រថយន្ដពាសដែកខ្ជាក់លុយដុល្លារពេញផ្លូវ នាំឱ្យប៉ូលិសតាមប្រមាញ់អ្នករើស​លុយ​មក​វិញ

Content image - Phnom Penh Post
រថយន្ដ​ពាសដែក​១គ្រឿង​បាន​ក្អែ​លុយ​ដ៏​ច្រើន​សន្ធឹក​ ប៉ើង​រាយ​ប៉ាយ​ពេញ​ផ្លូវ​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​។

ក្រុង​ឡូសអេនជឺលេស៖ រថយន្ដ​ពាសដែក ​១ គ្រឿង​ បាន​ក្អែ​លុយ​ដ៏​ច្រើន​សន្ធឹក​ ប៉ើង​រាយ​ប៉ាយ​ពេញ​ផ្លូវ​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​កាលពី​ថ្ងៃ​សុក្រ ដែល​បាន​បង្ក​ជាភាព​ចលាចលមួយ​ ដោយសារតែ​អ្នក​បើកបរ​រថយន្ត​ទាំងឡាយ ​នាំគ្នា​ឈប់​រើស​ក្រដាស​ប្រាក់​ទាំង​នោះ។

ប៉ុន្ដែក្ដីរំពឹងរបស់អ្នក​ដំណើរ​ដែល​រំពឹងថា នឹងទទួលបាន​លាភ​សក្ការៈ​ធ្លាក់​ពី​លើ​មេឃ​សម្រាប់​ឱកាស​ត្រៀម​រដូវ​បុណ្យ Thanksgiving ទាំងនោះ ​ប្រែជារលាយ​ខ្សុលពេល​ប៉ូលិស​បានចេញមក​បង្ក្រាប​ និង​ចាប់​ខ្លួន​មនុស្ស ២ ​នាក់។

ពលបាល​ល្បាត​លើ​ដងវិថី​ហាយវ៉េ​ រដ្ឋកាលីហ្វ័រនីញ៉ា ឃើទូស ម៉ារទីន បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​មាន​វីដេអូ​ភ័ស្ដុតាង​ជា​ច្រើន​បង្ហាញ​ពី​មនុស្ស​លួច​លុយ​នៅ​តាម​ដងផ្លូវ​ ដោយ​ពួកគេបាននាំ​គ្នា​ចុះ​រើស​លុយ​ទាំង​នោះ​»។

Content image - Phnom Penh Post
ក្រដាសប្រាក់​រាប់​ពាន់​ដុល្លារជា​កម្មសិទ្ធិ​របស់​ធនាគារ​មួយ និង​ត្រូវយកទៅ​ប្រគល់​នៅ​ប៉ុស្ដិ៍​ប៉ូលិស​វិញ។

លោកបាន​បន្ថែម​ថា ក្រដាសប្រាក់ដែល​មានតម្លៃ​សរុប​រាប់​ពាន់​ដុល្លារជា​កម្មសិទ្ធិ​របស់​ធនាគារ​មួយ និង​ត្រូវយកទៅ​ប្រគល់​នៅ​ប៉ុស្ដិ៍​ប៉ូលិស​វិញ។

សកម្មភាព​ចលាចល​នៅលើ​ដង​ផ្លូវនេះ ​បាន​កើតឡើង​ក្រោយ​ពេល​ទ្វារ​រថយន្ដ​ពាស​ដែក​ ១​គ្រឿង​បាន​របើកឡើង​នៅ​ក្បែរសាន់​ដាយហ្គោលើផ្លូវ Interstate-5 ដែល​លាត​សន្ធឹង​ពី​ព្រំដែន​ម៉ិកស៊ិក ​នៃរដ្ឋ​កាលីហ្វ័រនីញ៉ា​ទៅកាន់​ប្រទេស​កាណាដា។

វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញ​វត្ដមានហ្វូង​មនុស្ស​ប្រសេចប្រសាច​ពេញ​ផ្លូវ​ដោយម្នាក់ៗ​នាំគ្នា​រត់​​​រើស​លុយ​ និង​ថែមទាំង​បោះ​លុយ​ទាំង​ក្ដាប់ៗឡើងទៅលើ ​ដើម្បី​អបអរ​​ទៀតផង។

Content image - Phnom Penh Post
​វត្ដមានហ្វូង​មនុស្ស​ប្រសេចប្រសាច​ពេញ​ផ្លូវ​ដោយម្នាក់ៗ​នាំគ្នា​រត់​​​រើស​លុយ។

អ្នក​ប្រើ​ប្រាស់​អ៊ីនស្ដាក្រាម​ @demibagby បាន​សរសេរ​ថា​៖ «​តើ​មាននរណា​ធ្លាប់​ឃើញ​ហេតុការណ៍​បែប​នេះ​ទេ? តើ​យើង​គួរតែ​ធ្វើ​ដូចម្ដេច?​»។

ប៉ុន្ដែ​ប៉ូលិស​បាន​ព្រមាន​ថាវីដេអូ​សកម្មភាព​នោះ​នឹងត្រូវបាន​ប្រើ​សម្រាប់​តាមដាន​រក​អ្នក​ដែល​មិនបាន​ប្រគល់​លុយ​​ទាំង​នោះ​មក​វិញ។

លោក ម៉ារទីន បាន​បន្ដថា​៖ «​ពួកគេ​គួរតែ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ជាជាង​រង់​ចាំ​យើង​ទៅតាម​ចាប់​ដល់​ផ្ទះ​»។

មនុស្ស ២​ នាក់ ​ត្រូវបាន​ចាប់​ខ្លួន​ ក្រោយ​ពី​បុរស​ម្នាក់និង​ស្ដ្រី​ម្នាក់​ ដែល​បាន​ចូលរួម​រើស​ប្រាក់​ជាប់​ស្ទះ​ក្នុង​រថយន្ដ​បើកបរ​ចេញ​មិន​រួច​៕ AFP/HR

Content image - Phnom Penh Post
ប៉ូលិស​បាន​ព្រមានពី​បទល្មើស​ចំពោះ​អ្នក​ដែល​មិនបាន​ប្រគល់​លុយ​​ទាំង​នោះ​មក​វិញ។

ព័ត៌មានថ្មីៗ