ក្រុងខាងឃូន៖ ស្ថិត​នៅ​លើ​ឆ្នេរ​ទេសចរណ៍ ដែល​ពោរពេញ​ដោយភ្ញៀវ​បុរស​ស្លៀក​ខោខ្លី និង​នារី​ស្លៀក​ប៊ីគីនី​ត្រៀមចុះ​ទឹក​សមុទ្រ​ពណ៌​ខៀវ​ថ្លា កង​កម្លាំង​ក្នុង​ឯកសណ្ឋាន​ហំហួន​មាន​ពាក់ម៉ាស់ និង​កាន់កាំភ្លើង បាន​ដើរ​ល្បាត​ទាំង​កណ្ដាលថ្ងៃ។


ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​សន្យាថា​នឹង​បង្កើត«កងវរសេនាតូច​ទេសចរណ៍»ពីចំណោម​នគរបាល​​​ឆ្មាំ​ជាតិ​ចំនួន ១ ៥០០ ​រូប​ ដើម្បី​ការពារ​ឆ្នេរខារីបៀន​ដ៏​ពេញនិយម​របស់ខ្លួន​នៅទីក្រុងខាងឃូន និង​ធូលូមពី​សកម្មភាព​ឧក្រិដ្ឋកម្ម​​។


ក្រុង​ធូលូមគឺជា​កន្លែងកើតហេតុ​​ការណ៍​បាញ់ប្រហារមួយ ​ដែល​បានសម្លាប់​អ្នកទេសចរ​វ័យក្មេង២​​នាក់កាលពីខែ​តុលា។ ជនរងគ្រោះ​ម្នាក់​មកពី​ប្រទេស​អាល្លឺម៉ង់ និង​ម្នាក់ទៀត​មកពី​ប្រទេស​ឥណ្ឌា ព្រមទាំងអ្នកទេសចរ​ ៣ ​នាក់​ទៀត​រង​របួស។


កាលពី​ខែវិច្ឆិកាការបាញ់ប្រហារ​នៅ​ទីក្រុងព័រតូ ម៉ូរ៉េឡូស​ជិត​ទីក្រុងខាងឃូន ដែល​ត្រូវបាន​ចោទប្រកាន់ថាជា​ហិង្សា​​វិវាទ​គ្នា​រវាង​ក្រុម​ក្មេង​ទំនើង និង​បានធ្វើឱ្យជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន​ ២​ នាក់​​ស្លាប់និង​បង្កឱ្យមាន​ការ​ភ័យ​ស្លន់ស្លោ​នៅក្នុង​សណ្ឋាគារដែល​ពោរពេញ​ទៅដោយ​អ្នកទេសចរ។


​ម៉ិ​ក​ស៊ិ​កបាន​បង្កើតកងវរសេនាតូច​ទេសចរណ៍ នៃឆ្នាំ​នគរបាលជាតិ១៥០០​រូប​ដើម្បី​ការពារ​ឆ្នេខារីបៀន។ AFP


លោក​ប្រធានាធិបតី អេនដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ  បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «រឿងនេះ​មិនអាច​កើតឡើង​ម្តងទៀត​បានទេ» ដោយ​បន្ថែមថា​កងវរសេនាតូច​ការពារ​ទេសចរ​នេះ​នឹង «ពង្រឹង​សន្តិសុខ» ឱ្យបានល្អបំផុត។

រដ្ឋមន្ត្រី​ការពារជាតិ ល្វីស ក្រេស្សេនស្យូ សេនដូវ៉ល បាន​និយាយថា អង្គភាព​ថ្មី​នេះ​បាន​​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃទី ១ ខែធ្នូ នៅក្នុង​តំបន់​ដែល​គេ​ស្គាល់​ថា រីវើរ៉ា ម៉ាយ៉ា ក្នុង​រដ្ឋគ្វីថាណា​ រូ។

អាជ្ញាធរ​គ្រោង​នឹង​ណែនាំ​កងវរសេនាតូច​ស្រដៀង​គ្នា​នេះ​នៅ​តំបន់​ទេសចរណ៍ផ្សេងៗទៀត។

ឧបទ្វីបរីវើរ៉ា ម៉ាយ៉ា និងយូខាថេន គឺជា​តំបន់​ទេសចរណ៍ដ៏​​សំខាន់​នៅ​​ម៉ិ​ក​ស៊ិ​កដែលជា​ប្រទេស​មានភ្ញៀវទេសចរ​ច្រើន​​បំផុត​ទី៧​នៅលើ​ពិភពលោក។

វិស័យ​ទេសចរណ៍​រួមចំណែក​ប្រមាណ ៨,៥ ភាគរយ​​​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេសម៉ិកស៊ិក។

អំពើ​ហិង្សា​នាពេលថ្មីៗនេះ​បាន​លាតត្រដាង​​ភាពងងឹត​នៃទីក្រុង​ធូលូម​និង​រមណីយដ្ឋាន​ម៉ិ​ក​ស៊ិ​ក​ផ្សេងទៀ ត​ដែល​រងគ្រោះ​ដោយ​សង្គ្រាម​រវាង​ក្រុម​ក្មេង​ទំនើង​​ ជនអន្ធពាល​​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀននិង​ជំរិត​ទារប្រាក់។

ចាប់តាំងពី​ឆ្នាំ ២០០៦ ​នៅពេលដែល​រដ្ឋាភិបាល​​ផ្តើម​ប្រតិបត្តិការ​យោធា​ប្រឆាំង​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស​របស់ខ្លួនប្រទេស​ម៉ិ​ក​ស៊ិ​កបាន​កត់ត្រា​ឃាតកម្ម​ច្រើនជាង ៣០ ម៉ឺន​ករណី​នេះ​បើ​យោងតាម​តួលេខ​ផ្លូវការ៕

កង​កម្លាំងនៅ​លើ​ឆ្នេរ​ទេសចរណ៍ ដែល​ពោរពេញ​ដោយភ្ញៀវ​បុរស​ស្លៀក​ខោខ្លី និង​នារី​ស្លៀក​ប៊ីគីនី​ត្រៀមចុះ​ទឹក​សមុទ្រ​ពណ៌​ខៀវ​ថ្លា។ AFP