ភ្នំពេញ៖ ស្រី​ស្រស់ រាង​តូច​ច្រឡឹង​​មាន​វ័យ​ ២៣ ឆ្នាំ ​ដែល​ធ្លាប់​មាន​មុខ​ក្នុង​ការ​សម្តែង​ MV ចម្រៀង​​បទ ​«កង់បី» របស់​កំពូល​​តារា​​ចម្រៀង​​ប្រុស​​ ព្រាប​ សុវត្ថិ​ នៅ​ផលិតកម្ម​ហ្គាឡាក់ស៊ី​ កញ្ញា ភឹម ស្រីនោ នឹង​ប្រើប្រាស់​នូវ​បទពិសោធ​ខ្លួន​​​បាន​​​ចូល​ប្រកួត​​កាល​ពី​​ ៣ ​ឆ្នាំ​មុន​ម្តង​ និង​ការ​​​ត្រៀម​ខ្លួន​​​រយៈពេល​ច្រើន​ឆ្នាំ​​នេះ ដើម្បី​ការ​ប្រកួត​​ប្រជែង​យក​​តំណែង​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ ​២០២១​​។


ស្រី​ស្អាត ដែល​ជា​កូន​ចៅ​អ្នក​ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ​ចេះ​ភាសា​ថៃ​ស្ទាត់​ជំនាញ ដោយ​​​សារ​ធ្លាប់​បាន​​​ទៅ​រស់នៅ​ប្រទេស​ថៃ និង​រៀន​​ភាសា ​កាល​ពី​នៅ​​​វ័យ​ជំទង់​​ ភឹម ស្រីនោ​ បង្ហើប​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​មូលហេតុ​​នៃ​ការ​វិល​ចូល​មក​ប្រកួត​កម្មវិធី​កញ្ញាឯក​ដ៏​អស្ចារ្យ​កម្ពុជា​ឆ្នាំ​ ២០២១ (Miss Grand Cambodia 2021)​​ ក្រោយ​ពី​ធ្លាប់​​​ចូលរួម​ប្រកួត​ម្តង​កាល ​នៅ​​ឆ្នាំ​ ២០១៨ មក​នោះ​​។


កញ្ញា ស្រីនោ បាន​បញ្ជាក់​​ថា៖ «​មូលហេតុ​​​ដែល​នាង​​ខ្ញុំ​​​ដាក់​ពាក្យ​​ប្រកួត​ គឺ​នាង​ខ្ញុំ​ ចង់​ក្លាយ​ជា​បវរកញ្ញា​រយៈពេល​​ជា​យូរ​មក​ហើយ​។ វា​ជា​​​រឿង​ធម្មតា​ទេ ​​ដែល​​មនុស្ស​ស្រី​ជា​ច្រើន​រូប​ប្រាថ្នា​ចង់​ស្លៀក​សម្លៀក​បំពាក់​​​ស្អាតៗ​ ចង់​តុបតែង​ខ្លួន​ឱ្យ​ស្អាត​ ចង់ពាក់​ស្បែក​ជើង​កែង​​ខ្ពស់​​ដើរ ហើយ​ក៏​ចង់​ឃើញ​ពេល​មួយ ​ដែល​​មាន​ទស្សនិកជន​​ញញឹម និង​ទះដៃ​​សាទរ​»។​


ស្រី​ស្រស់​ ដែល​ចេះ​ភាសាថៃ​ស្ទាត់​រូប​នេះ ​ក៏​បង្ហាញ​ពី​ក្តី​សង្ឃឹម​ក្នុង​ការ​ប្រកួត​ Miss Grand Cambodia 2021​ ថា៖ «ការ​រំពឹង​របស់​នាង​ខ្ញុំ គឺ​​ខ្ពស់​គួរ​សម​ ​ព្រោះ​នាង​ខ្ញុំ​បាន​ត្រៀម​​ខ្លួន​រួច​រាល់​​​សម្រាប់​​​ការ​ប្រកួត​ដូច​​ជា​​ការ​ហាត់ប្រាណ​ ដើម្បី​ឱ្យ​មាន​រាង​ស្អាត និង​រៀន​ដើរ​ម៉ូដ​ជាដើម។ ប៉ុន្តែ​​នាងខ្ញុំ​ ក៏​នៅ​​​មាន​អារម្មណ៍ បែប​រាង​ភ័យ​បន្តិចបន្តួច​ផង​​ដែរ។​ នាង​ខ្ញុំ​នឹង​នាំ​យក​បទពិសោធ​ពី​មុន ​មក​ប្រើ​លើ​វិស័​យ​នេះ​​​ម្ដង​ទៀត ហើយ​នឹង​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​​ល្អ​ជាង​មុន»។​


គួរ​​បញ្ជាក់​ដែរ​ថា កម្មវិធី​ប្រកួត​ប្រជែង​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា ឆ្នាំ ២០២១ ​កំពុង​​តែ​​ទទួល​បេក្ខនារី​ចូលរួម​ប្រកួត​បណ្តើរៗ​​ ដោយ​លក្ខខណ្ឌ​ជ្រើសរើស​ចាប់​​ពី​ ១៧ ឆ្នាំ រហូត​ដល់​ ២៧ ឆ្នាំ មាន​កម្រិត​វប្បធម៌​​ចប់​បាក់ឌុប​ ឬ​ថ្នាក់​ទី​១២ មាន​ចំណេះដឹង​ភាសា​​​​បរទេស​ ឬ​អង់គ្លេស​អាច​ប្រើ​ការ​បាន​ មាន​​​​អត្ត​ចរិតស្លូត​​បូត សុភាព​រាប​សា។​ ​​ការ​ទទួល​ពាក្យ​បេក្ខភាព​ គឺ​ចាប់​​ពី​ថ្ងៃទី ១ ខែ​កក្កដា ដល់​ថ្ងៃទី ​៣១ ខែ​ សីហា ឆ្នាំ ២០២១៕