​ភ្នំពេញៈ ដោយ​ក្តី​អាណិត​​អាសូរ និង​មាន​ចំណូលចិត្ត​លើ​សិល្បៈ​ក្លា​ស៊ិ​ក ទើប​ជំរុញ​ចិត្ត​ឱ្យ​ស្ត្រី​ជប៉ុន លោកស្រី មី​វ៉ា​កូ ហ្វ៊ូ​ជិ​វ៉ា​រ៉ា (Miwako Fujiwara) សហការ​នឹង​សណ្ឋាគារ​ភ្នំពេញ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា រៀបចំ​ប្រគំ​​តន្ត្រី​បែប​ក្លា​ស៊ិ​កមួយ​ឈ្មោះ «Musica Felice Charity Concert» នា​ល្ងាច​ថ្ងៃទី ​២៣ ខែ មករា ឆ្នាំ ​២០២២ នេះ​ដើម្បី​ដើម្បី​រៃអង្គាសប្រាក់​មូលនិធិ ជួយ​អង្គការ​ខ្មែរ​ចំនួន ​២​។​


​តន្ត្រី​សប្បុរសធម៌​ពី​ក្រុម​តន្ត្រី​ក្លា​ស៊ិ​ក Musica Felice ដែល​ដឹកនាំ​ដោយ​ស្ត្រីជាតិ​ជប៉ុន ជា​សិល្បករ​បុរាណ និង​តន្ត្រីករ ក្នុង​គោលបំណង​ស្ទួយ​វិស័យ​សិល្បៈ​តន្ត្រី​ក្លា​ស៊ិ​ក ជាពិសេស​ក្រុម​សិល្បករ​-​ការិនី​ខ្មែរ ដែលមាន​ជំនាញ ឬ​ចំណូលចិត្ត​លើ​វិស័យ​សិល្បៈ​នេះ ដែល​មិនសូវ​មានលទ្ធភាព​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ខ្លួន តាម​ជំនាញ​សិល្បៈ​និង​កិច្ចការ​សង្គម​ធម៌​។​

​ក្រុម​តន្ត្រី​ក្លា​ស៊ិ​ក Musica Felice ដែលមាន​សិល្បករ​-​សិល្បការិនី ចម្រុះ​ជាតិ​សាសន៍ នឹងធ្វើ​នៅ​សណ្ឋាគារ​ភ្នំពេញ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា រយៈពេល ៣​ ម៉ោង គឺ​ចាប់ផ្តើម​ពី​ម៉ោង ៤ កន្លះ ទៅដល់​ម៉ោង ៦​ កន្លះ​ល្ងាច ដែល​អ្នកទស្សនា​តម្រូវ​ឱ្យ​ទិញ​សំបុត្រ ខណៈ​ប្រា​ក់បាន​ពី​ការលក់​សំបុត្រ​នោះ​នឹង​យកទៅជួយ​ដល់​អង្គការ​ ២ របស់​ខ្មែរ គឺ​អង្គការ​កម្មវិធី​អភិ​​វឌ្ឍន៍​មនុស្ស​ថ្លង់ ​(Deaf Development Programme) https://www.facebook.com/DDP.Cambodia និង​អង្គការ​សាលា​សណ្ឋាគារ និង​ទេសចរណ៍ ប៉ូល ឌុយ​ប្រ៊ូ​ល​ (The ecole deHotellerie et de Tourisme Paul Dubrule) https://www.facebook.com/EcolePaulDubrule​។​


អង្គការ​កម្ម​វិធី​អភិ​​វឌ្ឍន៍​​មនុស្ស​ថ្លង់។ រូបថត ហ្វេសប៊ុក


​បើ​យោងតាម​សេចក្តី​ជូន​​ដំណឹង​ពី​ក្រុម​តន្ត្រី​ក្លា​ស៊ិ​ក​ Musica Felice៖ https://www.facebook.com/PhnomPenhChoir/videos/928416231398008 បាន​ឱ្យដឹងពី​តម្លៃ​ជាវ​សំបុត្រ​ចូល​ទស្សនា​ការប្រគំ​តន្ត្រី​​សប្បុរសធម៌​នោះ​ថា​៖ «​សំបុត្រ ១ តម្លៃ ២៥ ​ដុល្លារ សម្រាប់​កៅអី​ពិសេស ទាំង​មនុស្ស​​ពេញវ័យ និង​កុមារ ខណៈ ១​ តម្លៃ ១២ ​ដុល្លារ សម្រាប់​មនុស្សពេញវ័យ កៅអី​ធម្មតា ១​ សន្លឹក តម្លៃ ៥​ ដុល្លារ សម្រាប់​ក្មេង​វ័យ​ក្រោម ១២ ​ឆ្នាំ ខណៈ​សំបុត្រ ១​ សន្លឹក តម្លៃ ៣ ដុល្លារ សម្រាប់​និស្សិត​ខ្មែរ និង​ទស្សនា​ឥតគិតថ្លៃ សម្រាប់​កុមា​រវ័យ​ក្រោម ៣ ​ឆ្នាំ​។ ការ​​ប្រគំ​តន្ត្រី​ក្លា​ស៊ិ​ក​នេះ ក៏មាន​វត្ត​មាន​ក្រុម​សិល្បករ អង់គ្លេស​ល្បីៗ ចូលរួម​ផងដែរ ដូចជា​អ្នកនិពន្ធ​ល្បី​ប្រចាំ​ក្រុម​តារា​​ចម្រៀង​នៅ​អង់គ្លេស The Beatles មាន​លោក Elgar និង​លោក Handel ហើយ​មាន​តារាចម្រៀង តន្ត្រីករ អ្នកនិពន្ធ​​ជើងចាស់​អង់គ្លេស លោក​ Elton John និង Andrew Lloyd Webber ផងដែរ​»​។​


​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងថា​៖ «​សម្រាប់​ទីកន្លែង​ដែល​អាច​ជាវ​សំបុត្រ ចូល​ទស្សនា​បាន​នោះ មាន​នៅឯ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា នៅ​ភ្នំពេញ ហាង​កាហ្វេ​ឈ្មោះ Socials Coffee នៅ​សាខា​មហាវិថី​ព្រះ​​នរោត្តម និង​អាច​ជាវ​តាមរយៈ​ការ​ស្គែ​ន​ប្រព័ន្ធ QR code ឬ​ហ្វេ​ស​ប៊ុ​ក https://fb.me/e/1zyMMAjHh»​។​

​គួរ​រំឭក​ដែរ​ថា លោកស្រី ​មី​វ៉ា​កូ ហ្វ៊ូ​ជិ​វ៉ា​រ៉ា បាន​ផ្តួចផ្តើម​ឱ្យមាន​ការបង្កើត​ការប្រគំ​តន្ត្រី​​សប្បុរសធម៌​នេះ ចាប់តាំងពី​​ឆ្នាំ ​២០១៦ មក​។ ខណៈ​ការ​​ចាប់ផ្តើម​ប្រគំ​លើកដំបូង នៅ​ខែកញ្ញា ឆ្នាំ ​២០១៧ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​​តែ​ល ភូ​គី​ត្រា អាច​រៀបចំ​បាន ១ ឬ ២ ​ដង ក្នុង ១ ​ឆ្នាំ​៕

អង្គ​ការ​សាលា​សណ្ឋាគារ និង​ទេស​​ចរណ៍ ប៉ូល ឌុយប្រ៊ូល​​។ រូប ហ្វេសប៊ុក