ក្រុងព្រុចសែល៖ រយៈ​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​ លោក វីនសេន ធេរ៉េត បាន​ធ្វើការ​តែម្នាក់​ក្នុង​អណ្ដូង​ដ៏​ជ្រៅ​នៅ​ក្រោម​ភ្នំ​ Ardennes ស្ថិត​ក្នុង​ព្រៃ​ក្រាស​នៅភាគ​ខាង​ត្បូង​ប្រទេស​ប៊ែលហ្ស៊ិក​។


ជាកម្មករ​ធ្វើការ​តែម្នាក់ឯង លោក​បាន​ប្រមែប្រមូល​ថ្មភាជន៍​ក្រាស់ៗ​ ​ជាសំណល់នូវអ្វីដែល​​ធ្លាប់ជា​រ៉ែ​ថ្ម​ប្រផេះ​ នៅ​ការដ្ឋាន​រ៉ែ​ដែល​ត្រូវ​​បាន​បិទ​ក្នុង​ឆ្នាំ​ ១៩៤៨​។


ថ្មភាជន៍​ពិបាក​ក្នុងការ​កាត់ជ្រៀក​ជាបន្ទះៗដូច​ថ្ម​ប្រផេះ​ តែ​ចំពោះ​សិប្បករ​ដ៏ប៉ិនប្រសប់​អាយុ ៦១ ​ឆ្នាំរូបនេះ វាត្រូវបាន​ប្រើ​ជាគ្រឿង​លម្អ​ដោយ​បិទភ្ជាប់ជាមួយ​ស៊ីម៉ង់ដ៍ ក្រាល​តាម​ផ្លូវ ធ្វើជា​ការ៉ូ និងចាន​សម្រាប់​លាងដៃ សម្រាប់​ផ្ទះសម្បែង​ដែល​ផ្ដល់​តម្លៃលើ​សម្ភារ​ដ៏ពិបាក​ផលិតនេះ។


កម្មករ​រ៉ែ​ប៊ែលហ្ស៊ិក លោក វិនសេន ធេរ៉េត ធ្វើការ​តែ​ម្នាក់​ឯង​គត់​ក្នុង​​អណ្ដូង​រ៉ែ​ត្រូវបាន​បោះ​បង់​ក្នុង​ឆ្នាំ​ ១៩៤៨។ AFP


ស្ថិត​នៅ​ក្នុង​អណ្ដូង​រ៉ែ វាមាន​សភាព​ងងឹត​ សើម​​ និង​ងាយ​បង្ក​គ្រោះថ្នាក់ តែ​លោក ធេរ៉េត បាន​ប្រាប់​ AFP ថា​៖ «​នៅថ្ងៃណាខ្ញុំ​មានអារម្មណ៍​ខ្លាច​អណ្ដែង​រ៉ែ​នេះ ខ្ញុំ​នឹងឈប់​ហើយ​»។


នៅ​ក្នុង​អណ្ដូង បំភ្លឺ​ដោយ​ចន្លុះ​ពិល លោក​ប្រើ​រថយន្ដ​​​កាយ​ថ្ម​ទម្ងន់​រាប់​តោន​ ដែល​ធ្វើ​ឱ្យ​អណ្ដូង​​រ៉ែ​ត្រូវបាន​បោះ​បង់​ចោល​នេះ​មាន​ជីវិត​រស់​ឡើង​វិញ​ក្នុង​ឆ្នាំ​ ២០១២​។

លោក​បាន​និយាយ​ថា៖ «​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ យើង​មិនអាច​ចូល​អណ្ដូង​រ៉ែ​នេះ ដូច​យើង​ចូល​រួម​ពិព័រណ៍​អីនោះទេ​»។

នៅ​ក្នុង​អណ្ដូងរ៉ែ វាមានសំណើម​ខ្លាំង និងងងឹត​ បំភ្លឺ​ដោយ​ចន្លុះ​ពិល លោក​ប្រើ​រថយន្ដ​កាយ​ថ្ម​ទម្ងន់​រាប់​តោន។ AFP

លោក​បាន​រំឭក​ថា គ្រា​មួយ​ពេល​លោក​មក​ដល់​ទីនេះ លោកបាន​ឃើញ​ថ្ម​ទម្ងន់ ៥០០​ តោន​ បិទផ្លូវដែល​បាក​ធ្លាក់​ពី​ជញ្ជាំង​អណ្ដូង។

នៅ​បរិវេណក្រុង Vresse-sur-Semois អណ្ដូង​មួយ​ផ្សេង​ទៀត​ត្រូបាន​ជួស​ជួល​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ ដែល​មគ្គុទេសក៍​រៀប​រាប់​អំពីដំណើរ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អតីត​កម្មករ​រ៉ែ​ ដែល​ត្រូវបាន​បញ្ឈប់​ដំណើរ​ក្រោយ​ពុះពារ​មិន​ឈ្នះ​ការនាំ​ចូល​ថ្ម​លម្អ​ពី​បរទេស​។

លោក​បាន​និយាយថា៖ «​អ្វីដែល​ពួកគេ​បាន​បន្សល់​ទុក​ឱ្យខ្ញុំ​នៅទីនេះ វា​ពិតជា​អស្ចារ្យ​ណាស់​។ ថ្ម​ដែល​មាន​គុណភាព​ យើងអាច​ទៅ​ប្រមែ​ប្រមូល​ពី​បាត​អណ្ដូងបាន​។ នោះ​ជា​មូលហេតុ​ដែល​កម្មករ​រ៉ែ​ត្រូវ​ជិះ​អណ្ដូង​ជ្រៅ​បែប​នេះ​។ ពេល​យើង​​ចុះ​កាន់តែ​ជ្រៅ ថ្ម​កាន់តែ​មាន​សំណើម​ ហើយ​វាកាន់តែ​ស្រស់ស្អាត​សម្រាប់​តាំង​លម្អ​»។

កម្មករ​រ៉ែ​ប៊ែលហ្ស៊ិក លោក វិនសេន ធេរ៉េត ធ្វើការ​តែ​ម្នាក់​ឯង​គត់​ក្នុង​​អណ្ដូង​រ៉ែ​ត្រូវបាន​បោះ​បង់​ក្នុង​ឆ្នាំ​ ១៩៤៨។ AFP

លោក​បាន​វាយ​តម្លៃ​គុណភាព​ថ្ម​តាម​រយៈការ​ស្ដាប់​។ លោក​បាន​ប្រាប់​ថា៖ «​ថ្មមាន​មាន​សំឡេង​ពីរោះ​ដូច​ណោត​តន្ដ្រីអ៊ីចឹង​»។

ថ្ម​លម្អ​ល្អៗ​បំផុត​ត្រូវ​បាន​តម្កល់​សម្រាប់​លក់​នៅ​រោងជាង​របស់លោក ចម្ងាយ​ ១០​គីឡូម៉ែត្រ​ពី​អណ្ដូង​​រ៉ែ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន លោក​ក៏​ចាប់​ផ្ដើម​ឆ្លាក់​ថ្ម ក្រោម​ការជំរុញ​លើកទឹកចិត្ត​ពីអតិថិជន​របស់លោក​ផង​ដែរ។

លោក​បាន​ពន្យល់​ថា​៖ «​ដោយជួប​របាំង​ថ្ម​រាប់​តោន​ យើង​ត្រូវ​ពុះជ្រៀក​ អារ​កាត់​ រំលេច​ចេញ​ជារូបរាង​ រួច​ចាំ​ការ​ឆ្លើយ​តប​របស់​អតិថិជន ដែល​បាន​និយាយថា លោក ធេរ៉េត ថ្ម​នេះពិតជា​អស្ចារ្យ​ណាស់​»៕ AFP/HR

ថ្ម​លម្អ​ល្អៗ​បំផុត​ត្រូវ​បាន​តម្កល់​សម្រាប់​លក់​នៅ​រោងជាង​របស់លោក ចម្ងាយ​ ១០​គីឡូម៉ែត្រ​ពី​អណ្ដូង​​រ៉ែ។ AFP