​ក្រុង​ញូវដែលី: យុវជន​ឥណ្ឌា​ចិ​ត្ដ​សឿង​ ១​ ក្រុម​នាំគ្នា​ចុះ​ភក់​ប្រយុទ្ធ​ជាមួយ​គោ​ជល់​កាលពី​ថ្ងៃ​ចន្ទ ក្នុង​ពិធី​​បុណ្យ​ឥណ្ឌា​ដែល​រមែង​បង្ក​ឱ្យ​មនុស្ស​ស្លាប់ និង​បាន​បង្ក​ការខឹង​សម្បា​ពី​សំណាក់​ក្រុម​សកម្មជន​សិទ្ធិ​សត្វ​។


«Jallikattu» ឬការ​ផ្សាំង​សត្វ​គោ​ គឺជា​ព្រឹ​ត្ដិ​ការណ៍​ដ៏​ពេញនិយម​ប្រចាំ​​ឆ្នាំ ​១ ​នៅ​រដ្ឋ Tamil Nadu ជាទី​ដែល​ក្រុមយុវជន​ហ៊ាន​បោកចំបាប់​ជាមួយ​សត្វ ពេល​ពួកវា​បោល​កាត់​ហ្វូងមនុស្ស​ដ៏​ច្រើន​កុះ​កុញ​។

​សត្វ​ទាំងនេះ ដែល​រមែង​តុបតែង​ជាមួយ​ផ្កា​ភ្ញី ត្រូវបាន​លែងចេញ​ពី​ក្រោល ហើយ​យុវជន​ព្យាយាម​តោង​ចាប់​ស្នែង​ដ៏​មុត​ស្រួច និង​បូក​របស់​ពួកវា​។ រង្វាន់​សម្រាប់​អ្នក​អាច​ផ្សាំង​គោ​បាន មាន​ចាប់ពី​រថយន្ដ ម៉ូតូ និង​ទូទឹកកក រហូតដល់​ឈុត​ទូរទស្សន៍ កាក់​មាស និង​គ្រឿងសង្ហារិម​។


Jallikattu នៅតែមាន​ប្រជាប្រិយ​​ភាពខ្លាំង ទោះ​ជាមាន​កម្រិត​គ្រោះថ្នាក់​ខ្ពស់​ដល់​អ្នក​ឈរ​មើល​យ៉ាងណាក៏ដោយ​។ ក្មេង​ជំទង់​ឈរ​មើល​ម្នាក់​ត្រូវបាន​គោ​ជល់​កាលពី​ថ្ងៃ​សុក្រ និង​ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ ដែល​ក្រោយមក​បាន​ស្លាប់​តែម្ដង​។


ក្រុមអ្នកផ្សាំងគោ រង់ចាំ​ចូល​​ចាប់​សត្វ​គោដែល​ត្រូវបាន​លែង​​ពី​ក្រោល។ រូបថត AFP


​ហានិភ័យ​ដល់​ជីវិត​តែងតែ​កើតឡើង​ជារឿយៗ ដោយ​មនុស្ស​ជាច្រើន​បាន​ស្លាប់​កាលពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​ហ្វូងគោ​ជល់​បោល​ទម្លុះ​រនាំង​ខណ្ឌ​ចែក​អ្នកទស្សនា​ពីស​ង្វៀន​។

​បញ្ហា​ចម្រូងចម្រាស​ចំពោះ​ពិធី​​បុណ្យ​នេះ​ក៏បាន​កើតឡើង​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​សត្វ​ផងដែរ​។​

​ក្រុម​សកម្មជន​បានឱ្យដឹងថា គោ​ទាំងនោះ​ត្រូវបាន​បញ្ច្រក​គ្រឿង​ស្រវឹង ហើយ​ម្ទេស​ហុយ​ត្រូវបាន​គប់​ចូល​មុខ​ដើម្បី​ធ្វើឱ្យ​ពួកវា​ពុះកញ្ជ្រោល​មុនពេល​ចាប់ផ្ដើម​ឆាកប្រយុទ្ធ​។

​តុលាការ​កំពូល​ឥណ្ឌា​បានដាក់​ពិធី​​បុណ្យ Jallikattu ឱ្យនៅ​ក្រៅច្បាប់ ក្នុង​ឆ្នាំ ​២០១៦ តែ​វា​បង្កឱ្យមាន​ការ​​តវ៉ា​ដ៏​រីក​រាលដាល នាំឱ្យ​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​បាន​បង្គាប់​ឱ្យ​បន្ដ​ពិធីបុណ្យ​នេះ​ឡើងវិញ​នៅ​ឆ្នាំ​ ២០១៧​។

Ayyanan Subbaiah ជា​ម្ចាស់​ដី​រៀបចំ​ពិធីបុណ្យ​បានឱ្យដឹងថា​៖ «​នេះ​ជា​ពិធីបុណ្យ​ពី​បរម​បុរាណ មាន​ប្រ​វ​ត្ដិ​តាំងពី​សម័យ​ជីតា​លួត​របស់ខ្ញុំ​»​។

​យ៉ាងណាមិញ កូ​វីដ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ធ្វើឱ្យ​ចំនួន​អ្នកចូលរួម​ប្រកួត​បាន​ធ្លាក់​​ចុះ​ ១​ ភាគ​ ៣ មក​ត្រឹម ៨០០ ​នាក់ ហើយ​អ្នក​ផ្សាំង​សត្វ​ទាំងអស់​តម្រូវឱ្យ​ចាក់​វ៉ាក់សាំង​ពេញលេញ​៕ AFP/HR