ភ្នំពេញៈ បើ​គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ កន្លងមកនេះ គឺជា​គម្រប់​ខួប ២​ ឆ្នាំ នៃ​ការយាង​សោយ​​ពិរាល័យ​នៃ​សម្តេចព្រះ​រាជបុត្រី ព្រះ​​រៀម ទេព​នាដ​វ​ដ្តី​ឯក នរោត្តម បុប្ផា​ទេវី និង​ជា​រយៈពេល ២ ​ឆ្នាំ នៃ​ការកកើត​សាលា​របាំ​សម្តេច​នរោត្តម​បុប្ផា​ទេវី ទៀតផង​។


​នេះ​បើតាម​សេចក្តីជូនដំណឹង​ពី​គេហ​​ទំព័រ​សាលា​របាំ​នរោត្តម​បុប្ផា​ទេវី ឱ្យដឹងថា​៖ «​នា​ព្រឹក​ថ្ងៃទី​ ១៨ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ ក៏ត្រូវ​នឹង​ថ្ងៃ​ខួប​គម្រប់ ២ ឆ្នាំ ​នៃ​ការយាង​សោយ​ពិ​​រា​ល័យ​នៃ​សម្តេចព្រះ​រាជបុត្រី​ព្រះរៀម ទេព​នាដ​វ​ដ្តី​ឯក នរោត្តម​បុប្ផា​ទេវី​។ សាលា​របាំ​នរោត្តម​បុប្ផា​ទេវី ក៏បាន​និមន្ត​ព្រះ​ភិក្ខុសង្ឃ ធ្វើ​ពិធី​-​ព្រះពុទ្ធសាសនា​បង្សុកូល​ឧទ្ទិស​កុសល ដល់​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​-​ព្រះរាជ​បុត្រី ព្រះរៀម ទេព​នាដ​វ​ដ្តី​ឯក នរោត្តម បុប្ផា​ទេវី និង​បានរៀបចំ​ពិធី​សំពះ​គ្រូរបាំ​ព្រះរាជ​ទ្រព្យ ដែលជា​មរតក​នៃ​ព្រះ​បុព្វ​មហាក្សត្រ​ខ្មែរ​ជាច្រើន​ជំនាន់ ក៏ដូចជា​មរតក​បន្ត​ពី​សម្តេចព្រះរៀម​ផងដែរ​»​។​


​សាលា​របាំ​សម្តេច​នរោត្តម​បុប្ផា​​ទេវី https://www.facebook.com/Princess-Buppha-Devi-Dance-School-104565384926946/?ref=page_internal បាន​កកើត​កាលពីពេល​ទ្រង់​នៅមាន​ព្រះជន្ម ដោយមាន​ទស្សនទាន​បង្ហាត់បង្រៀន​សិស្សានុសិស្ស និស្សិត និង​សាធារណ​​ជន​ខ្មែរ ដែល​ចូលចិត្ត​ទម្រង់​សិល្បៈ​របាំ​បុរាណ​ខ្មែរ​ឥតគិតថ្លៃ ខណៈ​ក្រោយពេល​នៃ​ការយាង​សោយ​ពិរាល័យ​នៃ​សម្តេចព្រះ​រាជបុត្រី ព្រះរៀម ទេព​នា​ដ​វ​ដ្តី​ឯក នរោត្តម បុប្ផា​ទេវី សាលា​នៅតែ​បន្ត​ដដែល​។ នេះ​បើតាម​ការរៀប​រាប់​ប្រាប់​ឱ្យដឹងពី​អ្នកគ្រូ​របាំ វ័យ ៦០ ​ឆ្នាំ​ប្លាយ​ម្នាក់ ក្នុងចំណោម​ធន​​ធាន នាដកា នា​ទសវត្សរ៍​ទី​៦០ ចំនួន ​៣ រូប ប្រចាំ​សាលា​របាំ​សម្តេច​នរោត្តម​បុប្ផា​ទេវី (​នាដកា វ័ន សា​វៃ មាន​វ័យ ៧០ ​ឆ្នាំ នាដកា ឱម យុ​វណ្ណឌី និង​នាដកា ឌុ​ក ស៊ីថា ដែល​សុទ្ធ​តែមាន​វ័យ​ជាង ៦០​ឆ្នាំ ដូចគ្នា​) បង្ហើប​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ បានដឹង​។​


ការសម្តែងរបាំ​បុរាណ​របស់​សិស្ស​សាលា​របាំ​សម្តេចនរោត្តមបុប្ផាទេវី​ នាថ្ងៃព្រះពិធី​បុណ្យ​គម្រប់ខួប ២ ឆ្នាំ​​​​​​ ឧទ្ទិសមហាកុសលថ្វាយដួងវិញ្ញាណក្ខន្ធ។ រូបថត ហ្វេសប៊ុក​


​អ្នកគ្រូ ឱម យុ​វណ្ណឌី ប្រាប់​ពី ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​កាលពី​ទ្រង់ [​សម្តេច​នរោត្តម​បុប្ផា​ទេវី​] នៅមាន​ព្រះជន្ម សាលា​នេះ​មាន​ភារកិច្ច​ទទួល​បង្ហា​ត់​បង្រៀន​សិស្ស និស្សិត និង​សាធារណជន​ខ្មែរ​មិន​ប្រ​-​កាន់​វ័យ​ឡើយ​សម្រាប់​ចំណូលចិត្ត​ចង់​រៀន​ទម្រង់​របាំ​បុរាណ​នានា​។ តែ​អ្វីដែល​ពិសេស​ខ្លាំង​នោះ​សាលា​បាន​ផ្តោត​ទៅ​ការបង្ហាត់​ទម្រង់​របាំ​ព្រះរាជ​ទ្រព្យ ដែលជា​មរតក​បន្ត​ជាច្រើន​ជំនាន់​នៃ​ព្រះ​បុព្វ​មហាក្សត្រ​ខ្មែរ និង​ជា​មរតក​បន្ត​ពី​សម្តេចព្រះរៀម​បុប្ផា​ទេវី ផងដែរ​»​។​


​នាដកា វ័យ​ជាង ៦០​ ឆ្នាំ អ្នកគ្រូ ឱម យុ​វណ្ណឌី បន្តថា​៖ «​សាលា​នៅតែ​បន្ត​បង្ហាត់​បង្រៀន​ដល់​សិស្ស​គ្រប់​វ័យ​ឥតគិតថ្លៃ​រហូត​តទៅ​ដដែល​ជាពិសេស​អ្នក​ចង់​រៀន​​សូត្រ​នូវ​ជំនាញ​ទម្រង់​របាំ​បុរាណ​នេះ​។ ដោយ​យើង​មាន​បង្ហាត់បង្រៀន​តែ​ចំនួន ២​ ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ ១ ​សប្តាហ៍ គឺ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ចាប់ពី​ម៉ោង ៨ ​ព្រឹក ដល់​ម៉ោង​ ៤ និង ៣០ ​នាទី​រសៀល​»​។

​គួរបញ្ជាក់​ផងដែរ កិច្ច​ពិធី​កាលពី​ថ្ងៃទី​ ១៨ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ គម្រប់​ខួប​ ២ ឆ្នាំ នៃ​ការយាង​សោយ​ពិរាល័យ​នៃ​សម្តេច​​ព្រះរាជ​បុត្រី ព្រះរៀម​ទេព​នាដ​វ​ដ្តី​ឯក នរោត្តម បុប្ផា​ទេវី ត្រូវបាន​រៀបចំឡើង​ក្រោម​ការផ្តួចផ្តើម​ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​វាក់​ជី​រ៉ា​វុ​ឌ្ឍ ព្រះប្រធាន​សមាគម សប្បុរសធម៌ នរោត្តម បុប្ផា​ទេវី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេ​ស្សូ ជា​អនុប្រធាន​https://www.facebook.com/104565384926946/videos/2824975824417192 ព្រះ​​អង្គ​ម្ចាស់​ក្ស​ត្រី ស៊ីសុវត្ថិ ច័ន្ទ​ស៊ី​តា ព្រះ​ធីតា​សម្តេចព្រះរៀម ញាតិវង្សានុវង្ស​សាស្ត្រា​ចា​រ្យ និង​សិស្សានុសិស្ស​នៃ​សាលា​របាំ នរោត្តម​បុប្ផា​ទេវី​៕

ការសម្តែងរបាំ​បុរាណ​របស់​សិស្ស​សាលា​របាំ​សម្តេចនរោត្តមបុប្ផាទេវី​ នាថ្ងៃព្រះពិធី​បុណ្យ​គម្រប់ខួប ២ឆ្នាំ​​​​​​ ឧទ្ទិសមហាកុសលថ្វាយដួងវិញ្ញាណក្ខន្ធ។ រូបថត ហ្វេសប៊ុក​