ក្រុងគែរ៖ ចម្លោះវិនាទី​ប្ដូរ​បំពាក់​យ៉ាង​ទាន់ហ័ន​ ខណៈ​ក្រុម​អ្នក​ថតរូប​ត្រៀម​សារ៉េ​ចុ​​កាណុងរង់ចាំ​ តារា​ម៉ូដែល​ចម្រុះ​ជាតិសាសន៍​ជា​ច្រើន​រូប ត្រូវបាន​​ទីភ្នាក់ងារម៉ូដែល​របស់​​ អ៊ីម៉ាន អែលឌីប នាំ​​​បោះជំហាន​ទៅមុខ​បណ្ដើរ​ៗ​ក្នុង​វិស័យ​ឧស្សាហកម្ម​ហ្វាសសិន​អេហ្ស៊ីប។


អ្នកនាង ​អែលឌីប បាន​ហក់​ចូល​អាជីព​អន្ដរជាតិ​ក្នុង​វិស័យ​ហ្វាសសិន​អឺរ៉ុប​នៅ​ទីក្រុង​មីលែន ជាទីដែល​ក្រុម​អ្នក​ថត​រូប​បាន​ប្រាប់​នាង​ថា នាង​គឺជា​ម៉ូដែល​អេហ្ស៊ីប​ដំបូងហើយ​​ ដែល​ពួកគេ​បាន​ជួប​។


៧​ឆ្នាំ​ក្រោយ​មក នាង​ត្រឡប់ទៅកាន់​អេហ្ស៊ីប​វិញ​ក្នុង​ឆ្នាំ ២០១៨ និង​បាន​បង្កើត​ទីភ្នាក់ងារ UNN Model Management ជាឈ្មោះ​មានន័យថា «កំណើតថ្មី» តាម​ភាសា​ជនជាតិ​ដើម​ភាគ​តិច​នូប៊ី​ស្បែក​ខ្មៅ​។


អ្នកនាង ​អែលឌីប បាន​ឱ្យដឹថា នៅ​ក្នុង​ប្រទេស​ដ៏​ល្បីល្បាញ​បំផុត​នៃ​ពិភព​អារ៉ាប់ ការ​បង្ហាញ​ម៉ូដ​រមែង​ត្រូវ​បាន​គ្រប់​គ្រ​ដោយ​ «​នារី​មក​ពី​អឺរ៉ុប​ខាង​កើត​ ដែល​មាន​​ពណ៌​សម្បុរ​ស្បែក ស ​ពី​ធម្មជាតិ»។


តារា​ម៉ូដែល​ចម្រុះ​ជាតិសាសន៍​ ក្នុងចម្លោះវិនាទី​ប្ដូរ​បំពាក់​យ៉ាង​ទាន់ហ័ន​ដើម្បី​ថត​ម៉ូដ។ AFP


នារីវ័យ ២៨​ឆ្នាំ​រូប​នេះ បាន​និយាយថា ស្ដង់ដារ​ចាស់​គំរឹល​បែប​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ដល់​ពលរដ្ឋ​អេហ្ស៊ីប និង​ម៉ូដែល​អារ៉ាប់​ក្នុង​ការ​ឈាន​ជើង​ចូល​ពិភព​ដើរ​ម៉ូដ​។

កញ្ញា​បាន​និយាយថា​៖ «​ពណ៌​សក់ ពណ៌​ភ្នែក គឺអ្វីៗគ្រប់យ៉ាង​គឺជា​ផ្នែក​មួយ​នៃ​ផ្នត់គំនិត​ចាស់​ស្ដីពី​សម្ផស្ស​ ហើយ​នេះ​គឺជា​អ្វីដែល​យើង​ត្រូវ​ចៀស​ឆ្ងាយ​ តាម​ដែល​អាច​ធ្វើ​ទៅបាន​»។

បច្ចុប្បន្ន​ទីភ្នាក់ងារ​ម៉ូដែល UNN បាន​ចុះ​កុងត្រាជាមួយ​យីហោ​ល្បីៗ​លើ​ពិភពលោក​ប្រមាណ ៣៥ រួមទាំង Louis Vuitton, Adidas និង​ Levi''s ដែល​ធ្វើ​វាក្លាយជា​ទីភ្នាក់ងារ​ឈាន​មុខ​នៅ​អេហ្ស៊ីប​។

អ្នកនាង ​ម៉ារៀ ក្រេស ប្រោន ជា​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យកាន់សាស់ ដែល​និពន្ធ​សៀវភៅ​ស្ដីពី​ហ្វាសសិន​របស់​ស្ដ្រី​ក្នុង​ប្រទេស​ស៊ូដង់ បាន​និយាយថា​ ​អេហ្ស៊ីប​មាន​លក្ខណៈស្រដៀង​នឹ​ង​ទៅនឹង​លោក​ខាង​លិច​ ដែល​មនុស្ស​នៅតែ​វាយ​តម្លៃ​លើស​ពណ៌​សម្បុរស្បែក​។

ម៉ូដែល​អេហ្ស៊ីប ហ្សៃណា អេហា និង​ម៉ារៀម អាប់ដាល់ឡាស នៅ​ក្នុង​ស្ទូឌីយូ​ UNN Model Management។ ​AFP

ក្រៅពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រើស​អើងក្នុង​ឧស្សាហកម្ម​កាប់​ចាក់​នេះ វាយតម្លៃ​មនុស្ស​លើ​បញ្ហា​ផ្លូវភេទ​ និងការ​យល់​​ព្រម​ពី​ឪពុក​ម្ដាយ​ឱ្យ​កូនធ្វើ​ម៉ូដែល ​ក៏ជា​ឧបសគ្គ​ធំមួយ​ក្នុង​ប្រទេស​ដ៏​អភិរក្ស​អ៊ិស្លាម​មួយ​នេះផងដែរ​។

យោង​តាម​ អ្នកនាង ​អែលឌីប បាន​ឱ្យដឹងថា ឪពុក​ម្ដាយ​ដ៏​ច្រើន​លើសលប់​បារម្ភ​ថា រូបភាព​កូន​ស្រី​របស់​ខ្លួន​នឹង​ត្រូវបាន​ប្រើ​លើ​ផ្លូវ​ខុស​តាម​អនឡាញ​។ នៅ​មាន​ក្ដី កង្វល់​ជា​ច្រើន​ទៀត​អំពី​ការ​ស្លៀកពាក់​លេចលើ​លេច​ក្រោម​ ក៏​ដូចជា​ធ្វើ​ការ​គ្មាន​ម៉ោង​កំណត់​ច្បាស់​លាស់​សម្រាប់​នារីៗ​វ័យ​ក្មេង​ទាំង​នោះ​។

កញ្ញា​បាន​បន្ថែមថា​៖ «​មិន​ថា​អាជីព​ការងារ​អី​នោះទេ ឪពុក​ម្ដាយ​តែងតែ​ព្យាយាម​សម្រេចិត្ដ​ជំនួស​កូន​ស្រី​»។

ដំណឹង​ល្អ​ពីភាព​ប្រសើរ​ឡើង​​ក្នុង​វិស័យ​នេះ គឺថា យោង​តាម​វេបសាយ​ជំនាញ​ខាង​ហ្វាសសិន The Fashion Spot «​តារាម៉ូដែល​​ចម្រុះពណ៌សម្បុរ​» មាន​ចំនួន​ជាង ៤៣​ ភាគរយ ​ក្នុង​ការ​បង្ហាញម៉ូដ​រដូវស្លឹកឈើជ្រុះជាសកល​​លោក​ក្នុង​ឆ្នាំ​ ២០២១​ ដែល​ធ្វើ​ឱ្យ​វា​ជា​ឆ្នាំដែល​មានភាពចម្រុះជាតិ​​សាសន៍​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​៕ AFP/HR

ម៉ូដែល​អេហ្ស៊ីប ​ម៉ារៀម អាប់ដាល់ឡាស នៅ​ក្នុង​ស្ទូឌីយូ​ UNN Model Management។ ​AFP