ក្រុង​ញូវយ៉ក៖​ លោក ថាកាហ្ស៊ី មូរ៉ាកាមី (Takashi Murakami) ត្រូវបាន​គេ​ស្គាល់​តាម​រយៈ​​ស្នាដៃ​ច្របាច់​បញ្ចូល​​គ្នា​នៃ​សិល្បៈ​ប៉ុបនិង​​​វិចិត្រសិល្បៈ​អាស៊ីប៉ុន្តែ​សម្រាប់​ការតាំង​ពិ​ព័រណ៍​​ចុង​ក្រោយ​​របស់លោក​​នៅ​ទីក្រុង​ញូវយ៉ក លោក​កំពុង​ឈានទៅរក​ការផ្លាស់ប្តូរ​​ដ៏ទំនើបមួយ។​


​នៅក្នុង​កម្មវិធី «An Arrow Through History» (ព្រួញទម្លុះប្រវត្តិសាស្ត្រ) ដែល​បាន​បើក​ក្នុង​សប្តាហ៍​នេះ​នៅ​​វិចិត្រសាល Gagosian នៃក្រុង​មេនហាតតុន លោក មូរ៉ាកាមី ភ្ជាប់​​ស្ពានរវាង​​សិល្បៈ​បុរាណ​ជាមួយ​​សិល្បៈ​ប៉ុប​ជប៉ុនទៅជាវត្ថុឌីជីថល (NFTs) ដ៏​គួរឱ្យភ្ញាក់ផ្អើល ដែលជា​និមិត្តសញ្ញា​ឌីជីថល​​តំណាង​ឱ្យ​​ស្នាដៃ​​សិល្បៈ​ដើម​។​

​លោក មូរ៉ាកាមី បាន​ប្រាប់ទីភ្នាក់ងារ​ AFP ថា លោក​មានការ​ព្រួយបារម្ភ​ថាក្មេងជំនាន់ក្រោយ​ជក់​ចិត្ត​លើ​កញ្ចក់​អេក្រង់ ហើយ​ «​មិន​យល់​ពី​ប្រវត្តិ​សិល្បៈ​សហ​សម័យ​»​។​


ទស្សនិកជន​ថត​រូបជាមួយស្នាដៃ​ឈ្មោះថា​ CLONE X Lonesome Cowboy នៅ​វិចិត្រសាលក្នុង​ទីក្រុង​ញូវយ៉ក។ AFP


វិចិត្រករ​ជនជាតិ​ជប៉ុន​វ័យ៦០​ឆ្នាំ​រូបនេះ​បាន​និយាយថា៖ «ពួកគេ​អាច​រីករាយ​នឹងសិល្បៈ​សម័យ​មុន​តិច​តួច​​​ណាស់ ប៉ុន្តែ​ជាមួយនឹង​ភាពជាក់ស្តែង​បន្ថែមតាមរយៈ​បច្ចេកវិទ្យា​ពិភព​និម្មិតប្រហែលជា​មនុស្ស​វ័យ​ក្មេង​​អាច​​បើកភ្នែក​របស់​ពួកគេ​កាន់តែច្រើនហើយ​ឈាន​ជើង​ចូលក្នុង​វិស័យ​សិល្បៈ​សហ​សម័យ​»។​


​ក្នុង​ស្នាដៃ​មួយ​លោក​ មូរ៉ាកាមី បាន​គូរលើ​​ផ្ទាំង​ក្រណាត់​ក្រាស់ និង​រំលេច​នូវ​ក្បូរក្បាច់​​​លំនាំ​ពណ៌​ខៀវ និង​ស​ដោយ​មាន​រូប​ត្រីដ៏​ធំ​ដូច​ទៅ​​នឹង​​គំនូរ​​លើ​​ព័រសឺឡែនរបស់​ចិន ដែលមាន​អាយុកាល​តាំងពី​រាជវង្ស​យ័ន (១២៧៩-១៣៦៨)​។​

ដោយ​គ្រាន់តែ​ពាក់វ៉ែនតាពិភព​និម្មិត​ អ្នកទស្សនា​នឹង​អាច​​មើលឃើញចលនា​ត្រី​​ខៀវ​​ក្នុងស្នាដៃសិល្បៈ​របស់​​​លោក​​​យ៉ាង​រស់រវើក។

ទស្សនិកជន​ថត​រូបជាមួយស្នាដៃ​ឈ្មោះថា​ CLONE X Lonesome Cowboyនៅ​វិចិត្រសាលក្នុង​ទីក្រុង​ញូវយ៉ក។ AFP

លោក មូរ៉ាកាមី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «​វប្បធម៌​ជប៉ុន​មាន​ដើមកំណើត​មកពី​ទ្វីប​អឺរ៉ាស៊ី ហើយ​គំនិត​របស់ខ្ញុំ​គឺ​ចង់ទៅ​ហួស​ពី​ចំណុច​នោះ​​ចូលទៅក្នុងពិភព​និម្មិត មេតាវើស (metaverse) ដោយ​ប្រើ​ព្រួញ​តែ​១ ​​បាញ់​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​សិល្បៈ​»។​

បច្ចេកវិទ្យាមេតាវើសគឺជាពិភព​​​និម្មិត​ដែល​មនុស្ស​អាច​ចូលទៅ​ដល់​​តាមរយៈ​ការ​ពាក់​​​វ៉ែនតានិម្មិត (augmented ឬ virtual reality) ហើយ​វា​ជា​បច្ចេកវិទ្យា​​ទទួល​បាន​ការជំរុញ​​ផ្សព្វផ្សាយ​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ នេះ។​

ដោយ​ជាប់គាំង​នៅផ្ទះ​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​​កន្លង​ទៅនោះ​​​​លោកមូរ៉ាកាមីបាន​ប្រាប់ AFP ថា៖ «តាម​រយៈ​បច្ចេកវិទ្យា​ពិភព​និម្មិតខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅ​កន្លែង​ផ្សេងៗ​ដោយ​អង្គុយ​ក្នុង​ផ្ទះ​របស់ខ្ញុំ ហើយ​​នោះ​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​»។​

​ទស្សនិកជន​ឈរ​​​មើល​ស្នាដៃ​របស់លោក ម៉ូរ៉ាកាមី ​រំលេច​និមិត្តរូបផ្កា​បែបឌីជីថល។ AFP​

វិចិត្រករ​ជប៉ុន​រូបនេះ​​​បាន​និយាយថា៖ «សម្រាប់​ពួកយើងជា​មនុស្ស​ជំនាន់​ចាស់ វា​​​តានតឹងអារម្មណ៍​​ខ្លាំង​ណាស់​ជា​​រៀ​ងរាល់​ថ្ងៃ​​នៅ​ពេល​ដែល​យើង​មិនអាច​ចេញទៅ​ក្រៅ​បានប៉ុន្តែ​កូនរបស់​ខ្ញុំ​នៅតែ​អាច​រីករាយ​​ដោយគ្រាន់តែ​ពាក់វ៉ែនតា VR»។​

​ដោយ​ភ្ញាក់​ខ្លួនក្រញាង​នឹង​ទំនោរ​ក្មេង​ជំនាន់ក្រោយលោក មូរ៉ាកាមី​ បាន​បន្តថា​៖ «​នោះ​មានន័យថា​ខ្ញុំ​ត្រូវ​ផ្លាស់ប្តូរ​គំនិត​ដើម្បី​ឱ្យសម​នឹង​កូនចៅ​ជំនាន់​ក្រោយ​។ នេះ​គឺជា​ចម្លើយ​ដំបូង​របស់ខ្ញុំពិព័រណ៍​និម្មិត»​។​

លោក មូរ៉ាកាមី ក៏​គ្រោង​នឹង​បើក​ការតាំង​ពិ​ព័រណ៍​ពិសេស​មួយ​នៅឯ​សារមន្ទីរ​សិល្បៈ​សហ​សម័យ The Broad ក្នុង​ទីក្រុងឡូសអេនជើលេសដោយ​មាន​ចំណងជើង​ថា «Takashi Murakami: Stepping on the Tail of a Rainbow» (ថាកាហ្ស៊ីមូរ៉ាកាមី៖ ដំណើរ​ឆ្ពោះទៅរក​ដាន​ឥន្ទធនូ) ដែល​នឹង​រួមបញ្ចូល​បរិយាកាស​ពិភព​និម្មិត​ដ៏​អស្ចារ្យនិង​ដំណើរការ​ចាប់ពី​ថ្ងៃទី២១ខែឧសភារហូតដល់​ថ្ងៃទី២៥ ខែកញ្ញា​៕ AFP/HR

​ទស្សនិកជន​ឈរ​​​មើល​កម្រង​ស្នាដៃផ្កា​ឌីជីថល​​របស់លោក ម៉ូរ៉ាកាមី​ រំលេច​និមិត្តរូបផ្កា​បែបឌីជីថល។ AFP​