ភ្នំពេញ៖ស្រី​ស្រស់​ ​២ ដួង គឺ​កញ្ញា កែវ សេងលីហ៊ួរ និង​កញ្ញា សុខ រ៉ាត់ចារៈកន​ នឹងក្លាយ​​ជា​តំណាង​​​ឱ្យ​ប្រទេស​កម្ពុជា ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​បវ​កញ្ញា​អន្តរជាតិ​ចំនួន ២ ក្រប​ខ័ណ្ឌ​​ផ្សេង​គ្នា នៅ​​ចុង​ឆ្នាំ ​២០២២ នេះ​។


ស្រី​​ស្រស់​​សម្បុរ​ស្រអែម កញ្ញា កែវ សេងលីហ៊ួរ​ អតីត​ជា​កញ្ញា​ឯក​ផែនដី​កម្ពុជា​​ឆ្នាំ ២០១៨ ​​​​វ័យ​ ២៤ ឆ្នាំ កម្ពស់ ១,៧៣ ម៉ែត្រ ទម្ងន់ ៥៥ គីឡូ ​​ទំហំ​ទាំង ៣៖​ ៣២/២៧/​៣៨ មាន​​ស្រុក​​កំណើតនៅ​​​​រាជ​ធានី​ភ្នំ​ពេញ និង​​ជា​កញ្ញាឯក​រង​ទី​ ៣​ ក្នុង​កម្ម​វិធី​កញ្ញាឯក​ដ៏អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​​ ២០២១ ( Miss Grand Cambodia 2021)​​ នឹង​ក្លាយ​ជា​​តំណាង​ឱ្យ​កម្ពុជា​ក្នុងនាមជា​កញ្ញាឯក​នៃកម្មវិធី​ Miss InterGlobal Cambodia 2022 ទៅ​​​ប្រកួត​អន្តរជាតិ​កម្ម​​វិធី Miss InterGlobal 2022​ នៅ​ក្នុង​ប្រទេស​នីហ្សេ​រី​យ៉ា ​នាចុងខែកញ្ញា ឆ្នាំ ២០២២។


នេះ​បើតាម​សេចក្តី​ប្រកាស​ផ្លូវ​ការ​ពី​គេហ​ទំព័រ​ Miss Grand Cambodia បាន​ឱ្យ​ដឹង​ថា៖ «​ជា​ផ្លូវការ (Officially)​!​ សូម​ចូល​រួមអបអរ​សាទរ​ដល់កញ្ញា កែវ ​សេងលីហ៊ួរ​ លំដាប់រងទី ៣​នៃកញ្ញាឯក​ដ៏អស្ចារ្យ​នៃ​​​កម្ពុជាឆ្នាំ ២០២១ ដែល​ត្រូវ​តំណាងឱ្យ​ប្រទេសកម្ពុជា​ Miss InterGlobal Cambodia 2022 ដែល​ត្រូវ​​​​​ចូល​រួម​ប្រកួត​​កម្មវិធី Miss InterGlobal 2022 នៅប្រទេស Nigeria ចុងខែកញ្ញា ឆ្នាំ 2022 ខាង​មុខ​​​​នេះ។​សូម​ចូល​រួមអបអរសាទរ​កញ្ញា​នឹង​ត្រូវ​បំពាក់មកុដ​ដ៏ប្រណីត​​ និង​ខ្សែឆៀងថ្មីក្នុង​ពេល​ឆាប់ៗ​​​​​នេះ​»។​


កញ្ញា កែវ សេងលីហួរ និង​កញ្ញា សុខ រ៉ាត់ចារៈកន លំដាប់រងទី ៣ និង​ទី ៤ ​នៃកញ្ញាឯក​ដ៏អស្ចារ្យ​នៃកម្ពុជាឆ្នាំ ២០២១។ ហ្វេសប៊ុក


ចំណែក​ស្រី​ស្រស់​ សាច់សខ្ចី រាង​ស្រឡូន​ វ័យ​ ២៣ ឆ្នាំ មាន​កម្ពស់ ១,៧៥ ម៉ែត្រ ជា​​​កូន​ចៅ​អ្នក​​ខេត្ត​កំពង់​ឆ្នាំង​កញ្ញា សុខ រ៉ាត់ចារៈកន​ ដែល​ជា​កញ្ញាឯក​រង​ទី​ ៤​​ ក្នុង​ការ​ប្រកួត​កញ្ញាឯក​ដ៏អស្ចារ្យ​នៃ​កម្ពុជា ឆ្នាំ​ ២០២១ ( Miss Grand Cambodia 2021)នឹង​ត្រូវ​ក្លាយជា​តំណាង​ឱ្យ​កម្ពុជា ក្នុងនាមជា​កញ្ញាឯក​​កម្មវិធី ​Miss Polo Cambodia 2022 ទៅ​​​ប្រកួត​អន្តរជាតិ​កម្ម​​វិធី Miss Polo International 2022 ​​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ​នៅ​ខែវិច្ឆិកា​ ឆ្នាំ ២០២២។​


​នេះ​តាម​សេចក្តី​ប្រកាស​ផ្លូវ​ការ​ពី​គេហ​ទំព័រ ​Miss Grand Cambodia បាន​ឱ្យ​ដឹង​​ដែរ​ថា៖ «​ជា​ផ្លូវការ (Officially)​​! ​​​សូមចូលរួម​អបអរសាទរ​ដល់​កញ្ញា សុខ រ៉ាត់ចារៈ​កន ​លំដាប់​រងទី ៤ ​នៃ​កញ្ញា​ឯក​ដ៏​អស្ចារ្យ​​​​នៃកម្ពុជាឆ្នាំ ២០២១ ដែល​ត្រូវ​តំណាងឱ្យ​ប្រទេសកម្ពុជា ​Miss Polo Cambodia 2022 ​ចូល​​​រួម​​ប្រកួត​​​កម្មវិធី ​Miss Polo International​ 2022 នៅ​ខែ ១១ ​កោះបា​លី ​ប្រទេសឥណ្ឌូនេស៊ី។​​ សូម​​ចូល​រួម​​អប​អរសាទរកញ្ញា​នឹងត្រូ​វ​បំពាក់​មកុដ​ដ៏ប្រណីត និងខ្សែ​ឆៀងថ្មី​ក្នុង​​ពេលឆាប់ៗនេះ»។

​កញ្ញា សុខ រ៉ាត់ចារៈ​កន ក៏​បាន​ថ្លែង​ពី​អារម្មណ៍​សប្បាយចិត្ត​ចំពោះ​​ឱកាស​នេះ​ផង​ដែរ​ថា៖ «​ថ្ងៃនេះ​នាង​​ខ្ញុំ​​មាន​អារម្មណ៍​រីករាយ​យ៉ាង​ក្រៃលែង ដែលនាងខ្ញុំ​ទទួល​បាន​តំណែង​ស្រ្តី​ខ្មែរ​ដំបូង​ទៅ​ប្រកួត​លើ​​ឆាក​អន្តជាតិ តំណាងឱ្យ​កម្ពុជា Miss Polo Cambodia។​ នាងខ្ញុំនិង​ធ្វើ​ភារកិច្ចនេះ​ឱ្យ​បានល្អ​បំផុត​។​ អរគុណ​ដល់លោក​ពូ Sophin In​ ដែលទុក​ចិត្តប្រគល់​ភារកិច្ចនេះ​ដល់នាង​ខ្ញុំ អរ​គុណ​ដល់​ក្រុម​​កា​រងារ​មហាហង្ស​ ដែលខិតខំ​ជួយ​បំពេញ​ភាពខ្វះ​ខាត​របស់នាងខ្ញុំដោយស្មោះសរ! ហើយ​ក៏អរ​គុណ​​​ដល់ពុកម៉ែបងប្អូន និងបណ្ដាហ្វ៊ែនៗផង​ដែរ ដែល​តែងតែ​គាំទ្ររូបនាងខ្ញុំ​កន្លង​មក ហើយ​នាង​​​ខ្ញុំ​សង្ឃឹម​ថា​ពុកម៉ែបងប្អូន នឹង​បន្តគាំទ្រ​នាងខ្ញុំ​បន្តទៅមុខទៀត»។​

បេក្ខភាព​កំពូល​ទាំង ៥ នា​ក់​ចុង​ក្រោយ​ ដ៏ល្អឯក​ស្រស់​ស្អាត​បំផុត ​(Top 5 )​ នឹង​​ត្រូវ​​ក្លាយ​ជា​​​តំណាង​​ឱ្យ​​កម្ពុជាទៅ​ប្រកួត​អន្តរជាតិ​ទាំង ៥ រូបផងដែរ​។ ហ្វេសប៊ុក

​គួរ​​បញ្ជាក់ផង​​​ដែរ​ ​​​ការ​​ប្រកួត​​កញ្ញាឯក​​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​-Miss Grand Cambodia ​​បេក្ខភាព​កំពូល​ទាំង ៥ នា​ក់​ចុង​ក្រោយ​ ដ៏ល្អឯក​ស្រស់​ស្អាត​បំផុត ​(Top 5 )​ នឹង​​ត្រូវ​​ក្លាយ​ជា​​​តំណាង​​ឱ្យ​​កម្ពុជាទៅ​ប្រកួត​អន្តរជាតិ​ទាំង ៥ រូបផងដែរ​។ ​ចំពោះ​ ​Winner​ (ម្ចាស់ជយលាភី​)​ នឹង​​ត្រូវ​ជា​តំណាង​ឱ្យ​កម្ពុជា​ ក្នុង​​ការ​ប្រកួត ​Miss Grand international​ ឯ​​ជយ​​លាភី​រង​​ទី​ ១ ​(1st Runner Up) នឹង​ក្លាយជា​តំណាង​ឱ្យ​​កម្ពុជា​ ក្នុង​កម្មវិធី​ប្រកួត​អន្តរជាតិ​​ Miss Supranational ហើយ​ម្ចាស់ជយ​លាភី​រងទី​ ២ (2nd Runner Up) នឹង​ក្លាយជា​តំណាង​ឱ្យ​កម្ពុជា​ ក្នុង​​​​កម្ម​វិធី​ប្រកួត​អន្តរជាតិ​​ Miss Global ខណៈ​ម្ចាស់​ជយ​​លាភី​រងទី​ ៣ (3rd Runner Up) នឹង​ក្លាយ​​​​​ជា​​តំណាង​​​ឱ្យ​កម្ពុជា​ ក្នុង​​កម្មវិធី​ប្រកួត​អន្តរជាតិ ​Miss InterGlobal និង​ម្ចាស់​​ជយ​​លាភី​រង​ទី ​៤ (4th Runner Up) នឹង​ក្លាយជា​តំណាង​ឱ្យ​កម្ពុជា​ ក្នុង​​កម្មវិធី​ប្រកួត​​អន្តរ​ជាតិ​​ Miss Polo International៕​