​ភ្នំពេញ: ស្ថិតនៅក្នុង​សាល​នៃ​សារមន្ទីរ​ជាតិ រាជធានី​ភ្នំពេញ ស្នាដៃ​ចម្លាក់ រូបថត រូប​​គំនូរ គ្រឿងអលង្ការ វីដេអូ​ខ្លីៗ ដែល​ឆ្លុះបញ្ចាំង​ពីបទ​ពិសោធ​នៃ​ការធ្វើដំណើរ​ឆ្លង​ទ្វីប ជីវភាព​រស់នៅ​ប្រចាំថ្ងៃ សាមគ្គីភាព ឥទ្ធិពល​គំនិត​នៃ​សិល្បករ​មកពី​ទ្វីប​ទាំង​ ២ និង​ចំណងមិត្តភាព​លើ​វិស័យ​វប្បធម៌​នៃ​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអាស៊ី និង​អឺរ៉ុប ត្រូវបាន​ដាក់តាំង​បង្ហាញជូន​សាធារណជន​ចូល​ទស្សនា​រហូត​ដំណាច់ឆ្នាំ​ ២០២១​។​


​ក្នុងចំណោម​ម្ចាស់​ស្នាដៃ​ជា​ច្រើន​រូប​មកពី​បណ្ដា​ប្រទេស​នៅ​អាស៊ី និង​អឺរ៉ុប អ្នកនាង ឡូ​លី ផាក មកពី​កូរ៉េខាងត្បូង និង​អ្នកនាង អូ​លី​វៀ ហូ​ហ្គ មកពី​អង់គ្លេស សុទ្ធសឹងតែ​ជា​សិល្បការិនី ដែល​កំពុង​បំពេញ​ក្ដី​សុបិន​របស់ខ្លួន​លើ​វិថី​សិល្បៈ​នៅ​កម្ពុជា​អស់​ជាច្រើន​ឆ្នាំ​។​


​ក្នុង​ពិព័រណ៍​សិល្ប​:​ម​ហោ​ស្រព​វប្បធម៌​អាស៊ី និង​អឺរ៉ុប ២០២១ អ្នកនាង ឡូ​លី និង អូ​លី​វៀ បាន​ប្រើ​ជំនាញ​សិល្បៈ​ទម្រង់​ខុសគ្នា ដើម្បី​រំលេច​ជា​ស្នាដៃ​រួមមួយ សម្រាប់​ការតាំង​​បង្ហាញ Sahaka playground នៅ​សារមន្ទីរ​ជាតិ​។​


សិល្បករ​ខ្មែរ​​ណែនាំ​បង្ហាញ​ស្នាដៃ​គំនូរ​របស់ខ្លួន​ជូន​រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈ​។ ហ្វេសប៊ុក


​អង្គុយ​ក្បែរ​ដៃគូ​សហការ​មកពី​អង់គ្លេស សិល្បការិនី​មកពី​កូរ៉េខាងត្បូង​អ្នកនាង ឡូ​លី បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​វីដេអូ​បណ្ដាញ​សង្គម​យូ​ធូប​ថា​៖ «​ខ្ញុំ​ជា​អ្នកជំនាញ​គូរ និង​បានរស់នៅ​កម្ពុជា​យូរ​ក្រែល​ដែរ​។ នេះ​ជា​លើក​ទី​១ ​ហើយ​ដែល​ខ្ញុំ​ធ្វើ​កិច្ចការ​ជាមួយ​អ្នក​សិល្បៈ​ដទៃទៀត​។ វា​ជា​រឿង​ថ្មី​សម្រាប់​ខ្ញុំ តែ​ក៏​ជា​បទពិសោធ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​»​។​


​រីឯ អូ​លី​វៀ ជា​សិល្បការិនី​អង់គ្លេស​ផ្នែក​ដេរ​ប៉ាក់ ដែល​បានរស់នៅ​ប្រទេស​កម្ពុ​ជាជាង ៦​ ឆ្នាំ​ ក៏បាន​លើកឡើង​ផងដែរ​ថា​៖ «​ខ្ញុំ​ទទួល​ឥទ្ធិពល​ច្រើន​ពី​វប្បធម៌​សិល្បៈ ហ្វេ​ស្សិន និង​អាហារ​នៅ​អាស៊ី​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​សហ​ការ​ជាមួយ​សិល្បករ​ទាំង​នៅ​អាស៊ី និង​អឺរ៉ុប​»​។​

​ពិព័រណ៍​សិល្ប​:​មហោស្រព​វប្បធម៌​អាស៊ី និង​អឺរ៉ុប ២០២១ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ពីថ្ងៃ​ទី ​២២ ខែវិច្ឆិកា ដល់ ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ ​២០២២ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​សហភាព​អឺរ៉ុប និង​មូលនិធិ​អាស៊ី​-​អឺរ៉ុប ដើម្បី​ចូលរួម​អបអរសាទរ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ រៀបចំ​ដោយ​ព្រះរាជាណាចក្រ​-​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២៥-២៦ ខែវិច្ឆិកា​នេះ​។​

​ពិព័រណ៍​នេះ​បង្ហាញ​ពី​ភាព​សម្បូរបែប និង​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ពី​បណ្ដា​ប្រទេស​នានា​នៃ​ទ្វីប​ទាំង​ ២ ក្រោម​ប្រធានបទ​ធំៗ​ចំនួន ៦​ គឺ​៖ Happy Head, Sahaka playground, Encountering culture, The longest voyage, Thing that count, II Nodo: A sketch of hope​។​

​ភាព​ចម្រុះ​នៃ​វប្បធម៌​អាស៊ី​និង​អឺរ៉ុប ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​មហោស្រព​នេះ ជាមួយនឹង​ការសម្តែង​សិល្បៈ​ទស្ស​​នី​យ​ភាព​សិល្បៈ​ចម្រុះ​ច្រើន​ទម្រង់ ការប្រគំ​តន្ត្រី​ខ្នាត​ធំ របាំ​បុរាណ របាំ​ប្រពៃណី របាំ​សហ​សម័យ មហោស្រព​ភាពយន្ត ការតាំងពិព័រណ៍​រូបថត និង​ស្នាដៃ​សិល្បៈ ការចាក់​បញ្ចាំង​ខ្សែភាពយន្ត និង​កិច្ចពិភាក្សា ក្នុង​គោលបំណង​ជំរុញ​ទំនាក់​​ទំនង​រវាង​ពលរដ្ឋ​ឆ្លង​ទ្វីប ការ​ចែករំលែក​បទពិសោធ និង​ការយល់ដឹង​អំពី​ភាព​ផ្សេងៗ​គ្នា​នៃ​វប្បធម៌ ដែល​នាំមក​នូវ​សុខដុមភាព ការអភិវឌ្ឍ និងកិច្ចសន្ទនា កាន់តែ​ប្រសើរឡើង​រវាង​ទ្វីប​ទាំង​ ២​។​

​ក្រៅពី​ការតាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​ផ្ទាល់ រយៈពេល ៥ ​ថ្ងៃ ពី​ ២២ ដល់ ២៦ វិច្ឆិកា នៃ​មហោស្រព​ព្រឹត្តិការណ៍​សិល្បៈ​តំណាងឱ្យ​ដៃគូ​អាស៊ី​អឺរ៉ុប​ជាង ​២០​ នេះ ក៏មាន​កម្មវិធី​អន​ឡាញ​រួមមាន ការសម្តែង​របាំ និង​ល្ខោន ការប្រគំ​តន្ត្រី សិល្បៈ​សូន​រូប ការតាំងពិព័រណ៍ និង​វេទិកា​ពិភាក្សា​ជាមួយ​សិល្បករ នឹងត្រូវ​បានបង្ហាញ​ជា​ផ្លូវការ​លើ​គេហទំព័រ ASEMculturalfestival.com​។​

​អ្នកនាង ខា​មី​នី រ៉ា​ម៉ា​ឆាន់ដ្រា មកពី​សិង្ហ​បុរី ជា​សិល្បករ​ជំនាញ​តំណាល​រឿង បាន​ចូលរួម​បង្ហាញ​ស្នាដៃ​របស់​នាង​ដែលមាន​ឈ្មោះថា «​រឿងព្រេង​និទាន​នៃ​ឆ្នេរសមុទ្រ​២» (The Tale of Two Shores)​។

​ទស្សនិកជន​ជិត​ឆ្ងាយ​ក៏​អាច​ទស្សនា​ការបង្ហាញ​ស្នាដៃ​នាង​លើ​វេ​ប​សាយ ក្នុង​កាល​វិភាគ​ចន្លោះ​ថ្ងៃទី​ ២២ ដល់​ ២៦ វិច្ឆិកា ត្រូវបាន​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ សហគមន៍ និង​យុវជន​សិង្ហ​បុរី និង​ក្រុមប្រឹក្សា​សិល្បៈជាតិ​សិង្ហ​បុរី​។​

គំនូរ និង​ស្នាដៃ​សិល្បៈ​របស់សិល្បករ​មកពីអាស៊ី និងអឺរ៉ុបដាក់តាំងនៅសារមន្ទីរជាតិ​។ រូបថត សារមន្ទីរជាតិ​

​សម្ដែង​ចំណាប់អារម្មណ៍​ពី​ឱកាស​ចូលរួម​បង្ហាញ​ស្នាដៃ​ក្នុង​ពិព័រណ៍​សិល្ប​:​មហោស្រព​វប្បធម៌​អាស៊ី និង​អឺរ៉ុប ២០២១ អ្នកជំនាញ​ផលិត​រឿងនិទាន​រូបនេះ​បាន​និយាយថា​៖ «​រឿង​​តំណាល រឿងនិទាន​ក្នុង​វប្បធម៌​ជនជាតិ​អាស៊ី និង​អឺរ៉ុប មាន​ភាពស្រដៀងគ្នា​ណាស់​»​។​

​វេទិកា​នេះ​ផ្ដល់ឱកាស​ស្វែង​យល់​ពី​ភាព​មិនសូវ​ខុសគ្នា​រវាង​ជាតិ​សាសន៍ និង​ជំរុញ​មនុ​សុ្ស​ជាតិ​បង្កើត​ទំនាក់ទំនង និង​ពង្រឹង​ភាពស្និទ្ធស្នាល​រវាង​គ្នា​បង្កើត​សហគមន៍​ឥត​ព្រំដែន​។​

​អ្នកនាង ខា​មី​នី បន្តទៀតថា​៖ «​រឿងនិទាន​ទាំងអស់នេះ​រំឭក​យើង​ពី​ទំនាក់ទំនង​ដ៏​យូរលង់​រវាង​អាស៊ី និង​អឺរ៉ុប ដែល​ផ្សារភ្ជាប់​មនុស្ស មិន​ថា​ពួកគេ​មកពី​ទីណា​នោះទេ​»​។​

​ពិព័រណ៍​សិល្ប​:​មហោស្រព​វប្បធម៌​អាស៊ី និង​អឺរ៉ុប ២០២១ នៅ​សារមន្ទីរ​ជាតិ ស្វាគមន៍​អ្នក​​ចូល​ទស្សនា​ឥតគិតថ្លៃ រហូតដល់​ថ្ងៃទី​ ៣១ ខែធ្នូ​៕