​ក្រុង​ស៊ីដនី: បុរស​អូស្ដ្រាលី​ម្នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​ឧ​ប​​ករ​ណ៍​តាមដាន​ពី​ឆ្លាម​យក្ស​ស ​១​ ក្បាល ដោយ​បង្កើតជា​សញ្ញា​ប្រកាសអាសន្ន​ក្លែងក្លាយ ពី​វត្ដ​មាន​មច្ចុរាជ​ចង្កូម​ស​នៅ​ភាគ​ខាងលិច​ប្រទេស​អូស្ដ្រាលី​។


​ប៉ូលិស​ក្នុង​ក្រុង​អាល់​បា​នី បាន​ចោទប្រកាន់​បុរស​វ័យ ៤៨​ ឆ្នាំ​ពីបទ​លួច «​ឧបករណ៍​តាមដាន​សំឡេង​» ដែល​ប្រើ​ដើម្បី​តាមដាន​ឆ្លាម​យក្ស​ស​នៅក្បែរ​ឆ្នេរ ដោយ​ពួកគេ​បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​សប្ដាហ៍​កន្លងទៅនេះ​។​


​បុរស​រូបនេះ​ប្រឈមមុខ​នឹង​សវ​នា​ការ​នៃ​តុលាការក្រុង​អាល់​បា​នី នៅថ្ងៃទី​ ៤ ខែវិច្ឆិកា ខាងមុខនេះ​។


​ឧបករណ៍​តាមដាន​ឆ្លាម​បាន​បង្ក​ជា​សំឡេង​រោទ៍ ពេល​ពួកវា​ហែល​មក​ក្បែរ​សេន​ស័​រ​ចំនួន ៣៤ បំពាក់​នៅតាម​ឆ្នេរ​ភាគ​ខាងលិច ដែល​ផ្ដល់​ជា​សញ្ញា​ព្រមាន​ពី​គ្រោះថ្នាក់​នៅតាម​ទីតាំង​នីមួយៗ​ដល់​មនុស្ស​។


​ថ្វីដ្បិតតែ​ប៉ូលិស​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត តែ​របាយការណ៍​ ១ ចុះផ្សាយ​លើ​កាសែត West Australian បានឱ្យដឹងថា បុរស​រូបនោះ​បាន​យក​ឧបករណ៍​តាមដាន​ជាប់​ខ្លួន​ត្រី​ឆ្លាម ពេល​លោក​ចាប់​ឆ្លាម​យក្ស ស​នេះ​ដោយ​ចៃដន្យ រួច​ក៏បាន​លែង​វា​ចូល​ទឹក​វិញ​។


​ឧបករណ៍​នោះ​ក្រោយ​បាន​បង្ក​ជា​សំឡេង​រោទ៍ ៧​ ដង​ចន្លោះ​ថ្ងៃទី​ ១៣ ខែសីហា និង​ថ្ងៃទី ​៤ ខែកញ្ញា​។​

​ប្រទេស​អូស្ត្រាលី ​មាន​ករណី​វាយ​ប្រហារ​ដោយ​ឆ្លាម​ប្រមាណ ១៦​ ករណី​ កាលពី​ឆ្នាំ​ ២០២០ និង​ប្រ​មាណ ​១៣ ​ករណី ​ក្នុង​ឆ្នាំ ​២០២១​ នេះ​ បើ​យោងតាម​វេ​ប​សាយ Shark Attack Map​។​

​ការបំពាក់​ឧបករណ៍​តាមដាន​ឆ្លាម ជួយ​ឱ្យ​អ្នកស្រាវជ្រាវ​សិក្សា​ពី​ជីវិត​ពួកវា​ក្នុង​ជម្រក​ធម្មជាតិ​នៃ​ដែន​សមុទ្រ និង​ចលនា​របស់​វា​ក្នុងករណី​ប្រកាសអាសន្ន​នានា​៕ AFP/HR