ភ្នំពេញ៖ ខណៈ​កម្មវិធី​ប្រកួត​កញ្ញាឯក​​កម្ពុជា​នានា​​​ប្រចាំ​ឆ្នាំ​ ២០២១​ កំពុង​តែ​​ទទួល​បេក្ខភាព​ឱ្យ​​ចូលរួម​បណ្តើរៗ​​​នោះ ស្រាប់​តែ​​​អ្នក​គាំទ្រ​​​តារា​ស្រី​​ស្អាត​ សាច់​សខ្ចី រាង​ស្រលូន​ ខ្ពស់​ស្រឡះ​ ពេជ្រ ​វត្តីសារ៉ាវឌ្ឍី ជំរុញ​ឱ្យ​​​ដាក់​ពាក្យ​ចូល​ប្រកួត​​កម្មវិធី​បវរកញ្ញា​ចំនួន ២​ ដែល​ស័ក្តិសម​​​នឹង​កញ្ញា​។​


សព្វ​ថ្ងៃ​នេះ កញ្ញា ពេជ្រ​ វត្តីសារ៉ាវឌ្ឍី មាន​វ័យ ២១​ ឆ្នាំ ​កម្ពស់​ ១,៧៧ ម៉ែត្រ ​មាន​ស្រុក​កំណើត​​​នៅ​​ខេត្ត​​ព្រះសីហនុ​ ​ជា​តារា​សម្តែង​ និង​​ម៉ូដែល បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ទេសចរណ៍​។​​ កញ្ញា​ធ្លាប់​​​​​ត្រូវ​​គេ​ស្គាល់​ថា​​ ជា​តារា​សម្តែង​ស្រី និង​តារា​​បង្ហាញ​ម៉ូដ​ដ៏​មាន​ទេពកោសល្យ​ម្នាក់​ ដោយ​ធ្លាប់​បាន​​​​សម្តែង​​​​ភាពយន្ត​​ភាគ ​ភាពយន្ត​ខ្លី ​និង​ភាពយន្ត​​អប់រំ​មួយ​ចំនួន​​​ក្នុង​តំណែង​ជា​​តួឯក​ផង​ដែរ រួម​​មាន​ដូច​​ជា​​រឿង ​«ប្តី​គេ»​ និង​​​រឿង «ខ្មោច​ខ្លឹម​​ត្រាច»​​ ជាដើម។


មិន​តែ​​ប៉ុណ្ណោះ​ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏​ជា​បេក្ខនារី​ពាក់​ស្លាក​លេខ​ ៩ ​​ធ្លាប់​បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់​​ផ្អើល​ខ្លាំង​នឹង​​​រូប​​សម្រស់​អម​ ដោយ​សមត្ថភាព​លេច​ធ្លោ​ក្នុង​ការ​ប្រកួត​កម្មវិធី​​កញ្ញាឯក​​ Miss Cambodia 2020​ ផង​ដែរ។​ សម្រាប់​លទ្ធផល​​​ចុង​ក្រោយ​​កញ្ញា​បាន​ជាប់​ជា​កញ្ញាឯក​​​រង​ទី១​ (1st Runner-up ) នៃ​កម្មវិធី Miss Cambodia 2020​។​


ដោយ​ឡែក​​​​​ក្នុង​ឆ្នាំ​ ២០២១​ នេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ​ស្រាប់​តែ​​ត្រូវ​​​ក្រុម​​អ្នក​គាំទ្រ​ជា​ច្រើន​​ ​លើក​​ទឹក​​​​ចិត្ត​​ជំរុញ​ឱ្យ​កញ្ញា​ដាក់​​ពាក្យ​​ចូលរួម​ប្រកួត​​​ក្នុង​កម្មវិធី​​ប្រកួត​បវរកញ្ញា​ចំនួន​ ​២ ​ក្របខ័ណ្ឌ​​ផ្សេង​គ្នា​ គឺ​ការ​ប្រកួត​​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​ ២០២១ និង​ការ​ប្រកួត​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ ​២០២១​។​


ស្រីស្រស់​​ដែល​មាន​ទម្រង់​មុខ​ញញឹម​ស្រស់​ ​មាន​កម្ពស់​សមសួន​​​នឹង​រូបរាង​អម​ដោយ​ចំណេះដឹង​គួរ​ឱ្យ​​​សរសើរ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ទេសចរណ៍​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​​ថា៖ «តាម​ពិត​ទៅ​នាង​ខ្ញុំ​​ក៏​ចង់​ចូលរួម​​ប្រកួត​ដែរ។ តែ​សម្រាប់​ឆ្នាំ​នេះ​ ដោយសារ​ខ្ញុំ​នៅ​ជាប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ ខណៈ​ពេល​ខ្ញុំ​​​​ចូលរួម​កម្មវិធី​​កញ្ញាឯក​​ Miss Cambodia 2020​ នៅ​ឡើយ។ ​សម្រាប់​​ឆ្នាំ​ ២០២១​ នេះ នាង​ខ្ញុំ​មិន​​អាច​​ប្រកួត​បាន​ឡើយ​»។​


តារា​​​សម្តែង និង​តារា​ម៉ូដែល​ស្រី​សាច់​សខ្ចី រាង​ស្រលូន ដែល​មាន​ស្រុក​កំណើត​រស់នៅ​ខេត្ត​ព្រះសីហនុ កញ្ញា ​ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏​បង្ហើប​​​​ពី​គោលដៅ​ខ្លួន​ឆ្នាំ​ក្រោយ​ផង​ដែរ​ថា៖ «ដូច្នេះ​​ឆ្នាំ​ ២០២១ ​នេះ អាច​​ជា​​​វេលា​ទុក​ឱ្យ​នាង​ខ្ញុំ​ដើម្បី​​ត្រៀម​ខ្លួន​ទុក​សម្រាប់​ការ​ប្រកួត​នានា​នៅ​ឆ្នាំ​ ២០២២។ ជា​ពិសេស​ខ្ញុំ​អាច​មាន​ពេល​រៀន​​ភាសា​អង់គ្លេស​បន្ថែម​ទៀត និង​ដើម្បី​បង្គ្រប់​នូវ​អ្វី​ដែល​ខ្លួន​ខ្វះ​ចន្លោះ​កាល​​ពី​ពេល​ប្រកួត​កម្មវិធី​​កញ្ញាឯក​​ Miss Cambodia 2020​ ផង​ដែរ​»៕​