​ភ្នំពេញៈ នៅ​ទីបំផុត​តារា​សម្តែង និង​ចម្រៀង​​ស្រី សំឡេង​ស្រួយ​ស្រទន់ អ្នកនាង សឿ សុធា​រ៉ា ជា​ភរិយា​តារាចម្រៀង​ប្រុស ម្ចាស់​បទ «Dans Ce Cafe» សាពូន មីដាដា លេច​វត្តមាន​ក្នុងការ​ថតកុន​បុរាណ​មួយ​នៃ​ផលិតកម្ម​ហង្ស​មាស​ ជាមួយ​តួ​ប្រុស​តារាចម្រៀង សួន ពិសិដ្ឋ​។


​កាលពី​ពាក់កណ្តាល​ឆ្នាំមុន (​ឆ្នាំ ​២០២០) ​អ្នកនាង សឿ សុធា​រ៉ា ក៏​បង្កើត​ការភ្ញាក់ផ្អើល​ដល់​មហាជន​សាជាថ្មី ក្រោយពី​បាត់​មុខ​លើ​វិថី​សិល្បៈ​យ៉ាងយូរ​ក្រែល ដោយ​ស្រាប់តែ​បង្ហាញខ្លួន​ក្នុង​ឈុត​ថត​សម្អាងការ ជាមួយ​តួ​ប្រុស​ដែលមាន​ឈ្មោះ​ល្បី​ខាង​ផាត់មុខ​តារា​ស្រី​ល្បីៗ​ទូទាំង​​ប្រទេស​កម្ពុជា លោក ឌី តែ​ក៏​បាត់​ព័ត៌មាន​ពីការវិល​មកកាន់​វិថី​សិល្បៈ​វិញ​ម្តងទៀត​។​

​ការ​លេច​វត្តមាន​សាជាថ្មី​នេះ ត្រូវបាន​គេ​ឃើញ​លេចចេញ តាមរយៈ​ការ​បង្ហោះ​នូវ​បណ្តំ​រូបថត​ច្រើន​សន្លឹក​ពី​សំណាក់​តួ​ប្រុស ដែល​ទើបតែ​បាន​អភិវឌ្ឍ​ខ្លួន​មួយកម្រិត​ថែមទៀត ពី​អ្នកនិពន្ធ​​ទំនុកច្រៀង ទំនុកភ្លេង និង​តារាចម្រៀង​លោក សួន ពិសិដ្ឋ កាលពី​ថ្ងៃទី​ ១៩ ខែ តុលា ឆ្នាំ ​២០២១ ដោយ​សាច់រឿង​ឆ្លុះបញ្ចាំង​សម័យកាល​លង្វែក​។​


​លោក សួន ពិសិដ្ឋ បង្ហោះ​សារ​អម​នឹង​រូបថត មាន​រូបលោក និង​អ្នកនាង សឿ សុធា​រ៉ា ថា​៖ «​ជួបគ្នា ក្នុង​វិស័យ​ភាពយន្ដ ជា​លើកដំបូង​! ជាង​ ១០ ​ឆ្នាំ បន្ទាប់ពី​ខ្ញុំ​ថត​រឿងបុរាណ​សម័យ​លង្វែក​រឿង «​ចៅ​ពស់​កេងកង​» តែង​និពន្ធ និង​ដឹកនាំ​ដោយ​លោក ហ្វៃ សំអាង​។ ឥឡូវ​នេះ គឺ​ថត​រឿង​​សម័យ​លង្វែកសាជាថ្មី​ម្ដងទៀត​ហើយ​។ ជួប​ជា​មួយ​អាយ​ដល​អ្នកណា​គេ​ខ្លះ​? ដឹកនាំ​សម្ដែង​ដោយ Director Kao Seiha»​។


​លោក​បន្ត​សារ​ថា​៖ «​ថ្ងៃនេះ​គាត់​ថត តួ​​នៅ​វ័យ​ចំណាស់ ឯខ្ញុំ​ថត​តួ​នៅ​វ័យក្មេង​សិន ឱ្យ​បងប្អូន និង​ហ្វេ​នៗ ខ្ញុំ​បាន​មើល​ខ្លះ​ចុះ​! អរគុណ​សម្រាប់​ការ​គាំទ្រ​! ​ភាពយន្ត​រឿង​ក្នុង​សម័យ​លង្វែក​»​។​


តាមពិត​តារា​សម្តែង និង​ចម្រៀង​ស្រី​អ្នកនាង សឿ​ សុធា​រ៉ា ក៏​ធ្លាប់​បង្ហាញ​វត្តមាន ១ ភ្លែត​ផងដែរ កាលពី​ឆ្នាំ ២០១៨ នៅលើ​វិថី​សិល្បៈ ដោយបាន​ធ្វើឱ្យ​ផ្អើល​ម​ជ្ឈ​ដ្ឋា​ន​មហាជន និង​សង្គម​អ្នកសិល្បៈ តែ​ក៏​បាត់​មុខ​ទៅវិញ ដោយសារ​សម្រាកសម្រាល​បុត្រា​ទី​២ ជូន​ស្វាមី ​លោក សាពូន មីដាដា ដែលជា​តារាចម្រៀង​ប្រុស​ល្បី​ម្ចាស់​បទ​ «​និយមន័យ​ស្នេហ៍​» ដ៏​ល្បី​រន្ទឺ​កាលពី​ជាង ១០ ឆ្នាំមុន កាល​ជ្រក​ទ្រនំ​​ផលិតកម្ម​ហង្ស​មាស​។​

​ខណៈ​អ្នកនាង​ទើបតែ​លេចមុខ​សាជាថ្មី​ម្តង​​ទៀត​នេះ​ ជាការ​វិល​មករក​ឆ្នាំងបាយ​ចាស់ របស់​តារា​ស្រី​អ្នកនាង សឿ សុធា​រ៉ា ក៏​មិនទាន់​បានបញ្ជាក់​ផ្ទាល់​លម្អិត​ថា នឹង​វិល​មកវិញ​ត្រឹម​រយៈ​ពេលណា​នោះបាន​ឡើយ ដោយ​សារ​ ភ្នំពេញ​ ប៉ុស្តិ៍ ក៏​ពុំ​អាច​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​​ដែល​ធ្លាប់បាន​ទាក់ទង​កាលពីមុន​នោះបានទេ​នាពេល​ថ្មីៗ​​នេះ​៕