ភ្នំពេញ៖ ពី​ទឹក​ដី​កំណើត​​សម្បូរ​ជីវ​ចម្រុះ​នៃ​ប្រទេស​​​​ម៉ាដាហ្គាស្កា រហូត​​ដល់​ក្រុងប៉ារីស​ ជា​ទី​ដែល​លោក​ អេរិក រេស៊ីណា ក្រេប​ចំណេះដឹង​​​​ហ្វេសសិន អ្នក​ច្នៃ​ម៉ូដ​​រូប​នេះ​បាន​ឮ​ភាព​ល្បីល្បាញ​របស់​សូត្រ​ខ្មែរ។


លោក​បាន​មក​កសាង​អាណាចក្រ​​សម្លៀក​បំពាក់​ប្រណីត​​នៅ​កម្ពុជា​​ជាង ២០ ​ឆ្នាំ ដោយ​ផ្ដោត​លើ​​វាយនភណ្ឌ​ប្រណីត​ពី​តម្បាញ​​សូត្រ​ខ្មែរ រំលេច​ជា​ឈុត​​តាក់​តែង​កាយ​ដ៏​ស្រស់ស្អាត ថ្លៃថ្នូរ និង​ទាន់​គ្រប់​សម័យកាល។


ម៉ូដ​សម្លៀក​បំពាក់​ កាបូប កន្សែង ពណ៌​​ស្រស់​ឆើត​ជា​ស្នាដៃ​ច្នៃម៉ូដ​របស់​លោក បាន​រំលេច​ភាពប្រណីត​ក្នុង​ទូ លើ​ស្នួ និង​ម៉ាណឺ​កាំង​នៃ​បន្ទប់​កញ្ចក់​​​នៃ​​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​អន្តរជាតិ ហាយ៉ាត់ (Hyatt Regency Phnom Penh) កាល​ពី​ថ្ងៃទី​ ២៧-២៩ ខែ​សីហា​​។


នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​តាំង​បង្ហាញ​​អំឡុង​ពេល​វិបត្តិ​កូវីដ ខណៈ​​ស្នាដៃ​សម្លៀក​បំពាក់​របស់​លោក អេរិក កន្លង​មក​ ធ្លាប់​បង្ហាញ​វត្តមាន​លើ​វេទិកា​ជាតិ និង​អន្តរជាតិ​ធំៗ រាប់​តាំង​ពី​​កម្មវិធី​ដើរម៉ូដ​នៅ​ទីក្រុង​ប៉ារីស ​ញូវយ៉ក អាហ្វ្រិក ចិន និង​បណ្ដា​ប្រទេស​​​ជា​ច្រើន​ទៀត​។


ឆ្នាំ​ ១៩៩៣​ ជា​វេលា​ដែល​បាន​​ផ្លាស់​​​ប្ដូរ​ជីវិត​លោក ដោយ​​ជយលាភី​លេខ ១ ​ជា «អ្នក​​​ច្នៃម៉ូដ​វ័យ​ក្មេង​ប្រចាំ​ឆ្នាំ​» នៅ​ម៉ាដាហ្គាស្កា ​បាន​នាំ​ឱ្យ​​ទទួល​​បាន​អាហារូបករណ៍​ទៅ​រៀន​ច្នៃម៉ូដ​ និង​វាយនភណ្ឌ​នៅ​ទីក្រុង​​ប៉ារីស​ ក៏​ដូចជា​​នាំ​រូប​​លោក​ឱ្យ​ឈាន​ជើង​​មក​ដល់​កម្ពុជា​។


ទោះ​ជា​មាន​ឱកាស​​ក្នុង​វិស័យ​ហ្វេសសិន​ដ៏​ត្រចះត្រចង់ ដោយ​ធ្លាប់​បម្រើ​ការ​ឱ្យ​ប៊្រេន​ធំៗ និង​ច្នៃ​ម៉ូដ​ឱ្យ​កំពូល​​​តារា​ហូលីវូដ​​ដូចជា ​អ្នកនាង អេនជេលីណា ជោលី ក៏​ពិត​មែន ប៉ុន្តែ អេរិក បាន​​ជាប់​ចិត្ត​នឹង​ដែនដី​អង្គរ​ និង​ជ្រើសរើស​កម្ពុជា​ជា​ផ្ទះ​របស់​លោក។

អ្នក​ច្នៃម៉ូដ ​និង​ជំនាញ​​វាយនភណ្ឌ​ដោយ​តម្បាញ​​​សូត្រ​ខ្មែរ​រូប​នេះ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ថា​៖ «ខ្ញុំ​បាន​មក​កម្ពុជា​លើក​ដំបូង​ កាល​ពី​ឆ្នាំ ១៩៩៦​ ព្រោះ​បាន​ឮ​ពី​ភាព​ល្បីល្បាញ​របស់​សូត្រ​​ខ្មែរ​ពី​ទីក្រុង​ប៉ារីស​។ មក​ដល់​ខ្ញុំ​ពិត​ជា​បាន​ឃើញ​ពី​ភាព​ពិសេស​របស់​សូត្រ​ខ្មែរ​មែន​តាមរយៈ​ខេត្ត​ជាច្រើន​ តែ​ខេត្ត​ដែល​ទាក់​ចិត្ត​ខ្ញុំ​បំផុត​ គឺ​សៀមរាប​»។

អ្នកច្នៃម៉ូដម៉ាដាហ្គាស្កា អេរិក រេស៊ីណា ដាក់តាំង​សម្លៀក​បំពាក់នៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ។ ហេង ជីវ័ន

លោក​​រំឭក​ប្រាប់​ថា៖ «ខ្ញុំ​ស្រឡាញ់​គ្រប់​យ៉ាង​ដែល​ទីនេះ​មាន ទឹកដី​អង្គរ វប្បធម៌ ប្រជាជន និង​ម្ហូប។ រហូត​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ និង​ចប់​កុងត្រា​ជាមួយ យីហោ Yves Saint-Laurent និង Christian Lacroix ខ្ញុំ​ក៏​សម្រេច​ចិត្ត​​ផ្លាស់​មក​រស់នៅ​ទីនេះ​ឆ្នាំ ២០០១ ​ហើយ​​មក​ទល់​សព្វ​ថ្ងៃ​ក៏​មិន​ធ្លាប់​គិត​ចង់​ងាក​ក្រោយ​ដែរ»។

ជាង​ ២០ ​ឆ្នាំ​ដែល​នៅ​ទីនេះ ជាមួយ​​ព្យាយាម​រក្សា​ទម្រង់​វប្បធម៌​សូត្រ​ខ្មែរ​ អេរិក ​បាន​អភិវឌ្ឍ​តិចនិក​ជាច្រើន​ទៅ​លើ​ការ​ត្បាញ និង​ចាក់​ផង​ដែរ​។ អតិថិជន​អាច​កំណត់​អត្តសញ្ញាណ​សាច់​ក្រណាត់​របស់​លោក​បាន​​ដោយសារ​លក្ខណ​ពិសេស​គឺ ស្រាល ទន់ ផុស និង​ពណ៌​ស្រស់​។

លោក អេរិក​ បាន​លើក​ឡើង​ថា៖ «អាច​និយាយ​​ថា ​ខ្ញុំ​ជា​អ្នក​ទី១ ដែល​បង្កើត​បាន​សាច់​ក្រណាត់​ដ៏​ទន់​បែប​នេះ​ ពី​សូត្រ​​ខ្មែរ។ វា​ពិបាក​ តែ​ខ្ញុំ​ចូលចិត្ត​ និង​​រីករាយ​ដែល​ស្រ្តី​ខ្មែរ​ផ្ទាល់​បាន​​​ទទួល​ស្គាល់​ និង​កោត​សរសើរ​​​ បើ​ទោះ​​យើង​ប្រើ​ពេល​ច្នៃ​បង្កើត​​យូរ​ក៏​ពិត​មែន​ ព្រោះ​ចង់​ឱ្យ​វា​ចេញ​មក​ទាំង​ប្រណីត និង​មាន​តែ​មួយ​លើ​លោក​»។

ដោយ​ទទួល​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វាយនភណ្ឌ​មុន​នឹង​យល់​ដឹង​ពី​ការ​កែច្នៃ​សម្លៀកបំពាក់​ ដូច្នេះ​ការ​ផ្ដោត​លើ​​​សាច់​ក្រណាត់​ក្នុង​ការ​ច្នៃ​វា​ចេញ​ជា​ឈុត​អ្វី​មួយ វា​មាន​ភាព​ងាយ​ស្រួល​ណាស់​សម្រាប់​លោក​។

លោក​បាន​លើក​ពី​លក្ខណ​ពិសេស​​នៃ​ស្នាដៃ​របស់​ខ្លួន​ថា៖ «ពេល​ខ្ញុំ​យក​វា​មក​ច្នៃ​ម៉ូដ សាច់​ក្រណាត់​ខ្ញុំ​ជា​អ្នក​ប្រាប់​ខ្ញុំ​ថា ​វា​នឹង​ចេញ​ជា​រ៉ូប​ ខោ​ ឬ​អាវ​តាមរយៈ​ទម្ងន់ វាយនភណ្ឌ​ និង​គ្រប់​យ៉ាង​។ ដូច្នេះ​ក្នុង​ពេល​ដែល​យើង​អាច​បង្កើត​ក្រណាត់​ខ្លួន​ឯង​ ខ្ញុំ​មិន​គិត​ថា ​ចាំបាច់​អី​ធ្វើ​តាម​និន្នាការ​ហ្វេសសិន​​ណា​មួយ​ទេ​ តែ​ខ្ញុំ​បង្កើត​ការ​ពេញ​និយម​ដោយ​ខ្លួនឯ​ង​»។

ប៉ុន្តែ​លោក​បញ្ជាក់​ថា​ បើ​អតិថិជន​ចង់​បាន​តាម​ការ​ពេញ​និយម​ណាមួយ ​លោក​មិន​ព្យាយាម​ធ្វើ​តាម​ភ្ញៀវ​​ទាំង​ស្រុង​​ទេ​ តែ​លៃលក​​ធ្វើ​សំយោគ​ម៉ូដ​​ឱ្យ​បាន​ល្អ​ និង​ប្លែក​តម្រូវ​​​ចិត្ត​អតិថិជន​។

ហេតុផល​គឺ អេរិក ប្រាថ្នា​ឱ្យ​អតិថិជន​លោក​មាន​អារម្មណ៍​ស្រាល​ខ្លួន ​មាន​​ភាព​ពិសេស​សម្រាប់​ខ្លួន​ឯង។ អ្វី​ដែល​​សំខាន់​ គឺ​ម៉ូដ​សម្លៀក​បំពាក់​​​ដែល​​ពាក់​មិន​​ចេះ​សាំ ឬ​មិន​ហួស​សម័យ​។​ អ្នក​ដែល​ទិញ​សម្លៀកបំពាក់​ពី​លោក​នៅ​ថ្ងៃ​នេះ​ នៅ​​តែ​អាច​ពាក់​បាន​ ៥-១០ ​ឆ្នាំ​ទៅ​មុខ​។

បើទោះ​ជា​កន្លង​មក​ លោក​ អេរិក ​ច្រើន​ច្នៃ​សម្លៀក​បំពាក់​នារី​ ​តែ​ហាង ERIC RAISINA haute texture របស់​លោក​ រចនា​ម៉ូដ​សម្លៀក​បំពាក់​តម្រូវ​គ្រប់​ភេទ ក្នុង​តម្លៃ​ចាប់​ពី​ជាង ១០០ ទៅ ១ ០០០ ដុល្លារ។

​សម្លៀក​បំពាក់ដាក់តាំងនៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ។ ហេង ជីវ័ន

ម្ចាស់​ហាង​ហ្វេសសិន​ល្បី​នៅ​ទឹកដី​​សៀមរាប​រូប​នេះ​និយាយ​​ថា​៖ «វា​មើល​ទៅ​ថ្លៃ ហើយ​ក៏​ប្រើ​ពេលវេលា​យូរ តែ​អតិថិជន​យើង​យល់ព្រម​រង់ចាំ​ទោះ​ជា​ប្រើ​ពេល ២-៣ ​ខែ​ ព្រោះ​ពួក​គាត់​ឱ្យ​តម្លៃ​ទៅ​លើ​ការ​ត្បាញ ចាក់​ធ្វើ​ពី​ដៃ​។ ម្យ៉ាង​ពួក​យើង​ផ្ដើម​ធ្វើ​ចេញ​តាំង​ពី​ត្បាញ​សាច់​ក្រណាត់​រហូត​ដល់​ច្នៃ​ចេញ​ជា​សម្លៀក​បំពាក់​»។

ហ្វេសសិន​​ផ្ដើម​ពី​សរសៃ​អំបោះ​​ក្លាយ​ជា​ក្រណាត់​សូត្រ​រហូត​​ដល់​ឈុត​ដ៏​ប្រណីត​​គ្រង​លើ​រាង​កាយ​​​ ជា​អ្វី​ដែល អេរិក ប្រាថ្នា​ឱ្យ​​​ប្រជាជន​កម្ពុជា​សាទរ​ចំពោះ​គោលដៅ​​របស់​លោក​ក្នុង​ការ​នាំ​សូត្រ​ខ្មែរ​ពី​សិប្បកម្ម​​ខេត្ត​សៀមរាប​​ទៅ​កាន់​ឆាក​អន្តរជាតិ។ ​

លោក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ លោក​មាន​ក្តី​សុបិន​ចង់​ធ្វើ​ឱ្យ​វិស័យ​សម្លៀក​បំពាក់​ខ្មែរ​ល្បីល្បាញ និង​ចង់​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ដើរ​លើ​វិថី​នេះ​។

អ្នក​ច្នៃម៉ូដ​​បរទេស​លើក​កម្ពស់​សូត្រ​ខ្មែរ​រូប​នេះ​ បាន​បន្ត​ថា៖ ​«បើ​ខ្ញុំ​បើក​បង្រៀន ខ្ញុំ​ចង់​ធ្វើ​​ក្នុង​វិជ្ជាជីវៈ​មួយ​​ត្រឹមត្រូវ​​ មាន​ការ​ជ្រោមជ្រែង​ពី​វិទ្យាស្ថាន និង​ក្រសួង​វប្បធម៌​ ព្រោះ​ខ្ញុំ​ពិតជា​​ចង់​ចែក​រំលែក​​អ្វី​ដែល​ខ្ញុំ​មាន​ ហើយ​អាច​ជួយ​ដល់​ក្ដី​សុបិន​ពួក​គេ​។​ ខ្ញុំ​ធ្លាប់​បាន​បង្រៀន​នៅ​អាហ្វ្រិក ហើយ​បើ​អាច​នាំ​អារម្មណ៍​នោះ​មក​កន្លែង​ដែល​ខ្ញុំ​រស់នៅ​​ជាង​ ២ ​ទសវត្សរ៍​នេះ​ វា​នឹង​ជា​ក្ដី​សុបិន​ក្លាយជា​ការ​ពិត​»។

បន្ទាប់​ពី​រួម​ការងារ​នឹង​​សណ្ឋាគារ​ ហាយ៉ាត់​ដោយ​ជោគជ័យ​ អេរិក​ ​​​អាច​នឹង​រៀបចំ​​​កម្មវិធី​ហ្វេសសិន​មួយ​​ទៀត​នៅ​ចុង​ឆ្នាំ​ ​បើ​ស្ថានភាព​កូវីដ​ប្រសើរ​ឡើង​។ ​លោក​ក៏​កំពុង​ធ្វើ​ដំណើរ​​ទៅ​ក្រុង​​ប៉ារីស​​មើល​ឱកាស​សម្រាប់​​រៀបចំ​កម្មវិធី​ដើរ​ម៉ូដ​បន្ថែម​ផង​ដែរ​។

លោក ​អេរិក ​បាន​និយាយ​ទៅ​កាន់​ប្រជាជន​ខ្មែរ​ថា​៖ «ខ្ញុំ​ស្រឡាញ់​ប្រទេស​​នេះ​ណាស់​។ វា​ឱ្យ​អារម្មណ៍​ដូច​​ផ្ទះ​របស់​​ខ្ញុំ​។ ជាពិសេស​​ជា​ប្រទេស​​​ដែល​មាន​វប្បធម៌​ និង​មនុស្ស​ពោរពេញ​ដោយ​ទេពកោសល្យ​ក្នុង​ជំនាញ​ជាច្រើន​។ ខ្ញុំ​សង្ឃឹម​ថា ​ពួក​គេ​​នឹង​រក្សា​ភាព​ពិសេស​នេះ​ ព្រោះ​វា​ជា​មន្ត​ស្នេហ៍​​ដែល​ធ្វើ​ឱ្យ​មនុស្ស​សុបិន​ចង់​មក​ទស្សនា​ប្រទេស​កម្ពុជា​»៕