ភ្នំពេញ៖ ការចាក់​បញ្ចាំងភាពយន្ត​ខ្លី​នៃ​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) នឹងត្រូវ​បើកសម្ពោធ​នៅ​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២១ តាមរយៈ​ការចាក់​បញ្ចាំងអនឡាញលើ Facebook Page ផ្លូវការ របស់​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ។ នៅ​ឆ្នាំនេះ ជា​លើក​ទី១០ ដែលមហោស្រព​ភាពយន្ត​ខ្លី​ចតុមុខបានរៀបចំ​កម្មវិធី​ប្រកួតភាពយន្ត​ខ្លីនៅ​ប្រទេសកម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​ផលិតករ សមិទ្ធ​ករ និង​អ្នក​ដែល​ស្រឡាញ់​វិស័យភាពយន្ត ទាំង​ក្នុង និង​ក្រៅប្រទេស។


កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) គឺជា​កម្មវិធី​ប្រកួត​ភាពយន្ត​ខ្នាត​ខ្លី​ដំបូងនៅ​ប្រទេស​កម្ពុជា ដែល​ឱ្យ​តម្លៃ​ដល់​ស្នាដៃ​ថ្មី​របស់​យុវជន​កម្ពុជា និង​សមិទ្ធិ​ករពី​បរទេស។ សមិទ្ធផល​ក្នុងស្រុក​ដែល​បានជ្រើសរើសសម្រាប់​ប្រកួត​ផ្តាច់​ព្រ័ត នឹងត្រូវ​បានទទួល​ការវាយតម្លៃពី​សំណាក់ គណៈមេប្រយោគ​របស់​ម​ហោ​ស្រព ដែលមាន​ជំនាញផ្សេងៗក្នុង​វិស័យ​ភាពយន្ត។

ខ្សែភាពយន្តចិន ជាប់​ជម្រើស​ប្រកួតថ្នាក់​អន្តរជាតិ The Speech របស់ផលិតករ Haohao Yan។ សហការី


កម្មវិធី CSFF នៅ​ឆ្នាំនេះ បាន​បន្ថែម​ប្រភេទ​វីដេអូ ដែល​អាច​ផ្តល់ឱកាស​ដល់​អ្នក ដែល​ចំណូល​នៅ​វិស័យ​ភាពយន្ត​អាចធ្វើ​ការបន្ថែម​ទៅលើ​ប្រភេទ​វីដេអូ ដែល​សមិទ្ធិ​ករ​នានា​ចាប់អារម្មណ៍។ ប្រភេទ​វីដេអូ​ដែល អាច​ចូលរួម​នៅក្នុង​ការចាក់​បញ្ចាំង រួមមាន ខ្សែភាពយន្ត​ប្រឌិត​ខ្លី ភាពយន្ត​ឯកសារ​ខ្មែរ​ខ្នាត​ខ្លី វីដេអូ​ចម្រៀង​ខ្មែរ និង​ភាពយន្ត​អន្តរជាតិ​ខ្លី​ប្រឌិត និង​ឯកសារ។


បើ​យោងតាម​សេចក្តីជូនដំណឹង​ពី​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​ ១៦ ខែ តុលា ឆ្នាំ ២០២១ កន្លងមកនេះ ប្រភេទ​នៃ​វីដេអូនីមួយៗ ដែល​បាន​ជាប់​ជម្រើស ចាក់​បង្ហាញ​ពី​មហោស្រព​ចតុមុខ​លើក​ទី១០ រួមមាន​ដូចជា៖ «ភាពយន្ត​ខ្លី​ក្នុងស្រុក​សម្រាប់​ការប្រកួត (៧) ភាពយន្ត​ខ្លី​ក្នុងស្រុក​សម្រាប់​ការចាក់​បង្ហាញ (៩) ភាពយន្ត​ឯកសារ​ខ្លី​ក្នុងស្រុក សម្រាប់​ការចាក់​បង្ហាញ (១៣) វីដេអូ​តន្ត្រី​ក្នុងស្រុក​សម្រាប់​ការចាក់​បង្ហាញ (៤) ភាពយន្ត​ខ្លី​អន្តរជាតិ​សម្រាប់​ការប្រកួត(៨) ភាពយន្ត​ខ្លី​អន្តរជាតិ​សម្រាប់​ការចាក់​បង្ហាញ (៤) ភាពយន្ត​ឯកសារ​អន្តរជាតិ​សម្រាប់​ការចាក់​បង្ហាញ (៣) ភាពយន្ត​ខ្លី​ពី«ឈូករ័ត្ន» សម្រាប់​ការចាក់​បង្ហាញ (៤) ភាពយន្ត​ខ្លី​ពី «តោះ​ថត​ឯកសារ​នៅ​កម្ពុជា» សម្រាប់​ការចាក់​បង្ហាញ (៨) ភាពយន្ត​ឯកសារ​ខ្លី​ពី«ជម្រើស​ដែលមាន​សុវត្ថិភាព» សម្រាប់​ការចាក់​បង្ហាញ (៦)»។


សន្និសីទ​ព័ត៌មាន​ខាងលើ​បន្ត​ឱ្យដឹងថា៖ «សម្រាប់​ការប្រកួត​របស់​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី១០ នេះ ខ្សែភាពយន្ត​ខ្លី ដែល​បាន​ជាប់​ជម្រើស នឹង​បានទទួល​ប្រាក់រង្វាន់​ច្រើន​ជម្រើស រួមមាន​ដូចជា​ជយលាភី​ភាពយន្ត​ខ្លី​លេខ ១ ក្នុងស្រុក​រង្វាន់​បាន ១ ០០០ ដុល្លារ​ ដាក់ពិន្ទុដោយ​មេ​ប្រយោគ​ជយលាភី​ភាពយន្ត​ខ្លី​លេខ ២ ក្នុងស្រុក​រង្វាន់​បាន ៥០០ ដុល្លារ​ ដាក់ពិន្ទុ​ដោយ​មេ​ប្រយោគ។ រង្វាន់​ជម្រើស​ទស្សនិកជន សម្រាប់​រឿង​ខ្លី​ក្នុងស្រុក​ទឹកប្រាក់​បាន ៣០០ ដុល្លារ បោះឆ្នោត​ដោយ​ទស្សនិកជន​តាម Google Form រង្វាន់​ជម្រើស​ទស្សនិកជន​សម្រាប់​រឿង​ខ្លី​អន្តរជាតិ​ទឹកប្រាក់​បាន ៥០០ ដុល្លារ បោះឆ្នោត​ដោយ​ទស្សនិកជន​តាម Google Form»។

ខ្សែភាពយន្តខ្មែរ​ខ្នាតខ្លី​ជាប់ជម្រើស​ចាស់បង្ហាញ «ដើមឈើបញច្រាស» របស់ផលិតករ សេង ប៉ឆាយ។ សហការី

លោក ស៊ុំ ស៊ីថែ​ន ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី១០ មានប្រសាសន៍ ក្នុង​សន្និសីទ​នោះ​ថា៖ «ការ​ប្រារព្ធ​កម្មវិធី​នៅ​ឆ្នាំនេះ​តាមរយៈ​អនឡាញ​បានបង្ហាញ​ឱ្យឃើញថា ទោះ​នៅក្នុង​បរិបទ​ណាក៏ដោយ មហោស្រពភាពយន្ត​ខ្លី​ចតុមុខ​នៅតែ​ព្យាយាម​ស្វះស្វែង​ក្នុងការ​រួមចំណែក​មួយ​ផ្សារភ្ជាប់​វិស័យ​ភាពយន្ត​ខ្មែរ​ទៅកាន់​ទស្សនិកជន ទាំង​ក្នុងប្រទេស ​និង​ក្រៅប្រទេស​ឱ្យ​កៀក​គ្នា ថ្វីបើ​នៅក្នុង​បរិបទ​កូ​វីដ ១៩ នេះ»។

រីឯ​លោក​លោក Lattapol Jirapathomsakul មន្ត្រី​កម្មវិធី និង​ទំនាក់ទំនង​របស់ SEA Junction ដែលជា​តំណាង​អ្នក​ឧបត្ថម្ភ និង​ដៃគូ​មហោស្រព​ឆ្នាំនេះ បាន​ថ្លែង​ពី​ចំណាប់អារម្មណ៍​ខ្លួន​ថា៖ «នៅក្នុង​បរិបទ​កូ​វីដ ១៩ នេះ​បាន​ប៉ះពាល់ ទៅដល់​វិស័យ​ជាច្រើន ដែល​ក្នុងនោះ​ក៏មាន​វិស័យ​ភាពយន្ត​ផងដែរ ជាពិសេស​ផលិតករ សមិទ្ធិ​ករ។ ទោះយ៉ាងណា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត ក្នុងការ​បន្តការងារ​របស់​ពួកគេ​ទោះបីជា​នៅក្នុង​កាលៈទេសៈលំបាក​ក្តី»។

ខ្សែភាពយន្ត​ជប៉ុន​ជាប់ជម្រើស​ប្រកួត​ថ្នាក់អន្តរចាតិ West End Girls របស់ Hiroki Kataoka។ សហការី

លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន សិល្ប​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «នាយកដ្ឋាន​តែងតែ សម្តែង​នូវ​ការគាំទ្រ​ទៅលើ​រាល់​ការងារ​របស់​ក្រុម​ឈូករ័ត្ន ក្នុង​ការរៀបចំ​មហោស្រព​ភាពយន្ត​ខ្លី ចតុមុខ។ តាំងពី​ឆ្នាំ​ឆ្នាំ​ទី១ មកដល់​ឆ្នាំនេះ​ជា​ឆ្នាំ​ទី១០ ក្រសួង​អប់រំ​និង​វិចិត្រសិល្បៈ​តែងតែ​គាំទ្រ និង​សហការ​ជាមួយ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ»។

លោក បូរ​ក្ស បាន​មានប្រសាសន៍​បន្ថែមថា៖ «បញ្ហា​រីក​រាលដាល​កូ​វីដ-១៩ បាន​ជំរុញ​ឱ្យ​កម្មវិធី​នេះ​ប្រព្រឹត្ត​តាមរយៈអនឡាញ យើង​មើលឃើញថា ឆន្ទៈ និង​ការស្រឡាញ់​របស់​យុវជន​យើង​នៅតែ​បន្ត​មាន​ចំពោះ​ការផលិត ភាពយន្ត»។

លោកបាន​បន្ត​និយាយថា៖ «តាមរយៈ​របាយការណ៍​របស់​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​បាន​សរ​បញ្ជាក់ថា ទោះបីជាមាន​ការ​ប្រឈម​នឹង​បញ្ហា​កូ​វីដ ១៩ ក្តី​ប៉ុន្តែ​សមិទ្ធិ​ករ​នៅតែ​បន្ត​ផលិត ហើយ​ក្រុមការងារ​របស់​ក្រុម​ឈូករ័ត្ន​នៅតែ​បន្ត ការ​កិច្ច​ខំប្រឹងប្រែង​រៀបចំ​ឱ្យ​កម្មវិធី ចាក់​បញ្ចាំងភាពយន្ត​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​នៅ​ឆ្នាំនេះ​បានកើត​ឡើង»។

អ្នកចូលរួម​សន្និសីទសារព័ត៌មាន​អនឡាន មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ឆ្នាំ២០២១។ សហការី

ចំពោះ​កម្មវិធី CSFF ឆ្នាំនេះ​ក៏មាន​ការគាំទ្រ​ពី​ស្ថាប័ន​ក្នុងស្រុក ៦ គឺ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន​ Sabay News, FilmTalk Cambodia, Alien Express និង​មូលនិធិ «ពន្លក» របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ហើយ​ក្រៅ​ស្រុក ២ គឺ៖ SEA Junction និង culture360។

សម្រាប់​បច្ចុប្បន្នភាព​បន្ថែម សូម​ចូល​មើល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​កម្មវិធី CSFF តាម​គេហទំព័រ៖ http://csff.co  ទំព័រ​ហ្វេសប៊ុក៖ https://www.facebook.com/CSFF.co/ តាម​តេ​ឡេ​ក្រាម៖ https://t.me/csffkh  និង​តាម YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/  ៕

ខ្សែភាពយន្ត​ខ្មែរជាប់ជម្រើសប្រកួត Dream Catcher ដោយ គង់ តុលា។ សហការី

ខ្សែភាពយន្តក្រូអាតជាប់ជម្រើសប្រកួតអន្តរជាតិ I'm not telling anything, just sayin។ សហការី

ខ្សែភាពយន្ត​ខ្មែរ​ជាប់ជម្រើសប្រកួត ស្នេហ៍ឆ្លងវេលា ដោយ គឹមអាន សុផាស័ក្ក។ សហការី