ជា​ទូទៅ ​ការ​ធ្វើ​ឱ្យ​ខូចខាត​ឬ​បាត់​បង់​ទ្រព្យ​អ្នកដទៃ​ដោយ​ចេតនា​ គឺ​អ្នក​ប្រព្រឹត្ត​រមែង​ប្រឈម​នឹង​ការ​ទទួលខុ​សត្រូវដោយ​ត្រូវ​ផ្ដល់​សំណង​ទៅ​តាម​តម្លៃ​ទ្រព្យ​សម្បតិ្តដែល​បាន​ខូច​ខាត​ឬ​បាត់​បង់​នោះ។ ​ចុះបើ​ក្នុង​ករណី​មាន​អគ្គិ​ភ័យ​ឆេះនៅទី​តាំង​ក្រុម​ហ៊ុន​ ហើយ​ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ​របស់​បុគ្គលិក​ តើ​ម្ចាស់​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​ដែរ​ឬទេ?​

ជុំវិញ​ចម្ងល់​នេះ ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំការ​ពន្យល់​ពី​លោក​មេធាវី ​តាំង ហេង​ហុក ជា​ប្រធាន​ការិយា​ល័យ​មេធាវី​រុង​រឿង​ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៤​អែន ផ្លូវ​បេតុង​ ភូមិ​ដំណាក់ សង្កាត់​គោក​ឃា្ល​ង ខណ្ឌ​សែន​សុខ ​រាជ​ធានី​ភ្នំពេញ ​តាម​រយៈ​សំណួរ​ដូច​ខាង​ក្រោម​៖


ឧបមា​ថា លោក​(ក)បម្រើ​ការ​ក្នុង​ក្រុម​ហ៊ុន​១​ហើយ​ចៃ​ដន្យ​អគ្គិភ័យ​បាន​ឆេះ​ម៉ាស៊ីន​ភ្លើង​ក្នុង​បរិវេណ​ក្រុម​ហ៊ុន​នោះនិង​រាល​ដល់​ឆេះ​ម៉ូតូ​របស់​លោក​(ក)ដែល​ទុក​ក្នុង​បរិវេណ​ក្រុម​ហ៊ុន​ទៀត។ ករណីនេះ​តើ​ម្ចាស់​ក្រុម​ហ៊ុន​នឹង​ចេញ​សំណង​ដល់​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​គាត់​ដែរឬទេ​?


ឧ​ប្ប​តិ្ត​ហេតុ​គឺ​ជា​ប្រព្រឹត្ត​ការណ៍​​ដែល​កើត​ឡើង​មិន​អាច​គ្រប់​គ្រងឬ​ចៀស​ផុត​បាន ប៉ុន្តែ​អាស្រ័យ​ទៅលើ​ការ​យកចិត្ត​ទុកដាក់ និង​ប្រុងប្រ​យ័ត្ន​ដើម្បី​បង្ការ​កុំ​ឱ្យមាន​បញ្ហា​កើត​ឡើង។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​គប្បី​ពិចារ​ណា​អំពី​ការ​ត្រួត​ពិនិត្យ និង​ការ​គ្រប់​គ្រង​ជា​ប្រចាំ​ទីតាំង​ក្រុម​ហ៊ុន​របស់​ខ្លួន ជា​ពិសេស​ម៉ាស៊ីន​ភ្លើង​ដែល​ជា​កន្លែង​​មាន​ហានិ​ភ័យ​ខ្ពស់​តាម​ស្តង់​ដា​ត្រួត​ពិនិត្យ​នៃ​ម៉ាស៊ីន និង​តាម​ការណែ​នាំ​របស់​អ្នក​បច្ចេក​ទេស​ដើម្បី​ចៀស​វាង​បញ្ហា​អាច​កើត​ទ្បើង​ជាយ​ថា​ហេតុ និង​អាច​នាំឱ្យ​មាន​ការឆាប​ឆេះ​ម៉ាស៊ីន​ភ្លើង​ ហើយ​អាច​រាល​ដាល​ដល់​ការ​ឆេះ ឬ ខូច​ខាត​ដល់​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ដែល​នៅ​ទីតាំង​ក្រុម​ហ៊ុន​នោះ។ ហេតុ​ដូច្នេះ ​ទើប​មាន​សំណួរ​ចោទ​សួរ​តើ ករណី​មាន​អគ្គិ​ភ័យ​បាន​ឆេះ​ក្នុង​បរិវេណ​ក្រុម​ហ៊ុន និង​រាល​ដល់​ឆេះ​ម៉ូតូ​របស់​លោក (ក) ជា​បុគ្គលិក តើ​ក្រុម​ហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​ខូច​ខាត​ម៉ូតូ​របស់​លោក ​(ក) ​ដែរ​ឬទេ ​?


ផ្អែក​តាម​មាត្រា ​៧៤២ នៃ​ក្រម​រដ្ឋ​ប្បវេណី (កំហុស​ចេតនា​ និង​អ​ចេតនា​ក្នុង​អំពើ​អនីត្យា​នុកូល) ចែង​ថា៖


ក-ធ្វើអំពើ​បំពាន​ដោយ​ព្យា​ករ​ទុក​ជាមុ​ន​អំពី​ការ​កើត​ទ្បើង​នៃ​លទ្ធ​ផល ហើយ​ដោយ​ទទួល​យក​ការ​កើត​ទ្បើង​នៃ​លទ្ធ​ផល​នោះ ​។


ខ-ធ្វើអំពើ​ដែលបើ​តាម​ប្រក្រតី ​បុគ្គល​ដែល​មាន​ឋានៈ​នៃ​ការងារ​ ឬ​បទ​ពិសោធ​ស្មើគ្នា​នឹង​អ្នក​ធ្វើ​អំពើ​នោះ​ អាច​ព្យាករ​ទុកជា​មុន​អំពី​ការកើត​ឡើ​ងនៃ​លទ្ធ​ផល​ក៏ដោយ ក៏​អ្នក​ធ្វើអំ​ពើ​នោះ​នៅតែ​ពុំបាន​ព្យាករ​ទុក​ជា​មុន​អំពី​ការ​កើត​ឡើង​នៃ​លទ្ធផល​នោះ ដោយ​សារ​ការ​ធ្វេស​ប្រហែស​មិន​ប្រុង​ប្រយ័ត្ន​ ហើយ​ទោះ​ជាមាន​ករណី​កិច្ច​ចៀស​វាង​នូវ​លទ្ធ​ផល​នោះ​ក៏​ដោយ ក៏​នៅ​តែ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ករណីយ​កិច្ច​នោះ​។

ផ្អែក​តាម​មាត្រា ​៧៤៨ នៃ​ក្រម​រដ្ឋ​ប្បវេណី ​ចែង​ថា នីតិ​បុគ្គល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុងការ​ខូច​ខាត​ ដែល​អភិបាល​ ឬ អ្នក​តំណាង​ឯ​ទៀត​ បាន​បង្ក​ដល់​អ្នក​ដទៃ​ដោយ​ខុស​ច្បាប់ ​ដោយ​កំហុស​ចេតនា​ ឬដោយ​កំហុស​អ​ចេតនា​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច ​។

តាម​ការ​ពិនិត្យ​លើ​អង្គ​ហេតុ និង​អង្គ​ច្បាប់​ខាង​លើ​ឃើញ​ថា ថៅកែ​ក្រុម​ហ៊ុន អាច​ប្រឈម​នឹង​កា​រទទួល​ខុស​ត្រូវ​ដោយ​សារ​អំពើ​អនីត្យា​នុ​កូល ដែល​កើត​ចេញ​ពី​ការឆេះ​ម៉ាស៊ីន​ភ្លើង​ ហើយ​រាល​ដាល​ឆេះ​ដល់​ម៉ូតូ​របស់​លោក ​(ក)​ ជា​បុគ្គលិក ដោយ​មូល​ហេតុ​ថា​​ក្រុម​ហ៊ុន​មានការ​ធ្វេស​ប្រហែស​បណ្តា​ល​ឱ្យ​កើតរឿ​ង​ហេតុ​នេះ​ទ្បើង លើក​លែង​តែ​ករណី​ប្រធាន​សក្តិ​ប៉ុណ្ណោះ​ទើប​ក្រុម​ហ៊ុន​អាច​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​បាន ​។

ករណីនេះ​ដែរ​បើ​មាន​នរណាម្នា​ក់​ក្នុង​ក្រុមហ៊ុ​ន​ខាង​លើ​បង្ក​ជា​ភ្លើង​ឆេះ​ម៉ូតូ​របស់​លោក(ក)វិញ​ តើ​ម្ចាស់​ក្រុម​ហ៊ុន​ជា​អ្នក​ទទួល​ខុសត្រូវ​ឬ​យ៉ាង​ណា?​

ជា​ទូទៅ​បុគ្គល​គ្រប់​រូប​ដែល​ជា​នីតិ​ជន(អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង​ទៅ)ដែល​បង្ក​ការខូច​ខាត​ដល់​ទ្រព្យ​អ្នក​ដទៃ​ប្រឈម​នឹង​ទទួល​ខុស​ត្រូវ​លើ​សំណង​ដោយ​ផ្អែកលើ​ទំហំ​នៃ​ការ​ខូច​ខាត​នៃ​អំពើ​របស់​សាមី​ខ្លួន​នោះ ។ ប៉ុន្តែ​មាន​ករណី​ពិសេស​មួយ ប្រសិន​បើ​និយោ​ជិត​នៃ​ក្រុមហ៊ុន​បំពេញ​ការងារ​របស់​ខ្លួន​ក្នុង​អំ​ទ្បុ​ងម៉ោង​ការ​ងារ​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​និយោ​ជក ។

ផ្អែក​តាម​មាត្រា ​៧៤៧ ​កថា​ខណ្ឌ១ នៃ​ក្រម​រដ្ឋប្ប​វេណី ចែង​ថា ​បុគ្គល​ដែល​ប្រើ​និយោ​ជិត​ដើម្បី​អនុវត្ត​កិច្ច​ការ​ ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សង​ការ​ខូច​ខាត​ ដែល​និយោ​ជិត​បាន​បង្ក​ដល់​អ្នក​ដទៃ​ដោយ​ខុស​ច្បាប់ ​ដោយ​កំហុស​ចេតនា ​ឬដោយ​កំហុស​អ​ចេតនា​នៅ​ក្នុង​ការ​អនុវត្ត​កិច្ចការ​នោះ ។ ហេតុ​ដូច្នេះ ប្រសិន​បើ​បុគ្គ​លិក​ដែល​បង្ក​ការ​ខូចខាត​ដល់​លោក(ក )ក្នុង​អំ​ទ្បុ​ង​ពេល​បំពេញ​ភារកិច្ច​របស់​ខ្លួន​នោះ គឺ​ក្រុម​ហ៊ុន​ប្រឈម​ជា​មួយ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​សង​ការ​ខូចខា​ត ​។

ដូច​គ្នានេះដែ​រ​ បើ​ចោរ​លួច​ម៉ូតូ​លោក(ក)ដែល​ទុក​ក្នុង​បរិ​វេណ​ក្រុម​ហ៊ុន​ក្នុង​ម៉ោង​ដែល​លោក(ក)​កំពុង​បំពេញ​ការងារ​ឱ្យ​ក្រុម​ហ៊ុន​ តើ​ក្រុម​ហ៊ុន​នឹង​ត្រូវ​ដោះ​ស្រាយ​បែប​ណា?​

ជា​គោល​ការណ៍ រូបវន្ត​បុគ្គល​ដែល​ទទួល​ខុសត្រូវ​ក្នុង​រឿងក្តី​ព្រហ្ម​ទណ្ឌ​អាច​ជា ចារី (ជន​ដៃដល់) សហ​ចារី ​អ្នកសម​គំនិត និង​អ្នក​ផ្តើម​គំនិត។ យោង​តាម​មាត្រា ២៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ (គោល​ការណ៍​ឯក​ត្ត​កម្ម​នៃ​ការ​ទទួល​ខុស​ត្រូវ​ព្រហ្ម​ទណ្ឌ) ចែង​ថា ៖ “បុគ្គល​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​ព្រហ្ម​ទណ្ឌ​តែ​ចំពោះ​អំពើ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ”​ ។

ត្រង់​ចំណុច​នេះ ប្រសិន​បើ ជន​ល្មើស ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​លួច គឺ​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ព្រហ្ម​ទណ្ឌ​ចំពោះ​មុខ​ច្បាប់ តាម​មាត្រា ​៣៥៣ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​ដោយ​ហេតុ​ថា ក្នុង​រឿង​ព្រហ្ម​ទណ្ឌ ជន​ណា​ប្រព្រឹត្ត​ គឺ​ជន​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ដូច្នេះ​ក្រុម​ហ៊ុន​អាច​សហ​ការ​ជា​មួយ​លោក ​(ក) ព្រម​ទាំង​ផ្តល់​ភ័ស្តុ​តា​ងផ្សេងៗ ដើម្បី​ប្តឹង​ទៅ​អាជ្ញា​ធ​រមាន​សមត្ថ​កិច្ច​ដែល​នៅ​ជិត​បំផុតឬប្តឹង​ទៅ​អយ្យ​ការ​អម​សា​លាដំ​បូង​រាជធា​នី/ខេត្ត​ដែល​មាន​សមត្ថ​កិច្ច ដើម្បី​ស្វែងរក​ជន​ល្មើស​មក​ផ្តន្ទាទោ​ស​តាម​ផ្លូវ​ច្បាប់ និង​សង​សំណង​នៃ​ការ​ខូចខា​ត​ដល់​លោក (​ក) ផងដែ​រ ពោល​គឺ​ជនល្មើស​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ផ្នែក​ព្រហ្ម​ទណ្ឌ និង​រ​ដ្ឋប្បវេណី​ ។

ចុះ​បើ​លោក​(ក)មិន​មែន​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុននោះទេ​ តែ​គាត់​ទៅលេ​ង​មិត្ត​គាត់​ក្នុង​ក្រុម​ហ៊ុន​ខាង​លើ​ ហើយ​ត្រូវ​បាន​ចោរ​លួច​ម៉ូតូ​គាត់។ បើ​ដូច្នេះ​ថៅ​កែ​ក្រុម​ហ៊ុន​នោះ​ត្រូវ​សង​ដែរ​ទេ​?

ដូច​បាន​បញ្ជាក់​នៅក្នុង​សំណួរ​ខាង​លើ​រួ​ចហើយ ​ពាក់ព័ន្ធ​នឹង​គោល​ការណ៍​ឯក​ត្ត​កម្ម​នៃ​ការ​ទទួល​ខុស​ត្រូវ​ព្រហ្ម-​ទណ្ឌ គឺ​បុគ្គល​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​ព្រហ្ម​ទណ្ឌ​តែ​ចំពោះ​អំពើ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ​ពោលគឺ​មិន​អាច​ឱ្យ​បុគ្គល​ដែល​ពុំបាន​ប្រព្រឹត្ត​អំពើ​ទាល់​តែ​សោះ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​របស់​អ្នក​ដទៃ​ទ្បើ​យ ។ រីឯ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​អំពើ​អនីត្យានុ​កូល​ចំពោះ​អំពើ​របស់​អ្នក​ដទៃ​ដែល​មាន​ចែង​ក្នុង​ក្រម​រដ្ឋ​ប្បវេណី​ទៀត​សោតគឺ​កម្រិត​ត្រឹម​តែ​ការ​ទទួល​ខុសត្រូវ​រប​ស់​និយោជិ​ត​ចំពោះ​អំពើ​អនីត្យា​នុកូល​របស់​និយោ​ជិត​ដែល​បង្ក​ទ្បើង​ក្នុង​អំ​ទ្បុ​ង​ពេល​បំពេញ​ការងារ​ប៉ុណ្ណោះ ​ឬការ​ទទួ​ល​ខុស​ត្រូវរ​បស់​អ្នក​ត្រួត​ពិនិត្យ​ចំពោះ​អំពើ​អនីត្យា​នុ​កូល​របស់​អនីតិ​ជន​ឬជន​ដែល​ត្រូវ​បាន​កម្រិត​សមត្ថ​ភាព ​៕