ក្រុង​ឡុងដ៍៖ ជាង​កាត់​សក់​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​កំពុង​ត្រូវ​បាន​ជំរុញ​ឱ្យ​ធ្វើអ្វីៗ​ដើម្បី​បរិស្ថាន ​ដោយ​ការ​កែច្នៃ​កម្ទេច​សក់​​កាត់​រួច ​ដើម្បី​ជួយ​សម្អាត​ការ​ធ្លាយ​​ប្រេង​ចូល​ប្រភព​​ទឹក​ ​ធ្វើ​ជា​ជី​កំប៉ុស ​ឬ​ច្នៃ​ជា​​​ថាមពល​កកើត​​ឡើង​វិញ។


នៅ​សាឡន​​ភាគ​ខាង​លិច​​ក្រុង​ឡុងដ៍ លោក​ ​ហ្វ្រី ថេល័រ​ ជា​ស្ថាបនិក​ម្នាក់​នៃ​​​សហករណ៍​សាឡន​បៃតង ​បង្ហាញ​ពី​កម្ទេច​​សក់​​​ប្រើ​ក្នុង​តម្រង​ចម្រោះ​។


សំណុំ​សក់​​ខ្ចប់​​​សំណាញ់​កប្បាស​​ត្រូវ​​​បាន​​ទម្លាក់​ក្នុង​កូន​អាង​ទឹក​កញ្ចក់ ស្រាប់​តែ​ស្រូប​ជាតិ​កខ្វក់​​ និង​ប្រេង​​​។


អតីត​ជាង​កាត់​សក់​រូប​នេះ​​​ប្រាប់​ AFP ថា៖ «សក់​​​នឹង​ស្រូប​យក​តាម​ធម្មជាតិ​របស់​វា ហើយ​នេះ​ គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត​»។


សក់​មួយ​គីឡូ​អាច​ស្រូប​យក​ប្រេង​រហូត​ដល់ ៨ ​លីត្រ។​​


គំនិត​នៃ​ការ​ប្រើប្រាស់​សក់​ជា​​តម្រង​ស្រូប​បឺត​ប្រេង ត្រូវ​បាន​ផ្ដួច​ផ្ដើម​ដំបូង​​​នៅ​សហរដ្ឋអាមេរិក​ ហើយ​ត្រូវ​បាន​អនុវត្ត​សាកល្បង​រួច​មក​ហើយ​នៅ​ក្នុង​គ្រោះ​មហន្តរាយ​ពេល​​នាវា​ដឹក​ប្រេង​ជប៉ុន​ ១ គ្រឿង ​​​លិច​នៅ​ឆ្នេរ​សមុទ្រ​​ម៉ូរីស​ កាល​ពី​ឆ្នាំ​មុន។

សហករណ៍​​បាន​ឱ្យ​ដឹង​ថា​ កាក​សំណល់​​ពី​ឧស្សាហកម្ម​កាត់​សក់​នៅ​ចក្រភព​អង់គ្លេស​ជា​រៀងរាល់​ឆ្នាំ​អាច​​ចាក់​​បំពេញ​កីឡដ្ឋាន​បាល់ទាត់​​ ៥០។

សំរាម​ភាគ​ច្រើន​រួមមាន​ក្រដាស​អាលុយមីញ៉ូម​​​ស្រោប​សក់ ទឹក​ថ្នាំ​ប្ដូរ​​ពណ៌​ និង​សក់​កាត់​រួច ៩៩ ​ភាគរយ​ ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ចាក់​សំរាម។

លោក ថេល័រ ​បន្ដ​ថា៖ «បច្ចុប្បន្ន​​នៅ​អង់គ្លេស​មាន​ប្រមាណ​​ ៣ ម៉ឺន​ហាង​សាឡន ​និង​ជាង​សាឡន​ ១០ ម៉ឺន​នាក់​​​ ដែល​កំពុង​តែ​ចាក់​អ៊ីដ្រូហ្ស៊ែន​ពែរ៉ូស៊ីដ និង​អាម៉ូញាក់​ទៅ​ក្នុង​​ទឹក។

ជាង​កាត់​សក់​ អាដាម​ រីដ ​​ជា​ម្ចាស់​ហាង​សាឡន​​មួយ​នៅ​សង្កាត់​ស្ពីដ-ថលហ្វៀលស៍ ឯ​ក្រុង​ឡុងដ៍​ គឺ​ជា​អ្នក​ប្ដូរ​ផ្ដាច់​នឹង​បេសកកម្ម​កែច្នៃ​សំរាម​ ហើយ​ថែម​ទាំង​បាន​​ពន្យល់​សកម្មភាព​​សាឡន​ជួយ​បរិស្ថាន​នេះ​​ដល់​អតិថិ​ជន​ទៀត​ផង។

ជាង​កាត់សក់​នៅ​អង់គ្លេស​នាំ​គ្នា​ចូលរួម​ប្រមូល​សំរាម​សក់​​កែ​ច្នៃ​ជា​ជី​កំប៉ុស​​​។ រូបថត AFP

លោក អាដាម ដែល​មិន​ស្ដាយ​នឹង​ចំណាយ ១៩០ ​ដុល្លារ ​ចូល​ជា​សមាជិក​សហករណ៍​សាឡន​បៃតង​​និយាយ​ថា៖ «វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ថា​ ចីរភាព​​ក្នុង​ហាង​សាឡន​ គឺ​ជា​អ្វី​ដែល​យើង​មើល​រំលង និង​ពុំ​បាន​អនុវត្ត​យូរ​​ហើយ»។

លោក​បញ្ជាក់​ថា៖ «យើង​​​ដាក់​ធុង និង​ស្លាក​បែង​ចែក​ប្រភេទ​សំរាម​ខុសៗ​គ្នា​ ដូចជា សក់ ក្រដាស​អាលុយមីញ៉ូម និង​ថ្នាំ​ប្ដូរ​ពណ៌​សក់​ជាដើម​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រក​វា»។

បន្ថែម​ពី​លើ​ការ​ប្រើ​សក់​សម្អាត​ទឹក​កខ្វក់​ដោយ​​ប្រេង សក់​ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​​ជី​កំប៉ុស មាន​ផ្ទុក​អាសូត​សម្បូរបែប​ជួយ​ជី​បំប៉ន​រុក្ខជាតិ​ដ៏​ល្អ។

សមាជិក​សហករណ៍​​លោក រ៉ាយអេន ក្រូហ្វដ ​ជា​ម្ចាស់​ហាង​សាឡន​នៅ​​ក្រុង​មីលធិន ឃីណេស ភាគ​ពាយព្យ​នៃ​ទីក្រុង​ឡុង​ដ៍ បាន​ពិសោធ​យក​សក់​ដាំ​កូន​ស្ពៃ​ក្ដោប​នៅ​សួន​ច្បារ​​។

លោក​​និយាយ​ថា៖ «កម្ទេច​សក់​ដើរ​តួ​ជា​​របាំង​ការពារ​ជុំវិញ​កូន​រុក្ខជាតិ​ពី​សត្វ​ល្អិត​ចង្រៃ​ ហើយ​វា​ជួយ​ផ្ដល់​សំណើម និង​ជីវជាតិ​ដល់​ដី​»។

កាល​ពី​ឆ្នាំ​មុន សាឡន​ប្រមាណ​ ៦០០ ហាង​​ក្នុង​ចក្រភព​អង់គ្លេស ​និង​អៀរឡង់​​​ចូលរួម​សហករណ៍​សាឡន​បៃតង ដែល​បាន​ប្រមូល​សក់​ប្រហែល ៥០០ គីឡូក្រាម៕ AFP/HR