ភ្នំពេញ៖ ក្រោយ​ពី​បាត់​មុខ​ពី​សង្គម​សិល្បៈ​ប្រមាណ​ជិត ​២ ឆ្នាំ អតីត​ជា​ម្ចាស់​មកុដ​កញ្ញា​​ Miss Grand Cambodia ឆ្នាំ ២០១៦ កញ្ញា ហេង ចន្ថា ស្រាប់​តែ​លេច​មុខ​​មក​វិញ ​​ក្នុង​​​នាម​ជា​គណៈកម្មការ​នៃ​​​កម្មវិធី​​ប្រកួត​ Miss Grand Cambodia 2021​ ម្តង​ទៀត។​


បើ​តាម​គេហទំព័រ​ផ្លូវ​ការ​​ Miss Grand Cambodia ​បង្ហើប​ឱ្យ​ដឹង​​ពី​បេក្ខភាព​ជា​គណៈកម្មការ​​ថា៖ «​​​សូម​​ជម្រាប​​​​ជូន​ថា​ ក្នុង​ការ​​ប្រកួត​ Miss Grand Cambodia 2021 ​ឆ្នាំ​នេះ ​Miss Grand Cambodia 2016 នឹង​​​​ជា​គណៈ​មេ​ប្រយោគ​​​ក្នុង​ការ​ដាក់​ពិន្ទុ​​ដល់​បេក្ខនារី​ទាំង ២៥ នាក់! តើ​នៅ​​ចាំ​ឈ្មោះ​គាត់​បាន​​ទេ?​»។​


ស្រីស្រស់​ជា​តារា​សម្តែង​ និង​​ជា​អតីត​ម្ចាស់​មកុដ​ Miss Grand Cambodia ឆ្នាំ ២០១៦​ ក៏​បាន​បង្ហោះ​​​​សារ​​ប្រាប់​អ្នក​គាំទ្រ​​ថា៖ «​ជួប​គ្នា​​​នៅ​ក្នុង​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​​ថ្ងៃទី ២៤ ខែ​កញ្ញា​នេះ ណា​ចាស!​ តែ​បងប្អូន​​​​​កុំ​ភ្ញាក់​​អី​ណា​​​​តិច​ថា ឃើញ​ ចន្ថា ឥឡូវ​ចាស់​ខុស​​​​ពី​ក្នុង​រូបអី​ហា​ ក្នុង​រូប​តាំង​ពី​​​ឆ្នាំ​ ២០១៦​ ដល់​ឥឡូវ​ឆ្នាំ ​២០២១ គឺ ​៥​ ឆ្នាំ​ហើយ​ អ៊ីចឹង ​ចន្ថា រាង​ចាស់​បន្តិច​​ហើយ ​ហេហេ!»។​


ដោយ​ឡែក​កញ្ញា​ឯក​​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៦ ដែល​មាន​សម្រស់​ផូរផង់​ ស័កិ្តសម​ជា​ម្ចាស់​​ជយលាភី​រូប​នេះ ​ក្រោយ​ពី​បាន​បង្ហាញ​​វត្តមាន​​សម្តែង​ខ្សែ​ភាពយន្ត​​​​ចុង​ក្រោយ​រឿង​ ​«បន្តោង​​ឆ្នាំង​ដី​» កាល​​​​​​ពី​​​ឆ្នាំ​ ២០១៨ មក​ក៏​បាន​បាត់​មុខ​​​ពី​ការ​សម្តែង​កុន​ ដោយ​គេ​ឃើញ​​​​ត្រឹមតែ​​ជា​ភ្ញៀវ​ចូលរួម​​កម្មវិធី​សិល្បៈ និង​​សម្ពោធ​ភាពយន្ត​តែ​ប៉ុណ្ណោះ​។


ទោះបី​​​​មិន​សូវ​បង្ហាញ​មុខ​​​សម្តែង​ក៏​ដោយ​ ប៉ុន្តែ​នាង​​នៅ​តែ​ទទួល​បាន​​ការ​គាំទ្រ​ ពី​មហាជន​តាមរយៈ​​​ការ​​​សម្តែង​ MV ឱ្យ​​​ផលិតកម្ម​ហង្សមាស​ជា​​បន្តបន្ទាប់ ខណៈ​ស្រី​ស្អាត​ញញឹម​ស្រស់​កញ្ញា ហេង​ ចន្ថា​ ធ្លាប់​​ប្រាប់​​ ភ្នំពេញ​ ​ប៉ុស្តិ៍​​ថា ​ខ្លួន​​​សម្រាក​ពី​ការ​​សម្តែង​មួយ​រយៈ​សិន​ ដោយសារ​ចង់​​មក​​រៀបចំ​​​ការ​រក​ស៊ី​ផ្ទាល់​ខ្លួន​ ហើយ​យ៉ាង​​យូរ​​​​ពាក់​កណ្តាល​ឆ្នាំ ២០២០​ នឹង​​វិល​ទៅ​​សម្តែង​វិញ តែ​ពេលវេលា​បាន​​​រំលង​​ជិត ​២ ​ឆ្នាំ​​ទៅ​​​ហើយ​។


ព្រោះ​​រូប​ឆោម​កាន់​តែ​ល្អ សម្រស់​ស្រស់​​សោភា​ តារា​ស្រី​រូប​នេះ ​​ក៏​ល្បី​ថា​ មាន​​កន្លង់​តាម​សុំ​ស្នេហ៍​​ជា​ច្រើន​ទាំង​​ក្នុង​រង្វង់​សិល្បៈ និង​ក្រៅ​សិល្បៈ​ ហើយ​​កញ្ញា ហេង ចន្ថា ក៏​បាន​បង្ហើប​​ថា​ មាន​​អ្នក​តាម​ស្រឡាញ់​​ច្រើន​មែន​ ប៉ុន្តែ​នាង​​កំពុង​តែ​មាន​​ទំនាក់ទំនង​ជាមួយ​​​​កូន​ប្រុស​​អ្នក​ជំនួញ​ធំ​ម្នាក់​នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ​។

ទន្ទឹម​​នឹង​នេះ ​កញ្ញា ហេង ចន្ថា ក៏​បាន​បង្ហើប​ប្រាប់​ពី​ទំនាក់ទំនង​មើល​ចិត្ត​គ្នា​ ជាមួយ​នឹង​​បុរស​ដែល​​​ជា​កូនចៅ​​អ្នក​​ជំនួញ​​​នោះ​ដូច្នេះ​ដែរ​ថា៖​ «​គេ​បាន​ស្រឡាញ់​យើង​ហើយ អ៊ីចឹង​ក៏​សាក​មើល​ចិត្ត​គ្នា​សិន​ទៅ។​​ ប៉ុន្តែ​​​ក៏​មិន​ទាន់​ក្លាយ​​ជា​គូស្នេហ៍​នឹង​គ្នា​ដែរ។ ​សម្រាប់​គាត់​អាច​និយាយ​បាន​​ថា​ គាត់​​ជា​​អ្នក​សិល្បៈ​ក៏​បាន​ មិន​មែន​សិល្បៈ​ក៏​​បាន ​ដោយ​សារ​​គាត់​ក៏​​ធ្លាប់​ចូលរួម​​ក្នុង​​ការ​ប្រឡង​កម្មវិធី​មួយ​ដែរ។ ប៉ុន្តែ​គាត់​​មិន​ទទួល​បាន​​​ការ​​សម្តែង​​អី្វមួយ​​នោះ​ទេ ហើយ​ដោយសារ​​​គ្រួសារ​​គាត់​ជា​អ្នក​​ជំនួញ​ធំ​ដែរ​នោះ​​ អ៊ីចឹង​ហើយ​ទើប​បាន​ជា​​​គាត់​​​ធ្វើ​​ជំនួញ​​​មិន​​ចូល​សម្តែង​​ទេ»៕