ក្រុង​ប៊ី​ល​បាវ៖ សម្លឹងទាំងរន្ធត់​​សឹង​តែ​គួរ​ឱ្យ​ជឿ​នឹង​ភ្នែក​ ផ្ទៃមុខ​ផុស​ចេញពី​ទឹក​ឡឹមៗ​ចេញពី​ទឹក​​ទន្លេ​ Nervion ​នៃទីក្រុង​ប៊ីលបាវ ​គឺ​ជា​មុខមាត់​ដ៏​គួរឱ្យខ្លាច​របស់​ក្មេងស្រី​តូច​ម្នាក់​អណ្តែត​តាម​ជំនោរខ្យល់ ​ធ្វើឱ្យ​មនុស្សម្នា​ឆ្លង​កាត់​ហាក់​​មិន​ស្ងប់​អារម្មណ៍​នៅក្នុង​ទីក្រុង​អេ​ស្ប៉ា​ញ​ចាប់​តាំង​ពី​​នាង​បាន​លេចមុខ​ដោយ​ពុំ​មានការ​ជូនដំណឹង​​កាលពីប៉ុន្មាន​​សប្តាហ៍​មុន។


វិចិត្រករពូកែ​ខាង​គំនូរ និង​ចម្លាក់​ដូចពិត ជនជាតិ​​​​ម៉ិ​ក​ស៊ិ​ក Ruben Orozco បាន​បង្កើត​ចម្លាក់​ក្បាល​ ដែលមាន​ចំណងជើង​ថា ​ប៊ីហារ (ថ្ងៃស្អែក​នៅ​ Basque) សម្រាប់​យុទ្ធនាការ​មួយ​ដោយ​មូលនិធិ​ប៊ី​ប៊ី​ខេ​អេ​ច ​ដែលជា​ដៃ​សប្បុរសធម៌​របស់​អ្នកផ្តល់​ប្រាក់កម្ចី​អេស្ប៉ា​ញ Kutxabank ដើម្បី​លើកកម្ពស់​ការពិភាក្សា​ជុំវិញ​​និរន្តរភាព។

សិល្បករ​រូបនេះ​បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន Nius របស់​អេស្ប៉ា​ញ​ថា​ គោលដៅ​គឺ​ដើម្បីឱ្យ​មនុស្ស​ដឹងថា៖ «សកម្មភាព​របស់​ពួកគេ​អាចធ្វើឱ្យ​យើង​លិច​ ឬ​ធ្វើឱ្យ​យើង​អណ្ដែត​ទៅ​សែន​​ឆ្ងាយ»។


ក្រោមទឹកដី​អ្នក​សិល្បៈ​ជនជាតិម៉ិកស៊ិក ចម្លាក់​មុខ​ផុស​ចេញពី​ទឹក​ឡឹមៗ​មាន​សភាព​រស់រវើក​។ AFP


នៅពេល​ជំនោរ​កើនឡើង ​និង​ធ្លាក់ចុះ ចម្លាក់​ក្បាលមនុស្ស​ធ្វើពីសរសៃជ័រស្រាល​​ទម្ងន់ ១២០ គីឡូក្រាម បាន​អណ្ដែត​ប៉ប៉្រះទឹក ​ក្នុង​ន័យ​ឆ្លុះបញ្ចាំង​ពីអ្វី​​ដែល​អាច​កើតឡើង​ប្រសិនបើ​យើង​បន្ត​ប្រថុយ​រស់នៅ​ដោយ​មិនខ្វល់ពី​​​និរន្តរភាព និងពុំ​ចូលរួម​ធ្វើការ​ផ្លាស់ប្ដូរ​ទម្លាប់ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​​​ដល់​ការ​ប្រែប្រួល​​អាកាសធាតុភពផែនដី។


ទន្ទឹម​នឹង​សារ​ដាក់តឿន ចម្លាក់​មុខ​ដូច​មនុស្ស​ពិតៗ​នេះ បានធ្វើ​ឱ្យ​​អ្នកស្រុក​ប៊ី​ល​បៅ​ភ្ញាក់​ពី​ដំណេកយ៉ាង​ផ្អើល​ក្រញាង ​ក្រោយពី​​​នាវា​បាន​​ទម្លាក់​ចម្លាក់​ក្បាល​មនុស្ស​ចូល​ទន្លេ​ទាំង​កណ្ដាលយប់។

អ្នកទេសចរ​ ទ្រី​យ៉ាណា ​ហ្គី​ល ​បាន​និយាយថា៖ «ដំបូង​វា​ផ្តល់ឱ្យ​ខ្ញុំ​នូវ​អារម្មណ៍​តានតឹង​នៅពេលដែល​មុខ​មនុស្ស​កាន់តែច្រើនផុស​​ចេញពី​ទឹក ​ប៉ុន្តែ​ឥឡូវនេះ​ ខ្ញុំ​មានអារម្មណ៍​ថា​ នាង [ចម្លាក់​ក្បាល​មនុស្ស]​ ហាក់បរិយាយ​​​អំពី​ភាព​សោកសៅ​ ទុក្ខព្រួយ​ជាច្រើន»។

ហ្គីល បាន​បន្ត​ថា៖ «នាង​មិន​ខ្វល់ខ្វាយ​អ្វី​ទេវា​ហាក់ដូចជា​នាង​កំពុង​បណ្តោយ​ខ្លួន​ឱ្យ​លង់ទឹក»។

មនុស្ស​ម្នា​ទាញ​កាម៉េរាថត​ចម្លាក់ក្បាលមនុស្ស​អណ្ដែត​លើទឹកទន្លេ នៅ​ប្រទេសអេស្ប៉ាញ។ AFP

អ្នក​ដំណើរ​ឆ្លង​កាត់​ម្នាក់ទៀតឈ្មោះ​ ម៉ា​រី​យ៉ា ដែល​ឈប់​ដើម្បីសម្លឹង​មើល​​រូបចម្លាក់​ក្បាល​មនុស្ស​​នេះ​ បាន​និយាយ​ថា វា​គឺជា​វត្ថុតំណាងឱ្យ​ព្រឹត្តិការណ៍​​ដ៏​ខ្លោចផ្សា»។

នាង​បាន​និយាយថា៖ « ខ្ញុំ​គិតថា​មនុស្សម្នាក់ៗអាច​ផ្តល់នូវ​អត្ថន័យ​ផ្ទាល់ខ្លួន​ចំពោះ​ចម្លាក់​នោះ​»។

នេះ​មិនមែនជាលើកទីមួយទេ​ដែល​វិចិត្រករ Ruben Orozco ធ្វើ​ឱ្យ​មនុស្ស​ភ្ញាក់​ផ្អើល​នឹង​ស្នាដៃ​របស់លោក។

កាលពី ២ ​ឆ្នាំមុន ​រូបចម្លាក់​ដែលមាន​ទំហំ​ប៉ុន​មនុស្ស​មែនទែន​​​របស់លោក ដែលបង្ហាញ​ស្ត្រី​ឯកោ​ម្នាក់​អង្គុយ​នៅលើ​កៅអី​ឧទ្យាន​មួយ​ឈ្មោះថា Invisible Soledad បាន​បង្កឱ្យមាន​ការជជែក​វែកញែក​អំពី​ជីវិត​ឯកោ​របស់​មនុស្ស​ចាស់ជរា​ដ៏គួរ​ឱ្យ​ស្រងេះស្រងោច​បំផុត​៕

មនុស្ស​ម្នា​ទាញ​កាម៉េរាថត​ចម្លាក់ក្បាលមនុស្ស​អណ្ដែត​លើទឹកទន្លេ នៅ​ប្រទេសអេស្ប៉ាញ។ AFP