ក្រុង​គុនមីង៖ ប្រអប់​ផ្កា​កុលាបផ្កា​លី​លីនិង​ផ្កាខានេសឹនប្រមូល​ផ្តុំគរលើ​គ្នាខណៈដែល​តារាបណ្ដាញសង្គម​ កញ្ញា ខាយខាយ និយាយ​ទៅកាន់​ស្មា​ត​ហ្វូ​ន​របស់​នាង ចេញ​ពី​ស្ទូ​ឌី​យោ​តូច​មួយ​នៅឯ​ទីផ្សារ​ផ្កា​ដ៏​ធំ​បំផុត​របស់​អាស៊ីដែលមាន​អតិថិជន​រាប់ពាន់នាក់​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​ពី​ឈុតផ្កា និង​តម្លៃ​ពិសេស​ប្រកាសចេញពី​មាត់របស់នាង។


អ៊ីខមមើកស៍គឺជា​អាជីវកម្ម​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ចិន ហើយ​តារាបណ្ដាញ​សង្គម​ និង​អ្នក​លក់ដោយ​ផ្សាយ​ផ្ទាល់​កាក់កប​នឹង​របរ​​បង្ហាញ​​ផលិតផល​​ម៉ាក​ប្រណីតនិង​​​គ្រឿងសម្អាង ជាដើម​។

ឥឡូវនេះឧស្សាហកម្ម​រុក្ខជាតិ និង​ផ្កា​​របស់​ប្រទេស​ចិន​ ដែលមាន​តម្លៃ​ប៉ាន់ស្មាន១៦០​ពាន់​លាន​យន់ (២៥,១​ ពាន់​លាន​ដុល្លារ) កំពុងដំណើរការ​លើ​ទីផ្សារ​អនឡាញ​ដូចគ្នា​។


មនុស្សកាន់តែ​ច្រើន​​​នាំគ្នា​ទិញផ្កា​ដោយ​ខ្លួន​ឯង​តាម​រយៈ​​​​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ។ ការលក់​រាយ​តាម​អ៊ីនធើណិត​ឥឡូវនេះ​តំណាងឱ្យ​ជាង​ពាក់កណ្តាល​នៃ​ចំណូល​របស់​វិស័យ​នេះ។


ហាង​លក់ទំនិញ​ដែលត្រូវប្រើពេល​លក់​ ៨ ម៉ោង តែសម្រាប់​កញ្ញា ខាយខាយ អាយុ ២៣ ​ឆ្នាំវិញ នាង​អាច​លក់​ដាច់​អស់​​​ត្រឹម​ ១ ប៉ប្រិចភ្នែកប៉ុណ្ណោះ​។


នាង​ពពាយ​នាយ​ថា៖ «ផ្កា​ ៥​ បាច់ តម្លៃ​ត្រឹម ៣៩,៨ យន់ (៦,២៥ ដុល្លារ) ប៉ុណ្ណោះ​សម្រាប់​អ្នក​ដែល​បញ្ជា​ទិញភ្លាមៗឥឡូវនេះ​»។

កញ្ញា ខាយខាយ អាយុ ២៣​ឆ្នាំ នាង​អាច​លក់​ផ្កា​ដាច់​អស់​​​ត្រឹម​ ១ប៉ប្រិចភ្នែក​។ AFP

នាង​ប្រាប់ទីភ្នាក់ងារ ​AFP ថា៖ «នៅពេល​អ្នកលក់​អ្វីមួយ​ក្នុង​រយៈពេល​យូរមនុស្ស​នាំគ្នា​ល្បីតៗគ្នា វា​គឺជា​រឿង​ធម្មតាទេ។

យ៉ាងណាមិញ នាង​ទទួលស្គាល់ថា ប្រាក់ចំណូលពីការ​លក់​នេះ​មិនទៀង​ទាត់ទេ។

ឈរ​នៅ​ក្បែរ​មិត្តភក្ដិ​នាង​ដែល​ត្រៀម​ប្រអប់​ក្រដាសកាតុង​ធ្វើ​កេសដឹកជញ្ជូនផ្កា នាង​បាន​ពន្យល់ថា៖ «ការលក់​ផ្កា​មាន​ភាព​ខុសប្លែកគ្នា​ក្នុង​រដូវ​មមាញឹកនិងរដូវ​មិនសូវ​មានតម្រូវ​ការ។ដូច្នេះ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​អ្នក​ផ្សាយ​ផ្ទាល់​គឺ​ប្រែប្រួល​ខ្លាំង។អ្វីដែល​ខ្ញុំ​អាច​និយាយបានគឺអ្នកធ្វើការ​កាន់​តែ​ច្រើនអ្នកនឹង​កាន់តែ​មានលាភ​សំណាង»។

តម្រូវការ​ផ្កា​កាត់​បាន​កើនឡើង​ក្នុងប្រទេស​ចិនដោយសារ​ស្តង់ដា​នៃ​ជីវភាព​​រស់នៅ​បាន​កើនឡើង។ ​ខេត្ត​យូ​ណាន​ភាគខាងត្បូង​ជា​ចំណុចកណ្តាល​នៃ​ការរីកដុះដាល​នៃ​ទីផ្សារ​ផ្កា​នោះដោយសារ​អាកាសធាតុ​អំណោយ​ផល​​​ពេញ​ ១ឆ្នាំ។

ទីក្រុង​គុន​មីង​ ត្រូវបានគេ​ចាត់ទុក​ថា​មា​នទី​ផ្សារ​ផ្កា​ធំជាងគេ​នៅ​អាស៊ីនិង​​ធំជាងគេ​ទី២​ ក្នុង​ពិភពលោក​បន្ទាប់ពីទីផ្សារ​ផ្កា Aalsmeer ក្នុងប្រទេស​ហូ​ឡង់។

ជា​រៀងរាល់ថ្ងៃ​នៅ​ម៉ោង៣​រសៀលការដេញថ្លៃ​ផ្កា​កុលាប​ចាប់ផ្តើម​នៅក្នុង​បន្ទប់​ដ៏​ធំ​ដែល​អ្នកទិញ​ជាង ៦០០ នាក់​ចែករំលែក​ការផ្គត់ផ្គង់​ប្រចាំថ្ងៃ​នៅ​ពីក្រោយ​អេក្រង់​របស់​ពួកគេ។

លោក ចាង​ តាវ ទទួលខុសត្រូវ​ផ្នែក​ដឹកជញ្ជូន​របស់​ទីផ្សារផ្កា​បាន​​និយាយថា៖ «យូណាន​តំណាងឱ្យ​ប្រហែល៨០ភាគរយ​នៃ​ផលិតផល​​ផ្កា​នៅក្នុង​ប្រទេស​ចិនហើយ ៧០-៨០ ភាគរយ​នៃ​ផ្កា​ដែល​លក់បាន​ សុទ្ធតែ​​ឆ្លង​កាត់​​បន្ទប់​ដេញថ្លៃ​របស់​យើង»។

លោក​បញ្ជាក់ថា៖ «តួលេខ​​នោះ​តំណាងឱ្យ​ជា​មធ្យម​ជាង ៤ ​លាន​ផ្កា​ដែល​ត្រូវបាន​លក់​ជា​រៀងរាល់ថ្ងៃ។ សម្រាប់​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​របស់​ចិនយើង​លក់បាន ៩,៣ លាន​ផ្កា​ក្នុង​ ១ ​ថ្ងៃ»។

ផ្កា​ទាំង​នេះ​ត្រូវបាន​ដឹកជញ្ជូន​ទូទាំង​​ប្រទេស​ចិន​ក្នុង​រយៈពេល ៤៨ ម៉ោង។

កញ្ញា ប៊ី ស៊ី​ស៊ី បានចាប់ផ្តើមលក់​ផ្សាយ​បន្ត​ផ្ទាល់​កាលពីដើម​ឆ្នាំមុនពេលប្រទេសចិន​រងគ្រោះ​​ជំងឺ​រាតត្បាត។ AFP

នៅ​ផ្នែក​លក់រាយ​នៃ​ទីផ្សារតារាបណ្ដាញសង្គម​​​ម្នាក់ទៀត​គឺប៊ីស៊ី​ស៊ីបង្ហាញ​ផ្កា និង​បាច់​ផ្កា​ពី​តូប​ដើម្បី​លក់​ដល់​អតិថិជន​អន​ឡាញ​របស់​នាង​ផ្ទាល់។

ស្លៀក​រ៉ូ​ប​ប្រពៃណី​ចិន​ដែល​គេ​ស្គាល់​ថា​ជា​ឈុត​ហាន់​ហ្វូ​ឆ្លង​ពី​កន្លែង ​១ ​ទៅ​កន្លែង​ ១ ​ជាមួយ​ទូរ​ស័ព្ទ​ភ្ជាប់​នឹង​ដង​សែលហ្វ៊ី​តារា​វ័យ ៣២ ឆ្នាំ​រូបនេះមាន​អ្នកគាំទ្រប្រមាណ ​៦ ម៉ឺន​នាក់។

នាង​រើស​ផ្កាបង្ហាញ​​នៅលើ​អេក្រង់​របស់​នាង ខណៈ​អតិថិជន​ស្រូត​ទម្លាក់​ការ​បញ្ជាទិញ។

កញ្ញា ប៊ី ស៊ី​ស៊ី បានចាប់ផ្តើម​ផ្សាយ​បន្ត​ផ្ទាល់​កាលពីដើម​ឆ្នាំមុននៅពេលដែល​ប្រទេស​ចិន​ត្រូវបានញាំញី ដោយសារ​​ជំងឺ​រាតត្បាត Covid។

នោះ​ហើយ​ជា​ពេលដែល​នាង​បានដឹងថា មនុស្សម្នា​ចង់ឃើញ​ផ្កា​តាម​អ៊ីនធើណិត​ដែល​ពួកគេ​លែងអាចចេញទៅ​​ទិញ​នៅ​ខាងក្រៅ​បាន​ទៀតហើយ។

ឥឡូវនេះជា​ថ្ងៃ​ល្អហើយ​នាង​និយាយថានាង​អាច​លក់​ផ្កា​បាន ១៥ ម៉ឺន​យន់ (២៣ ៥០០ ​ដុល្លារ) ក្នុង​រយៈពេល ៣ ម៉ោង​នៃ​ការផ្សាយ​ផ្ទាល់។

នាង​យក​កម្រៃជើងសា​ប្រហែល ១០​ភាគរយ ហើយ​នាង​មានជំនឿចិត្ត​ពីការ​រីកចម្រើន​នៃ​អនាគត​​ពាណិជ្ជកម្ម​នេះ។

នាង​និយាយថា៖ «មនុស្ស​ឱ្យ​តម្លៃ​លើ​ពិធី​សាសនា​កាន់តែច្រើនផ្កា​ផ្តល់​អារម្មណ៍​រីករាយហើយ​យុវវ័យ​ចាប់ផ្ដើម​ចូលចិត្ត​ទិញ​ផ្កា»។

លោក ឈាន ចុងជុន ប្រធាន​សាជីវកម្ម​ផ្កា Dounan ដែលជា​អង្គភាព​ធំជាងគេ​មួយ​នៅលើ​ទីផ្សារផ្កា បាន​និយាយថា តម្រូវ​ការ​ផ្កា​ហាក់ដូចជា​មិនចេះ​រីងស្ងួតទេ។

លោក ឈាន លើកឡើង​ថា៖ «ការទិញ​ផ្កា​រៀងរាល់​សប្តាហ៍​បាន​ក្លាយជា​ទម្លាប់​នៅក្នុង​គ្រួសារ​ជាច្រើន។ ខ្ញុំ​គិតថា​ថ្ងៃ​ណាមួយ​ផ្កា​នឹង​ក្លាយជា​តម្រូវការ​ដ៏​សំខាន់​ដូចជា​ខ្យល់ និង​ទឹកដែរ»៕ AFP

កញ្ញា ប៊ី ស៊ី​ស៊ី បានចាប់ផ្តើមលក់​ផ្សាយ​បន្ត​ផ្ទាល់​កាលពីដើម​ឆ្នាំមុនពេលប្រទេសចិន​រងគ្រោះ​​ជំងឺ​រាតត្បាត។ AFP