ភ្នំពេញ: ដំណើរ​កម្សាន្ត​ជុំវិញ​អាស៊ីអាគ្នេយ៍​ជាមួយនឹង​ម៉ូតូ​ជាង​ ១ ​ទសវត្សរ៍​មុន បានធ្វើឱ្យ​លោក ថូ​នី ហ្គៀ​រ៉ា​ត (Tony Geeraerts) និង​បងប្អូន​របស់លោក ជី​មមី បាន​ចាប់​​អារម្មណ៍​នឹង​ប្រជាជន ក៏ដូចជា​វប្បធម៌​កម្ពុជា រហូត​ឈានដល់​ការបង្កើត​អង្គការ​រួមចំណែក​ជួយ​ប្រទេស​ដែល​ស្ថិតក្នុង​ចិត្ត​របស់លោក​មួយ​នេះ​។​


​លោក ថូ​នី ហ្គៀ​រ៉ា​ត បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ធ្វើដំណើរ​ជុំវិញ​ទីជនបទ​របស់​កម្ពុជា ខ្ញុំ​បានឃើញ​ពី​ការរស់នៅ​លំបាក​វេទនា​របស់​គ្រួសារ​ជាច្រើន​។ ហើយ​ដោយសារ​ស្ថានភាព​នេះ ពួកគេ​បាន​បង្ខំចិត្ត​ធ្វើ​ចំណាក​​ស្រុក ហើយ​កូនៗ​ត្រូវបាន​ទុកចោល​ជា​ញឹកញាប់​»​។​


​លោកបន្តថា​៖ «​ក្មេងៗ​ខ្លះ​គឺ​ត្រូវ​ទុកចោល​ទាំងស្រុង​។ យើង​មិនអាច​បំភ្លេច​បទពិសោធ​លើក​នោះបានទេ ដូច្នេះ​បន្ទាប់ពី​ត្រឡប់មកវិញ​ជាច្រើន​ដង យើង​ក៏​សម្រេចចិត្ត​បង្កើត​អង្គការ Little Hearts នៅ​ឆ្នាំ​ ២០០៩ ដើម្បី​ជួយ​ក្មេង​នៅតាម​ផ្លូវ​»​។​


Little Hearts (LHO) ជា​អង្គការ​បាន​បើក​ដំបូង​នៅ​ខែឧសភា ឆ្នាំ​ ២០០៩ នៅ​អគារ​សាលារៀន​ដែល​គេ​ទុកចោល​មួយ​នៅឯ​ជាយក្រុង ដោយមាន​សហ​ស្ថាបនិក​លោក ថូ​នី លោក ឌី​មី​ទ្រី ស៊ី​យើ និង​លោក ចូ អ​ហ្វី​ស៊ឺ​។


​ក្រោយមក​ក្រុមប្រឹក្សាភិបាល​អង្គ​ការបា​ន​សម្រេចចិត្ត​ទិញ​ដី​មួយកន្លែង​នៅក្នុង​ភូមិ​ក្រៅ​ក្រុង ដើម្បី​សាង​​សង់​ទីតាំង​ថ្មី និង​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ​២០១៣​។ ពេលនោះ​ហើយ​ដែល​លោក ​ថូ​នី សម្រេចចិត្ត​ផ្លាស់​ពី​បែ​ល​ហ្ស៊ិ​កមក​ភ្នំពេញ ដើម្បី​គ្រប់គ្រង​ការងារ​នៅ​អង្គការ​ផ្ទាល់​តែម្ដង​។​


​ស្ថាបនិក និង​អ្នកគ្រប់គ្រង LHO បាន​បន្តថា​៖ «​យើង​ផ្ដោតលើ​ការជួយ​សង្គ្រោះ​កុមារ​ត្រូវគេ​បោះបង់ និង​កុមារកំព្រា​។ ខ្ញុំ​ជឿជាក់ថា ​កុមារ​គ្រប់រូប​សម​នឹង​ទទួលបាន​បរិយាកាស​សុ​វត្ថិ​ភាព ការអប់រំ និង​ឱកាស​សម្រាប់​អនាគត​ភ្លឺស្វាង​»​។​

អាជ្ញាធ​រ​ភូមិវិហារសួគ៌ត្បូង​ និង​លោក ថូនី ស្ថាបនិកអង្គការ LHO សហការផ្ដល់​កញ្ចប់ស្បៀងអាហារ​ដល់អ្នកភូមិ​។ សហការី

​ក្រោម​បេសកកម្ម​ផ្ដល់​ការអប់រំ​ទៅដល់​កុមារ​ត្រូវបាន​បោះបង់ចោល និង​ជួយ​ទៅដល់​គ្រួសារ​ក្រីក្រ ថ្មីៗ​នេះ​អង្គការ​បានធ្វើ យុទ្ធនាការ​សប្បុរស​​ធម៌​ទូទៅ (Random Acts of Kindness) របស់ខ្លួន​ជា​លើក​ទី​២​ កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា នៅ​ភូមិ​វិហារ​សូ​គ៌​ត្បូង ខេត្តកណ្ដាល បន្ទាប់ពី​ទទួលបាន​ជោគជ័យ មានការ​គាំទ្រ និង​អាចជួយ​ប្រជាជន​បាន​ច្រើនជាង​កាលពី​លើកដំបូង​។​

​បន្ថែម​ពីលើ​ការផ្តល់​ការអប់រំ​ដែលមាន​គុណភាព ផ្ទះ​ប្រកបដោយ​ក្តី​​ស្រឡាញ់ និង​ថ្នាក់​ភាសា​អង់គ្លេស​អន​ឡាញ​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​ទាំងអស់​ក្នុងភូមិ​នៅ​អរិយ​ក្សត្រ អង្គ​​ការ​ក៏បាន​ផ្ដល់នូវ​ការ​មើលថែ និង​វត្ថុ​ចាំបាច់ ដូច​ជាការ​ស្លៀកពាក់​ផងដែរ​។​

​អង្គការ​ធ្លាប់​ទទួលបាន​មូលនិធិ​ភាគច្រើន​ពី​បែលហ្ស៊ិក ប៉ុន្តែ​ដោយ​សារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ជំនួយ​បាន​ធ្លាក់ចុះ ដែលនាំឱ្យ​មានការ​អង្គាសប្រាក់​ក្នុងស្រុក និង​អន្តរជាតិ ក្នុង​ចំណែក​តិចតួច​តាម​លទ្ធភាព​។

​នៅពេល​ឃើញ​ភូមិ​ជិតៗ​ជួប​ការ​​លំបាក​ដោយសារ​វិបត្តិ​កូ​វីដ ​១៩ ដែល​ប៉ះពាល់​ដល់​ទីផ្សារការងា​រ​ដូចជា​រោងចក្រ​កាត់ដេរ អង្គការ​បាន​បង្កើត​យុទ្ធ​នា​ការ​សប្បុរសធម៌​ទូទៅ ដើម្បី​បណ្តុះ​ស្មារតី​ការផ្តល់ និង​លើក​​ទឹកចិត្ត​អ្នកដទៃ​។​

​លោក ថូ​នី បាន​និយាយថា​៖ «​លើក​ទី​១ យើង​មានលទ្ធភាព​ប្រគល់​កញ្ចប់​អាហារ ភួយ និង​សម្ភារ​ចាំបាច់​ផ្សេងទៀត​ដល់​អ្នកធាក់ស៊ីក្លូ និង​អ្នករត់​​រ៉ឺម៉ក នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។ លើក​ទី​២ យើង​បាន​សម្របសម្រួល និង​ផ្តល់​កញ្ចប់​ស្បៀងអាហារ​ដល់​គ្រួសារ​ដែល​ជួប​ការលំបាក និង​ក្រីក្រ​ជាង ១៣០ ​គ្រួសារ​»​។​

​លោក​បន្តថា​៖ «​មូលនិធិ​ទទួលបាន​ពី​អ្នក​បរិច្ចាគ​យុទ្ធនា​ការលើក​ទី​១ ត្រូវ​ប្រើ​សម្រាប់​ចែកចាយ និង​រៀបចំ​ជា​កញ្ចប់​បូករួម​ទាំង​អង្ករ ​២០ ​គីឡូ​, មី ១ ​កេស​, ទឹកត្រី និង​ទឹក​ស៊ីអ៊ី​វ​»​។​

​រំឭក​ឡើងវិញ​អំពី​ដំណើរការ​របស់​យុទ្ធនា​ការលើក​ទី​២ លោក ថូ​នី ថា​អង្គការ​បានធ្វើ​ការសហកា​រ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ភូមិ ដើម្បី​ជ្រើសរើស​គ្រួសារ​ងាយ​រងគ្រោះ និង​ខ្វះខាត​បំផុត​នៅ​ភូមិ​វិហារ​សួគ៌​ត្បូង​។​

ក្រុមការងារ​ LHO និង​ដៃគូ​សហការ Top Recruitment នៅវិទ្យាល័យវិហារសួគ៌។ រូបថត សហការី

​លោក ថូ​នី ថា នៅមាន​អ្នក​ខ្វះខាត​ជាច្រើន​ទៀត ប៉ុន្តែ​វា​ជា​ជំហាន​ដំបូង​ក្នុងទិសដៅ​ត្រឹមត្រូវ​ដោយសារ​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​ម្ចាស់​ឧបត្ថម្ភ និង​ដៃគូ​សំខាន់ៗ​។ ការធ្វើឱ្យ​ជីវិត​អ្នកដទៃ​ប្រសើរឡើង​តែងតែ​ជា​គោលដៅ​របស់​អង្គការ ប៉ុន្តែ​វា​ក៏​ជួយ​បង្កើត​ស្មារតី​វិជ្ជមាន​ដល់​សហគមន៍​ផងដែរ​។

​ស្ថាបនិក​អង្គការ​ឱ្យដឹង​ដែរ​ថា នឹង​បន្ត​យុទ្ធនាការ​សប្បុរសធម៌​ទូទៅ​លើក​ទី​៣ ទៀត ដែល​អាហារ​នឹង​នៅតែ​បន្ត​ចែក​តែ ក៏​នឹងមាន​បញ្ចូល​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ឬ​សម្លៀក​​បំពាក់​ផងដែរ​។​

​លោក ថូ​នី ប្រាប់​ពី​អារម្មណ៍​រីករាយ និង​រំពឹងថា​៖ «​យើង​ពិត​ជាមាន​អំណរ​ដែលមាន​ការចូល​រួម​ពី​បងប្អូន​។ យើង​សង្ឃឹមថា ​អំណោយ​តិចតួច​របស់​យើង ទោះ​មិន​ជួយ​បាន​ច្រើន តែ​ជា​កម្លាំង​ឱ្យ​គាត់​ដឹងថា ​ពួកគាត់​មិន​ត្រូវបាន​បំភ្លេច ហើយនឹង​អាច​ក្រោកឈរ​បន្ទាប់ពី​ស្ថានភាព​កូ​វីដ​ប្រសើរឡើង​»​។​

​លោក​បានឱ្យដឹងថា គម្រោង​បន្ត​របស់​អង្គការ​គឺ​បង្កើត «​ធនាគារ​ម្ហូប​» ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ចាប់​​ផ្ដើម​។ អង្គការ​គ្រោង​នឹង​រៀបចំ​អាហារ​មូលដ្ឋាន ដែលមាន​ជីវជាតិ​សម្រាប់​មនុស្ស ដែល​ទាមទារ​របប​ទទួលទាន​លើសពី​បំពេញ​ក្រពះ​នឹង​អាហារ​ទូទៅ​។ មួយទៀត​គឺ​អង្គការ​ធ្វើការ​ផ្ដោតលើ​បរិស្ថាន និង​សត្វ​ផុត​ពូជ​ដែលមាន​សារៈសំខាន់​ណាស់​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​។​

​សម្រាប់​ការឧបត្ថម្ភ និង​ការចូលរួម​ជា​ដៃគូ លោក ថូ​នី ហ្កៀ​រ៉ា​ត អាច​ទំនាក់ទំនង​តាមរយៈ tony@lho.ngo ឬ​ចូលទៅ​កាន់​វេ​ប​សាយ​អង្គការ www.lho.ngo៕​