ក្រុង​ញូវយ៉ក៖ តារាចម្រៀង​រ៉េប​ប្រាក់ពាន់លានដុល្លារ ​ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា ​កាញ៉េ វ៉េស ត្រូវ​ចៅក្រហម​សម្រេច​ឱ្យ​ប្រើឈ្មោះ យេ (Ye) តែ​មួយ​ម៉ាត់​ ជា​ផ្លូវការ​ហើយ តាមការ​ស្នើសុំ​របស់សាម៉ីខ្លួន។


មន្ត្រី​ទំនាក់ទំនង​នៅ​តុលាការ​ជាន់ខ្ពស់​ទីក្រុង​ឡូ​ស​អេ​នជើលេស​​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​ច័ន្ទ​ថា ​ចៅក្រម​ឡូ​ស​អេនជើលេស ​បានទទួឡ​ការស្នើសុំ​ផ្លាស់ប្តូរ​ឈ្មោះ​របស់​តារាចម្រៀង​អាយុ ៤៤ ឆ្នាំរូបនេះ។


តារាចម្រៀង និង​អ្នកច្នៃម៉ូដល្បីរូបនេះ​​បានដាក់​ពាក្យស្នើសុំ​កាលពី​ខែសីហា​ ដោយ​លើកឡើង​ពី «ហេតុផល​ផ្ទាល់ខ្លួន»។


ការផ្លាស់ប្តូរ​ឈ្មោះ​​​នេះ​មានន័យថា ​តារាចម្រៀង​រ៉េប​ ​និង​ផលិតករ​ដែល​ឈ្នះ​ពានរង្វាន់ Grammy លែងមាននាម​ ត្រកូល ​ឬ​ឈ្មោះ​កណ្តាល​ទៀតហើយ។ ឈ្មោះ​ពេញ​របស់លោក​​ពីមុន​គឺ កាញ៉េ អូម៉ារី វ៉េស (Kanye Omari West) ត្រូវបាន​ប្ដូរ​មក​ត្រឹមតែ ១ ម៉ាត់គឺ យេ (Ye)។


នៅ​ឆ្នាំ ២០១៨ លោក​ យេ​ បានចេញ​អាល់​ប៊ុ​ម​ ដែលមាន​ឈ្មោះ​ដូចគ្នា​ដែលជា​ឈ្មោះ​នេះ។


អតីតស្វាមី​តារាទូរទស្សន៍ គីម កាដាសៀន អាយុ ៤៤​ឆ្នាំ ធ្លាប់​ឈរឈ្មោះបោះឆ្នោត​ជា​ប្រធានាធិបតីសហរដ្ឋ​អាមេរិក។

គ្រា​នោះ លោក​បាន​ថ្លែង​​បទសម្ភាសន៍​តាម​វិទ្យុ​ថា៖ «ខ្ញុំ​ជឿថា «យេ» គឺជា​ពាក្យ​ដែល​គេ​ប្រើ​ច្រើនជាងគេ​នៅក្នុង​ព្រះគម្ពីរ​ ហើយ​នៅក្នុង​ព្រះគម្ពីរ​វា​មានន័យថា​ «អ្នក»។

អតីត​ស្វាមី​តារាទូរទស្សន៍ គីម កាដាសៀន រូបនេះ​បាន​ពន្យល់ទៀត​ថា៖ «យេ បានមកពី​ កាញ៉េ ដែល​មាន​ន័យ​ថា​ តែមួយគត់​។ យេ គ្រាន់តែ​​​ជា​អ្នក​ដែល​ឆ្លុះបញ្ចាំង​ពី​ភាពល្អ​របស់​យើង ​អាក្រក់​របស់​យើង​ភាព​ច្របូកច្របល់​ និង​​អ្វី​គ្រប់យ៉ាង​របស់​យើង»។

កាលពី​​​ខែសីហាកន្លង​ទៅ​ថ្មីៗ​នេះ​​ តារាចម្រៀង​រ៉េប យេ បានចេញ​អាល់​ប៊ុ​ម Donda ដោយ​យក​ឈ្មោះតាម​ម្ដាយ​បង្កើត​របស់លោក។

ការ​សម្រេច​អាល់ប៊ុម​នេះ​ក៏មាន​វត្តមានអតីតភរិយា​គ្រង​ឈុត​កូនក្រមុំ​ពណ៌​ស​មក​ចូលរួម​ផង​ដែរ។

មុនពេល​ព័ត៌មាន​នេះ​បែកបាក់​ គូស្នេហ៍​ទ្រព្យ​ពាន់​លាន​ដុល្លារ​នេះ​​ត្រូវបានគេ​រាយការណ៍ថា ស៊ូទ្រាំ​ជា​ច្រើន​ខែ​នឹង​លំបាក​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ កាលពី​ឆ្នាំមុន យេ​ បាន​ចូលរួម​​ឈរឈ្មោះបោះឆ្នោត​ជា​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ផង​ដែរ តែ​​​ទីបំផុត​មហិច្ចតា​នេះ​​ត្រូវ​បាន​បរាជ័យ៕ AFP

តារាចម្រៀង​រ៉េប និង​អ្នក​ច្នៃម៉ូដ កាញ៉េ អូម៉ារី វ៉េស ដែល​បាន​ប្ដូរឈ្មោះ​ផ្លូវការ​ថា Ye តែ​មួយ​ម៉ាត់។ AFP