ភ្នំពេញ៖ នេះ​ជា​គឺ​ឆ្នាំ​ទី៤ ហើយ នៃ​ការប្រព្រឹត្តទៅ​នៃ​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ក្រោយពី​ទទួលបាន​ជោគជ័យ​ច្រើន​ឆ្នាំជាប់ៗគ្នា ក្នុងការ​រៀបចំ។ សម្រាប់​ឆ្នាំ​ទី៤ នេះ មហោស្រព​អក្សរសិល្ប៍​ខ្មែរ នឹង​ប្រារព្ធ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២១ ខាងមុខ តាមរបៀប​គន្លង​ថ្មី​អន​ឡាញ។


កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​នេះ មាន​គោលបំណង​ធំ​បី​សំខាន់​ទី១ បណ្តុះ​ស្មារតី​ស្រឡាញ់​អក្សរ​សិល្ប៍ជាតិ ទី២ លើកកម្ពស់​កិត្តិយស និង​គុណ​តម្លៃ​របស់​អ្នកនិពន្ធ​ខ្មែរ និង​ទី៣ បង្កើន​ឱកាស​ក្នុងការ​ទំនាក់ទំនង និង​ពង្រីក​វិសាលភាព​ទីផ្សារ​ដល់​អ្នកនិពន្ធ។


អ្នកស្រី សូ ភី​ណា ជា​ស្ថាបនិក​នៃ​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរបានឱ្យដឹងថា៖ «កាន់តែ​ពិសេស សម្រាប់​ឆ្នាំនេះ​ គឺ​កម្មវិធី​មហោស្រព​បានកំណត់​ប្រធានបទ​ធំ​គឺ «សិល្បៈ​នៃ​ការបកប្រែ​អក្សរសិល្ប៍» ដែល​នឹងមាន​ការបង្ហាត់បង្ហាញ និង​ការចែករំលែក​បទពិសោធ​ន៍​ពី​អ្នកនិពន្ធ និង​អ្នក​ប្រែ​អក្ស​សិល្ប៍​នានា ដើម្បី​ចែករំលែក​ចំណេះដឹង ពាក់ព័ន្ធ​នឹង​ការបកប្រែ​អក្សរសិល្ប៍​នៅ​ប្រទេស​យើង និង​ជំរុញឱ្យមាន​ភាពសម្បូរ​បែប​ក្នុង​វិស័យ​អក្សរ​សិល្ប៍ជាតិ​យើង​ផងដែរ»។


ទិដ្ឋភាព​អ្នកចូលរួម​កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ កាលពីឆ្នាំ​កន្លងទៅ។ សហការី


មហោស្រព​អក្សរសិល្ប៍​ខ្មែរ លើក​ទី៤ នេះ មាន​រយៈពេល ២ ថ្ងៃ និង​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ នឹង​នាំយក​នូវ​កម្មវិធីពិសេសៗ ជាច្រើន​ដូចជា វេទិកា​ពិភាក្សា​អំពី​អក្សរសិល្ប៍ សិក្ខាសាលា កម្មវិធី​កំណាព្យ​តាំងពិព័រណ៍ វីដេអូ​ឯកសារ កម្មវិធី​ប្រកាស​ជ័យលាភី​បកប្រែ​អក្សរសិល្ប៍ និង​ការសម្ដែង​ទស្សនីយភាព ដែលមាន​របាំ ចម្រៀង និង​ចាប៉ី ផងដែរ។ មហោស្រព​អក្សរសិល្ប៍ បានទទួល​ការគាំទ្រ​ពី​សហគមន៍​អ្នកនិពន្ធ សមាគម​អក្សរសិល្ប៍​នានា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សប្បុរសជន​ជាច្រើន​នាក់​ទៀត។


គួរ​រំឭក​ផងដែរ​ថា កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី១ បានរៀបចំ​នៅ​ថ្ងៃទី ២០-២២ ខែ តុលា ឆ្នាំ ២០១៧ នៅឯ​ខេត្តសៀមរាប ជា​បណ្តុំ​វប្បធម៌ អរិយធម៌​របស់​ខ្មែរ​ដោយមាន​កម្មវិធី​ជាច្រើន ដូចជា វេទិកា​ពិភាក្សា​អំពី​បរិបទសំខាន់ៗ គឺ​ការសម្ពោធ​សៀវភៅ សិក្ខាសាលា​និពន្ធ និង​សម្តែង​សិល្បៈ​កម្សាន្ត​ផងដែរ។

ឯ​ការរៀបចំ​មហោស្រព​អក្សរសិល្ប៍​លើក​ទី២ ធ្វើ​នៅ​ខេត្តបាត់ដំបង ក្រោម​ប្រធានបទ «អតីតកាល បច្ចុប្បន្នកាល និង​អនាគត​នៃ​អក្សរសិល្ប៍​ខ្មែរ» កាលពី​ឆ្នាំ ២០១៨។ ខណៈ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី៣ នៅ​ថ្ងៃទី ១១-១៣ ខែ តុលា ឆ្នាំ ២០១៩ ដោយមាន​ការដាក់បញ្ចូល​កម្មវិធី​តាំង​លក់​សៀវភៅ និង​ពិព័រណ៍​ឈ្មោះថា «មរតក​អក្សរសិល្ប៍» ផងដែរ៕

ទិដ្ឋភាព​អ្នកចូលរួម​កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ កាលពីឆ្នាំ​កន្លងទៅ។ សហការី