ភ្នំពេញៈ​ ​ខណៈ​ចូលឆ្នាំថ្មី​ឆ្នាំ ​២០២២ ចម្រើន​វ័យ ៣២ ឆ្នាំ និង​គ្រាន់តែ​អាចមាន​ឱកាស​ធ្វើ​​ដំណើរ​កម្សាន្ត​ចេញ​ក្រៅប្រទេស​បាន​ភ្លាមនោះ ស្រាប់តែ​តារា​សម្តែង និង​ជា​ថៅកែ​ស្រី​នៃ​ផលិត​​ផល​គ្រឿង​អនុស្សាវរីយ៍​ពី​ក្រមា​ខ្មែរ កញ្ញា មាន សូ​នី​តា ហោះហើរ​ទៅ​លម្ហែកាយ នៅ​តំបន់​អឺរ៉ុប​ភ្លែត ដែល​មើលទៅ​ហាក់​ពុំមាន​ក្តីកង្វល់​រឿង​ប្រាក់កាស​ចាយវាយ​ឡើយ​។​


​នេះ​បើ​យោងតាម​បណ្តុំ​រូបថត​យ៉ាងច្រើន​នៅ​​តំបន់​កម្សាន្ត​នានា​នៃ​ប្រទេស​មួយចំនួន​ក្នុង​ទ្វីបអឺរ៉ុប​ជាមួយ​សារ​បរិយាយ​រៀបរាប់​ប្រាប់​ឱ្យ​មហា​​ជន​បានដឹង​ខ្លីៗ​ពី​សកម្មភាព​របស់​តារា​ស្រី​ស្រស់​មាន​ទ្រព្យធន​ស្តុក​កញ្ញា មាន សូ​នី​តា ដែល​ទើបបាន​លាភ​ធំ ដោយ​ត្រូវបាន​ក្រុមហ៊ុន​អឹម​អិ​ល​មង្គល រៀល​ធី​ឯ​.​ក សម្រេច​ជ្រើស​​រើស​ធ្វើជា​ទូត​សុច្ឆន្ទៈ​កាលពី​ឆ្នាំ​ ២០២១ កន្លងមក​នោះ​។​


​សម្រាប់​ដំណើរ​កម្សាន្ត​លម្ហែកាយ​នៅ​អឺរ៉ុប លក្ខណៈ​ទ្រង់ទ្រាយ​ជា​ទេសចរ​កម្រិត​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​នេះ ពិតជា​គួរឱ្យ​មហាជន​ស្ងើចសរសើរ​ពី​សមត្ថភាព និង​លទ្ធភាព​ក្នុង​ការរក​​ប្រាក់ចំណូល​សន្សំទុក​ស​ម្រា​ប់​ដើរហើរ​ក្រៅ​ស្រុក​ច្រើន​ប្រទេស​។ ចំពោះ​​ដំណើរ​កម្សាន្ត​តំបន់​អឺរ៉ុប​ដែល​កញ្ញា មាន សូ​នី​តា កំពុង​តែមាន​វត្តមាន​នោះ បើតាម​ការកត់សម្គាល់​មានដូចជា​ប្រទេស​ហ្វាំ​ង​ឡង់​ ​ប្រទេសអ៊ី​តា​លី ប្រទេស​ស្វ៊ី​ស និង​ប្រទេស​បារាំង​។


​អ្វីដែល​ធ្វើឱ្យ​តារា​ស្រី​រូប​ស្រស់​ដែល​ធ្លាប់​ធ្វើជា​ទូត​សុច្ឆន្ទៈ​នៃ​អង្គការ USAID និង​សម្បូរហូរហៀរ​ជាមួយនឹង​ការងារ​សិល្បៈ​ផ្នែក​​ស្ប៉ត​ពាណិជ្ជកម្ម​នានា​​កញ្ញា មាន សូ​នី​តា បង្ហើរ​សារ​ប្រាប់​ពី​សេចក្តី​រីករាយ​ខ្លួន ខណៈពេល​នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំងថា​៖ «​ដើមឆ្នាំ​ ២០២២ Pierre-Cardin ដែលជា​ម៉ាក​ដ៏​ល្បី​មួយ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បានផ្តល់​នូវ​កិត្តិយស​ថ្មី​មួយ​ដល់​នាង​ខ្ញុំ ជឿជាក់ថា នេះ​ជា​បទពិសោធ​ដ៏​អស្ចារ្យ​មួយសម្រាប់​ឆ្នាំ​ថ្មី​នេះ​។ តែ​ចង់​បង្ហើប​ប្រាប់ថា នៅ​ថ្ងៃទី​ ២៨ ខែ មករា​ ​ខាងមុខនេះ នឹងមាន​អ្វី​កាន់តែ​ពិសេស និង​រំភើប​ជាង​នេះ​​ទៅទៀត កុំ​ភ្លេច​តាម​​ដាន​ទស្សនា​​ទាំងអស់គ្នា​ណា​»​។​


​គួរ​រំឭក​ដែរ​ថា ដោយសារ​មើល​​ឃើញ​លក្ខណសម្បត្តិ​គ្រប់គ្រាន់​របស់​តារា​ស្រី ដែល​តែងតែបាន​ចូលរួម​ក្នុង​សកម្មភាព​នានា​ជួយ​សង្គម និង​ជាតា​រា​ស្រីមាន​ប្រជា​ប្រិយភាព និង​រូប​សម្ផស្ស​ទាក់​ទាញ​ពី​ធម្មជាតិ ទើបបាន​ក្រុមហ៊ុន អឹម​អិ​ល​មង្គល រៀល​ធី ឯ​.​ក បានសម្រេច​ជ្រើស​កញ្ញា មាន សូ​នី​តា ធ្វើជា​ទូត​សុច្ឆន្ទៈ សម្រាប់​គម្រោង​បុរី ML TIARA ដែលមាន​អា​សយ​​ដ្ឋា​ន​ស្ថិតក្នុង​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​


​ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ កញ្ញា មាន សូ​នី​តា ក៏​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​មោទនភាព​ដែល​ក្លាយខ្លួនជា​ទូត​សុច្ឆន្ទៈ​នៃ​គម្រោង ML TIARA នេះ​គឺ​ខ្ញុំ​ឃើញ​អំពី​ភាព​ច្នៃប្រឌិត​ខ្ពស់​ភាព​ស៊ី​វិ​ល័យ ប្រណីត​​ភាព​នៃ​ម៉ូដ​ផ្ទះ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​​សម្បូរបែប​នៅក្នុង​គម្រោង​ទាំងមូល​»៕​