​ភ្នំពេញៈ បើទោះបី​រាង​ចាស់វស្សា នៅលើ​វិថី​សិល្បៈ​មែន​ក្តី ក៏​សូរសៀង​នៃ​ទឹកដម​សំនៀង​កំពូល​តារាចម្រៀង​ស្រី​នៅ​ហង្ស​មាស នៅតែ​អាច​ស្រូប​បាន​ប្រជាប្រិយភាព​ច្រើន ពី​ប្រិយមិត្ត​អ្នក​ស្តាប់​ដូច​មុន ខណៈ​អ្នកនាង ពេជ្រ សោភា ក៏​ទើបតែ​ទទួលបាន​នូវ​លិខិត​សរសើរ​ពី​កម្មវិធី Pleng ចំពោះ​សមិទ្ធផល​នៃ​ស្នាដៃ​សិល្បៈ​តន្ត្រី មាន​អ្នកគាំទ្រ​ច្រើនជាង ៥​ លាន​ដង​។​


​ក្រុមហ៊ុន​ស្មា​ត​តាមរយៈ​លោក ផន ពិសិដ្ឋ ជា​ប្រធាន​ផ្នែក​ទីផ្សារ និង​តន្ត្រី​នៃ​ក្រុមហ៊ុន បានចេញ​លិខិត​អបអរសាទរ និង​សរសើរ​ជូន​ដល់​តារាចម្រៀង​ស្រី ពេជ្រ សោភា ផងដែរ ដោយ​ន័យ​សេចក្តី​នោះ លើកឡើងថា​៖ «Pleng By Smart សូម​អបអរសាទរ ដែល​អ្នកទទួល​បានកា​រ​ស្តាប់​ច្រើនជាង ៥ ​លាន​ដង នៅក្នុង​កម្មវិធី Pleng! ទោះបីជា​យើងទាំងអស់គ្នា ស្ថិតក្នុង​អំឡុងពេល​ដ៏​លំបាក​នេះ​ក៏ដោយ អ្នក​នៅតែ​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ពិសេស​ជាមួយ​ Pleng By Smart​។ កម្មវិធី Pleng ពិត​ជាមាន​កិត្តិយស​ជាខ្លាំង ក្នុងការ​ប្រគល់​ Pleng Icon Black Plaque ដើម្បី​បង្ហាញ​ពី​ការកោតសរសើរ​ស្នាដៃ និង​ការ​ខំប្រឹងប្រែង​របស់​អ្នក​ក្នុងការ​បង្កើត​បទ​ចម្រៀង​ជាច្រើន​ សម្រាប់​ឱ្យ​អ្នកគាំទ្រ​ទាំង​​អស់​បាន​ស្តាប់​កម្សាន្ត​។ Pleng ពិតជា​មាន​មោទន​​ភាព​ចំពោះ​អ្នក ហើយ​យើង​សូម​ជូនពរ​ឱ្យ​អ្នកទទួលបាន​ភាពជោគជ័យ ជា​បន្តបន្ទាប់​ទៀត​ពេលខាងមុខ​»​។


​ប្រភព​ដដែល​បាន​បន្តថា​៖ «​ក្នុងនាម​ជា​សិល្បការិនី ១ ​រូប អ្នក​តែង​តែ​ចូលរួម​ជួយ​លើកស្ទួយ​វិស័យ​តន្ត្រី ក្នុងស្រុក​របស់​យើង​ឱ្យ មានការ​អភិវឌ្ឍ​ឆ្ពោះ ទៅមុខ​ជានិច្ច ដោយសារតែ​ទឹកចិត្ត​ស្រឡាញ់ ការ​​ប្តេជ្ញាចិត្ត ក៏ដូចជា​ការលះបង់រ​បស់​អ្នក​កន្លងមក​បានក្លាយ​ជា​ផ្នែក​មួយ ក្នុងការ​លើកទឹកចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ ដែលមាន​ទេព​កោសល្យ​ឱ្យខិត​ខំ​ពង្រីក​សមត្ថ​ភាព​ខ្លួន ក្នុង​វិស័យ​តន្ត្រី​នៅ​​ប្រទេស​កម្ពុជា​ផងដែរ​»​។​


​ជាក់ស្តែង នាពេល​ថ្មីៗ​នេះ ទិដ្ឋភាព​ប្រាសាទព្រះវិហារ អង្គរវត្ត​ប្រាសាទបាយ័ន ល្ខោនខោល ឧបករណ៍​តន្ត្រី​​បុរាណ ចាប៉ីដងវែង ការ​បណ្ដែតប្រទីប និង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ត្រូវបាន​រំលេច និង​ឃើញ​មាន​គ្រប់​ឈុត​ឆាក​ទាំងអស់​ក្នុង​វីដេអូ​នៃ​បទ​ចម្រៀង​របស់​អ្នកនាង ពេជ្រ សោភា ដែលមាន​ចំណងជើង «​ទ្វារ​បេះដូង​» ដែលជា​ការនិពន្ធ​នូវ​ទំនុកច្រៀង ទំនុកភ្លេង និង​បង្ហើរ​សំនៀង ដោយ​អ្នកនាង ពេជ្រ សោភា ផ្ទាល់​តែម្ដង​។​


នាពេល​សម្ពោធ​វីដេអូ​ចម្រៀង​​ថ្មី​ទើបតែ​​ចេញ​ក្ដៅៗ តារា​​ចម្រៀង​ជើងចាស់​ប្រចាំ​ទ្រនំ​ហង្ស​មាស​រូបនេះ បង្ហាញ​ពី​ចំណាប់អារម្មណ៍ថា​៖ «​តាមពិត​ខ្ញុំ​ស្រឡាញ់ MV នេះ​ណាស់ អរគុណ​ខ្លួនឯង នៅ​ថ្ងៃក្រោយ បាន​ចងចាំ​ថា​ធ្លាប់ធ្វើ MV និយាយ​អំពី​អ្វីដែល​ខ្មែរ​មាន​»​។​


បន្ថែម​ពីនេះ ពេជ្រ សោភា ក៏​បន្ថែម​សំណេរ​ភ្ជាប់​វីដេអូ​ចម្រៀង​ថ្មី​ខ្លួន​ថា​៖ «​មាន​ស្រឡាញ់​ខ្ញុំ នៅពេលនេះ​មើលថែ​ខ្ញុំ នៅពេលនេះហេតុអ្វី​ទុកឱ្យ​ខ្ញុំ​ឯកា​បែបនេះ អ្នក​ធ្លាប់​ស្រឡាញ់​ខ្ញុំ​ទេ​? ​ដឹង​ទេ​មាន​គេ​ចង់យក​ខ្ញុំ​ចេញពី​អ្នក​ហើយ​»៕