ក្រុង​កូប៉ិនហាក៖ នៅ​ «​បណ្ណាល័យ​មនុស្ស» ភ្ញៀវអាច​ខ្ចី​មនុស្ស​ ដើម្បី​ថ្លាថ្លែង​ប្រាប់​អ្នក​អំពី​រឿង​រ៉ាវ​ជីវិត​របស់​ពួកគេ​បាន។ នេះជា​គំនិត​ផ្ដើម​ដំបូង​ពី​ប្រទេស​ដាណឺម៉ាក ដែល​បង្កើត​ឡើង​ប្រឆាំង​នឹង​បុរេ​វិនិច្ឆ័យ​ ហើយ​​ផ្សព្វផ្សាយ​សារ​នេះ​ទៅកាន់​ពិភពលោក។


នៅ​​បណ្ណាល័យ​មនុស្ស អ៊ីបេន ជនរង​គ្រោះ​ពីអំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ ដែលមាន​វិបត្ដិ​ផ្លូវ​ចិត្ដ​​ដ៏​ស្ងប់​ស្ងាត់​ម្នាក់ ​ក្នុង​វ័យ​ ៤៦​ឆ្នាំ។ ដោយ​សុំ​មិន​ប្រាប់​ឈ្មោះ​ត្រកូល អ៊ីបេ គឺជា «​មនុស្ស​សៀវភៅ» ​ម្នាក់​ក្នុង​ចំណោម ៨នាក់ ដែលភ្ញៀវបណ្ណាល័យ​អាច​ខ្ចី​ អំឡុង​ពេល​សិសិរ​រដូវ​ឆ្នាំ​នេះ​នៅ​ទីក្រុង​កូប៉ិនហាក។


សម្រាប់​រយៈ​ពេល ៣០​នាទី លោកអ្នកអាច​សាកសួរ​គ្រប់​រឿងរ៉ាង​ដែល​ចង់​ដឹង មិន​ថា​ជា​ការ​សន្ទនា​តទល់ និង​ជា​ក្រុម​តូចៗ។


លោក ​រ៉ុននី អាបេហ្គេល ជាអ្នក​ផ្ដួចផ្ដើម​លើកទឹកចិត្ដ​ការ​និយាយ​ស្ដី​នេះ បាន​ពន្យល់​ថា​៖ «​បណ្ណាល័យ​មនុស្ស ជា​កន្លែង​ដ៏​មាន​សុវត្ថិភាព​ដែល​យើង​អាច​ស្វែង​យល់​ពី​រឿងរ៉ាវ​ផ្សេងៗ និង​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដែល​យើង​មិន​ធ្លាប់​ជួប​ពី​មុន និង​ក្រើន​រំឭកខ្លួន​ពី​ទម្លាប់តែ​វាយ​តម្លៃ​មនុស្ស​សម្បក​ក្រៅ​»។


លោក​បាន​បង្កើត​បណ្ណាល័យ​រស់​ក្នុ​ងឆ្នាំ​២០០០ ក្នុង​ពេល​មាន​មហោស្រព​តន្ដ្រី Roskilde និង​បាន​បន្ដ​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​​មួយ។ គំនិត​នេះ​បាន​រីកសាយ​ភាព​ទៅដល់​ជាង ៧០​ប្រទេស។


លោក អាបេហ្គេល បាន​និយាយថា​៖ «​ការ​អាន​ដ៏ពិតប្រាកដ​គឺជា​ការ​សន្ទនា​គ្នា​នេះ​ឯង​»។

អ្នកស្ម័គ្រ​ចិត្ត​សរសេរ​ប្រាប់​ភ្ញៀវបណ្ណាល័យ ពីប្រធានបទ​នៃសៀវភៅរស់ ឬ​មនុស្ស​សៀវភៅ​។ AFP

ក្នុងករណី​ភាគច្រើន ការសន្ទនា​កើតឡើង​យ៉ាង​រលូន រមែង​ត្រូវបាន​រៀបចំ​ឡើង​នៅ​ក្នុង​បរិស្ថាន​ដ៏ស្ងប់ស្ងាត់​ ដូចបណ្ដា​ក្នុង​បណ្ណាល័យ​ទីក្រុង​ទូទៅ ឬជា​បន្ទប់​ប្រជុំ នៅ​ក្នុង​សួន​ច្បារ​នៃបរិវេណ​បណ្ណាល័យ​មនុស្ស។

លោក Anders Fransen អាយុ ៣៦​ឆ្នាំ ជាសៀវភៅ​ពិការភ្នែក និង​ថ្លង់ បាន​និយាយ​ថា៖ «​ជួនកាល ​ចូលចិត្ដសួរ​ច្រើន​សំណួរ​ ហើយ​ការ​ធ្វើ​សន្ទនា​ប្រព្រឹត្ដិ​ទៅ​យ៉ាង​រលូន។ ប៉ុន្ដែ​ពេល​ខ្លះ ខ្ញុំ​ប្រហែលជា​ត្រូវពន្យល់​​ប្រាប់​ពួកគេ​ឱ្យបាន​ក្បោះ​ក្បាយ​បន្ដិច​ ដោយសួរ​សំណួរ​ជំនួស​ប្រិយមិត្ដ​ ឬសួរសំណួរ​ថ្មីៗ​ទៀត​»។

លោក Fransen បាន​និយាយថា​ លោក​មាន​មោទនភាព​បាន​ជួយ​អ្នកដទៃ​អភិវឌ្ឍ​អំពី​របៀប​នៃការ​គិត​អំពី​ជនពិការ។

អ្នកខ្ចី​ក៏ត្រឡប់​ទៅវិញជាមួយ​បទពិសោធ​ល្អៗ​ជាច្រើន​ផង​ដែឬ។ ថ្មីៗ​នេះ លោក​ត្រូវបាន​អ្នកអាន​ម្នាក់​ទាក់ទង​មក ដែលបាន​ខ្ចី​សៀវភៅ​មនុស្ស​ក្នុង​ឆ្នាំ​២០០៤។

លោក​បាន​បន្ដថា​៖ «​គាត់​ស្ដាប់​យើង​និយាយ​​អំពីផល​ប៉ះពាល់​លើទស្សនៈ​មូស្លីម ហើយ​គាត់​បាន​ប្រើ​ព័ត៌មាន​នេះ​ក្នុងរយៈ​ពេល ១៧​ឆ្នាំ​ក្រោយ។ ដូច្នេះ វាបាន​ផ្ដល់​អត្ថប្រយោជ៍​ទៅដល់​សហគមន៍​ រួមទាំងរូបគាត់ និង​អ្នកមកពី​សហគមន៍​មូស្លីម​ផង​ដែរ​»៕ AFP/HR

នៅ​ «​បណ្ណាល័យ​មនុស្ស» ភ្ញៀវអាច​ខ្ចី​មនុស្ស​ ដើម្បី​ថ្លាថ្លែង​ប្រាប់​អ្នក​អំពី​រឿង​រ៉ាវ​ជីវិត​របស់​ពួកគេ​។ AFP