ក្រុង​ញូវដែលី៖ ក្រុមអ្នក​គាំទ្រ​ក្នុង​សភាព​កាន់ទុក្ខ​ដ៏​ក្រៀម​ក្រំ​ចំពោះ​និមិត្ដរូបនៃ​កំពូល​​តារា​ភាពយន្ដ​ Puneeth Rajkumar នាំគ្នា​ប្ដេជ្ញា​បរិច្ចាគ​កែវភ្នែក​របស់​ពួកគេ​ក្រោយ​ពី​មរណភាព​របស់​តារារូប​នេះ​ ដែល​ឆន្ទៈ​បរិច្ចាគ​សរីរៈ​របស់លោក​បាន​អង្រួន​ដួង​ចិត្ដ​របស់​ក្រុម​អ្នក​គាំទ្រ​។


«Powerstar» ជា​ងារ​របស់​តារា​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ភ្លូកទឹក​ភ្លូកដី បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​គាំង​បេះដូង​នៅ​ទីក្រុង​បាងហ្គាល័រ កាលពី​ខែ​មុន នៅអាយុ ៤៦​ ឆ្នាំ​ ដោយ​មាន​ក្រុម​អ្នក​គាំទ្រ​ផ្ដូរ​ផ្ដាច់​រាប់​ពាន់​នាក់​ស្រែក​ទ្រហោ​យំ​ពេញ​ដង​ផ្លូវ​។

របាយការណ៍​ព័ត៌មាន​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បាន​បង្ហាញថា លោក Rajkumar មាន​បំណង​បរិច្ចាគ​កែវភ្នែក​របស់​លោក​ ដែល​អាច​ជួយ​មនុស្ស​រហូត​ដល់ ៤​ នាក់​។ ប្រពៃណី​នេះ​បាន​បន្ដ​ពី​ក្រុមគ្រួសារ​របស់​លោក​ផ្ទាល់ ដោយ​ឪពុកម្ដាយ​ក៏បាន​សន្យា​ផ្ដល់​កែវ​ភ្នែក​មុន​ពេល​ស្លាប់ ហើយ​ក្រុម​វេជ្ជ​បណ្ឌិត​បាន​និយាយថា គំរូ​ដ៏​ល្អ​នេះ​កំពុង​តែ​មាន​ចលនា​នៅ​ជុំវិញ​ទីក្រុង​បាងហ្គាល័រ​។


រ៉េខាហ្គីយ៉ាន់ឆាន់​ វេជ្ជបណ្ឌិត​នៅ​ Lions International Eye Bank បាន​ប្រាប់ AFP ថា​៖ «​គាត់ជា​បុគ្គល​គំរូ​ដែល​ក្រើន​រំឭក​ដល់​អ្នក​រាល់​គ្នា​ថា យើង​គួរតែ​បរិច្ចាគ​កែវ​ភ្នែក​ ជាជាង​បូជា ឬ​កប់​ចោល​ឥត​ប្រយោជន៍​។ យើង​មើល​ឃើញ​មនុស្ស​ជា​ច្រើន​មាន​បំណង​ធ្វើ​ទង្វើ​មនុស្សធម៌​បែប​នេះ​។ ចំណេះដឹង​នេះ​មាន​ការ​កើន​ឡើង​ច្រើន​»។


អ្នក​គាំទ្រ​នាំគ្នា​ប្ដេជ្ញា​បរិច្ចាគ​កែវភ្នែក​របស់​ពួកគេ​ក្រោយ​ពី​មរណភាព​របស់​តារារូប​នេះ​។ AFP


នៅ​មន្ទីរ​ Narayana Nethralaya រូបភាព​បដានិង​ខិតប័ណ្ណ​តូចៗ​បាន​បង្ហាញ​ទឹកមុខ​ស្នាម​ញញឹម​របស់​លោក Rajkumar រួមជាមួយ​សារ​ទទូច​ឱ្យ​មាន​ការ​បរិច្ចាគ​ស្រដៀង​គ្នា​នេះ​សម្រាប់​ជួយ​បំភ្លឺ​ជន​ងងឹត​ភ្នែក​។

យុវជន​ឥណ្ឌា​ឈរ​តម្រង់​ជួរ​រង់​ចាំ​នៅ​ខាង​មុខ​របាំង​ក្រចកជើង​សេះ​និយាយ​ជាមួយ​បុគ្គលិក​ និង​បំពេញ​ទម្រង់​នៃ​ការ​សន្យា​របស់​ខ្លួន​។ មនុស្ស​ប្រមាណ​ជាង ៧​ពាន់​នាក់​បាន​ប្ដេជ្ញាចិត្ដ​បរិច្ចាគ​កែវភ្នែក​ តាំងពី​មរណភាព​លោក Rajkumar។ នេះ​បើយោងតាម​អ្នកគ្រប់គ្រង​គ្លីនិកខេប៊ូចាងសេតទី។

លោក​បាន​បន្ថែមថា​៖ «​ក្រោយ​ពេល​លោក Puneeth ចែកឋាន​ យើង​ប្រមូល​បាន​កែវភ្នែក​ ១១២ ​គ្រាប់​ ពី​អ្នក​ជំងឺ​ផ្សេងៗ​ក្រោយ​សាច់​ញាតិ​របស់​ពួកគេ​ឯកភាព​ធ្វើ​ការ​វះ​កាត់​ផ្លាស់​ប្ដូរ​»។

ចំណោម​អ្នក​បរិច្ចាគ​ទាំង​នោះលោកស៊ូប្រាម៉ានីជា​អ្នក​បើកបរ​ ដែល​បាន​បាត់​បង់​ការងារ​ដោយសារ​តែ​បញ្ហា​ពិការ​ភ្នែក​ ទើប​ត្រូវបាន​វះកាត់​ប្ដូរ​ ២ សប្ដាហ៍​មុន​។ លោក​បាន​ផ្ដល់​កែវភ្នែក​សព​ប្អូន​ប្រុស​របស់លោក​។

លោក​បាន​ប្រាប់ AFP ថា​៖ «​យើង​មិន​ចង់ឱ្យ​កែវភ្នែកទាំងនោះ​ខ្ជះខ្ជាយ និង​បាន​ធ្វើការ​បរិច្ចាគ​ទៅដល់​អ្នក​ដែល​បាន​បរិច្ចាគ​មក​រូប​ខ្ញុំ​ផង​ដែរ​»៕ AFP/HR

ក្រុមអ្នក​គាំទ្រ​ក្នុង​សភាព​កាន់ទុក្ខ​ដ៏​ក្រៀម​ក្រំ​ចំពោះ​និមិត្ដរូបនៃ​កំពូល​​តារា​ភាពយន្ដ​ PuneethRajkumar។ AFP