ភ្នំពេញ: នៅ​លើ​ឆាក​សម្ដែង​អ្នក​នយោបាយ​ ២ ​រូប ​មក​ពី​បក្ស​ផ្សេង​គ្នា​កំពុង​តែ​មមា​ញឹក​នឹង​ការ​បោះ​ឆ្នោត ខណៈ​​អ្នក​រៀបចំ​បុណ្យសព និង​បុគ្គលិក​ បាន​ធ្វើ​ឱ្យ​សាល​សម្ដែង​ផ្ទុះ​ដោយ​សំណើច​​ក្អាកក្អាយ។


ការ​សម្ដែង​ជា​សាច់​រឿង​​មួយ​មាន​ចំណង​​ជើង​ថា Casket for Two (មឈូស​សម្រាប់​ ២ នាក់) សម្រង់​ពី​រឿង​​ Grave Affair (កិច្ចការ​បញ្ចុះ​សព) ​​​នឹង​ត្រូវ​សម្ដែង​ដោយ​ក្រុម​សិល្បករ​​ចម្រុះ​ជាតិ​សាសន៍​​ Phnom Penh Players ​នៅ​ថ្ងៃ​សុក្រ និង​សៅរ៍ ទី ១០-១១ ចុង​សប្ដាហ៍​​នេះ​ ក្នុង​​​បំណង​ប្រមូល​ថវិកា​ជួយ​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌ (TPO) ដែល​ធ្វើ​ការ​លើក​កម្ពស់​សុខភាព​ផ្លូវ​ចិត្ត។


ក្រុម Phnom Penh Players ជា​អ្នក​សម្ដែង​មិន​អាជីព ដែល​រីករាយ​នឹង​មក​ជួបជុំ​គ្នា​ស្វែងរក​​គំនិត​បង្កើត​សាច់​រឿង​​ល្ខោន​ទំនើប ដើម្បី​នាំ​យក​ទស្សនីយភាព​នេះ​មក​រៃអង្គាស​ប្រាក់​​ធ្វើ​​សប្បុរសធម៌​នៅ​ប្រទេស​កម្ពុជា។


អ្នកនាង Maria LaFollette-Bruno ជំនួយការ​ផលិត និង​សហ​គ្រប់គ្រង​ឆាក​ក្រុម​សម្ដែង Phnom Penh Players បាន​និយាយ​ថា៖ «យើង​​ជា​សហគមន៍​អ្នក​សម្ដែង​ល្ខោន​​នៅ​ភ្នំពេញ ដែល​បាន​ផ្ដល់​ទស្សនីយភាព​ជាច្រើន​លើក​មក​ហើយ​​ក្រោម​ហេតុផល​មនុស្ស​ធម៌ រួម​ទាំង​ការ​​សម្ដែង​​​បុណ្យ​គ្រិស្តស្មាស់​រៀងរាល់​ខែ​​ធ្នូ ជាច្រើន​ឆ្នាំ​មក​ហើយ»។


អ្នក​ដឹកនាំ​សម្ដែង​រឿង​ Grave Affairs លោក Matt Thomas បាន​និយាយ​ថា៖ «នៅ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​សម្ដែង​លើ​ឆាក ប៉ុន្តែ​មុន​ពេល​វិបត្តិ​កូវីដ យើង​បាន​ធ្វើ​ការ​សម្ដែង​ពី​​ ៤-៦ កម្មវិធី ហើយ​ឆ្នាំ​នេះ​យើង​សង្ឃឹម​ថា ​នឹង​អាច​សម្ដែង​បាន​ ២ ដង​ទៀត»។


បង្កើត​ឡើង​ដោយ Vicky Rogers នៅ​​​​ឆ្នាំ​ ១៩៩២ ជាមួយ​បេសកកម្ម​​ផ្ដល់​​​ការ​កម្សាន្ត និង​ជួយ​សហគមន៍ ក្រុម​សម្ដែង​ក្រៅ​អាជីព​​ Phnom Penh Players ដែល​ប្រមូល​ផ្ដុំ​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​​ជាមួយ​ទស្សនីយភាព​ ៦ កម្មវិធី​សម្ដែង​ក្នុង​ ១ ឆ្នាំ។

យោង​តាម​អ្នកនាង​ Emily Marquis ជា​​សមាជិក​យូរ​អង្វែង​នៃ​ក្រុម​នេះ នៅ​ឆ្នាំ​ដំបូងៗ​ កម្មវិធី​សម្ដែង​ល្ខោន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្សារ​ភ្ជាប់​នឹង​​អាហារ​ពេល​ល្ងាច ជាមួយ​តម្លៃ​សំបុត្រ​ ២០ ​ដុល្លារ។

អ្នកនាង​បាន​បញ្ជាក់​ថា៖ «​​បេសកកម្ម​​សប្បុរសធម៌​សហគមន៍​​បាន​ចាប់​ផ្ដើម​​សឹង​ទន្ទឹម​​គ្នា​នឹង​ការ​សម្ដែង​លើក​​ដំបូង​។ ឆ្នាំ​នេះ ជា​ខួប​គម្រប់​ ៣០ ​ឆ្នាំ​របស់​ក្រុម​យើង ហើយ​យើង​នៅ​តែ​ប្ដូរ​ផ្ដាច់​នឹង​បន្ត​ចក្ខុវិស័យ​​របស់​លោក​ស្ថាបនិក​​​ Vicki Rogers ដោយ​មិន​ប្រួលប្រែ​ឡើយ​»។

ផលិតករ Nikki Wilson បាន​និយាយ​ថា ចំណូល​ពី​ការ​លក់​សំបុត្រ​ទាំង​អស់​នឹង​ត្រូវ​បាន​ផ្ដល់​ទៅ​អង្គការ​​ក្នុង​ស្រុក​នានា ដោយ​ឆ្នាំ​នេះ​អង្គការ​សុខភាព​ផ្លូវ​ចិត្ត TPO នឹង​ទទួល​បាន​​ការ​បរិច្ចាគ​ពី​ការ​សម្ដែង។

ក្រៅ​ពី​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​បញ្ហា​ផ្លូវ​ចិត្ត​ក្នុង​​ស្ថានភាព​​វិបត្តិ​ជំងឺ​កូវីដ​សកល​ដែល​​បន្សល់​បញ្ហា​តានតឹង​ផ្លូវ​ចិត្ត​ដល់​មនុស្ស​ជា​ច្រើន អង្គការ​នេះ​ធ្វើ​កិច្ចការ​ផ្ដល់សេវា​សុខភាព​ផ្លូវ​ចិត្ត ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ គម្រោង​ជួយ​សហគមន៍​ និង​​ស្ដារ​អារម្មណ៍ស្មារតី​ពី​ជំងឺ​បាក់​ស្បាត​ប្រឈម​ដោយ​​​ជន​រងគ្រោះ​ពី​របប​​ខ្មែរ​ក្រហម។

លោក Thomas អ្នក​ដឹកនាំ​សម្ដែង​រឿង​ Grave Affairs បាន​លើក​ហេតុផល​​ថា៖ «ជា​ទូទៅ​ យើង​មិន​ត្រឹម​ជ្រើសរើស​​អង្គការ​ផ្ដោត​លើ​​វប្បធម៌​ទេ យើង​ក៏​បាន​ជួយ​អង្គការ​ការពារ​សត្វ​ផង​ដែរ។ ដោយ​ឡែក​សម្រាប់​ការ​សម្ដែង​​លើក​នេះ យើង​សម្រេច​ថា ​នឹង​ជ្រើសរើស​អង្គការ TPO ដោយសារ​ពួក​គេ​​បាន​ធ្វើ​កិច្ចការ​យ៉ាង​សកម្ម​ក្នុង​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​​មនុស្ស​ជុំវិញ​ជំងឺ និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នៅ​កម្ពុជា ក៏​ដូចជា​បាន​គាំទ្រ​ដល់​ពលរដ្ឋ​ក្នុង​ស្រុក​ស្រប​នឹង​ដំណើរការ​នេះ​ផង​ដែរ»។

លោក​​បាន​បញ្ជាក់​ថា តួ​សម្ដែង​ខ្លះ​ជា​អ្នក​មាន​ជំនាញ និង​ខ្លះ​ទៀត​​ជា​ អ្នក​ជើង​ថ្មី​ពុំ​មាន​បទពិសោធ។

ទាំង​អស់​គ្នា​បាន​បង្កើត​នូវ​ក្រុម​​បទពិសោធ​ចម្រុះ​ដែល​អាច​រៀន​សូត្រ​ពី​គ្នា​​ទៅវិញ​ទៅមក​។

ក្រុម​សម្ដែង Phnom Penh Players តែងតែ​ជ្រើសរើស​អ្នក​សម្ដែង​មិន​ថា ​មាន​សាវតា​បែបណា ឬ​មក​​ពី​ប្រទេស​ណា​ទេ​ ឱ្យ​តែ​មាន​លក្ខណ​សម្បត្តិ​ត្រូវ​នឹង​​តួអង្គ​​នៃ​សាច់​រឿង។ អ្នក​មាន​បំណង​ចូលរួម​ក្រុម​សម្ដែង អាច​បង្ហាញ​ចំណាប់​អារម្មណ៍​មក​កាន់​អ៊ីមែល info@phnompenhplayers.org។

ជាមួយ​សាច់​រឿង​បែប​​បរទស និង​ តួ​សម្ដែង​​ជា​ជនជាតិ​ខុសៗ​គ្នា​ អ្នក​ដឹកនាំ​​​រូប​នេះ​ក៏​​​ទទួល​ស្គាល់​ថា៖ «ទស្សនិកជន​យើង​ភាគ​ច្រើនជា​ជនបរទេស​រស់​នៅ​កម្ពុជា ប៉ុន្តែ​យើង​បាន​ព្យាយាម​ពង្រីក​​​ការ​ផ្សារ​ភ្ជាប់​ជាមួយ​ជនជាតិ​ខ្មែរ​​​ផង​ដែរ។ ដូច្នេះ​ទស្សនិកជន​យើង​មួយ​ចំនួន​​ជា​ខ្មែរ​ ហើយ​យើង​ក៏​កំពុង​បន្ត​លើក​ទឹកចិត្ត​​ពួក​គេ​ឱ្យ​ចូលរួម​​ឱ្យ​បាន​ច្រើន»។

លោក Thomas បាន​និយាយ​ថា៖ «ដោយសារ​​សង្គម​រស់នៅ​កាន់​តែ​ទំនើប ហើយ​ទស្សនិកជន​យើង​ភាគ​ច្រើន​អាច​មើល​ការ​សម្ដែង​តាម​អ៊ីនធឺណិត​ ដូច្នេះ​មនុស្ស​ជា​ច្រើន​កាន់​តែ​ស្គាល់​ល្ខោន និង​កំប្លែង​បែប​បស្ចិម​ប្រទេស​ជាង​មុន។ អ្នក​ទស្សនា​​កាន់​តែ​អាច​យល់​សាច់​រឿង និង​បរិបទ​ដែល​​អាច​ផ្សារភ្ជាប់​នឹង​ជីវិត​របស់​ពួក​គេ​បាន»។

ដោយ​រំពឹង​ថា ​នឹង​​ទាក់ទាញ​​ខ្មែរ​​ក្នុង​ស្រុក​ឱ្យ​ចាប់​អារម្មណ៍​ការ​សម្ដែង​កាន់​តែ​ច្រើន លោក​បាន​និយាយ​ថា៖ «ក្រុម​​សម្ដែង​​​យើង​នៅ​តែ​ព្យាយាម​ធ្វើ​ឱ្យ​​សហគមន៍​ក្នុង​ស្រុក​​​កាន់​តែ​ប្រសើរ​​ ហើយ​យើង​នៅ​តែ​ចង់​ទទួល​យក​គំនិត​ និង​បទពិសោធថ្មី​​ប្លែកៗ​»។

សំបុត្រ​សម្រាប់​ការ​សម្ដែង​មាន​តម្លៃ​​ ១០ ​ដុល្លារ​ និង​អាច​ស្វែងរក​ជាវ​តាមរយៈ​​ទំព័រ​ហ្វេសប៊ុក @PhnomPenhPlayers៕