ភ្នំពេញៈ កាលពី​ចុងខែ​សីហា ឆ្នាំ ​២០២១ កន្លងមកនេះ កញ្ញា ស៊ីន សេដ្ឋ​សុ​ជ្ឈ​តា ត្រូវបាន​ខាង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បង្ហាញ MV បទ​ចម្រៀង​ផលិត​ឡើងវិញ មាន​ចំណងជើង​ថា «​ស្នេហ៍​បាត់​សម្រស់​» ដែលជា​បទ​ចម្រៀង​ឆ្លើយ​ឆ្លង​រវាង​ចៅស្រី និង​តា ដើម្បី​ចេញ​ឱ្យនៅ​ចំ​ថ្ងៃ​គម្រប់​ខួប ៨៨ ឆ្នាំ របស់​អតីត​តារាចម្រៀង​​អធិរាជ​សំឡេង​មាស​លោក ស៊ីន ស៊ី​សាមុត​។


ខណៈ​ចុងខែ​កញ្ញា ឆ្នាំ ​២០២១ នេះ ស្រាប់តែ​កញ្ញា ស៊ីន សេដ្ឋ​សុ​ជ្ឈ​តា ត្រូវបាន​សារព័ត៌មាន​អាមេរិក ឈ្មោះ Rolling Stone ទម្លាយ​នូវ​បទ​សម្ភាស​ស្តីពី​ខ្សែជីវិត​នៃ​ការកសាង​កេរ្តិ៍ឈ្មោះ​លើ​វិថី​សិល្បៈ​ទៅតាម​គន្លង​ជីតា​របស់ខ្លួន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ពី​មហាជន​នៃ​បណ្តាញ​សង្គម​។

កញ្ញា ស៊ីន សេដ្ឋ​សុ​ជ្ឈ​តា តារាចម្រៀង​ស្រី​មាន​វ័យ ២៧ ឆ្នាំ ដែលជា​ចៅស្រី​លោកតា ស៊ីន ស៊ី​សាមុត បាន​សាង​កេរ្តិ៍ឈ្មោះ​ដំបូង​តាម​កម្មវិធី Klapyahandz ​ក្លា​ប​យ៉ា​ហ៊ែ​ន នោះបាន​ឱ្យដឹងពី​អារម្មណ៍​ចំពោះ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​បរទេស មាន​​មូលដ្ឋាន​អាមេរិក​នោះ​ថា​៖ «​នាង​ខ្ញុំ ស៊ីន សេដ្ឋ​សុ​ជ្ឈ​តា សូម​អរ​​គុណ​ដល់​ក្រុម​សារព័ត៌មាន​ Rolling Stone ដែល​ផ្តល់​បទ​សម្ភាស​ដ៏​ពិសេស​ក្នុង​អត្ថបទ​មួយ​នេះ​មកកាន់​នាង​ខ្ញុំ​។ ក្នុង​អត្ថបទ​នេះ​ផងដែរ អ្នក​ទាំងអស់ និង​បាន​ជ្រាប​ច្បាស់​អំពី​នាង​ខ្ញុំ រួម​ជា​មួយ​ដំណើរ​នៃ​ការ​លូត​លាស់​ធំធាត់ និង​ការ​​ស្វែងរក​ខ្លួនឯង​ក្នុងនាម​ជា​សិល្បករ និង​អ្នកនិពន្ធ​ឯក​រាជ្យ​ម្នាក់​»​។​


ក្រៅពី​រឿង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​អាមេរិក កញ្ញា ស៊ីន សេដ្ឋ​សុ​ជ្ឈ​តា ក៏​ទម្លាយ​ពី​ការខិតខំ​ពុះពារ​នៃ​ការ​​តាក់តែង​បទ​ចម្រៀង​ស្តីពី​ខ្សែជីវិត​ខ្លួន និង​គ្រួសារ ដែល​ខ្លួន​មិន​ហ៊ាន​និយាយ​ឱ្យដឹង​ដែរ​ថា​៖ «​ដំណើរ​ជីវិត និង​រឿងរ៉ាវ​ទាំងអស់ ដែល​នាង​ខ្ញុំ​បាន​សរសេរ នៅក្នុង​បទ​ចម្រៀង​ទាំង ៣ បទ (​បទ «​ទទួល​ការពិត​ Truth» បទ «​ជឿជាក់​ Believe» និង​បទ «​មិន​ស្តាយក្រោយ No Regrets») សុទ្ធសឹងតែ​ជា​រឿង ដែល​នាង​ខ្ញុំ​មិនដែល​គិតថា នឹង​អាច​និយាយ​ចេញ​។ នាង​ខ្ញុំ សូម​អរ​គុណអ្នក​ទាំងអស់គ្នា ដែល​បាន​ទស្សនាវីដេអូ​ចម្រៀង​ទាំង ​៣ របស់​នាង​ខ្ញុំ​។ នាង​ខ្ញុំ​សូម​ឧទ្ទិស​ចម្រៀង​ទាំង ៣ បទ​នេះ ជូន​ទៅដល់​លោកតា ស៊ីន ស៊ី​សាមុត លោកប៉ា ស៊ីន ច័ន្ទ​ឆាយា និង​បងប្រុស ស៊ីន សេដ្ឋ​កុល​។ នាង​ខ្ញុំ​ក៏​សូម​អរគុណ​ក្រុមការងារ​ទាំងមូល ដែល​បាន​ចូលរួម​សហការ​ក្នុង​​គម្រោង​នេះ​»​។​ 


គួរ​បញ្ជាក់ដែរថា នាពេល​ថ្មីៗ​នេះ ឃើញ​មាន​ការផលិត​ចម្រៀង​​ឡើងវិញ​នូវ​បទ​មាន​ចំណង​​ជើង​ថា «​ស្នេហ៍​បាត់​សម្រស់​» ដែលជា​ការច្របាច់បញ្ចូល​គ្នា​ឱ្យក្លាយ​ជា​បទ​ចម្រៀង​ឆ្លើយឆ្លង​រវាង​ចៅស្រី និង​តា គឺ​សំឡេង​កញ្ញា ស៊ីន សេដ្ឋ​សុ​ជ្ឈ​តា និង​សំឡេង​លោកតា ស៊ីន ស៊ី​សាមុត ដើម្បី​ចេញ​នៅ​ចំ​ថ្ងៃ​គម្រប់​ខួប​ ៨៨ ឆ្នាំ អតីត​តារាចម្រៀង អធិរាជ​​សំឡេង​មាស ស៊ីន ស៊ី​សាមុត នៅ​ថ្ងៃទី​ ២៣ ខែ សីហា ឆ្នាំ ២០២១ កន្លងមកនេះ​៕