាហ៍​ត្រូវធ្វើ​ទ្បើង​តាម​លក្ខខណ្ឌ និង​នីតិវិធី​តាម​លំដាប់លំដោយ​ដែល​ច្បាប់​បានកំណត់​។ ត្រង់ចំណុច​នេះ យើង​ឃើញ​មាន​​និយាយ​នៅក្នុង​មាត្រា ៩៥៥ នៃ​ក្រមរដ្ឋប្បវេណី ដែល​ចែងថា​៖ អាពាហ៍ពិពាហ៍​នឹងមាន​អានុភាព ដោយ​ការដាក់​ពាក្យ​​សុំ​រៀប​អាពាហ៍ពិពាហ៍ ការជូន​​ដំណឹង​ជា​សាធារណៈ ការចុះ​​កិច្ចសន្យា​អាពាហ៍ពិពាហ៍ និង​ការចុះបញ្ជី​នៅ​ចំពោះមុខ​មន្ត្រី​អត្រានុកូលដ្ឋាន​។ ការដាក់​​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍ ការជូនដំណឹង​ជា​សាធារណៈ ការចុះកិច្ចសន្យា​អា​ពា​ហ៍​ពិ​ពា​ហ៍ និង​ការចុះបញ្ជី​អា​ពា​ហ៍​​ពិពាហ៍ ដែល​បានកំណត់​នៅក្នុង​កថាខណ្ឌ​ទី​១​ខាងលើ ត្រូវ​​ធ្វើ​ដោយ​ផ្អែក​តាម​នីតិវិធី​ដែល​បានកំណត់​នៅក្នុង​បទ​ប្បញ្ញត្តិ​ស្តីពី​ការចុះបញ្ជី​អត្រា​នុ​កូ​ល​​ដ្ឋា​ន​។ បើ​ផ្អែក​ទៅតាម​មាត្រា​​ខាងលើ គេ​ចែក​នីតិវិធី​ជា​ ៤ ដំណាក់កាល និង​ត្រូវ​ធ្វើតាម​លំដាប់​របស់​ច្បាប់​ពុំ​អាចធ្វើ​ដំណាលគ្នា​បានទេ ដោយហេតុថា ប្រសិនបើ​ការសុំច្បាប់​រៀប​អាពាហ៍ពិពាហ៍​ និង​ការចុះ​សំបុត្រអាពាហ៍ពិពាហ៍​ធ្វើឡើង​ដំណាលគ្នា​តែម្តង ​គឺ​ពុំបាន​បំពេញ​នី​ធី​វិធី​ជូនដំណឹង​ជា​សាធារណៈ និង​ការចុះកិច្ចសន្យា អាពាហ៍ពិពាហ៍ ដែល​អាច​នាំឱ្យ​អាពាហ៍ពិពាហ៍​នោះ​ពុំមាន​អានុភាព។​


​ប្រសិនបើ​លោក ​(​ក​) ​រៀប​​ការ​រួចហើយ គាត់​ចង់ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ តើ​គាត់​អាច​ចុះ​នៅត្រឹម​អាជ្ញាធរ​ឃុំ​-​ស្រុក ​ឬ​ក្រុង​-​ខណ្ឌ​បានទេ​?

​ក្នុងន័យនេះ​ ចង់​សំដៅ​ដល់​ស្ថានភាព​ដែល​គូភាគី​បាន​រៀបការ​តាម​ប្រពៃណី​រួចហើយ​ ​តើ​គាត់​អាច​ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​បានដែរ​ទេ​?

​ពិធី​រៀប​អាពាហ៍ពិពាហ៍​គ្រាន់​​តែ​ជាការ​បំពេញ​កិច្ច​តាម​ប្រពៃ​​ណី​ប៉ុណ្ណោះ ​រីឯ​ការបំពេញ​នីតិវិធី​ដូចជា​៖ ការដាក់​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍ ការជូនដំណឹង​ជា​សាធារណៈ ការចុះ​កិច្ច​សន្យា​អាពាហ៍ពិពាហ៍ និង​ការ​ចុះបញ្ជី​នៅ​ចំពោះមុខ​មន្ត្រី​អត្រានុកូលដ្ឋាន​ស្របតាម​មាត្រា ​៩៥៥ ​នៃ​ក្រមរដ្ឋប្បវេណី​ខាងលើ ទើប​ធ្វើ​ឲ្យ​គូភាគី​ក្លាយ​​ជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់​បាន និង​ត្រូវ​ស្ថិតក្រោម​បទ​ប្បញ្ញត្តិ​ពាក់​​ព័ន្ធ​នឹង​អាពាហ៍ពិពាហ៍ និង​គ្រួសារ ពោលគឺ​ថា ​តើ​នៅពេល​ក្លាយជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់ គូភាគី​មាន​សិទ្ធិ​ធ្វើ​អ្វីខ្លះ ហើយ​ច្បាប់​ហាមឃាត់​អ្វីខ្លះ​? ឧ​ទា​​ហរ​ណ៍ គូភាគី មិនអាច​ទៅ​រៀប​​អាពាហ៍ពិពាហ៍​ជាមួយ​អ្នក​​ផ្សេងទៀត​បាន​ទ្បើ​យ។​

​បើ​លោក​ (​ក​) ​លែងលះ​ជា​​មួយ​ប្រពន្ធ​គាត់ តើ​គាត់​ត្រូវ​ទៅប្តឹង​នៅ​តុលាការ ឬ​យ៉ាង​​ណា​?​ហេតុអ្វី​ចាំបាច់​ប្តឹងទៅ​តុលាការ​?

​តាម​ការសង្កេតឃើញថា​ ប្រជាពលរដ្ឋ​តែងតែ​គិតថា នៅពេល​លែងលះ គឺ​ត្រូវ​ទៅ​ផ្តិតមេដៃ​លែងលះ​នៅ​ឃុំ​ ឬសង្កាត់ ជាការ​គ្រប់គ្រាន់​។ ប្តី​ប្រពន្ធ​ខ្លះ បបួលគ្នា​ទៅ​ផ្តិតមេដៃ​លែង​​លះ​នៅ​ចំពោះមុខ​ឃុំ​សង្កាត់ ឬ​អ្នកខ្លះ​ទទូច​មិន​ផ្តិតមេដៃ​លែង​​លះ​នោះទេ។ ត្រង់ចំណុច​នេះ​គួរ​បែង​ចែកជា ២ ករណី​៖ ១- បាន​រៀបការ​តាម​ប្រពៃណី ២- ​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​តាមច្បាប់​។ ករណី​គ្រាន់តែ​រៀបការ​តាម​ប្រពៃណី​ដែល​ស្ថានភាព​បែបនេះ​ផ្លូវច្បាប់​កំណត់ថា ជា​អ​នីតិ​សង្វាស​នៅ​​ពេលដែល​គូភាគី​ចង់​បែក​គ្នា​ពុំ​ចាំបាច់​ទ្បើង​ទៅ​តុលាការ​នោះ​​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​វិវាទ​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​និង​កូន ​គឺ​គូភាគី​អាច​ស្នើសុំ​តុលា​​ការ​ដើម្បី​បែងចែក​ទ្រព្យ​ឬ​កំណត់​​អំណាច​មេបា​ថា កូន​បាន​ទៅ​ខាង​ណា​ជា​អ្នកគ្រប់គ្រង​។

ផ្ទុយទៅវិញ​ករណី​គូភាគី​បាន​រៀប​ពាហ៍ពិពាហ៍​ពេញ​ច្បាប់ គូភាគី​អាច​ប្រើ​សិទ្ធិ​ប្តឹង​សុំ​លែងលះ​បាន តែ​ការសម្រេច​ឱ្យ​លែងលះ ឬ​មិនឱ្យ​លែង​​លះ​នោះ ​គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។ យោងតាម​មាត្រា ៩៨២ នៃ​ក្រមរដ្ឋប្បវេណី​ចែងថា៖ ពាក្យបណ្តឹង​លែងលះគ្នា អាចដាក់​ទៅ​តុលា​ការដែល​​មាន​សមត្ថកិច្ច​ដោយយោង​តាម​បញ្ញត្តិ​មាត្រា ​១០ (​សមត្ថ​​កិច្ច​សាលាជម្រះក្តី​ពិសេស​លើ​រឿងក្តី​លែងលះគ្នា និង​រឿងក្តី​អំពី​បុត្ត​ភាព​) ​នៃ​ក្រមនីតិវិធី​រដ្ឋប្បវេណី​បាន​។ ​ភាគី​អាចដាក់​ពាក្យសុំ​លែងលះគ្នា​ទៅ​ក្រុម​​ប្រឹក្សា​ឃុំ សង្កាត់​ខាង​លំនៅ​​ឋាន ឬ​ទី​សំណាក់​ដូច​បានកំណត់​នៅក្នុង​កថាខណ្ឌ​ទី​១ និង​ទី​៣ នៃ​មាត្រា ​១០ (​សមត្ថ​កិច្ច​សាលាជម្រះក្តី​ពិសេស​លើ​រឿងក្តី​លែងលះគ្នា​ និង​រឿងក្តី​អំពី​បុត្ត​ភាព​) ​នៃ​ក្រមនីតិវិធី​​រដ្ឋប្បវេណី​បាន​។ ក្នុងករណី​​នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ អាចធ្វើ​ការបញ្ចុះ​បញ្ចូល​ឱ្យ​សះជា​គ្នា​បាន​ក្នុង​អំ​ទ្បុ​ង​ពេល​ ១៥ (​ដប់​ប្រាំ​) ​ថ្ងៃ បន្ទាប់ពី​បានទទួល​ពាក្យសុំ​នោះ។ បើ​មិនអាច​បញ្ចុះបញ្ចូល​ឱ្យ​សះជា​គ្នា​បានទេ ត្រូវ​ចាត់ទុកថា​មាន​ពាក្យបណ្តឹង​លែងលះគ្នា ហើយ​ក្រុមប្រឹក្សាឃុំ​ត្រូវបញ្ជូន​ពាក្យ​បណ្តឹង​នោះ​ទៅកាន់​តុលាការ​ជាបន្ទាន់​។​

​ហេតុដូច្នេះ គូភាគី​អាច​ប្តឹង​សុំ​លែងលះ​ទៅ​តុលាការ​ដោយ​​ផ្ទាល់ ឬ​តាមរយៈ​ឃុំ សង្កាត់​កាលបើ​ពុំ​អាច​សះជា​គ្នា​បានទេ ក្រុមប្រឹក្សាឃុំ សង្កាត់​នឹង​បញ្ជូន​សំណុំបែបបទ​នេះ​ទៅ​តុលាការ​។ ​ប៉ុន្តែ​តាម​ការអនុវត្ត​ជាក់ស្តែង​ច្រើនតែ​ដាក់​ទៅកាន់​តុលាការ​តែម្តង ព្រោះ​ចំណេញ​ពេលវេលា ហើយ​កម្រ​ឃើញ​ករណី​គូភាគី​មិន​សះ​ជាមួយគ្នា ហើយក៏​កម្រ​ឃើញ​ករណី​ក្រុម​​ប្រឹក្សា​ឃុំ​សង្កាត់​បញ្ជូន​សំណុំ​​រឿង​ទៅ​តុលាការ​ដែរ​៕