​ភ្នំពេញ: នៅ​ជា​ន់ទី​១ ​នៃ​អគារ​កម្ពស់ ៣ ​ជាន់ រចនា​បែប​ស្ទីល​អឺរ៉ុប ដឹ​ផ្លេ​រូ​ម (The Playroom Cambodia) ដែលជា​មជ្ឈមណ្ឌល​កម្សាន្ដ​ថ្មី បន្ទប់​គប់​ពូថៅ បាន​បើក​ស្វាគមន៍​អ្នក​ចូល​ចិ​ត្ដ​ល្បែង​រាង​ព្រឺព្រួច​បន្ដិច​។


​ពូថៅ​មុខ​សស្ងាច ​២ ​ដើម​ ដោត​ជាប់​អង្កត់ឈើ ត្រៀមចាំ​អ្នក​ចង់​គប់​ឆ្ពោះទៅកាន់​ផ្ទាំង​ស៊ី​ប​ឈើ ដែលមាន​ចំណុច​ក្រហម​ដៅ​ពិន្ទុ​លេខ ​៦ ជាស្រេច​។​


​អាភា ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ត្រកូល​ស្ទើរតែ​អស់​ចំណាប់អារម្មណ៍ ពេល​ព្យាយាម​គប់​ពូថៅ​ប៉ុន្មាន​ដង​ដំបូង ពេល​វា​រមែង​ភ្លាត់​ធ្លាក់​ពី​ក្ដារ​។


​រហូតដល់​ដឹង​ពី​របៀប​គប់​ពូថៅ​ត្រឹម​ត្រូវ កញ្ញា​ចាប់ផ្ដើម​ជាប់​ចិ​ត្ដ​នឹង​កីឡា​ថ្មី​នេះ និង​បន្ដ​លេង​រហូត​អស់​រយៈ​​ពេល​ ១​ ម៉ោង (​តម្លៃ ១៥ ​ដុល្លារ​)​។


​កញ្ញា ​២៤ ​ឆ្នាំ ​ដែល​បាន​លេង​បាញ់​ធ្នូ​នៅ​ជាន់​ផ្ទាល់​ដី​ផងដែរ​នោះបាន​បន្តថា​៖ «​ការលេង​គប់​ពូថៅ​វា​លំបាក​ពេល​អត់​ទាន់​ដឹង​តិច​និក​គប់ ប៉ុន្ដែ​ដល់ពេល​ដឹង​របៀប​គប់ វាស​ប្បាយ​»​។​


​អាភា បានឱ្យដឹង​ទៀតថា​៖ «​ចំពោះ​ការបាញ់​ព្រួញ វា​ពិតជា​គួរឱ្យ​ចាប់​​អារម្មណ៍ គ្រាន់តែ​សម្រាប់​ខ្ញុំ​ខ្សែ​របស់​ធ្នូ ភ្លាត់​ត្រូវ​ដៃ រាង​ឈឺ​បន្ដិច​»​។

ក្រោយទទួល​ការ​ណែនាំ ភ្ញៀវ​កាន់ពូថៅ​តម្រង់គោលដៅ​​​ផ្ទាំងស៊ីប។ហុង មិនា

​យ៉ាងណាមិញ​ល្បែង​ទាំង​ការបាញ់​​ធ្នូ និង​គប់​ពូថៅ តម្រូវឱ្យ​អ្នកលេង​ទទួល​ការណែនាំ​អំពី​វិធី​លេង និង​បញ្ហា​សុវត្ថិភាព​ប៉ុន្មាន​នាទី​ជាមុនសិន​។

​ស្ដាប់​ការណែនាំ​ពី​បុគ្គលិក លោក អ៊ូ សេងហួរ មាន​អារម្មណ៍​ភ័យខ្លាច និង​ញ័រ​ដៃ​ដោយ​មិន​ហ៊ាន​លើក​ដង​ធ្នូ ដោយ​គិតថា​វា​អាច​ភ្លាត់​គ្រាប់​ព្រួញ​។

​និស្សិត និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​រូបនេះ​និយាយថា​៖ «​ដំបូង​រាង​ភ័យ​ដែរ​ដោយ​ខ្លាច​ភ្លាត់​ត្រូវ​គ្រាប់​ព្រួញ​»​។

​លោក​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ មុនពេល​បន្ដ​គ្រាប់​ព្រួញ​ឈុត​ទី​២ (១ ​ឈុត ២៥ ​គ្រាប់ តម្លៃ ៥ ​ដុល្លារ​) ថា​៖ «​ពេល​បាន​បាញ់​ចេញ​ប៉ុន្មាន​គ្រាប់ ខ្ញុំ​ចាប់ផ្ដើម​ជាប់​ចិ​ត្ដ និង​បន្ដ​បាញ់ ​២ ​ឈុត ស្មើនឹង​ការបាញ់​ព្រួញ ៥០ ​គ្រាប់​ឯណោះ​»​។​

​ដោយសារ​សាល​ធ្នូ​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាងក្រោយ មនុស្សម្នា​ក៏​អាច​ចាប់អារម្មណ៍​នឹង​ការរៀបចំ​ដ៏​ទាក់​​ទាញ​នៅ​សាល​ទទួលភ្ញៀវ​ផងដែរ​។

​ពូថៅ និង​អាវុធ​ក្នុង​ភាពយន្ដ​ហូលីវូដ Thor ដាវ និង​ខែល​លើ​ជញ្ជាំង អាច​ក្លាយជា​វត្ថុ​សំខាន់​សម្រាប់​អ្នក​និយម​ថតរូប​សែ​ល​ហ្វ៊ី ខណៈ​អ្នក​ទទួលទាន​ភេសជ្ជៈ​អាច​លេង​ហ្គេម​តូចៗ​ជាច្រើន​ទៀត​ដើម្បី​បំបាត់​ភាព​អផ្សុក​។

​លោក ឆាង ម៉ៃ​ឃើ​ល ម្ចាស់ ដឹ ផ្លេ​រូ​ម បាន​និយាយថា​៖ «​យើង​ចង់​បង្កើត​ទីកន្លែង​ដែល​ផ្ដល់​អារម្មណ៍​ដូច​ផ្ទះ​។ វា​ជាទី​កន្លែង​ដែល​អតិថិជន​យើង​អាច​សម្រាក បង្កើត​ភាព​រីករាយ សើច​សប្បាយ និង​ចំណាយពេល​នៅទីនេះ ក៏ដូចជា​ទទួល​បទពិសោធ​អ្វី​ថ្មីៗ និង​បង្កើន​ភាពរស់រវើក​»​។

​លោក ម៉ៃ​ឃើ​ល បាន​ណែនាំ​សកម្មភាព​ជាច្រើន​ដូចជា ការបាញ់​​ព្រួញ ហ្គេម​លើ​ក្ដារ គប់​ពូថៅ ហ្វ៊ូ​ត​ភូ​ល (​ការបញ្ចូល​គ្នា​រវាង​បាល់ទាត់ និង​បុក​ប៊ីយ៉ា​) បុក​ប៊ីយ៉ា និង​បោះ​ប៉ឺតប៉ោង​ស្រា​បៀរ​។

អាហារ​លំដាប់ផ្កាយ ៥ និងភេសជ្ជៈច្រើន​មុខ​ មាន​បម្រើនៅ​ដឹផ្លេរូម។ហុង មិនា

​លោក​បាន​អះអាងថា អតិថិជន​ក៏​អាច​រីករាយ​នឹង​ម្ហូបអាហារ​លំដាប់​ផ្កាយ ​៥ និង​ភេសជ្ជៈ​ច្រើន​មុខ​ពី​ហាង​​កាហ្វេ ភោជនីយដ្ឋាន និង​បា​រ៍ ដែលមាន​បម្រើ​គ្រប់​ជាន់​។

​លោក ម៉ៃ​ឃើ​ល កើត​នៅ​ប្រទេស​បារាំង និង​បាន​សិក្សា​ក៏ដូចជា​ធ្វើការ​នៅ​អូស្ដ្រាលី​រយៈពេល ១០ ​ឆ្នាំ​ មុនពេល​លោក​វិល​មក​មាតុភូមិ​របស់​ឪពុកម្ដាយ​វិញ​។

​លោក​បាន​និយាយថា​៖ «​គ្រួសារ​របស់ខ្ញុំ​បាន​ភៀសខ្លួន​អំឡុង​របប​ខ្មែរ​ក្រហម​ទៅកាន់​ប្រទេស​បារាំង​។ តា​យាយ និង​ឪពុកម្ដាយ​ខ្ញុំ​ធ្លាប់​រស់នៅ និង​លក់ដូរ​នៅក្បែរ​ផ្សារ​ថ្មី​។ ពួកគេ​ចាប់ផ្ដើម​ជីវិត​ថ្មី​នៅក្រៅ​ប្រទេស​។ ប៉ុន្ដែ​ឪពុក​ខ្ញុំ​បានមក​ស្រុក​វិញ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​សម្រេច​ចិ​ត្ដ​មក​ទីនេះ និង​នាំយក​បទពិសោធ​មក​បង្កើត​នៅទីនេះ​»​។

​ចំពោះ​ការបើក​សម្ពោធ​ក្រៅផ្លូវការ​កាលពី​ដើមខែ លោក ម៉ៃ​ឃើ​ល បាន​កត់សម្គាល់ថា មាន​ក្រុម​មិ​ត្ដ​ភក្ដិ គ្រួសារ និង​ដៃគូ ដែល​ពួកគេ​ចង់​សាក​​ល្បង​លេង​ហ្គេម​ទាំងអស់ តែ​ល្បែង​បាញ់​ព្រួញ​ពេញនិយម​ជាងគេ​។

​អ្នកស្រី ឈី​នី ជា​ភរិយា​របស់លោក ម៉ៃ​ឃើ​ល បាន​ប្រាប់ថា​៖ «​កន្លែង​បាញ់​​ព្រួញ យើង​មាន​ ៨ ​ប្រឡោះ សម្រាប់​មនុស្ស ៨ ​នាក់​ម្ដង​។ ជាមួយ​តម្លៃ​គ្រាប់​ព្រួញ​ ១​ ឈុត ៥ ​ដុល្លារ អតិថិជន​ក៏​ទទួលបាន​ការណែនាំ​អំពី​គោលការណ៍​សុវត្ថិភាព និង​របៀប​លេង​ហ្គេម​»​។

​កញ្ញា មិនា ជា​បុគ្គលិក និង​ជា​អ្នក​បង្ហាត់បង្ហាញ​បាន​ប្រាប់​មុនពេល​ផ្លុំ​កញ្ចែ​ជា​សញ្ញា​ឱ្យ​ភ្ញៀវ​បាញ់​ព្រួញ​ថា បើ​នរណាម្នាក់​មិន​គោរព​តាម​គោល​​ការណ៍​សុវត្ថិភាព​ទេ កញ្ញា​នឹង​ផ្លុំ​កញ្ចែ ៣ ​ដង បញ្ឈប់​សកម្មភាព​ភ្លាម​។

​លោក ម៉ៃ​ឃើ​ល និយាយថា បញ្ហា​សុវត្ថិភាព​ គឺជា​អាទិភាព​សំខាន់ ដោយ​លោក​អនុវត្ដ​ស្ដង់ដា​អន្ដរជាតិ​នៅ​គ្រប់​ប្រតិ​ប​ត្ដិ​ការ​ទាំងអស់​។

​លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​យើង​ថែមទាំង​បាន​វិនិយោគ និង​បន្ថែម​បរិក្ខារ​សុវត្ថិភាព​ដែល​ទីកន្លែង​ជាច្រើន​នៅ​បរទេស​មិនទាន់មាន​។ ដូចដែល​យើង​លក់​គ្រឿង​ស្រវឹង​ដែរនោះ យើង​ដាក់​គោលការណ៍ លេង​មុន ចាំ​ផឹក​តាម​ក្រោយ​»​។

ភ្ញៀវ​លេង​ហ្វូ៊តភូល ជា​ការ​បញ្ចូលគ្នា​រវាង​បាល់ទាត់ និង​បុកប៊ីយ៉ា។ហុង មិនា

​នៅ​ជា​ន់ទី​១ មាន​តាប​ហ្វូ​៊​ត​ភូ​ល ២ នៅ​ខាងឆ្វេង​ជណ្ដើរ និង​បន្ទប់​គប់​ពូថៅ​នៅ​ខាងស្ដាំ ជាមួយ​កន្លែង​បា​រ៍​១​សម្រាប់​ទទួលភ្ញៀវ​ក្រោយ​អស់កម្លាំង​ពេល​ប្រកួត​ចប់​។ ចំណែកឯ​នៅ​ជាន់​ទី​៣ ផ្នែក​ខាងមុខ ជាទី​វាល​ពាក់​​កណ្ដាល សម្រាប់​រៀបចំ​កម្មវិធី​ជួបជុំ​ផ្សេងៗ ខណៈ​ផ្នែក​ខាងក្រោយ ក៏មាន​កន្លែង​បា​រ៍​ ១ ​ទៀត ជាមួយ​តាប​ប៊ីយ៉ា ២ និង​តុ​ប៉េង​ប៉ុង​ស្រា​បៀរ​ ២​។

​ដោយ​ភ្ញាក់ផ្អើល​នឹង​គ្រាប់​ប៊ីយ៉ា​ធំៗ អ្នកស្រី ភិន លី​ណា បាន​និយាយ​អំពី​ការទា​ត់បាល់​ពណ៌​ស​ទៅបុក​បាល់​ដទៃ​បញ្ចូល​រន្ធ​ថា ការលេង​ពិតជា​ដូច​បាល់ទាត់​ផង និង​បុក​ប៊ីយ៉ា​ផង ដែលមាន​តម្លៃ ១២​ ដុល្លារ ​ក្នុង ​១ ​ម៉ោង​។

​អ្នកស្រី​បានឱ្យដឹងថា​៖ «​ខ្ញុំ​ទទួល​​បានការ​ចុច likes ច្រើន​លើ​ហ្វេ​ស​ប៊ុ​ក​ពេល​ខ្ញុំ​បង្ហោះ​រូបភាព​ទាត់​បាល់​លើ​តាប​ប៊ីយ៉ា​យក្ស​នេះ​»​។

​ដឹ ផ្លេ​រូ​ម ស្ថិតនៅ​អគារ​លេខ​ ៩ ផ្លូវ ២៨៧ ចម្ងាយ​ ៥០០ ​ម៉ែត្រ​ពី​អង់​តែ​ន​ទួលគោក បើកទ្វារ​ពី​ម៉ោង ១១​ ព្រឹក​ដល់ ១២ អធ្រា​ត្រ​រៀងរាល់ថ្ងៃ​។

​ព័ត៌មាន​បន្ថែម​មាននៅ Facebook @theplayroomkh ឬ​ទាក់ទង​ទូរស័ព្ទ ០៧០ ៣០ ២៥ ២៥៕