​ភ្នំពេញៈ ការប្រកួតប្រជែង​ស្នាដៃ​គំនូរ​សិល្បៈ​វ៉ា​យ​ខេន​វ៉ាស ឆ្នាំ ​២០២១ (White Canvas Cambodia 2021 ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Social Compass Cambodia បានប្រកាស​ប្រគល់​រង្វាន់​ម្ចាស់​ជយ​​លា​ភី​ដល់​បេក្ខជន​ចូលរួម​ប្រកួត​រដូវ​​កាល​ទី​២ ហើយ ដោយ​ឆ្នាំនេះ រៀបចំ​ធ្វើតាម​អន​ឡាញ​កាលពី​ចុង​សប្តាហ៍​មកនេះ​។​


សម្រាប់​ការប្រកួត​ស្នាដៃ​គំនូរ​​សិល្បៈ​វ៉ា​យ​ខេន​វ៉ាស មនុស្សពេញវ័យ​ចាប់ពី​អាយុ ១៨ ​ឆ្នាំ​ឡើងទៅ រក​​ឃើញ​ម្ចាស់​ជយលាភី​ចំនួន ៣ ​នាក់ គឺមាន​ពានរង្វាន់ ​៣​។ ពានរង្វាន់​មាស ដែល​ទទួលបាន​វិញ្ញាបនបត្រ​ ១ និង​ទឹកប្រាក់​ចំនួន ១​ ពាន់​ដុល្លារ បាន​ទៅលើ​វិចិត្រករ​ពិការ​ដៃ​ទាំង ​២ លោក ម៉ន ជា ជាមួយ​ស្នាដៃ​គំនូរ​គំនូរ​ព្រី​ន (block print pictures)​។ ឯ​ពាន​​រង្វាន់​ប្រាក់​ទទួលបាន​វិញ្ញាបនបត្រ​ ១ និង​ទឹកប្រាក់​ចំនួន ៥០០​ ដុល្លារ បាន​ទៅ​វិចិត្រករ ភី ភ័ន​។ ចំណែកឯ​ពានរង្វាន់​សំរឹទ្ធ ដែល​ទទួលបាន​វិញ្ញាបនបត្រ​ ១ និង​ទឹកប្រាក់​ចំនួន ២០០ ​ដុល្លារ ជាមួយនឹង​ស្នាដៃ​មាន​ចំណងជើង​ថា «​ជីវិត​តែមួយ​»​។


ស្នាដៃ​ឈ្មោះ«ជីវិតតែមួយ» របស់​លោក វ៉ាន់ ឆវ័ន្ត ឈ្នះពាន​សំរឹទ្ធ។ រូបថត ហ្វេសប៊ុក​


​លោក ម៉ន ជា បាន​ឱ្យដឹងពី​អត្ថន័យ​នៃ​ស្នាដៃ​ឈ្មោះ «​មេ​តា​ម៉ូ​ល​ស៊ី​ស​-Metamorphosis» នេះ​ថា​៖ «​ខ្ញុំ​ចង់​និយាយ​ពី​ខ្លួន​ខ្ញុំ និង​ការវិវឌ្ឍ​ខ្លួន ខ្ញុំ​ពី​អាក្រក់​មក​ល្អ និង​ពី​តូច​មក​ធំ តាំងពី​ខ្ញុំ​បាន​បាត់​ដៃ​ទាំង​ ២ មក ខ្ញុំ​បានឃើញ​មនុស្ស​មួយចំនួនធំ​មើល​មក​ខ្ញុំ គិតថា ខ្ញុំ​មិនអាច​ធ្វើ​ការងារ​អ្វី​បាន ក្រៅពី​ដើរ​សុំ​លុយ​គេ​ទេ​។ ពេលនោះ​ខ្ញុំ ពិបាក​​ចិត្ត​យ៉ាងខ្លាំង ដោយសារតែ​ខ្ញុំ​បាន​ស្តាប់ឮ​គេ​និយាយ ហើយ​ខ្ញុំ​ប្រឹងរកវិធីសាស្ត្រ​ណា​ដើម្បី​ចៀស​ផុតពី​អ្វីដែល​គិត​មកលើ​ខ្ញុំ​»​។​


​លោក​បន្តថា​៖ «​ថ្ងៃមួយ​ខ្ញុំ​បាន​រកឃើញ​ស្លាប ​១ ​គូ​នេះ ហើយ​តាមរយៈ​សិល្បៈ ដែល​បាន​ជួយ​ឱ្យ​ខ្ញុំ​ផ្លាស់​ប្តូរ​គំនិត​មនុស្ស​មួយចំនួន ដែល​ធ្លាប់​គិត​អាក្រក់​ពីមុន​មកលើ​ខ្ញុំ ហើយក៏​ជួយ​ឱ្យ​ខ្ញុំ​ស្គាល់​នូវ​អ្វី ដែល​ខ្ញុំ​មិនដែល​គិតថា បាន​ស្គាល់​ពីមុន ហើយ​ស្លាប​​សិល្បៈ ១ ​គូ​នេះហើយ ដែល​បាន​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​ខ្ញុំ​»​។


​ចំណែកឯ​លោក វ៉ាន់ ឆ​វ័​ន្ត ក៏បាន​បញ្ជាក់​ពី​អត្ថន័យ​នៃ​ស្នាដៃ​ខ្លួន​ដែរ​ថា​៖ «​ស្នាដៃ​ខ្ញុំ មាន​ចំណងជើង​ថា ​«​ជីវិត​​តែមួយ​» ទទួលបាន​រង្វាន់​សំរឹទ្ធ​ពី White Canvas Cambodia 2021​។ ស្នាដៃ​នេះ មាន​លក្ខណៈ​បង្ហាញ​ពី​ការស្រឡាញ់​បរិស្ថាន ការ​​មិន​ប្រកាន់​ជាតិ​សាសន៍ ពណ៌​សម្បុរ មាន​ការយល់​អធ្យាស្រ័យ​គ្នា​ទៅវិញ​​ទៅមក​។ ម្យ៉ាងទៀត​ក៏​ចង់​បង្ហាញថា ប្រសិនបើ​មនុស្ស​យើង​បាត់បង់​នូវ​សម្រស់​ធម្មជាតិ ឬ​ព្រៃឈើ​នោះ គឺ​យើង​ជាម​នុស្ស សត្វ​លើ​លោក​ពិតជា​ពិបាក​រស់នៅ​ណាស់​»​។​

​លោក​បាន​បន្តថា​៖ «​អារម្មណ៍​សប្បាយ​ដោយមាន​ការគាំទ្រពី​កម្មវិធី ដែល​បាន​រៀបចំឡើង​ដោយ​ជួយផ្តល់​ឱកាស​ដល់​វិចិត្រ​ករទាំង​ចាស់​ទាំង​ក្មេង អាច​ចូលរួម​នាំយក​ស្នាដៃ​ដាក់​ប្រកួតប្រជែង និង​ឈ្នះ​រង្វាន់ ហើយ​ស្នាដៃ​ត្រូវបាន​គេ​យកទៅ​ដាក់លក់​នៅក្រៅ​ប្រទេស​ផងដែរ​»​។

​គួរ​រំ​ឮ​ក​ដែរ​ថា ក្រោយពី​ប្រើពេល​ជិត ១ ឆ្នាំ នៅក្នុង​ការបង្កើត​ស្នាដៃ​វិចិត្រកម្ម​សរុប ៣២ ​ស្នាដៃ និង​ពន្យារ​​ពេល​ជិត​កន្លះ​ឆ្នាំ​មក​នោះ វិចិត្រករ​អតីត​ដែល​ធ្លាប់ជា​ពលករ​នៅឯ​​ប្រទេស​ថៃ លោក វ៉ាន់ ឆ​វ័​ន្ត បាន​បើក​ការតាំងពិព័រណ៍​ស្នាដៃ​​ទោល​របស់ខ្លួន​​រយៈពេល​ ១ ​ខែ នៅ​វិចិត្រសាល ២៨២ (Pi-Pet-Pi Gallery282) ដែល​បាន​បើកសម្ពោធ កាលពី​ល្ងាច​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ បន្ត​រហូតដល់​ថ្ងៃទី ​២៦ ខែ ធ្នូ ឆ្នាំ ​២០២១​។​

​វិចិត្រករ​មានស្រុក​កំណើត​នៅ​ខេត្តកំពត ​ដែល​បាន​ពិការ​ដៃ​ទាំង ២ លោក ម៉ន ជា វ័យ ៣១ ​ឆ្នាំ ក៏បាន​រំឭក​ឱ្យដឹងពី​ការងារ​ដំបូង​ផងដែរ លោក​គឺជា​សិល្បករ​ពហុ​ទេពកោសល្យ ១​ រូប បើទោះជា​ខ្លួន​ជនពិការ​ដៃ​ទាំងសងខាង​ក្តី ខណៈ​លោក​ធ្លាប់ជា​អ្នករបាំ​សហ​សម័យ និង​វិចិត្រករ​នៅ​អង្គ​​ការ Epic Art ប្រមាណ​ជាង ១០ ឆ្នាំ ហើយ​លោក ម៉ន ជា ក៏បាន​សម្រេចចិត្ត​លាឈប់​ពី​ការងារ​​ពេញ​ម៉ោង​នៅ​អង្គការ Epic Art មក​ធ្វើ​ការងារ​ពេញ​ម៉ោង​វិញ​ផងដែរ​នៅ Open Studio Cambodia ចុងខែ​កក្កដា ឆ្នាំ​ ២០១៩ ដែរ​ដើម្បី​រក​ការ​បង្កើត​ថ្មី​។​

សម្រាប់​ការ​​ប្រកួត​កុមារ​វិញ​ចាប់ពី​អាយុ​ ១៧ ​ឆ្នាំចុះ​​ក្រោម ក៏មាន​ពានរង្វាន់​ចំនួន ៣ ដែរ គឺ​ពានរង្វាន់​មាស ប្រាក់ និង​ពាន​​រង្វាន់​ពិសេស ដែល​​បាន​វិញ្ញាបនបត្រ ១ និង​កាដូ​ផ្សេងៗ​៕