ក្រុង​ឡុងដ៍៖ ផុស​ចេញ​វិថី​​​ដ៏​មមាញឹក​​កណ្តាល​ទីក្រុង​ឡុង​ដ៍​ តំបន់​ទេសចរណ៍​​កូន​ភ្នំ​សិប្បនិម្មិត​ Marble Arch Mound ដ៏​ឆ្គង​ភ្នែក​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​​អ្នក​មក​លេង​ភាគ​ច្រើន​ខក​ចិត្ត​​ទេ ថែម​ទាំង​ត្រូវ​បាន​​បង្ខំ​ចិត្ត​បង្វែរ​ប្រាក់​​កក់​សំបុត្រ​​​ឱ្យ​​ភ្ញៀវ​វិញ រហូត​​ដល់​មាន​ការ​កែ​លម្អ​​ និង​សម​ទំនង​។​


ខណៈ​អំឡុង​ពេល​រីក​រាលដាល​​នៃ​ជំងឺ​កូវីដ​នៅ​អង់គ្លេស ពលរដ្ឋ​ជា​ច្រើន​ព្យាយាម​ចៀស​ឆ្ងាយ​ពី​ទីប្រជុំជន​​នៃ​ក្រុង​ឡុងដ៍ តំបន់​ទេសចរណ៍​ទើប​បើក​​ថ្មី​កណ្ដាល​រាជធានី​​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​​ បាន​ស្រូប​យក​ភ្ញៀវ​ជា​ច្រើន ​១ ​ប្រាវ​ ឱ្យ​មក​ឡើង​កូន​ភ្នំ​សិប្បនិម្មិត​កម្ពស់ ២៥​ ម៉ែត្រ ដោយ​​ចុះ​មក​វិញ​ជាមួយ​ការ​ខក​ចិត្ត និង​មតិ​សើច​ចំអក។


ដោយ​បាន​ប្រកាស​សង​ប្រាក់​ទិញ​​​សំបុត្រ​ដល់​ភ្ញៀវ​វិញ ក្រុម​ប្រឹក្សា Westminster នៅ​ថ្ងៃ​អង្គារ​​បាន​ទទួល​ស្គាល់​ថា៖ «​កូន​ភ្នំ​​​ស្មៅ​ដែល​រំពឹង​ថា ​​​ផ្ដល់​ឱ្យ​ភ្ញៀវ​នូវ​ការ​គយគន់​​ទស្សនីយភាព​​ទីក្រុង​ឡុងដ៍​ ពេញ​ ១ ​​ជុំ​នោះ នៅ​ពុំ​ទាន់​បញ្ចប់​​រួចរាល់​សម្រាប់​ភ្ញៀវ​ទេ»។


ក្នុង​ចំណោម​វត្តមាន​ភ្ញៀវ​ដ៏​តិច​នាក់​ ​លោក ចច ស្មីត ​​កំពុង​​​ជ្រក​​​ភ្លៀង​បាន​​​ប្រាប់​ AFP ថា៖ «ខ្ញុំ​នឹង​ហៅ​វា​ [កូនភ្នំ​] នោះ​ថា​ ដំរី​ពណ៌​ស​ ឬ​ក៏​អាច​ថា​ ​ដំរី​​​ស​ដែល​គ្រប​ដោយ​ស្មៅ»។


ផលិតករ​ភាពយន្ត​​​រូប​នេះ​បាន​បន្ថែម​ថា៖ «ភ្នំ​ ១ ​​ផ្ទាំង​នេះ​មើល​ទៅ​អត់​​​ទំនង​ ហើយ​វា​អត់​ស៊ីនឹង​សោភណភាព​​​ទីក្រុង​​»។


ចង្អុល​ទៅ​ខ្លោង​ទ្វារ​ថ្ម​ម៉ាប​​សតវត្សរ៍​ទី ១៩ ក្បែរ​នោះ អ្នក​មក​ទស្សនា​ម្នាក់​ទៀត​អ្នកស្រី ជេកគី វីតឆែល​ ​​និយាយ​ថា៖ «កូន​ភ្នំ​នេះ​ វា​គ្រប​បាំង​សម្រស់​ខ្លោង​ទ្វារ​ Marble Arch នេះ​អស់​រលីង»។

ជាមួយ​តម្លៃ​សាងសង់ ​​២,៧ ​លានដុល្លារ​ ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ហូឡង់ សំណង់​​​ជាក់​ស្ដែង​ហាក់​លេច​រូបរាង​ឡើង​ឆ្ងាយ​​ពី​​ប្លង់​នៃ​ក្ដី​ស្រមៃ​។

ភ្ញៀវ​ដែល​​កក់​សំបុត្រ​ពី​មុន​ត្រូវ​បាន​ផ្តល់​ជូន​ប្រាក់​សំណង ​ហើយ​មិន​មាន​ការ​លក់​សំបុត្រ​បន្ត​ទៀត​ទេ​ រហូត​ដល់​ការ​កែ​លម្អ​ត្រូវ​បាន​បញ្ចប់​។

កាល​ពី​ថ្ងៃ​ពុធ មានតែ​ភ្ញៀវ​​ ១ ​ក្រុម​តូច​ប៉ុណ្ណោះ​ បាន​ដើរ​ឡើង​​​ជណ្តើរ​ភ្នំ។ ក្នុង​នោះ​មាន​លោក ​រ៉ូប៊ឺត​ យ៉ាំង​ អាយុ ៦៤ ឆ្នាំ​ និង​ដៃគូ​របស់​គាត់។

អ្នក​ទាំង ២​ ​​បាន​សំបុត្រ​ចូល​ដោយ​ឥតគិត​ថ្លៃ​ពី​មិត្តភក្តិ និង​មិន​រំពឹង​ថា​ មាន​អ្វី​អស្ចារ្យ​​ឡើយ។

ទេសភាព​ពី​លើ​ពំនូក​កូន​​ភ្នំ​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ទស្សនីយភាព​​ផ្សារ​ទំនើប វិថីអុកស្វដ ឧទ្យាន Hyde Park, Mayfair និង Marylebone ក៏​រង​ការ​រិះគន់ ដោយ​​ភ្ញៀវ​ពុំ​អាច​មើល​ឃើញ​អ្វី​ច្រើន​ក្រៅ​ពី​​របាំង​​​​មែកឈើ​ និង​រុក្ខជាតិ​បៃតង​ដ៏​ក្រាស់។

លោក រ៉ូប៊ឺត​ យ៉ាំង ​​ជា​ភ្ញៀវ និង​​ស្ថាបត្យករ​មួយ​រូប​និយាយ​ថា៖ «​ខ្ញុំ​មិន​​ចំណាយ​លុយ​​មក​មើល​នោះ​ទេ»​៕ AFP/HR