ខេត្ត​ណាខនផាធុំ៖ អ្នក​ដាំ​ផ្កាអ័រគីដេ​​ថៃដែល​ត្រូវ​នឿយហត់​នឹងការ​ថែទាំ​បុប្លា​ម្ដង​រួច ទៅ​ហើយបែរជា​​ត្រូវ​ខូច​ចិត្ត​​​ម្ដង​ទៀត ខណៈ​​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​​ការផ្លាស់ប្តូរ​​​អាកាសធាតុ ​និងជំងឺ​​​រាតត្បាត​បាន​ប៉ះពាល់​​ ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ។


ធ្លាប់​ត្រូវបាន​ចាត់ទុកថា​ជា​ល្បែងថែសួន​​កម្សាន្ត​ដ៏​ពេញនិយម​ក្នុងចំណោម​អ្នកមានទ្រព្យស្ដុក​នៅ​​ប្រទេស​ថៃ ការដាំ​ផ្កាអ័រគីដេ​បាន​អភិវឌ្ឍ​ទៅជា​ឧស្សាហកម្ម​តម្លៃ​រាប់លាន​ដុល្លារ ហើយ​​រាជាណាចក្រថៃ​​គឺជា​អ្នក​ផលិតនិង​នាំចេញ​ផ្កាអ័រគីដេពណ៌​ស្វាយ​​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។​


​ប៉ុន្តែ​ជំងឺ​រាតត្បាត​បានធ្វើ​ឱ្យ​កសិដ្ឋាន​១​​ក្នុងចំណោម​កសិដ្ឋាន​ចំនួន​៥​បាន​បិទ​កាលពីពេល​ថ្មីៗ​នេ។ នេះ​បើ​យោងតាម​សមាគម​អ្នក​នាំចេញ​អ័​រ​គី​ដេ​ថៃ​។​


សម្លឹងមើល​ដោយ​ក្តី​អស់សង្ឃឹម​ទៅ​កាន់​វាល​បុប្ផា​​ពណ៌​ស្វាយ​នៅឯ​កសិដ្ឋាន​ផ្កាអ័រគីដេខាង​លិច​ទីក្រុង​បាងកក​លោក ស៊ុមឆៃ ឡឺទ្រង់វីតាយ៉ាឆៃ បាន​និយាយថា៖ «​គ្មាន​នរណាម្នាក់​មាន​អារម្មណ៍​ទិញ​ផ្កា​ទេហើយ​ការ​ដឹកជញ្ជូនរឹត​តែ​​មាន​ភាពស្មុគស្មាញ​ណាស់»។


លោក​បាន​​ដាំ​ផ្កាអ័រគីដេ Dendrobium Sonia ដែលជា​ពូជ​កូនកាត់​ដែលមាន​ផ្កា​ពណ៌​ស និង​ពណ៌​ស្វាយ​ដិត​។ ជាផ្កា​ពេញនិយម​នៅក្នុង​ប្រទេស​ជប៉ុនចិននិង​សហរដ្ឋអាមេរិក ពួកវា​ត្រូវបាន​គេ​ប្រើ​ស្ទើរ​តែ​គ្រប់​កម្មវិធី រាប់តាំង​ពី​ពិធី​សាសនា​រហូតដល់​ការបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​។​


​នៅឯ​ដី​ទំហំ២០​ហិកតា​របស់លោក​ កម្មករ​បាន​រក្សា​​ផ្កា​ដែល​កាត់រួច​​ដោយ​ប្រើ​​ដប​តូច​មួយ​ដែល​មាន​ជីវជាតិ​ និង​សារធាតុចិញ្ចឹមដើម្បី​រក្សា​រូបរាង​ដ៏ស្រស់​របស់​ផ្កា ​បានរហូតដល់​ ២ស​ប្តា​ហ៍​។​

​​

កម្មករបាញ់ទឹកស្រោចផ្កា​នៅ​​កសិដ្ឋាន​ផ្កាអ័រគីដេ​ក្នុង​ខេត្ត​ណាខនផាធុំ ភាគ​កណ្តាល​ប្រទេស​ថៃ​។​ AFP

ប៉ុន្តែ​ពេលវេលា​ប៉ុន្មានឆ្នាំ​នេះ​លំបាកខ្លាំង។ លោក ស៊ុមឆៃ បាន​ប្រើប្រាក់​​សន្សំ​របស់លោក​​អស់​រយៈ​ពេល​១​​ឆ្នាំ​ ដើម្បី​បន្ត​ផ្តល់​​ប្រាក់ខែ​ដល់​បុគ្គលិក​ចំនួន៥០​នាក់របស់​លោក។​

​លោក​បាន​និយាយថា Covid-19 និង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បានធ្វើឱ្យ​តម្លៃ​ជី​ និង​ថ្នាំ​សម្លាប់​​សត្វ​ល្អិត​កើនឡើង ៣០​ ភាគរយ​។​

បន្ថែម​លើ​បញ្ហា​របស់គាត់​គឺ​ការលក់​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ មុន​ជំងឺ​រាតត្បាតប្រទេស​ចិន​បាន​ទិញ​ដើម​អ័រគីដេ​​​​ចំនួន ២៧០ ​លាន​ដើម ​ក្នុង​ ១ ឆ្នាំ​ពី​ប្រទេស​ថៃ ជា​តួលេខ​ដែល​បាន​ធ្លាក់ចុះ​ដល់ ១៧០ ​លាន​កាលពី​ឆ្នាំមុន​។​

​នៅ​ពេល​ដែលមាន​ចំនួន ៨០​ ភាគរយ​នៃ​ប្រាក់ចំណូល​នាំចេញ​របស់ លោក ស៊ុមឆៃ ប្រទេស​ចិន ​បាន​រង​ការ​​​វាយ​ប្រហារ​​​ដោយ​បិទខ្ទប់ការពារ​​មេរោគ​ឆ្លង​នៅក្នុង​ទីក្រុង​មួយចំនួន រួមទាំង​ទីក្រុង​ធំ​​សៀងហៃ។​

ការដឹកជញ្ជូន​ផ្កាអ័រគីដេ​ទៅកាន់​ទីផ្សារ​សំខាន់​តាម​ដងផ្លូវ​ធ្លាប់​ចំណាយពេល​ដល់​ទៅ​៣ថ្ងៃ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​​ដូចគ្នា​ឥឡូវនេះ​អាច​ចំណាយពេល​ពី ៨ ទៅ ១០ ថ្ងៃ​។​

​នៅក្នុង​អាជីវកម្ម​ផ្កាពេលវេលា​គឺជា​លុយហើយ​ផ្កាអ័រគីដេ​ ដែល​ស្រពោន​ត្រូវបាន​គេ​បោះចោល​ជា​ញឹកញាប់ មុន​ពេលដែល​ពួកវា​អាច​ត្រូវ​លក់ចែកចាយ​ទៅដល់​ផ្ទះ​របស់​អតិថិជន​នៅ​ទីក្រុង​សៀង​ហៃ​។​

​ពេលវេលា​ជិត​អស់ហើយ​

ខណៈពេលដែល​លោកស៊ុមឆៃចែកចាយ​ផលិតផល​របស់លោក​ដោយផ្ទាល់​ទៅ​ក្រៅប្រទេស អ្នក​ដាំ​ផ្កាអ័រគីដេ​ភាគច្រើន​នៅក្នុង​ប្រទេស​ថៃ​ប្រើប្រាស់​ក្រុមហ៊ុននាំចេញ​ដ៏​ធំ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​។​

​​​

​ផ្កាអ័រគីដេ​រីក​នៅ​ចម្ការ​ផ្កាអ័រគីដេ​មួយ​ក្នុង​ ខេត្ត​ណាខនផាធុំភាគ​កណ្តាល​​ប្រទេស​ថៃ​។​ AFP

លោក វុទ្ធីឆៃ ភីផាតមនោម៉ៃ អនុប្រធាន​សមាគម​អ្នក​នាំចេញ​ផ្កាអ័រគីដេ​ថៃនិង​ជា​សហ​ម្ចាស់​ក្រុមហ៊ុន Sun International Flower ដែលជា​ក្រុមហ៊ុននាំចេញ​ដ៏​ធំ​បាន​និយាយថាថ្លៃ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​បាន​កើនឡើង​៣​ដងឬ​ ៤​ ដង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះអាស្រ័យ​លើ​ទិសដៅ​។​

មុនពេល​ជំងឺ​រាតត្បាត​នេះក្រុមហ៊ុន​របស់លោក​បាន​​ចែកចាយ​ផ្កាអ័រគីដេ​ចំនួន ៣,៦ ​លាន ​ក្នុង​ ១ ខែ​ទៅកាន់​ប្រទេស​ចិន ជប៉ុន វៀតណាម និង​សហរដ្ឋអាមេរិក​។​

​ឥឡូវនេះ​មានផ្កាតែ ១,២​ លានទង ​​ប៉ុណ្ណោះ​ដែល​ចាក​ចេញពី​ឃ្លាំងហើយលោក​​ត្រូវ​ឈប់ជួល​​​បុគ្គលិក​ពាក់កណ្តាល​​។​

​លោក វុទ្ធីឆៃ បាន​និយាយ​ថា​៖ «​យើង​បាន​ស្នើសុំ​អាជ្ញាធរ​សម្រាប់​ការជួយ​ផ្នែក​ហិរញ្ញវត្ថុប៉ុន្តែ​យើង​មិនបាន​ទទួល​អ្វី​ទេ​។ពេលវេលា​ជិត​អស់ហើយ​»។

ការបង្កើន​តម្លៃ​លក់​របស់គាត់ ២០​ ភាគរយ​បាន​បណ្តាលឱ្យទីផ្សារ​​នៅ​អឺរ៉ុបផាត់លោកចោលហើយ​ផ្ដោត​លើ​ទីផ្សារ​ផ្កា​ក្នុងស្រុក​បន្ថែមទៀត​។​

​លោក​​បាន​និយាយថា ក្តីសង្ឃឹម​តែ ១ គត់​គឺ​ការលក់​ទៅកាន់​ប្រទេស​ជប៉ុន​ដែល​នៅតែមាន​ស្ថិរភាព ហើយ​ការលក់​ទៅ​សហរដ្ឋអាមេរិកបាន​​កើនឡើង​នៅពេល​ចាប់ផ្តើម​រដូវ​កាល​អាពាហ៍ពិពាហ៍​។​

ទោះជា​យ៉ាងណាក៏ដោយក្នុង​រយៈពេល​វែងការប្រែប្រួល​អាកាសធាតុ​ក៏​ជា​បញ្ហា​សម្រាប់​អ្នក​ដាំ​ដុះ​ផងដែរ។​

​លោក វុទ្ធីឆៃ បាន​និយាយថា៖ «យើង​កំពុង​ជួបប្រទះ​កាន់តែខ្លាំង​ឡើង​នូវ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​ ដោយ​ចង្អុល​ទៅ​ភាព​ត្រជាក់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​កាលពីដើម​ខែមេសាដែល​សីតុណ្ហភាព​​បានធ្លាក់ចុះ​យ៉ាងខ្លាំង​ពី ៣៦ អង្សា​សេដល់ ២១ ​អង្សារ​សេ​ក្នុង​រយៈពេល​ត្រឹមតែ ២៤ ​ម៉ោង​ប៉ុណ្ណោះ ដែល​ប៉ះពាល់​ដល់​ផលិតកម្ម​ផ្កាអ័រគីដេ»​។

លោក​ត្អូញថា៖ «​យើង​ព្រួយបារម្ភ​ថា​ស្ថានភាព​ទាំងនេះ​នឹង​កើតឡើង​កាន់តែ​ញឹកញាប់​»​។​

​ផ្កាអ័រគីដេ​រីក​នៅ​ចម្ការ​ផ្កាអ័រគីដេ​មួយ​ក្នុង​ ខេត្ត​ណាខនផាធុំភាគ​កណ្តាល​​ប្រទេស​ថៃ​។​ AFP

​សំណាងអាក្រក់

​ការដាក់កំហិត​ជំងឺ​រាតត្បាត​របស់​ប្រទេស​ថៃ​ក៏បាន​ប៉ះពាល់​ដល់​ការលក់​ក្នុងស្រុក​ផងដែរ។ កង្វះ​អ្នក​ទេសចរ​​​មានន័យថា​ភោជនីយដ្ឋាននិង​សណ្ឋាគារ​បាន​កាត់បន្ថយ​ការបញ្ជាទិញ​ហើយ​ការ​ហាម​ឃាត់​​​​ការ​ជួបជុំ​ ក៏​ប៉ះពាល់​ដល់​ពិធី​ព្រះពុទ្ធសាសនា​ថៃ​ដែរ។

ទោះបីជា​ព្រះរាជាណាចក្រ​មានការ​បើក​ដំណើរការ​ជា​អន្តរជាតិ​ឡើងវិញ​ក៏ដោយ ក៏​តម្រូវការ​ក្នុងស្រុក​នៅ​​​តែ​មិនសូវ​ហក់​ខ្លាំងឡើងដែរ។​

​ខណៈពេលដែល​ទីផ្សារ​លក់​ផ្កា​ដ៏​ធំ​បំផុត​របស់​ទីក្រុង​បាងកក​ហាក់​មាន​ភាព​មមាញឹក អ្នកលក់​ដុំ​អាច​ត្រូវ​បាន​​គេ​មើលឃើញថា​កំពុង​ភ័យ​ស្លន់ស្លោ​តាម​ច្រក​ផ្លូវ​ចម្រុះ​ពណ៌​ដែល​ផ្ទុក​ដោយ​កន្ត្រក​ធំ​ដែលមាន​ផ្កាអ្នកលក់​ប្រាប់​រឿង​ផ្សេង​។​

អាជីវករ​លក់ផ្កាថានថាវីនដែល​រង់ចាំ​អតិថិជន​​ដោយ​អត់ធ្មត់​នៅ​តូប​លក់​ផ្កាអ័រគីដេ​បាន​និយាយថា ប្រាក់​ចំណូល​​របស់​អ្នកស្រី​បាន​ធ្លាក់ចុះ​៧០​ភាគរយ​។​

​អាជីវករ​រូប​នេះ​បាន​និយាយថា​៖ «​អ្នក​រាល់គ្នា​នៅតែ​ភ័យខ្លាច​ក្នុងការ​មក​ផ្សារ​ដោយសារតែ Covid-19»​។​

​ជាមួយគ្នានេះអាជីវករ​ឈ្មោះវេអ៊ីវ​អាយុ ៤៥ ​ឆ្នាំបាន​និយាយថា សព្វថ្ងៃ​អ្នកស្រី​​​មាន​ដើម​ផ្កាអ័រគីដេ​ដែល​មិន​ទាន់​លក់បាន​ប្រហែល ៦០០ ដើម ដែល​នៅ​សេសសល់​ជា​រៀងរាល់ថ្ងៃហើយអ្នកស្រីបាន​​ព្យាយាម​បកស្រទាប់ និងដាក់លក់ដាច់ដោយឡែកក្នុងតម្លៃធូរៗ​។

​អាជីវករ​​រូបនេះ​បាន​និយាយថា៖ «ឈប់លក់​​ផ្កាអ័រគីដេ​ម៉េចកើត​? មិនអាច​ទៅរួច​ទេខ្ញុំ​មិនដឹងថា​ត្រូវធ្វើ​អ្វី​ផ្សេងទៀត​ទេ​»៕ AFP

កម្មករ​រក្សា​ផ្កាអ័រគីដេ​ក្នុង​បន្ទប់​ត្រជាក់​នៅ​កសិដ្ឋាន​ផ្កាអ័រគីដេ​ក្នុង​ខេត្តខេត្ត​ណាខនផាធុំ ភាគ​កណ្តាល​ប្រទេស​ថៃ​។​ AFP