ក្រុង​សេ​អ៊ូ​ល៖ ភាពយន្ត​ដែល​និពន្ធ​សាច់រឿង និង​ថត​ដោយ​ផលិតករ​ខ្មែរ​-​បារាំង ​លោកជូដាវី ស្ដីពី​នារី​​បារាំង​មាន​ដើមកំណើត​កូរ៉េខាងត្បូង​វិលត្រឡប់​ទៅ​ទីក្រុង​សេ​អ៊ូ​ល ​ដើម្បី​ជជីក​រក​សាវតារ​ពិត​របស់ខ្លួនក្រោម​ចំណងជើង​ថា «Retour a Seoul» ត្រូវបាន​ក្រុមហ៊ុន​យក្ស​នៃ​ទស្សនីយភាព​កម្សាន្ត Sony Pictures Classics ទិញសិទ្ធិ​​សម្រាប់​ការ​ចាក់បញ្ចាំង​នៅ​អាមេរិក​ខាង​ជើង អាមេរិកឡាទីន មជ្ឈិមបូព៌ា អូស្ត្រាលី និង​នូវែលសេឡង់។


នេះ​បើ​យោង​តាម​ទំព័រហ្វេសប៊ុក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (Cambodia International Film Festival) បាន​ឱ្យ​ដឹង​កាលពីម្សិលមិញ។ ការ​សម្ពោធ​ចេញបញ្ចាំង​ជា​សកល​នឹង​ត្រូវ​ប្រកាស​​នៅ​ចុង​ឆ្នាំនេះ។

ផលិតករ​រូបនេះ​ត្រូវបានដកស្រង់សម្ដី​ដោយ​​បាននិយាយ​ថា៖ «ខ្ញុំពិត​ជា​រំភើប​បំផុត​ដែល​បានធ្វើ​ការ​ជាមួយ ​Sony Pictures Classics ជាជង្រុកធំ​នៃ​ភាពយន្ត​ល្អអស្ចារ្យ​ជា​ច្រើន។ ខ្ញុំ​ពិត​ជា​រង់ចាំ​ចែករំលែក​ទស្សនីយភាព​រឿង Return to Seoulជាមួយទស្សនិកជនជុំវិញ​ពិភពលោក»។


ក្នុងសេចក្ដីប្រកាស​របស់ ​Sony Pictures Classics សំណេរ​បាន​រៀបរាប់ថា៖ « Retour a Seoul សន្ទនា​ទៅកាន់​ទស្សនិកជនវ័យ​ក្មេង​តាមរយៈ​ការ​វិលត្រឡប់ទៅ​រោងភាពយន្តក៏ដូចជាបទពិសោធ​ក្លាសស៊ិក​ក្នុងការ​ទស្សនា​កុន។ វា​ជា​រឿង​រ៉ាវ​ដ៏អស្ចារ្យ​អំពីស្ត្រី​ម្នាក់​ដែល​ស្វះស្វែង​រក​អតីតកាល​របស់ខ្លួន។ វា​ពិត​ជា​ការសន្យានិង​ជោគជ័យ​គួរជាទីពេញចិត្ត​គ្រប់កម្រិត។ រឿង​នេះ​រឹត​តែ​លើក​កម្ពស់ ជូដាវីជា​ផលិតករ​ភាពយន្ត​កម្រិត​ខ្ពស់​​ដ៏​សកម្ម​មួយកម្រិត​ថែមទៀត»។


ផលិតករខ្មែរ​បារាំង​លោកជូដាវី​វ័យ ៣៨​ ឆ្នាំដែល​ធ្លាប់​ចូលរួម​មហោស្រព​ភាពយន្ត​ល្បីៗ​នៅអឺរ៉ុប។ AFP


​​វណ្ណ​កម្ម​ភាពយន្ត​ថ្មី​បំផុត​របស់លោកជា​សាច់រឿង​បែប​ប្រឌិត​ ដែល​និពន្ធ​ដោយ​រូបលោក​ផ្ទាល់ ដែល​ចាប់​​ផ្ដើម​ពី​ទីក្រុង​សេ​អ៊ូ​ល​។ តួអង្គ Freddie ជា​នារី​បារាំង​អាយុ ២៥ ​ឆ្នាំបានធ្វើ​ដំណើរ​លើកដំបូង​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ជាទី​ដែល​នាង​បានកើត និង​ត្រូវបាន​សុំ​យកទៅ​ចិញ្ចឹម​ ដោយ​ឪពុកម្ដាយ​ជនជាតិ​បារាំង​។ ពេលដែល​នាង​ប៉ុនប៉ង​ស្វែងរក​ឪពុកម្ដាយ​​បង្កើតដំណើរ​នេះ​បាន​នាំ​នាង​ទៅ​ជួប​ហេតុការណ៍​ដែល​ពុំ​នឹកស្មាន​ដល់​។​

ភាពយន្ត​នេះ​ត្រូវបាន​ថត​នៅ​ទីក្រុង​សេ​អ៊ូ​ល ដោយមាន​ការចូលរួម​សម្ដែង​ពី​តារា​កូរ៉េខាងត្បូង​ជាច្រើនរូបតួ​សម្ដែង​បែលហ្ស៊ិក និង​បារាំង​។​

ផលិតករ​វ័យ ៣៨ ​ឆ្នាំរូបនេះ​ធ្លាប់បាន​ចូលរួម​មហោស្រព​ភាពយន្ត​ក្រុង​​ប៊ែ​រ​ឡាំង ​កាលពី​ឆ្នាំ ​២០១២ តាមរយៈ​ភាពយន្ត​ឯកសារ​រឿង Golden Slumbers និង​ចូលរួម​កម្មវិធី Critics'' Week នៃ​មហោស្រព​ភាពយន្ត​ក្រុង​កាន​កាលពី​ឆ្នាំ ២០១៦ តាមរយៈ​ស្នាដៃ​រឿង «​កោះ​ពេជ្រ​» មុននឹង​លោក​បានបញ្ចប់​ការថត​ភាពយន្ត​រឿង «Retour a Seoul» កាលពី​ខែធ្នូឆ្នាំ​ ២០២១​។​

​ភាពយន្ត​រឿង «Retour a Seoul» នឹង​ចាក់បញ្ចាំងនៅ​មហោស្រព​ភាពយន្ត​ក្រុង​កានថ្ងៃអាទិត្យទី ​២២ ខែឧសភាឆ្នាំ ​២០២២ ខណៈ​មហោស្រពនេះ​​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​១៧ ដល់​ ២៨ ខែឧសភាដោយមាន​ភាពយន្ត​សម្រាំង​ចំនួន​ ១៨ រឿង ពី​ផលិតករ​មកពី​ជុំវិញ​ពិភពលោកចូលរួម​ដណ្ដើម​ពានរង្វាន់​កំពូល Palme d''Or ទោះជា​កម្មវិធី​នេះ​ពុំទាន់​ច្បាស់​ពី​ឈ្មោះ​បុគ្គល​អ្នក​វិនិច្ឆ័យ​រក​ជយលាភី​ម្ចាស់​ភាពយន្ត។​

​​រឿង ​«Retour a Seoul» របស់​ផលិតករជូដាវីនឹងចូលរួមជា​ភាពយន្ត Un Certain Regard នៃ​មហោស្រព​ភាពយន្តទីក្រុង​កានឆ្នាំ ​២០២២ ​នេះ​៕