​ភ្នំពេញៈ នៅ​ទីបំផុត​ស្រី​ស្រស់​សម្រស់​សោភា សាច់​ខ្ចី មកពី​ខេត្តក្រចេះ កញ្ញា សារី សុ​វ​ត្តី គ្រង​ជា​ម្ចាស់​មកុដ នៃ​កម្មវិធី​ប្រកួត Miss World Cambodia 2021 វ៉ា​ដាច់​ពី​បេ​ក្ខ​នារី​ផ្សេងៗ​ជាង ២០ រូប ក្នុង​ប្រកួត​វគ្គ​បញ្ចប់​ផ្តាច់​​ព្រ័ត្រ កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​។



​កញ្ញា សារី សុ​វ​ត្តី ក្លាយជា​ជយលាភី​នៃ​កម្មវិធី Miss World Cambodia ប្រចាំឆ្នាំ ​២០២១ ដោយ​កញ្ញា​ពាក់​ស្លាក​លេខ ៥ ជា​សម្គាល់​មកពី​ខេត្តក្រចេះ ខណៈ​កញ្ញាឯក​រង​ទី​១ កញ្ញា ស៊ីម ច័ន្ទ​ស្រ​មុំ​ពាក់​ស្លាក​លេខ ១៦ (1st- Runner Up) ជា​សម្គាល់​នោះមក​ពី​រាជធានី​ភ្នំពេញ​។ ចំពោះ​កញ្ញា អៀ លីន​ហ្សា មកពី​រាជធានី​ភ្នំពេញ​ដែរ ​មាន​ស្លាក​លេខ ២០ ជា​សម្គាល់ ជាប់​ជា​កញ្ញាឯក​រង​ទី​២ (2nd Runner Up)- រីឯ​កញ្ញា ញឿ​ន សុ​ភ័​ណ្ឌ មកពី​ខេត្តព្រៃវែង ស្លាក​លេខ ​៨ ជា​សម្គាល់ ​(3rd Runner Up) ជា​កញ្ញាឯក​រង​ទី​៣ ហើយ​កញ្ញា នូ រីតា មកពី​ខេត្តកំពង់ចាម មាន​ស្លាក​លេខ​ ១៧ ជា​សម្គាល់ (4th Runner Up) ជាប់​ជា​កញ្ញាឯក​រង​ទី​៤ នៃ​កម្មវិធី Miss World Cambodia 2021​។​


​កញ្ញា សារី សុ​វ​ត្តី បាន​ថ្លែង​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ចំពោះ​ឱកាស​បាន​ចូលរួម​​ប្រកួត និង​ក្លាយជា​ម្ចាស់​មកុដ​នៃ Miss World Cambodia 2021 នេះ​ដូច្នេះ​ថា​៖ «​កាលពី​អំឡុងពេល​​ប្រកួតនាង​ខ្ញុំ​គិតថា សប្បាយរីករាយ​ខ្លាំង​ព្រោះ​ជា​វេលា​ដែល​ខ្ញុំ​បាន​ស្គាល់ និង​មាន​ទំនាក់ទំនង​ល្អ ជាមួយនឹង​មនុស្ស​ថ្មីៗ ជាពិសេស​នោះ គឺ​ក្រុម​​បេ​ក្ខ​នារី និង​ក្រុមការងារ​រៀបចំ​កម្មវិធី Miss World Cambodia 2021​។ តែ​ក៏​បារម្ភ​ណាស់ដែរ ក្នុងពេល​ប្រកួត​នោះ ព្រោះថា មាន​បេក្ខភាព​ដទៃៗ​ទៀត ដែលពួកគាត់​សុទ្ធតែ​ជើង​ខ្លាំង ហើយ​មាន​សមត្ថភាព​។ ប៉ុន្តែ​ខ្ញុំ​នៅតែមាន​ទំនុកចិត្ត​លើ​ខ្លួនឯង ដើម្បី​ជំនះ​ភាពភ័យខ្លាច រហូតដល់​ទទួលបាន​​តំណែង​មួយ​នេះ​តែម្តង​»​។


អ្វីដែល​មហាជន​កត់សម្គាល់ក៏​ដូចជា​ក្រុម​គណៈកម្មការបាន​ចាប់​​អារម្មណ៍​ខ្លាំង ក្នុង​វគ្គ​ឆ្លើយឆ្លង​សំណួរ​នោះ ស្រី​ស្រស់​សាច់​ខ្ចី កញ្ញា សារី សុ​វ​ត្តី បាន​ឆ្លើយដោយមាន​ភាពជឿជាក់ និង​មាន​ទំនុកចិត្ត ទៅនឹង​សំណួរ​ដែល​សួរ​ទាក់ទង​នឹង​សិទ្ធិ​ស្មើគ្នា​រវាង​បុរស ​និង​ស្ត្រី តើ​គួរ​ដោះស្រាយ​អ្វី​មុនគេ​?


កញ្ញា សារី សុវត្តី ជាម្ចាស់មកុដ​​កញ្ញាឯក ​Miss World Cambodia 2021 និង​​កញ្ញាឯក​រងទី១ ទី២ ទី​៣ និង​ទី​៤ នៃកម្ម​វិធី​ Miss World Cambodia 2021។ រូប ហ្វេសប៊ុក​

​ម្ចាស់​ជយលាភី កញ្ញា សុ​វ​ត្តី បាន​ឆ្លើយថា​៖ «​ចាស​!​សម្រាប់​នាង​ខ្ញុំ​បញ្ហា​ដែល​ទាក់ទង​នឹង​សិទ្ធិ​ស្មើគ្នា​រវាង​បុរស និង​ស្ត្រី ដែល​យើង​គួរតែ​ដោះស្រាយ​មុនគេ​នោះ គឺ​បញ្ហា​ទទួលបាន​ប្រាក់ខែ និង​ឱកាស​មិន​ស្មើគ្នា​។ សម្រាប់​មនុស្ស​ស្រី គាត់​ធ្វើការ​ទាំង​​នៅក្នុង​ផ្ទះ និង​នៅក្រៅ​ផ្ទះ គាត់​មាន​អាជីព គាត់​ជាម​នុស្ស​ស្រី្ត​មាតា​ដៃ​ ១០០ ប៉ុន្តែ​បើតាម​ស្ថិតិ​ពិភពលោក​បានបង្ហាញ​ថា ស្ត្រី​ត្រូវបាន​ប្រាក់ខែ​តិចជាង​បុរស​រហូតដល់​ទៅ ២៥ ភាគរយ​។ ដូច​ច្នេះ យើង​គួរតែ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​បញ្ជាក់ថា មនុស្ស​​យើង​មាន​សិទ្ធិ​ស្មើគ្នា ធ្វើការ​ដូចគ្នា ទទួលបាន​ប្រាក់កម្រៃ​ស្មើគ្នា​»៕