ភ្នំពេញៈ ក្រោយ​ពី​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡានធ្លាក់​ចូល​ទឹក​អូរ​ តាម​ផ្លូវ​ធ្វើ​ដំណើរ​នៅ​ឯ​ខេត្ត​ព្រះ​វិហារ កាលពី​ម្សិល​មិញ​នោះ តារា​ចម្រៀងស្រី​រាង​តូចច្រឡឹង កញ្ញា សុវត្ថិឌី ធារិកា មានស្ថាន​​​ភាព​​រន្ធត់ចិត្តខ្លាំង រហូតវង្វេងវង្វាន់ និងសន្លប់ម្ដងៗ ក្នុងពិធីបុណ្យសពឪពុកម្ដាយ​ ដែល​ពេល​​នេះ​ កំពុង​​តែ​រៀបចំ​ នៅ​ឯបរិវេណ​នៃ​​​វត្ត​ស្ទឹង​មានជ័យ។


​ចំពោះ​ទុក្ខសោក​ដ៏​សែន​សង្វេគ និង​គួរ​អាណិតអាសូរ​ខ្លាំង​ ពី​មជ្ឈ​ដ្ឋាន​មហាជន និង​សង្គម​សិល្បៈ ​ទៅ​ដល់​​តារា​ចម្រៀង​ស្រី​កំពុង​តែ​ជ្រក​នៅ​ទ្រនំ​ផលិត​កម្ម​ថោន កញ្ញា សុវត្ថិឌី ធារិកា ដោយ​អ្នក​មាន​គុណ​​​​ទាំង​ ២ (ប៉ា និង​ម៉ាក់) របស់​កញ្ញា បានជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​បាត់​បង់ជីវិត​ កាល​ពី​រសៀល​​ថ្ងៃ​ទី ​១៧ ខែ​ឧសភា ឆ្នាំ​ ២០២២ នៅ​ខេត្ត​ព្រះ​វិហារ ខណៈ​សព​លោក​ទាំង ​២ ត្រូវ​បាន​ដឹក​មក​​ធ្វើ​បុណ្យ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ទាំង​យប់​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាង ចន ច័ន្ទ​លក្ខិណា ដែលជា​ប្រធាន​សមាគ​អ្នក​សិល្បៈ​កម្ពុជា​ បាន​ចុះ​ទៅ​ជួយ​រៀបចំ​ពិធី​ធ្វើ​បុណ្យ​សព​ឪពុក​ម្តាយ​កញ្ញា សុវត្ថិឌី ធារិកា តាំង​ពី​ល្ងាច​ថ្ងៃ​ទី ​១៧ ខែឧសភា ឆ្នាំ​ ២០២២ នោះ​តាម​រយៈ​សារ​បញ្ជាក់​ពី​សហេ្វសប៊ុក​ថា៖ «យើង​ខ្ញុំកំពុងមកជួយរៀបចំចាត់ចែងពិធីបុណ្យសព និង ចាំទទួលសពពិធី​បុណ្យ និងរៀបចំនៅវត្តស្ទឹងមានជ័យ ​ដូច្នេះជំនួសឱ្យ​ប្អូនស្រី Sovathdy Thearyka នាង​ខ្ញុំ​សូម​គោរព​​អញ្ជើញ ញាតិមិត្ត បងប្អូន ទាំងអស់​អញ្ជើញចូលរួមផង»។​


អ្នក​នាង ចន​ ច័ន្ទ​លក្ខិណា ក៏​បាន​ឱ្យ​ដឹង​ពីស្ថាន​ភាព​សុខ​ភាព និងស្មារតី​របស់​កញ្ញា សុវត្ថិឌី ធារិកា ​នា​​ព្រឹ​ក​ថ្ងៃទី​ ១៨ ខែ​ឧសភា ឆ្នាំ​ ២០២២ នេះផង​​ដែរ​ថា៖ «សុវត្ថិឌី ធារិកា រន្ធត់​ចិត្ត​ខ្លាំង​រហូត​វង្វេង​វង្វាន់​ និង​​សន្លប់​ម្ដងៗ ក្នុងពិធីបុណ្យសពឪពុកម្ដាយ​។​​ យមរាជ​ចិត្តដាច់​ណាស់ អត់​អាណិត​កូនៗ​​គាត់​​​​នៅ​ក្មេង​ និង​ម្តាយ​ចាស់ជរាទេ​ សំខាន់​កូនប្រុសគាត់​ឈឺទើ​បតែវះកាត់​ខួរក្បាល ​ប្អូនថ្លៃ​ទើប​តែ​ស្លា​ប់​ ២ ខែ​​មុន។ ​បន្ទុក​នេះ​ត្រូវ​ធ្លាក់លើអូន ធារីកា​ ( បង់​រំលោះផ្ទះ​ ​បង់សាលាប្អូន ​ ការចំណាយ​ប្រចាំ​ថ្ងៃ។​ល។ ហ៊ឹម ជីវិត!»។​



ដោយ​ឡែក​​​​ចំពោះ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ រហូតដល់​​ឆក់​យក​ជីវិត​​ប៉ា និង​ម៉ាក របស់​កញ្ញា ​សុវត្ថិឌី ធារិកា នោះ បើ​តាម​ការ​រៀបរាប់​ប្រាប់​បន្ត​​​ដល់​តារា​ចម្រៀង​ស្រី​ អ្នកនាង ខាត់ សុឃីម ពេល​បាន​ទៅ​​ចូល​​រួម​ពិធី​បុណ្យ​សព​ នាពេល​ព្រឹក​មិញ​នេះ ផង​ដែរ​។ អ្នកនាង ខាត់ សុឃីម បាន​បង្ហើប​តាម​ហ្វេស​ប៊ុក​​ខ្លួន​ រៀបរាប់ពី​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នោះ​ថា៖ «​ការ​គ្រោះថ្នាក់​ដោយសារ​ស្ថានភាពផ្លូវ​កោង​ខ្លាំង​ ​ស្ទើរតែ​ 90 ដឺក្រេ​ ​ហើយ​ក្រោមទឹកភ្លៀង​ ធ្វើឱ្យ​ មាន​ការ​រអិល ​មិនអាចគ្រប់គ្រង​ លំនឹង​ការ​បើកបរបាន​ ទើប​បណ្តាលឱ្យ​​ឡាន​រអិលធ្លាក់​ផ្លូវ​ ក្រឡាប់​ចូល​ទៅ​ក្នុង​អូរ​ម្ខាង​នៅ​តាម​បណ្តោយ​ផ្លូវ។ ម៉ាក់​ប៉ា របស់ ​ធារិកា​ គាត់​អង្គុយ​ខាង​មុខ​ ដាក់​ខ្សែ​ក្រវ៉ាត់​ ទាំង​ ២ នាក់។ ​ក្នុងស្ថានភាព​កើត​ហេតុ​ភ្លាមៗ​ ឡាន ធារិកា​ បែក​កញ្ចក់​ សង​ខាង ​ទើប ​ធារិកា​ ប្អូន​ប្រុស​ និង​លោក​យាយ ​ចេញ​មក​ក្រៅ​ឡាន​ ដោយសុវត្ថិភាព​ ប៉ុន្តែ​ម៉ាក់​ប៉ា ​របស់​គាត់ ជាប់​នឹង​ខ្សែ​ក្រវ៉ាត់ឡាន​ ពិបាក​នឹង​ចូលយក​។ ចុង​ក្រោយ​​ទើប​​មានបុរស​ម្នាក់ ​យក​កាំបិត​កាត់ខ្សែ​ក្រវ៉ាត់​ឡាន បាន​ទាញ​យកគាត់​ចេញមកក្រៅ ​តែ​ហួស​​ពេល​​ទៅហើយ​។ បញ្ជាក់​ព័ត៌មាន​នេះ ​ស្រង់​តាម​សម្តី ប្អូន​ស្រី ធារិកា ខុស​ត្រូវ​ ខ្វះខាត​ កន្លែង​ណា​​សូម​មេត្តា​អធ្យាស្រ័​យផង»។


គួរ​បញ្ជាក់​ផង​ដែរ ឧប្បត្តិ​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ក្រឡាប់ឡាន បណ្តាល​ឱ្យ​លោកប៉ា និង​ម៉ាក់ របស់​កញ្ញា សុវត្ថិឌី ធារិកា នេះ បើ​តាម​ប្រភព​ពី​តារា​ចម្រៀង​រួម​ជំនាន់​ប្រឡងចម្រៀង​ ​Cambodian Idol ​រដូវ​កាល​ទី​១ លោក អ៊ាម វន្នី និង​ក្រុម​ព្រះ​សុរិយា បាន​បង្ហើប​ឱ្យ​ដឹង​ពី​ទីតាំង នាពេល​ប៉ុន្មាន​នាទី​ ពេល​​កើត​​ហេតុ​ នារសៀល​ថ្ងៃទី​១៧ខែ​ឧសភា​ឆ្នាំ​២០២២​​ នោះ​គឺ​ស្ថិត​នៅ​ក្រុង​ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ៕​