ភ្នំពេញ៖ កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ K-POP World Festival ដែល​​ទទួល​​ការ​ចាប់​អារម្មណ៍​​ខ្លាំង​​​ពី​សំណាក់​​​​យុវជន​​​កម្ពុជា ​​ស្រឡាញ់​ក្រុម​​ K-POP​ និង​បាន​រៀបចំ​​ឡើង​ ដោយ​ស្ថានទូត​​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​​ពី​ក្រុមហ៊ុន​ K''ve Ent​er​tain​ment ​បាន​​រក​​​ឃើញ​​​​​ក្រុម​​ជយលាភី​ប្រចាំ​ឆ្នាំ​ ២០២១​។


ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​សិល្បៈ K-POP World Festival ​ដែល​បាន​ប្រារព្ធ​​កម្មវិធី​​ក្នុង​​​​ប្រទេស​​កម្ពុជា​ មាន​តាំង​ពី​​​ឆ្នាំ​ ២០១១ មក​​​ ខណៈ​កម្មវិធី​ប្រកួត​​​ប្រចាំ​ឆ្នាំ​នេះ​​​មាន​​ចំនួន ៤៥​ ក្រុម​​បាន​ដាក់​ពាក្យ​​​​ចូលរួម​​​​ប្រកួត​តាម​លក្ខណៈ​​​​អនឡាញ ដែល​បាន​​ប្រកាស​លទ្ធផល​កាល​ពី​ថ្ងៃទី​ ២៣ ខែ​​កក្កដា ឆ្នាំ​ ២០២១​ កន្លង​មក​។ កម្មវិធី​នេះ ​​​មាន​​​កិច្ចការ​សហការ​គ្នា​​ពី​​​ខាង​ស្ថានទូត​សាធារណ​រដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​​កម្ពុជា ​មាន​​លោក​​ស្រី Lim Chae Young ​លេខា​ទី២ របស់​ស្ថានទូត​កូរ៉េ ជា​តំណាង និង​លោកស្រី​ Na Yun Jung ជា​នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន K''ve Entertainment​។​


បើ​តាម​​សុន្ទរកថា​អបអរ​សាទរ​របស់​​លោក​ ផាក​​ ហ៊ឹងខ្យង់​ ជា​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ​ថ្លែង​លើក​ទឹក​ចិត្ត​ថា៖ «​ខ្ញុំ​សូម​អរគុណ​ដល់​គណៈកម្មការ​វាយ​តម្លៃ​​នៃ​ការ​ប្រកួត​កម្មវិធី​ K-POP របស់​ក្រុមហ៊ុន K''ve Entertainment និង​យុវជន​កម្ពុជា​​ដែល​មាន​ចំណាប់​អារម្មណ៍​​ខ្ពស់ និង​​​​ផ្តោត​ការ​យក​ចិត្ត​ទុក​​ដាក់​ចំពោះ​កម្មវិធី K-POP ហើយ​បាន​​ត្រៀម​ខ្លួន​យ៉ាង​ស្វាហាប់​ ទោះ​​បី​ជា​មាន​​ស្ថានភាព​លំបាក​​ដោយ​ជំងឺ​កូវីដ ១៩ ​ក៏​ដោយ»​។​


លោក​បាន​​បន្ថែម​​ថា​៖​ «កម្មវិធី​ K-POP​ នេះ ក៏​​​​ជា​​បណ្តាញ​​​ដ៏​រឹងមាំ​នៅ​ក្នុង​ការ​ផ្សារ​​ភ្ជាប់​ទំនាក់ទំនង​ ​រវាង​យុវជន​កូរ៉េ ​និង​យុវជន​​​កម្ពុជា ដែល​មាន​ការ​យល់​ដឹង​ និង​មាន​ភាព​រីករាយ​​ជាមួយ​​នឹង​សម្រស់​​នៃ​​សិល្បៈ»។​


ក្រុម​លេខ ២ បាន​ប្រាក់ ៥០០ ដុល្លារ និង​លេខ ៣ បាន ​៣០០ ដុល្លារ​។ សហ​ការី


បើ​តាម​សេចក្តី​​ប្រកាស​​ព័ត៌មាន​នៃ​ស្ថានទូត​សាធារណ​រដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា​ កម្មវិធី​ប្រកួត​​ប្រជែង​​​សិល្បៈ K-POP World Festival​ ឆ្នាំ​នេះ បាន​រក​ឃើញ​ជយលាភី​លេខ ១ ដល់​លេខ​ ៣ ដោយ​ត្រូវ​​បាន​​ជ្រើសរើស​តាមរយៈ​ការ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌​ពី​ក្រុម​​គណៈកម្មការ​វាយ​តម្លៃ។​ សម្រាប់​ចំណាត់​​ថ្នាក់​លេខ​ ១ ទទួល​បាន​ប្រាក់​ចំនួន​ ១ ០០០ ដុល្លារ ចំណាត់​លេខ ២ ​ទទួល​បាន​​ប្រាក់​​​ចំនួន ៥០០ ដុល្លារ និង​ចំណាត់​ថ្នាក់​លេខ ៣ ​បាន​​​ប្រាក់​ចំនួន ៣០០ ដុល្លារ​។​ លើស​ពី​នេះ​​ក៏​មាន​​​​​រង្វាន់​ដូចជា​អាល់ប៊ុម​ ​K​-​P​​​O​P​​ ​ឈុត​ម៉ាស់​បិត​មុខ និង​សាប៊ូ​កក់​សក់​ ​​ផ្តល់​​​ជូន​អ្នក​ចូលរួម​ផង​ដែរ។​

តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​ខាង​លើ​បាន​បន្ត​​ឱ្យ​ដឹង​ទៀត​ថា៖ «គោល​​បំណងនៃ​ការ​រៀបចំ​កម្មវិធី​ប្រកួត​​ប្រជែង​​​​ K-POP World Festival​​ នេះ​​​ធ្វើ​​​ឡើង​ដើម្បី​ធ្វើ​ការ​ជ្រើសរើស​​អ្នក​​​តំណាង​របស់​​ប្រទេស​​​​​​កម្ពុជា​ ​សម្រាប់​​​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​អន្តរ​ជាតិ​​ធំ​វគ្គ​ទី១​ និង​ទី២ នៅឯ​​ទីក្រុង​​​សេអ៊ូល​​ និង​​វគ្គ​​ផ្តាច់​​​​ព្រ័ត្រ​​​នៅ​ទី​ក្រុង​ឆាំងវ៉ុន ​(Changwon) ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​​ក្នុង​ខែ​តុលា ឆ្នាំ​ ២០២១​ តាម​​អនឡាញ។

ខណៈ​ស្ថានទូត​​​​សាធារណ​​រដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​​កម្ពុជា និង​​ក្រុមហ៊ុន K''ve Entertainment ​បាន​រៀបចំ​ការ​​ប្រកួត​ជម្រុះ​​​​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​​ទី ​៦ ដល់​ទី​ ១៦ ខែ​កក្កដា និង​ប្រកាស​លទ្ធផល​​នៅ​ថ្ងៃទី​ ២៣ ខែ​ កក្កដា ឆ្នាំ​ ២០២១»។​

ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ​លើ​ក្រុម ​Dinest​ ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​លើ​​ក្រុម​ One Time និង​ចំណាត់​​​ថ្នាក់​លេខ ៣ បាន​ទៅ​កញ្ញា​ កែវ រតនា (Keo Ratana) ឯ​ក្រុម​រាំ​ក្រុម​រាំ​ចម្រុះ​ ដែល​មាន​សមាជិក ១១ នាក់​ មាន​ឈ្មោះ​ Dinest ទទួល​បាន​ជយលាភី​កិត្តិយស។​

តំណាង​ក្រុម​រាំ​ជយលាភី​ Dinest បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ K-POP នេះ​​ថា៖ «​ចាប់​តាំង​ពី​ខ្ញុំ​​​ស្គាល់​​ក្រុម K-POP និង​ក្រុម idol កូរ៉េ មក​ក៏​មាន​ចំណូល​ចិត្ត​ចង់​រៀន​រាំ ហើយ​​​ក្រុម​រាំ​របស់​ខ្ញុំ ក៏​បង្កើត​​មាន​ឡើង។​​ មាន​អារម្មណ៍​​ថា​ ជីវិត​ប្រចាំ​ថ្ងៃ​​ធម្មតា​របស់​ខ្ញុំ​បាន​ផ្លាស់​ប្តូរ»។​

ក្រុមរាំ​ជយ​លាភី​នោះ​ ក៏​បាន​ថ្លែង​ពី​អារម្មណ៍​​ទទួល​​បាន​​ជ័យជម្នះ​របស់​ខ្លួន​​​ដែរ​ថា៖​ «​យើង​បាន​ចូលរួម​​ក្នុង​ព្រឹត្តិការណ៍​នេះ ដើម្បី​ឱ្យ​គណៈកម្មការ​​វិនិច្ឆ័យ​ និង​​ទស្សនិកជន​បញ្ជាក់​ពី​សមត្ថភាព​របស់​យើង ហើយ​យើង​ខ្ញុំ​សូម​​ថ្លែង​អំណរគុណ​ជា​អនេក​ និង​សម្តែង​ក្តី​​រីករាយ​​ណាស់ ​ដែល​ទទួល​បាន​​លទ្ធផល​​ល្អ​»។

សម្រាប់​​វីដេអូ​ ដែល​ទាក់ទង​នឹង​ព្រឹត្តការណ៍​ប្រកួត​សិល្បៈ ​K-POP World Festival​​ ឆ្នាំ​នេះ ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ និង​តាម​​គណនី​​ហ្វេសប៊ុក​​ក្រុមហ៊ុន​ K''ve Entertainment​៖ ​https: //www.facebook.com/KVEentertainment ប្រសិន​បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ចង់​ទស្សនា​​​នូវ​កម្មវិធី​នេះ​ឡើង​វិញ៕​

ក្រុមរាំចម្រុះ​ជា​​ជយលាភី​កិត្តិយស មាន​សមាជិកចំនួន​ ១១ នាក់ នៃ​កម្ម​វិធី K-POP World Festival។ រូបថត សហ​ការី