ក្រុង​អាប៊ូដាប៊ី៖ ជា​ការ​ប្រារព្ធ​វប្បធម៌​ និង​បេតិកភណ្ឌ​កសិកម្ម​របស់​អារ៉ាប់​រួម​ និង​គាំទ្រ​ដល់​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​ពិធី​បុណ្យ​ផ្លែ​លម៉ើ​លើក​ទី១៧ ក្នុង​ទីក្រុង Al Dhafra ប្រទេស​អារ៉ាប់រួម​ ​​បញ្ចប់​ស្រប​តាម​បទដ្ឋាន​កូវីដ ១៩។


ពិធី​បុណ្យ​លើក​ទី១៧ ត្រូវ​បាន​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃទី ១៥ ដល់ ២៥ ខែ​កក្កដា ​នេះ​បាន​ផ្ដល់​ប្រាក់​​រង្វាន់​តម្លៃ​ជាង​ ២,២៣ ​លាន​ដុល្លារ ដល់​អ្នក​ឈ្នះ​ការ​ប្រកួត​ ២២ ​នាក់។


ជា​រៀងរាល់​ឆ្នាំ​ កសិករ​រាប់​ពាន់​នាក់​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​រង្វាន់​ក្នុង​ការ​​ដាំ និង​ប្រមូល​ផល​លម៉ើ​​ក្នុង​លក្ខខណ្ឌ​ខុសៗ​គ្នា​ ដូចជា​ប្រភេទ​​​ទម្ងន់​ធ្ងន់ រសជាតិ​ឆ្ងាញ់ និង​ដើម​បែក​មែក​ល្អ​ជា​ដើម។


ឆ្នាំ​នេះ ​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​​ស្រប​តាម​វិធានការ​សុខាភិបាល ដោយ​ពុំ​មាន​វត្តមាន​ទេសចរ​ចូលរួម ក្រៅ​តែ​ពី​អ្នក​ពាក់ព័ន្ធ​ និង​បណ្ដា​កសិករ​ដែល​តម្រូវ​ឱ្យ​ពាក់ម៉ាស់​ជា​ចាំបាច់ ។


អ្នក​ចូលរួម​ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង និង​របាយការណ៍​​តេស្ត PCR អវិជ្ជមាន​ ទើប​មាន​សិទ្ធិចូល​​។


​អ្នក​ដាំ​លម៉ើពូជ Dabas និង Khalas បង្ហាញ​ផលានុផល​​ក្នុងពិធីបុណ្យលម៉ើ​លើកទី​១៧។ AFP

ព្រឹត្តិការណ៍​នេះ​ផ្តល់នូវ​ឱកាស​ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​ដើម​លម៉ើ​​​ក្នុង​វប្បធម៌​អេមីរ៉ាត​ និង​ដើម្បី​ភ្លក្ស​រសជាតិ​ផ្លែ​លម៉ើ​ដ៏​សម្បូរបែប​​ជា​ច្រើន​ពូជ ច្រើន​ប្រភេទ​ផង​ដែរ។

ក្នុង​ប្រវត្តិសាស្ត្រ​​​​អារ៉ាប់​រួម​ ដើម​លម៉ើ​​ជា​និមិត្តរូប​ជាតិ​នៃ​បេតិកភណ្ឌ ​និង​ជា​ប្រភព​ស្បៀង​ដ៏​សំខាន់​។

លោក អ៊ីសា សាអីហ្វ អាល់ម៉ារ៉ូអ៊ី​ អនុប្រធាន​គណៈកម្មាធិការ​កម្មវិធី​វប្បធម៌​ និង​គណៈកម្មាធិការ​បេតិកភណ្ឌ​ បេតិកភណ្ឌ​អាប៊ូដាប៊ី​​ ​និយាយ​ថា​ការ​ប្រកួត​ចំនួន ២២ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ពិធីបុណ្យ​នេះ។

ប្រជាកសិករ​មក​ពី​ទូទាំង​អារ៉ាប់​រួម​​បាន​​ចូលរួម​ក្នុង ១១ រូប៊ី​អាល់ដាបាស Mazayna​។ ការ​ប្រកួត​ផ្លែ​ឈើ​ចំនួន​ ៧ សម្រាប់​អ្នក​​ធ្វើ​កសិកម្ម​សួន​ច្បារ​ ការ​ប្រកួត​ប្រជែង​ចំនួន ​៣ សម្រាប់​កសិដ្ឋាន​​គំរូ​ពី​អ្នក​ចូលរួម​ដែល​ជា​កម្មសិទ្ធិ​របស់​ភាគ​ខាង​កើត​ និង​ខាងលិច Liwa និង Al Dhafra​ និង​ការ​ប្រកួតប្រជែង​សិប្បកម្ម។

លោក​ អាល់​ម៉ារ៉ូអ៊ី បាន​និយាយ​ថា ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រកួត​ប្រជែង​ លោក អាថេម អាល់​ ដាបាស ម៉ាហ្សេណា តែ​ឯង​បាន​ឈ្នះ​ប្រាក់​រង្វាន់​ពី​ការ​ប្រកួត​ផ្ទួនៗ​ រួម​មាន​ផ្លែ​លម៉ើ​ទំហំ​ធំ​ជាង​គេ ​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ ២០ ម៉ឺន​ដុល្លារ​អាមេរិក៕ AFP/HR