អង្គការ​ផ្កាយ​សមុទ្រ ស្នើ​​មហាជន​បោះឆ្នោត​ក្នុង​ការ​ប្រកួត​​ពាន People's Choice Awards ចំ​ខួប​កកើត​ ១៥ ​ឆ្នាំ​

Content image - Phnom Penh Post
អង្គការ​ជួយ​ឱ្យ​កុមារ​គ្មាន​ឱកាស​នៅទូទាំង​ប្រទេស​ អាច​មាន​ឱកាស​លេង​ រៀន និង​អភិវឌ្ឍ​ជំនាញ​កីឡា​របស់ខ្លួន​។ រូបថត សហ​ការី

ភ្នំពេញ៖ កាល​ពី​ជាង ១ ​ឆ្នាំ​មុន ​​អង្គការ​ផ្កាយ​សមុទ្រ ISF បាន​បង្កើត​វិធីសាស្ដ្រ​បាល់ទាត់​ថ្មី​ក្នុង​បរិបទ​កូវីដ ១៩ ដោយ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ចំពោះ​ទម្រង់​លេង​រក្សា​គម្លាត​សុវត្ថិភាព​នេះ។ ប៉ុន្មាន​ខែ​មុន អង្គការ​នេះបាន​បង្ក​ការ​ភ្ញាក់ផ្អើល​ម្ដង​ទៀត​ជាមួយ​ការ​រំលេច​រូបភាព​ឡូហ្គោ និង​អក្សរ​ខ្មែរ​​យ៉ាង​ពិសេស​នៅ​លើ​អាវ​ប្រកួត​នៃ​ក្រុម​បាល់ទាត់​អង់គ្លេស​ Tottenham Hotspur (Spurs)។

ថ្ងៃ​នេះ ក្នុង​ពេល​គម្រប់​ខួប​ការ​បង្កើត​​អង្គការ​រយៈពេល ១៥​ ឆ្នាំ អង្គការ​ផ្កាយ​សមុទ្រ ដែល​ផ្ដោតលើ​កីឡា និង​ការ​អប់រំ​ បាន​​ជាប់​បញ្ជី​សម្រាំង​ក្នុង​ការ​ប្រកួត​អង្គការ​ឆ្នើម​នៃ​ពាន​រង្វាន់ People's Choice Awards ក្នុង​ប្រភេទ​រដ្ឋាភិបាល ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ល្អ​បំផុត និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បោះ​ឆ្នោត​ទាំង​​អស់​​ ក្រោយ​ពី​បាន​ឈ្នះ​រង្វាន់ Stevie International Business Award។

កញ្ញា​ ជួប វិច្ឆិកា ប្រធាន​អង្គការ​ ISF ប្រចាំ​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា​៖ «​យើង​ពិត​ជា​សោមនស្ស​រីករាយ​ខ្លាំង​ណាស់​ ដែល​បាន​ក្លាយជា​អង្គការ​កម្ពុជា​ដំបូង​ត្រូវ​បាន​ជ្រើសរើស​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ People's Choice Awards។ យើង​មាន​បំណង​ប្រាថ្នា​ ២​ ក្នុង​ឱកាស​ខួប​ការ​បង្កើត​អង្គការ​នេះ​ឡើង។ ទី១ យើង​សូម​អំពាវនាវ​ប្រជាជន​ខ្មែរ​ទាំង​អស់​​បោះឆ្នោត​ឱ្យ​បាន​ច្រើន​។ ដូច្នេះ យើង​អាច​ឈ្នះ​គូ​ប្រជែង​ជាច្រើន​ទៀត​ ដូចជា អង្គការ​មក​ពី​កាលីហ្វ័រនីញ៉ា និង​ឌូបៃ​ ជាដើម​។ ទី២ សូម​បរិច្ចាគ​ទៅ​ក្នុង​គេហទំព័រ​ Global Giving»។

ការ​ប្រកួត People's Choice Awards ក្នុង​ប្រភេទ​អង្គការ​ល្អ​បំផុត​នេះ មាន​ការ​ចូលរួម​ពី​បណ្ដា​អង្គការ​​ចំនួន ១៦ ដូចជា អង្គការ​សេដ្ឋកិច្ច​ឌូបៃ អង្គការ​មូលនិធិ​បច្ចេកវិទ្យា​តួកគី និង​​អង្គការ​រដ្ឋ​កាលីហ័្វរនីញ៉ា សហរដ្ឋ​អាមេរិក​ជាដើម។

Content image - Phnom Penh Post
កម្មវិធី​អប់រំ បង្កើតឡើង​​សម្រាប់​​ជួយកុមារ​ ដែល​ត្រូវភាពក្រីក្រ​​បង្ខំ​ឱ្យបោះបង់​ការសិក្សា​​​។ រូបថត សហ​ការី

ចំពោះ​អង្គការ​ដែល​នឹង​ទទួល​ពាន​រង្វាន់​នេះ នឹង​ត្រូវ​បាន​សម្រេច​ដោយ​ការ​បោះឆ្នោត​ជា​សាធារណៈ ហើយ​អង្គការ ISF បាន​លើក​ទឹក​ចិត្ដ​ពលរដ្ឋ​ខ្មែរ​បោះ​ឆ្នោត​គាំទ្រ​ផង​ដែរ។

យោង​តាម​អង្គការ ISF បាន​ឱ្យ​ដឹង​ថា មាន​តែ​អង្គការ​ដែល​បាន​ឈ្នះ​ពាន​ Stevie International Business Award ដើម្បី​មាន​ឈ្មោះ​ចូលរួម​ប្រកួត​កម្មវិធី People's Choice Awards នេះ។

ISF ដែល​ទទួល​បាន​ពាន Silver Trophy សម្រាប់​អង្គការ​ល្អ​បំផុត​ នាំ​ឱ្យ​ជាប់​ជា​បេក្ខភាព​មួយ​រូប​ដោយ​ស្វ័យប្រវត្ដិ បាន​បង្ហាញ​ពី​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​តាម​អនឡាញ​តាមរយៈការ​ចូល​ទៅ​កាន់​វេបសាយ​នៃ​តំណភ្ជាប់​នេះ www.bit.ly/voteISF រួច​បញ្ចូល​លេខ​កូដ Y129V ដោយ​មិន​ចាំបាច់​ចុះ​ឈ្មោះទៅ​តាម​គណនី​អ៊ីមែល​ណា​មួយ​ឡើយ​។

អង្គការ​ផ្កាយសមុទ្រ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៦ ដើម្បី​ផ្ដល់​ឱកាស​ថ្មី​ដល់​កុមារ​កម្ពុជា​រស់នៅ​ក្នុង​តំបន់​សំណង់​មិន​រៀបរយ​ក្នុង​រាជធានី​ភ្នំពេញ​។ អង្គការ​នេះ ផ្ដោត​លើ​កម្មវិធី ២​ គឺ​កម្មវិធី​អប់រំ បង្កើត​ឡើង​​សម្រាប់​​ជួយ​កុមារ​ ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​បោះបង់​ការ​សិក្សា​ដោយសារ​ភាព​ក្រីក្រ​ និង​កម្មវិធី​ដណ្ដើម​ពាន​រង្វាន់​បាល់ទាត់ បង្កើត​ឡើង​សម្រាប់​កុមារ​គ្មាន​ឱកាស​នៅទូទាំង​ប្រទេស​មាន​ឱកាស​លេង​ រៀន និង​អភិវឌ្ឍ​ជំនាញ​កីឡា​ប្រកប​ដោយ​ទំនុក​ចិត្ដ​ ជាមួយ​វត្ដមាន ៣ ០០០ នាក់​ ចូលរួម​ក្នុង​ការ​ប្រកួត រួម​ទាំង​កុមារ​មាន​ពិការភាព ឬ​ជំងឺ​ហ៊ីវ​ផង​ដែរ។

Content image - Phnom Penh Post
បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៦ អង្គការ​ផ្ដល់​ឱកាស​ថ្មី​ដល់​កុមារ​​រស់​នៅ​ក្នុងតំបន់​សំណង់​មិន​រៀបរយ។ រូបថត សហ​ការី

ទន្ទឹម​នឹង​ការ​បោះឆ្នោត​នេះ អង្គការ ISF ក៏​បាន​និង​កំពុង​តែ​ប្រារឰ​ខួប​ការ​កកើត​អង្គការ​នេះ​រយៈពេល ១៥ ​ឆ្នាំ ដោយ​ការ​ចូលរួម​ក្នុង​គម្រោង​បរិច្ចាគ​ទ្វេ​ដង ដែល​រាល់​ការ​បរិច្ចាគ​ប្រាក់​ថ្មីៗ​​រហូត​ដល់​ ៥០ ​ដុល្លារ​ វា​កើន​ឡើង​ទ្វេ​ដង​ បើ​ធ្វើការ​បរិច្ចាគ​តាមរយៈ​តំណ​ភ្ជាប់​​នៃ​វេបសាយ​ www.bit.ly/giveISF នេះ​នៅ​ចន្លោះ​ថ្ងៃទី ១៣ ដល់​ទី ១៧ ខែ​កញ្ញា​នេះ​។

កញ្ញា​ វិច្ឆិកា ដែល​បម្រើការ​នៅ​អង្គការ​​ផ្កាយសមុទ្រ​កម្ពុជា​តាំង​ពី​កកើត​​មក​បាន​និយាយ​ថា​៖ «​រយៈពេល ១៨ ​ខែ​ចុង​ក្រោយ​នេះ ពិត​ជា​មាន​ការ​លំបាក​ខ្លាំង តែ​ក្រុម​ការងារ​របស់​អង្គការ​នៅ​តែ​បន្ដ​ដំណើរការ​កម្មវិធី​អប់រំ​ និង​បាល់ទាត់​របស់​យើង។ ពួក​យើង​​អាច​ប្រារឰខួប ១៥ ​ឆ្នាំ​នេះ​​ឡើង​​បាន​ក៏​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​គ្រប់រូប»។

អង្គការ ISF មាន​គោលដៅ​រៃ​អង្គាស​​ប្រាក់​ ១ ៥០០ ​ដុល្លារ ​ក្នុង​រយៈពេល​ ៥ ថ្ងៃ​ សម្រាប់​កិច្ចការ​ទ្រទ្រង់​គម្រោង​ទាំង ២ របស់​ខ្លួន​៕

ព័ត៌មានថ្មីៗ