តាមច្បាប់ ការបើកបរ​ល្មើសច្បាប់​ធ្វើឱ្យ​អ្នកដទៃ​គ្រោះថ្នាក់​តែងតែ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ដោយ​ចៀស​ពុំរួច​ឡើយ​។ ​ចុះ​ក្នុងករណី​យើង​កំពុង​បើក​រថយន្ត​ត្រូវ​ច្បាប់ ហើយ​មាន​អ្នកបើកបរ​ម៉ូតូ​ល្មើសច្បាប់​ផ្សេង​បើកបរ​មក​បុក​រថយន្ត​គាត់​បណ្ដាល​ឱ្យស្លាប់​ខ្លួនឯង តើ​ភាគី​ខាង​រថយន្ត​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​ដែរ​ឬ​យ៉ាងណា​? ​ជុំវិញ​ករណី​បែបនេះ​ភ្នំពេញ​-​ប៉ុស្ដិ៍ បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី លី កុសល ដែលមាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ​លេខ​ ៩ ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ឧបមាថា លោក ​(​ក​) ​បាន​ជិះ​ម៉ូតូ​បំពាន​ភ្លើងស្តុប​ក្រហម​ហើយ​មាន​រថយន្ត​ ១ ​គ្រឿង​ធ្វើដំណើរ​ក្នុងទិសដៅ​អាទិភាព​ (​ភ្លើង​សញ្ញា​ពណ៌​ខៀវ​) ​តែ​គាត់​ត្រូវបាន​រថយន្ត​នោះ​បុក​ស្លាប់​។ ករណីនេះ​តើ​ត្រូវ​ដោះស្រាយ​បែបណា​?


ពាក់ព័ន្ធ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​តែងតែ​កើតមានឡើង​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ ហើយ​ភាគី​នីមួយៗ​តែងតែ​លើក​ហេតុផល​យក​ត្រូវ​រៀងៗ​ខ្លួន​ដោយ​មិនបាន​ពិចារណា និង​យល់ដឹង​ពី​បញ្ហា​ផ្លូវច្បាប់​នោះទេ​។ ​


ចំពោះ​ករណីនេះ​ប្រសិន​បើ​រកឃើញ និង​មាន​ភ័ស្តុតាង​បង្ហាញថា ការបុក​ស្លាប់​នេះ​កើតចេញ​ពី​ការខ្ជីខ្ជា ធ្វេសប្រហែស មិនបាន​ពិនិត្យ​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​របស់​អ្នកបើកបរ​រថយន្ត​នោះ គឺ​ម្ចាស់​រថយន្ត​ជា​អ្នកទទួល​ខុសត្រូវ​ទាំង​ផ្នែក​សំណង​រដ្ឋប្បវេណី និង​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដោយ​មាន​ចែង​ក្នុង​មាត្រា​ ៨៥ ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក៏ប៉ុន្តែ​ក្នុង​ករណី​ដែល​គេ​រកឃើញ​ថា រថយន្ត​ ១​ គ្រឿង បើកបរ​នោះ​មិនមាន​កំហុស​ទេ ហើយ​គ្រោះ​ថា្នក់​នោះ​គឺ​បានកើត​ចេញពី​អំពើ​ផ្ទាល់​ទាំងស្រុង​របស់លោក ​(​ក​) ដូច្នេះ​ខាង​ភាគី​រថយន្ត មិន​ទទួល​ខុសត្រូវ​អ្វី​ឡើយ ដូច​មានចែង​​ក្នុង​មាត្រា​ ៤​ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​បាន​ចែងថាៈ​ពុំមាន​បទល្មើស​ទេ ប្រសិនបើ​គ្មាន​ចេតនា​ប្រព្រឹត្ត​បទល្មើស​។


បើ​មើល​ទិដ្ឋភាព​ជាក់ស្តែង​វិញ គឺ​ប្រាកដ​ណាស់​ថា ភាគី​រថយន្ត​បើកបរ​ក្នុងទិសដៅ​អាទិភាព​របស់ខ្លួន ហើយ​បាន​គោរព​តាម​ភ្លើង​សញ្ញា​បញ្ជា​ទិសដៅ​ត្រឹមត្រូវ​ផង​។ តើ​ភាគី​រថយន្ត​រួច​ផុតពី​ការទទួល​ខុសត្រូវ​ឬទេ​?


ដូចដែល​បាន​បកស្រាយ​ទៅនឹង​សំណួរ​ទី​ ១​ ខាងលើ​រួចមកហើយ ករណី​​នេះ​យើង​ត្រូវ​ពិនិត្យមើល​ការបុក​របស់​រថយន្ត និង​ម៉ូតូ​ថា តើ​ជា​ការបុក​ពីមុខ​ប្រសព្វ​គ្នា​ ឬ​ម៉ូតូ​ទៅបុក​ចំហៀង​រថយន្ត​? ករណី​ដែល​រថយន្តបុក​ចំ​ពី​មុខជា​ម៉ូតូ​នោះ ភាគី​រថយន្ត​មិនអាច​រួច​ផុតពី​ការទទួល​ខុសត្រូវ​បានឡើយ ប៉ុន្តែ​ប្រសិនបើ​រថយន្ត​នោះ​បើកបរ​ក្នុងទិសដៅ​អាទិភាព​​ហើយ ត្រូវ​បាន​ម៉ូតូ​បុក​ពី​ចំហៀង​រថយន្ត​នោះ​នាំឱ្យ​ភាគី​រថយន្ត​រួច​ផុតពី​ការទទួល​ខុសត្រូវ​។


ប្រសិនបើ​ភាគី​រថយន្ត មាន​ចំណែក​ក្នុងការ​ទទួល​ខុសត្រូវ​តើ​ត្រឹម​កម្រិតណា​ដែរ​?

ប្រសិនបើ​រកឃើញ និង​មាន​ភ័ស្តុតាង​បង្ហាញថា មាន​ចំណែក​រថយន្ត​ក្នុង​ការបុក​ស្លាប់​នេះ​កើតចេញ​ពី​ការ​ខ្ជីខ្ជា ធ្វេស​ប្រហែស មិនបាន​ពិនិត្យ​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​របស់​អ្នកបើកបរ​រថយន្ត​នោះ​គឺ​ម្ចាស់​រថយន្ត​ត្រូវ​ទទួល​ខុសត្រូវ​ទាំង​ផ្នែក​សំណង​រដ្ឋប្បវេណី និង​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​។

យោងតាម​មាត្រា​ ៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចែងថាៈ ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្តាល​ឱ្យ​ស្លាប់​ដល់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ ឆ្នាំ ដល់​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ៤​ លាន​រៀល​ទៅ​ ១៥ ​លាន​រៀល និង​អាច​ត្រូវ​ផ្តន្ទាទោស​បន្ថែម​ណាមួយ​ ឬ​ច្រើន​ដូច​មានចែង​ក្នុង​មាត្រា​ ៥៣ (​ប្រភេទ​នៃ​ទោស​បន្ថែម​)​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ​ចំណែកឯ​ការទាមទារ​សំណង​រដ្ឋប្បវេណី​របស់​ជនរងគ្រោះ​វិញ​គឺ​ផ្អែក​​ទៅលើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ថា តើ​​ព្យសនកម្ម​របស់​ជន​រងគ្រោះ​មាន​ការខាតបង់​ដល់​កម្រិតណា​?

ចុះបើ​ភាគី​ម៉ូតូ​មាន​គ្នា​ ៣​ នាក់​ហើយ​ត្រូវ​ភាគី​រថយន្តបុក​ស្លាប់​ទាំងអស់ តែ​ខាង​ភាគី​រថយន្ត​ក្រឡាប់​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់​ផងដែរ​។ បើ​ស្លាប់​ទាំងសងខាង​បែបនេះ​តើ​ច្បាប់​ត្រូវមាន​ដំណោះស្រាយ​បែបណា​?

ចំពោះ​ការស្លាប់​ទាំង​សងខាង​បែបនេះ​គឺជា​គោលការណ៍​ច្បាប់​នាំឱ្យ​មាន​ការរលត់​នៃ​បណ្តឹងអាជ្ញា យោងតាម​មាត្រា​ ៧ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បានចែង​ថាៈ​​មូលហេតុ​នៃ​ការ​រលត់​នៃ​បណ្តឹងអាជ្ញា​មាន​ដូចតទៅ​គឺៈ

១-​មរណភាព​នៃ​ជនល្មើស​។

២-​ការ​ផុត​អាជ្ញាយុកាល​។

៣-​ការលើក​លែងទោស​ជាទូទៅ​។

៤-​និរាករណ៍​នៃ​ច្បាប់ព្រហ្មទណ្ឌ​។

៥-​អាជ្ញា​អស់​ជំនុំ​។

កាលណា​បណ្តឹង​អាជ្ញា​ត្រូវ​រលត់​ហើយ ការចោទប្រកាន់​ខាង​បទល្មើស​ព្រហ្មទណ្ឌ​មិនអាច​ចាប់ផ្តើម​បាន​ទៀត​ទេ​ ឬ​ត្រូវតែ​បញ្ឈប់​៕