ក្រុងហុងកុង: វាអាចមានរូបរាងដូចបង្កង និងមានរសជាតិដូចបង្កង តែអង្គការ Consumer Watchdog បានព្រមានអ្នកពូកែស្រក់ទឹកមាត់នឹងប្រហិតរសជាតិបង្កងថា មិនមែនបានមកពីមច្ឆាសមុទ្រនោះទេ។
ប្រហិតមានលក់នៅគ្រប់កន្លែងក្នុងទីក្រុងហុងកុងដែលនិយមម្ហូបដោតចង្កាក់ពីសំណាក់អាជីវករនាពេលថ្ងៃត្រង់ ហើយវាក៏មានប្រជាប្រិយក្នុងឆ្នាំងស៊ុប និងហាងបាប៊ីឃ្យូដែរ។
ប៉ុន្ដែអ្នករមែងស្រក់ទឹកមាត់ជាមួយប្រហិតសាច់បង្កង អាចមានអារម្មណ៍មិនស្រណុកចិត្តជាមួយព័ត៌មានការចុះផ្សាយដោយ Consumer Council ដែលបានឱ្យដឹងថា ខ្លួនបានធ្វើតេស្ដ DNA លើប្រហិតជាច្រើនប្រភេទជាលើកដំបូង។
របាយការណ៍បង្ហាញថា៖ «សំណាកប្រហិតទាំង ១០ ប្រភេទ មិនត្រូវបានរកឃើញ DNA សាច់បង្កងនោះទេ រួមទាំងសំណាកដែលចុះបញ្ជីសាច់បង្កងជាគ្រឿងផ្សំទៀតផង។ មានតែសំណាក ២ បានបង្ហាញថា វាមិនបានផលិតឡើងពីសាច់បង្កងពិតៗ ដោយបានហៅផលិតផលខ្លួនថា ប្រហិតរសជាតិសាច់បង្កង និងផលិតឡើងតាមលំនាំប្រហិតបង្កង»។
អ្នកស្រី Nora Tam Fung-yee អគ្គនាយិកាគណៈកម្មការស្រាវជ្រាវ និងរសជាតិរបស់ក្រុមប្រឹក្សាបានឱ្យដឹងថា៖ «ការតេស្ដរបស់យើងផ្ដោតលើ DNA ទាក់ទងនឹងសាច់បង្កង។ យើងគ្រាន់តែដឹងថា ប្រហិតបង្កងមិនមាន DNA បង្កងនោះទេ»។
អ្នកស្រីបានប្រាប់ South China Morning Post ថា៖ «យើងបានរកឃើញប្រហិតខ្លះទៀត ដែលទំនងជាផលិតឡើងពីគ្រឿងសមុទ្រ ឬសាច់សត្វផ្សេងៗទៀតជំនួសបង្កង»។
ក្រុមប្រឹក្សានេះក៏បានរកឃើញថា ចំណោមប្រហិតសាច់គោ និងប្រហិតសរសៃគោទាំង ២០ មានតែ ៧ ប្រភេទប៉ុណ្ណោះ មានផ្ទុកសាច់គោពិត ១០០ ភាគរយ៕ AFP/HR