ជាទូទៅ​ រាល់​ការអនុវត្ត​ការងារ ​ឬ ​សិទ្ធិ​អ្វីមួយ​រមែង​ត្រូវធ្វើ​ឡើង​ ដោយ​ផ្នែក​លើ​នីតិវិធី​ឬ​តាម​លក្ខ​ខណ្ឌ​នានា​ដែល​ផ្នែក​ពាក់ព័ន្ធ​តម្រូវ​ឱ្យ​មាន​។ ករណី​ដូចជា​ការសុំ​សិទ្ធិ​កាន់កាប់​ដី​ធ្លឺ​គឺ​អ្នកស្នើសុំ​ក៏ត្រូវ​ស្វែងយល់​ពី​លក្ខណ​ស​ម្ប​តិ្ត​របស់ខ្លួន​ផងដែរ​។

ចង់ដឹងថា​តើ​ការសុំ​សិទ្ធិ​កាន់កាប់​ដីធ្លី​ត្រូវ​ផ្នែក​លើក​ត្ដា​អ្វីខ្លះ​នោះ ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការ​ពន្យល់​ពី​លោក​មេធាវី លី កុសល ដែល​មាន​ការិ​យា​ល័យបម្រើ​ការនៅផ្ទះ​លេខ​៤៥Eo ផ្លូវលេខ៩ ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោម​ចៅ​ខណ្ឌ ពោធិ៍​សែន​ជ័យ រាជ​ធានីភ្នំពេញ​ តាម​រយៈ​សំណួរ​ដូច​តទៅ​៖


តើ​ពល​រដ្ឋ​គ្រប់​រូប​អាច​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​បាន​ដោយ​ផ្អែក​លើ​កត្តា​អ្វីខ្លះ​?


​សិទ្ធិ​កាន់​កាប់​ដីធ្លីឬ​កម្ម​សិទ្ធិ គឺជា​សិទ្ធិ​មូល​ដ្ឋាន​របស់​ពលរដ្ឋ ដែល​ក្នុងនោះ​មាន​សិទ្ធិ​ប្រើប្រាស់ អាស្រ័យ​ផល និង​ចាត់​ចែង ដែលជា​ទ្រព្យ​របស់ខ្លួន​ដោយ​សេរី​ក្នុង​កម្រិត​នៃ​ច្បាប់ ហើយ​អ្នក​ដែលមាន​សិទ្ធិ​កាន់​កាប់​ដីធ្លី ឬ​ម្ចាស់​កម្មសិទ្ធិ​អាចជា​បុគ្គល​ម្នាក់ ជា​គ្រួសារ​ ជា​ក្រុម ជា​អង្គការ ជា​សហ​គម​ន៍ពលរដ្ឋ ជាដើម​។


​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាឆ្នាំ​១៩៩៣ មាត្រា ៣១ បានចែង​ថាៈ​ព្រះរាជា​ណាចក្រ​កម្ពុជា ទទួលស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ដែលមាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គ​សហ​ប្រជា​ជាតិនិង​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស ដែល​បាន​ទទួល​ស្គាល់​នូវ​គោល​ការណ៍នៃ​កម្ម​សិទ្ធិ។​ ដោយ​ឡែក ​យោង​តាម​មាត្រា ៤៤ នៃ​ធម្មនុញ្ញ​បាន​ចែងថាៈ ជន​ណាក៏​ដោយ ទោះជា​បុគ្គល​ក្តី ជា​សមូហ​ភាព​ក្តី មាន​សិទ្ធិ​ជា​ម្ចាស់​កម្ម​សិទ្ធិ​។​មានតែ​រូបវន្ត​បុគ្គល ឬ​នីតិ​បុគ្គលដែល​មាន​សញ្ជាតិ​ខ្មែរ​ទេទើប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្ម​សិទ្ធិ​លើដី​ធ្លី​។​រួមទាំង​ច្បាប់​ភូមិបាល​កម្ពុជាឆ្នាំ ​២០០១ ​ក៏បាន​បញ្ជា​ក់នូវ​ការ​ទទួល​ស្គាល់​សិទ្ធិ​កាន់​កាប់​ដីធ្លី ផង​ដែរ​​។


​កន្លង​មក​មាន​ពលរ​ដ្ឋ​ខ្លះ​អះអាង​ថា​ដី​ដែល​គាត់​រស់នៅ​គឺជា​ដី​កេរ្តិ៍​ពី​ដូនតា​ តែ​គាត់​មិន​អាច​សុំ​សិទ្ធិ​កាន់​កាប់​បាន​។ តើ​ករណី​បែប​នេះ ច្បាប់​បាន​ពន្យល់​យ៉ាងម៉េ​ច​ដែរ​?


​ចំពោះ​ពលរដ្ឋ​ខ្លះ​ដែល​បាន​អះអាងថា​ដី​ដែល​គាត់​រស់នៅ​គឺជា​ដី​កេរ្តិ៍​ពី​ដូនតា​តែ​គាត់​មិនអាច​សុំ​សិទ្ធិ​កាន់កាប់បាន។ ករណីនេះ​ជួនកាល​គាត់​មិនបាន​ដឹងថា​ប្រភេទ​ដីធ្លី​ខ្លះ ជា​ប្រភេទ​កម្មសិទ្ធិសាធារណៈ​រប​ស់រ​ដ្ឋ មិនអាច​ក្លាយ​ជាការ​កាន់​កាប់​ដោយ​លទ្ធកម្ម​បានទេ មិនអាច​លក់ដូរ​បាន ហើយក៏​មិនអាច​កំណត់​អាជ្ញា​យុ​កាល​បានទេ​យោងតាម​ច្បាប់​ភូមិបាល​។ ដី​ជា​កម្ម​សិទ្ធិ​សាធា​រណៈ​រប​ស់រ​ដ្ឋ មាន​ដូចជាៈ​

-​ទ្រព្យ​កើត​ឡើង​ពី​ធម្ម​ជាតិ ដូចជា ព្រៃ​ឈើ ភ្នំ​ ផ្លូវទឹក​ បឹង​ធម្មជាតិ​ ច្រាំងទន្លេ ​ត្រើយ​សមុទ្រ​...​។​ល​។​

-​ទ្រព្យ​ទាំង​ឡាយ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​រៀប​ចំ​ ពិសេស​សម្រាប់​ប្រយោ​ជន៍​ទូទៅ មាន​ដូចជា កំពង់​ផែ ផ្លូវដែក តី​រ​ឋាន ស្ថានីយ​រថ​ភ្លើង ​និង​ព្រលាន​យន្ត​ហោះ​។​

-​ទ្រព្យ​ទាំងឡាយ​ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​តាម​ស្ថាន​ភាព​ពី​កំណើតឬ​ក្រោយពី​បានរៀបចំ មាន​ដូច​ជា ​ផ្លូវថ្នល់​ ផ្លូវលំ ​ផ្លូវ​រទេះ​ ផ្លូវ​ដើរ​ សួនច្បារ ​និង​ឧទ្យាន​សា​ធារណៈ និង​ដី​ចំណី​។​

-​ទ្រព្យ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សម្រាប់​សេវា​សាធា​រណៈ​មានដូច​ជា ​សា​លារៀន ឬ​អគារ​សិក្សា អគា​ររដ្ឋ​បាល មន្ទី​រពេទ្យសាធារណៈ​ទាំងឡាយ​។ ទ្រព្យ​ទាំងឡាយ​ដែល​បង្កើតជា​ដែន​បម្រុង​ធម្មជាតិ​ការពារ​ដោយ​ច្បាប់​ ។​

​បេតិក​ភណ្ឌ​បុរាណ​វិទ្យា វប្បធម៌ និង​ប្រវត្តិ​សាស្ត្រ​។ អចលន​ទ្រព្យ​ជា​ព្រះរាជ​ទ្រព្យ​ដែល​មិនមែន​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​ព្រះរាជ​វង្ស​។ អចលន​វត្ថុ ជា​ព្រះរាជ​ទ្រព្យ ត្រូវបាន​ចាត់​ចែង​ដោយ​ព្រះមហា​ក្សត្រ​កំពុង​គ្រង​រាជ្យ​។​

​មាន​ករណីខ្លះ​ប្លង់​កម្ម​សិទ្ធិ​ត្រួត​ស៊ីគ្នា ឬក៏​ចូល​ដី​អ្នក​ដ​ទៃ​រហូត​បង្កើតជា​ទំនាស់​កើត​ឡើង តើ​បញ្ហា​នេះ ខាងផ្នែក​ណា​ជា​អ្នក​ទទួល​ខុសត្រូវ​?

​ចំពោះ​ករណី​ប្លង់​កម្ម​សិទ្ធិ​ត្រួត​ស៊ីគ្នាឬក៏​ចូល​ដី​អ្នក​ដ​ទៃ​រហូត​បង្កើតជា​ទំនាស់​កើត​ឡើង អ្នក​ដែល​ទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​ មាន​ដូចជា ការ​ចូល​រួម​ដោះស្រាយ​រវាង​ភាគី​ទំនាស់ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គណៈ​កម្មការ​សុរិយោ​ដីធ្លី គណៈ​កម្មការ​រដ្ឋ​បាល អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​តុលា​ការ​។ និយាយ​រួមការ​ដោះស្រាយ​ទំនាស់​កើត​ឡើង ត្រូវ​មាន​ការ​ចូល​រួម​ពីគ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​។​

តាម​ច្បាប់​កា​ររស់នៅ​លើដី​ដោយ​សន្តិភាព​រយៈ​ពេល​៥​ឆ្នាំ​ឡើងទៅ គឺ​ពលរដ្ឋ​អាច​សុំ​សិទ្ធិ​កាន់កាប់​បាន តែ​ត្រូវ​ខាង​ជំនាញ​បដិសេធ​ដោយ​សំអាងថា ​ជា​ដី​រដ្ឋ លុះ​ក្រោយមក​ ដី​នេះ​ក៏​ក្លាយជា​កម្មសិទ្ធិ​អ្នក​ផ្សេង​។ តើ​ករណី​បែបនេះ​ខាងណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​?

តាមច្បាប់​កា​ររស់នៅ​លើដី​ដោយ​សន្តិភាព​រយៈ​ពេល​ ៥ ​ឆ្នាំ​ឡើងទៅ ដោយបាន​អាស្រ័យ​ផលនៃ​ភោគៈ ដោយ​សន្តិវិធីនិង​មិន​មានកា​រជំទាស់ មាន​លក្ខណៈ​ត្រឹម​ត្រូវ​តាម​ច្បាប់​ក្នុងការ​កាន់​កាប់​ជា​ឯកជន គឺ​ពលរដ្ឋ​មាន​សិទ្ធិ​ស្នើសុំ​បណ្ណកម្មសិទ្ធិ​ជា​ស្ថាពរ​បាន​។ ចំពោះ​ខាង​ជំនាញ​បដិសេធ​ដោយ​សំអាងថា​ជា​ដី​របស់​រដ្ឋ​នោះ ប្រជា​ពលរដ្ឋ​ត្រូវយក​ភ័ស្តុតាងមក​បញ្ជាក់​ទៅខាង​ជំនាញ​ថា ខ្លួន​បាន​បំពេញ​លក្ខខ​ណ្ឌ នៃ​ភោគៈ​ដោយ​សន្តិវិធី និង​មិន​មាន​ការជំទាស់​ចាប់ពី ៥ (​ឆ្នាំ​)នៅលើ​អចលនវត្ថុ​នោះ ជាពិសេស​ការ​កាន់​រប​ស់​ខ្លួនគឺ​ធ្វើ​ឡើង​ដោយ​ពិតប្រាកដ គ្មាន​ហិ​ង្សា ដឹង​ឮ ជា​សាធារ​ណៈគ្មាន​ការ​អាក់​ខាន និង​ដោយ​សុចរិត​។ យោង​តាម​មាត្រា ៣០ និង ៣៨ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ ​២០០១។

ក្នុង​ករណី​រកឃើញ​ថា​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​កើត​ឡើង​ពី​ការ​ឃុប​ឃិត​គ្នាឬ​មាន​ការ​សូក​ប៉ាន់ តើ​អ្នក​ប្រព្រឹត្ត ប្រឈម​នឹង​ទោស​យ៉ាង​ណា​?

​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​កើត​ឡើង​ពី​ការ​ឃុប​ឃិត​គ្នាឬ​មាន​ការ​សូកប៉ាន់ដោយ​កសាង​បណ្ណ​ដោយ​បំពាន ​អ្នក​ដែល​ប្រព្រឹត្ត​ ទាំង​មន្ត្រីឬ​អាជ្ញាធរ ប្រឈម​នឹងការ​​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០ ០០០ ០០០ (​ដប់​លាន​) រៀល និង​ត្រូវ​ទទួល​ទោស​រដ្ឋបាល​ថែម​ទៀត​។ ជា​ពិសេស​ បើ​ការដកហូត​អចលនវត្ថុ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ហិង្សា ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ ៦ (​ប្រាំមួយ​) ​ខែ ដល់ ២ (​ពីរ​)​ឆ្នាំ ថែមទៀត​។ យោងតាម​មាត្រា ២៦១ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​។​

តាម​ច្បាប់​តើ​ពលរដ្ឋ​មាន​សិទ្ធិ​សុំ​កម្ម​សិទ្ធិ​លើដី ភ្នំ ឬ​បឹង​បានដែរ​ទេ​? បើ​បាន ឬ​មិន​បាន តើ​មូល​ហេតុ​អ្វី​?

ដូច​ដែល​បាន​បកស្រាយ​សំណួរ​ខាង​លើ​រួចមក​ហើយ តាម​ច្បាប់​ភូមិបាល ដីភ្នំ ឬ​ដី​បឹង គឺ​សុទ្ធ​សឹង​តែ​ជា​ទ្រព្យ សម្បត្តិ​សាធា​រណៈ​របស់​រដ្ឋគឺ​មិនអាច​លក់ដូរបានឡើយ ហើយ​កម្មសិទ្ធិ​នៃ​ទ្រព្យ​ទាំង​នោះ មិន​អាច​កំណត់​អាជ្ញា​យុ​កាល​បាន​នោះទេ​។ យោង​តាម​មាត្រា​១៥ និង១៦ នៃ​ច្បាប់​ភូមិ​បាល​ឆ្នាំ​២០០១​៕