ក្រុងប៉េកាំង៖ ពេល​លោក ឈិន សាវហួ បាន​បាត់​ខ្លួន​លើក​ដំបូង និង​ត្រូវបាន​ប៉ូលិស​រក​ឃើញ ​ក្រុម​គ្រួសារ​របស់​បុរស​វ័យ ៦៨​ឆ្នាំ​រូប​នេះ លែង​មាន​ការ​បារម្ភ​អ្វី​ទៀត​។ ប៉ុន្តែ​នៅពេល​លោក​បាត់​ខ្លួន​ជា​លើក​ទីពីរ ពួកគេបាន​ដឹង​ថា លោក​ច្បាស់​ជា​មាន​បញ្ហា។ ប៉ុន្តែ​វា​​​យឺត​ពេល​ទៅហើយ​។


កូនស្រី​របស់​លោក​ឈ្មោះ​ ឈិន យួនយួន បាន​ពន្យល់ថា​៖ «​យើង​មើល​មិន​ដឹង​ពី​រោគ​សញ្ញាដំបូងៗ​។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ម្ដាយ​របស់​យើង​បាន​ត្អួញត្អែថា ប៉ានៅ​ធ្មឹងៗ​ តែយើង​មិនអាច​វាយ​តម្លៃ​បាន​ទេ ពីព្រោះ​យើង​មិន​បាន​រស់​នៅជាមួយ​គាត់​យូរ​ហើយ​»។


វេជ្ជបណ្ឌិត បាន​រកឃើញថា​លោក​ ឈិន កើត​ជំងឺភ្លេច​ភ្លាំង​​ ដែល​អាការ​ទូទៅ​នៃ​ជំងឺវង្វេង​ ដែល​មនុស្ស​រង​ផលប៉ះពាល់​ចំពោះ​ញាណ​ដឹង​ រួមទាំង បញ្ហា​នៃ​ការ​ចង​ចាំ ដែល​ទាមទារ​ឱ្យ​មាន​ការ​ថែទាំ​ជា​ប្រចាំ​។


មនុស្ស​ប្រមាណ ១០​លាននាក់​បាន​កើត​នូវ​ជំងឺខួរក្បាល​ក្នុង​ប្រទេស​ចិន ដែល​ស្មើនិង​មួយ​ភាគ​បួន​ក្នុង​អត្រា​ទូទាំងពិភពលោក។


លោក វៃ សួឆាវ ជា​អ្នក​ជំនាញ​ផ្នែក​ប្រសាទ​សាស្ដ្រ មក​ពី​សកលវិទ្យាល័យ​វេជ្ជសាស្ដ្រ ហ្គ័ង​ដុង បាន​និយាយថា​៖ «គ្មាន​បញ្ហា​សុខភាព​ណាដែល​ជះឥទ្ធិពល​លំបាក​ដូចជំងឺ​ភ្លេចភ្លាំង​នេះ​ក្នុង​សង្គម​ចិន​ឡើយ​»។


ក្រុម​អ្នក​ស្ម័គ្រ​ប្រើ​រូបភាពសាកសួរ​អ្នកដំណើរ ស្វែង​រក​តម្រុយបាត់​ខ្លួន​របស់​លោក ឈិន​។ AFP

លោក​ ឈិន មាន​កាយសម្បទា​ធម្មតា និង​មាន​ការ​ចងចាំ​ល្អ​ កាលពី​មួយ​ទសវត្សរ៍​មុន​។ អ្វីដែល​គួរ​ឱ្យ​កត់​សម្គាល់ គឺនៅ​ពេល​លោក​និយាយ​អំពី​ហេតុ​ការណ៍​កើត​ឡើង​ពី​អតីត ជំនួស​ឱ្យអ្វីដែល​កំពុង​កើតឡើង​នាពេល​បច្ចុប្បន្ន។

លោក​បា​នប្រាប់ AFP ដោយ​សំដៅ​លើ​ការ​ប្រគំ​តន្ដ្រី​មួយ​នៅ​ភាគ​កណ្ដាល​ក្រុង​វូហាន កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៦០​ ថា​៖ ​«លោក​ប្រធាន ម៉ៅ បាន​ចូលរួម​ក្នុង​ការ​សម្ដែង​របស់​យើង​មួយ​»។

នៅពេល​លោក​បាត់​ខ្លួន ក្រុម​គ្រួសារ​ត្រូវ​ពឹង​អាស្រ័យ​លើ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ដ​ ដែល​ជួយ​ស្វែង​រក​ជន​ចាស់​ជរា​។ មនុស្ស​ជាង​ច្រើន​នាក់ រួមទាំង មន្ដ្រី​ស៊ីវិល គ្រូ​បង្រៀន​ចូល​និវត្ដន៍ និង​មេផ្ទះ បាន​នាំ​គ្នា​ទៅដល់​កន្លែង ដែលលោក ឈិន ត្រូវបាន​ប្រទះ​ឃើញ​ចុង​ក្រោយ និង​ជួយ​ប៉ូលិស​អង្គុយ​មើល​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​រក​តម្រុយដែល​លោកអាច​ទៅដល់​។

ក្រុមការងារ​បាន​និយាយថា ពួកគេ​បាន​ជួយ​រក​អ្នក​ជំងឺ​ភ្លេច​ភ្លាំង​ប្រមាណ ៣០០​ នាក់​ តាំងពី​ឆ្នាំ​ ២០១៦​។

លោក​ស៊ូ សៀវ ប្រធាន​មជ្ឈមណ្ឌល​សេវាកម្ម​សង្គ្រោះ​បន្ទាន់​ប៉េកាំង ហ្ស៊ីយួន បាន​និយាយថា​៖ «​យើង​ទទួល​ការ​ហៅ​ទូរស័ព្ទ​ស្ទើរតែ​រៀង​រាល់​ថ្ងៃអំពី​ការ​បាត់​ខ្លួន​របស់​ឪពុកម្ដាយ​កើត​ជំងឺ​ភ្លេច​ភ្លាំង​ពី​គ្រួសារ​នានា​ទូទាំង​ប្រទេស​»៕ AFP/HR

ក្រុម​អ្នក​ស្ម័គ្រ​នាំគ្នា​មើលវីដេអូ​កាមេរ៉ា​សុវត្ថិភាព​ ​ដើម្បីស្វែង​រក​តម្រុយលោក ឈិន​ ទៅ​ដល់​។ AFP