ជាទូទៅ ការ​ប្រព្រឹត្ដ​បទល្មើស​ឆបោក​អ្វីមួយ អ្នកប្រព្រឹត្ត​រមែង​ប្រឈមមុខ​នឹង​ទោស​ទៅតាម​ផ្លូវច្បាប់​។ ​ចុះបើ​គូស្នេហ៍​មួយគូ ដែល​មិនបាន​គោរព​តាម​កិច្ចសន្យា​ជាមួយ​គ្នា អាច​ចាត់ទុកថា ជា​អំពើ​ឆបោក ហើយ​អាច​ប្រឈម​នឹង​ការជាប់​ទោស​ដែរឬទេ​? ជុំវិញ​ចម្ងល់​នេះ​ភ្នំពេញ​-​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី ផុន ធារិន បម្រើការ​នៅ​ការិយាល័យ​មេធាវី ផុន ធារិន នៅ​បុរី​ឌឺ​មេគ្គង​រ៉ូយ៉ាល់ ផ្ទះ​លេខ​ ៧១ ផ្លូវ​ M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​-​ភ្នំពេញ តាមរយៈ​សំណួរ​ជា​បន្តបន្ទាប់​​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​ស្រឡាញ់​នារី​ម្នាក់​ជាច្រើន​ឆ្នាំ និង​បាន​សន្យាថា គាត់​នឹង​ចូល​ស្តីដណ្តឹង​នាង​ទៀតផង​។ ប៉ុន្តែ​គាត់​ក៏​មិន​បានធ្វើ​អ្វី​ឱ្យ​ជ្រុលជ្រួស​ខ្លួនប្រាណ​នាង​ទេ​។ ​ក្រោយមក​លោក​ (​ក​)​ បាន​សុំ​ចែកផ្លូវ​ពី​នារី​នោះ​វិញ​។ ​ដោយ​នារី​ម្នាក់​នោះ​គិតថា ចាញ់បោក​លោក​ (​ក​) ព្រោះតែ​ខាតបង់​ពេលវេលា​ជាមួយ​គ្នា​។ តើ​ករណីបែបនេះ​នាង​អាច​ប្តឹង​លោក​ (​ក​) ​បាន​ឬ​យ៉ាងណា​?


ប្រសិនបើ​លោក​ (​ក​) បាន​សន្យាថា​នឹង​ចូល​ស្ដីដណ្ដឹង​នារី​នោះ​ក្នុង​គោលបំណង​ថា នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នៅ​ថ្ងៃ​ខាងមុខ ប៉ុន្តែ​ក្រោយមក​លោក​ (​ក​)​ ពុំ​ធ្វើតាម​អ្វីដែល​ខ្លួន​បាន​សន្យា​នោះទេ ក្នុងករណីនេះ នារី​នោះ​មិនអាច​ធ្វើការ​ប្ដឹង​លោក​ (​ក​) ​បានទេ ដោយហេតុថា​អាពាហ៍ពិពាហ៍​អាចមាន​អនុភាព​ទៅបាន​ទាល់​តែមាន​ការយល់ព្រម និង​កើតចេញពី​ឆន្ទៈ​របស់​ភាគី​ទាំង​ ២ ប្រសិនបើ​ភាគី​ណាមួយ​ខ្វះ​ឆន្ទៈ​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍ នោះ​អាពាហ៍ពិពាហ៍​គឺ​ពុំមាន​អនុភាព​ទេ ហើយ​ការដែល​លោក​ (​ក​) ​មិនបាន​គោរព​តាម​ការសន្យា លោក​ (​ក​) ពុំ​ទទួលខុសត្រូវ​អ្វី​នោះទេ ពីព្រោះ​លោក​ (​ក​)​ គឺ​ពុំបាន​បង្ខិតបង្ខំ ឬ​ធ្វើ​អ្វីដែល​ជ្រុលជ្រួស​លើ​ខ្លួនប្រាណ​នារី​នោះទេ​។


ចុះបើ​សិន​នារី​នោះ​បាន​លះបង់​ខ្លួនប្រាណ​ជាមួយ​លោក​ (​ក​)​។ ករណីបែបនេះ តើ​នាង​អាច​ប្តឹង​លោក​ (​ក​) ​បានទេ​? និង​ប្តឹង​នៅ​កន្លែង​ណា​បាន​? តើ​ត្រឹមតែ​ជា​សំណង​ជំងឺ​ចិត្ត​ ឬក៏​ទោស​ត្រូវ​ជាប់​ពន្ធនាគារ​?


ប្រសិនបើ​នារី​នោះបាន​លះបង់​ខ្លួនប្រាណ​ជាមួយ​លោក​ (​ក​) ដោយ​ការព្រមព្រៀង គ្មាន​ការបង្ខិតបង្ខំ​ពី​លោក ​(​ក​) ​ទេ នារី​នោះ​ពុំ​អាច​ធ្វើការ​ប្ដឹង​ទាមទារ​សំណង ឬ​ប្ដឹង​ឱ្យ​លោក​ (​ក​) ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​បានទេ ប៉ុន្តែ​ក្នុងករណី​នារី​នោះ​លះបង់​ខ្លួនប្រាណ​ដោយហេតុតែ​ការ​លួងលោម ប្រើល្បិច​ ឬ​មានការ​បង្ខិតបង្ខំ នារី​នោះ​អាច​ប្ដឹងទៅ​មន្ត្រីនគរបាល​យុត្តិធម៌ ឬ​សមត្ថកិច្ច​តុលាការ​ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​ប្ដឹង​ឱ្យ​លោក​ (​ក​)​ ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ពីបទ​រំលោភ​សេពសន្ថវៈ យោងតាម​មាត្រា​ ២៣៩ នៃ​ក្រមព្រហ្មទណ្ឌ​។


ក្នុង​រឿង​ដដែល​នេះ ប្រសិនបើ​លោក​ (​ក​)​ បាន​ភ្ជាប់ពាក្យ​ជាមួយ​នារី​ម្នាក់​នោះ​ហើយ តែ​ក្រោយមក​លោក​ (​ក​)​ កែប្រែ​ចិត្ត​មិន​រៀបការ​ជាមួយ​នាង​​វិញ តើ​នារី​នោះ​អាច​ប្តឹង​លោក​ (​ក​) ​បានទេ ហើយ​ត្រឹមតែ​សំណង​ជំងឺ​ចិត្ត ​ឬក៏​ឈានទៅ​បទល្មើស​ព្រហ្មទណ្ឌ​?


ក្នុង​ករណី​ខាងលើនេះ យោងតាម​មាត្រា​ ៩៤៦ នៃ​ក្រមរដ្ឋប្បវេណី ឆ្នាំ​ ២០០៧ បានចែង​អំពី​ការទទួល​ខុសត្រូវ​ចំពោះ​ការ​បដិសេធចោល​ដោយ​មិន​ត្រឹមត្រូវ ក្នុងករណី​ដែល​ភាគី​ណា​ម្ខាង​បាន​បដិសេធ​ភ្ជាប់ពាក្យ​ដែល​បាន​ភ្ជាប់ពាក្យ​រវាង​ភាគី​ចោល​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​។ ភាគី​ម្ខាង​ទៀត​អាច​ទាមទារ​សំណង​នៃ​ការខូចខាត​ដែល​កើតឡើង​ដោយសារ​ការបដិសេធ​ចោល​នោះបាន​។ ​ជាក់ស្ដែង​ប្រសិនបើ​លោក​ (​ក​)​ ធ្វើការ​បដិសេធ​ឈប់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​នោះ​វិញ ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​ណាមួយ នារី​នោះ​អាច​ធ្វើការ​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​ (​ក​) ​បាន ប៉ុន្តែ​លោក​ (​ក​) ​ពុំ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​នោះទេ គឺ​ទទួល​ខុសត្រូវ​ចំពោះតែ​សំណង​ជំងឺ​ចិត្ត​ជូន​នារី​នោះ​តែប៉ុណ្ណោះ​៕