ក្រុងម៉ិកស៊ីកូ ៖ អ្នកតម្បាញកុលសម្ព័ន្ធជនជាតិដើមភាគតិច នៅតំបន់ខ្ពង់រាបភាគខាងត្បូងប្រទេសម៉ិកស៊ិក ព្យាយាមស្វែងរកការទទួលស្គាល់ពេញសិទ្ធិពីឧស្សាហកម្មហ្វាសសិនអន្ដរជាតិ ដោយចោទថា ប្រ៊េនធំៗទាំងនោះបានលួចស្នាដៃ និងប្រពៃណីខ្លួន។
ការតស៊ូនេះត្រូវបានធ្វើឡើងដោយមានការបន្ថែមនិមិត្ដរូបនិយម ខណៈម៉ិកស៊ិកខែនេះបានប្រារឰខួប ២០០ឆ្នាំនៃបុណ្យឯករាជ្យជាមួយសម្រែកសម្ដែងភាពរីករាយចំពោះការរើបម្រាស់របស់កុលសម្ព័ន្ធប្រឆាំងនឹងអាណានិគមន៍អេស្ប៉ាញ។
អង្គុយលើកម្រាលនៅទីធ្លាផ្ទះ អ្នកស្រី Julia Perez ក្នុងទីក្រុង Zinacantan ក្រុមអ្នកតម្បាញបានប្រើកីតម្បាញប្រពៃណី ដើម្បីផលិតក្រណាត់ច្នៃជារបស់ប្រើប្រាស់ចម្រុះពណ៌។
សិប្បករវ័យ ៣៩ឆ្នាំ នៃជនជាតិដើមភាគតិច Tzotzil បាននិយាយថា៖ «នេះជាគំនិតច្របាច់បញ្ចូលគ្នា។ ដូច្នេះ ប្រពៃណី វប្បធម៌ និងសម្លៀកបំពាក់របស់យើងនឹងមិនត្រូវបានបាត់បង់ឡើយ»។
ស្ថាដៃតម្បាញរបស់ស្ត្រីជនជាតិដើមភាគតិចត្រូវបានផ្ដល់តម្លៃតាមរយៈពេលវេលា និងភាពច្នៃប្រឌិត ដោយស្ត្រី២នាក់គឺ Dulce Martinez de la Rosa និង Daniela Gremion ដែលនៅក្រោយគម្រោង Fabrica Social ឬ «រោងចក្រសង្គម» ដែលឧទ្ទិសដល់សិល្បៈប្រពៃណីម៉ិកស៊ិក។
Fabrica Social គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើន ដែលស្នើឡើងដោយក្រសួងវប្បធម៌ម៉ិកស៊ិក ដើម្បីចូលរួមវេទិកា «ស្នាដៃដើម» ដែលស្វែងរកការលើកស្ទួយ «កិច្ចសហប្រតិបត្ដិការសីលធម៌» រវាងក្រុមហ៊ុនធំៗ និងអ្នកបង្កើតស្នាដៃសិល្បៈ។
រដ្ឋាភិបាលម៉ិកស៊ិកបានទាមទារការពន្យល់ពីក្រុមអ្នកឌីហ្សាញ ដូចជានៅក្រុមហ៊ុន Carolina Herrera ប្រទេសវេណេស៊ុយអេឡា និង Isabel Marant របស់បារាំង ក៏ដូចជា យីហោផ្សេងៗទៀត ដូចជា Zara, Rapsodiaនិង Anthropologie ចំពោះការលួចចម្លងស្នាដៃវប្បធម៌ពីជនជាតិដើមភាគតិចទាំងនេះ។
ក្រុមអ្នកតម្បាញនៅក្រុង Zinacantan សង្ឃឹមថា ខ្លួននឹងទទួលបានការគោរពពីយីហោអន្ដរជាតិចំពោះទេពកោសល្យ និងអត្ដសញ្ញារបស់ពួកគេ។
បងប្អូនជីដូនមួយ Julia ឈ្មោះ Sara Perez បាននិយាយថា៖ «យើងចង់ឱ្យពួកគេទទួលស្គាល់ស្នាដៃរបស់យើងពីព្រោះវាពិតជាអស្ចារ្យ។ វាកើតចេញពីបេះដូង ហើយយើងក៏ប្រើផលិតផលក្នុងស្រុកទាំងអស់ផងដែរ»៕ AFP/HR